អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 11 August 2012

ទស្សនៈសម្តេចព្រះសង្ឃរាជ ជួន ណាត វគ្គទី ២

Juon nat

កថាទី២

កាព្យរំលឹកអំពីអក្សរខ្មែរ
បទពាក្យ ៧
អក្សរខ្មែរ
-អក្សរសាស្ត្ររុងរឿងដោយសារខ្មែរ
ពុំហ៊ានបែកបែរឲ្យភ្លាត់ខុស
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស
ពុំហ៊ានបង្ខុសឲ្យខូចបង់ ។
-ជនខ្មែរស្រុះគ្នាលើកតម្កើង
ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ
ខំប្រឹងសម្រង់អក្សរជាតិ ។
-អក្សរវិបត្តិជាតិវិបត្តិ
ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត
ហេតុនេះខ្មែរយើងកុំរវាត
ត្រូវរក្សាជាតិឲ្យរឹងប៉ឹង ។
-បើដឹងមិនដល់កុំធ្វើចេះ
ចំណេះតិចតួចស្តួចស្តើងស្តឹង
បើចង់ច្បាស់លាស់ត្រូវប្រឹងខំ
កុំដេកសម្ងំឲ្យចេះឯង ។
-ចំណេះកើតមានព្រោះការរៀន
កម្ជិលអៀនប្រៀនកុំសម្តែង
ធ្វើឲ្យគេស្ងើចគេកោតក្រែង
ស្លាក់ស្លែងទេកុំរិះគន់គេ ។
-ត្រូវរិះគន់ខ្លួនឯងជាមុន
កុំឲ្យស៊យស៊ុនខុសទទេ
បើឆ្ងល់ពុំយល់ត្រូវសួរគេ
ឥតថោកអ្វីទេថ្លៃទេតើ ។
-បុរាណថាថោកអីនឹងដៃ
ថ្លៃអីនឹងមាត់ពោលសើវ៉ើ
រៀនទៅសួទៅទើបគ្រាន់បើ
អើពើចង់ចេះប្រសើរណាស់ ។
-ចាស់ថាបើល្ងង់កុំធ្វើចេះ
មិនមានចំណេះឲ្យជាក់ច្បាស់
បើស្តើងហើយចង់ឲ្យបានត្រាស់
ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
-អបស្ទបប៉ះប៉ុនយកកម្រាស់
កុំចាំងកុំច្រាស់ហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា
ទោលឬបន្ទោរមួនជាងមុន ។
-បើចេះអក្សរនិងភាសា
នៃជាតិណាៗ កុំជ្រុលស៊ុន
ងាប់ស័ព្ទប្រែស្រាយក្លាយជាប់កុន
សុនត្រុនប្រែស្រាយក្លាយក្តីពិត ។
កាលដែលប្រារព្ធនឹងប្រែស្រាយ
ត្រូវគិតនាយអាយដោយពិនិត្យ
ឲ្យឃើញេសេចក្តីជាខ្មែរពិត
សឹមកែកុំផ្តិតតាមពាក្យគេ ។
ត្រូវប្រែឲ្យមកជាសេចក្តី
ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្តាប់យល់មិនឆ្ងល់ទើបហៅប្រែ
ត្រឹមត្រូវតាមរូបសេចក្តីពិត ។
-អ្នករៀនភាសាជនបរទេស
ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត
ប្រែផ្តិឲ្យចំតាមរូបស័ព្ទ ។
-ភ្លេចនឹកគិតមកភាសាខ្លួន
ឲ្យយល់សំនួនដែលងាយស្តាប់
សម្លឹងសង្កេតតែរូបស័ព្ទ
ក៏ស្រាប់តែប្រែខុសទាំងស្រុង ។
អ្នករៀនសំស្ក្រឹតឬបាលី
ប្រែខុសសេចក្តីព្រោះភ័ន្តផុង
យល់ខុសទទេទាំងដើមចុង
ចូលក្នុងវិស៊ុងខ្មាសអ្នកផង ។
-តិដ្ឋៈ បាលីប្រែថា ឈរ
អ្នករៀនឈ្លក់វរអន់ម្តងៗ
ត្រង់មានសេចក្តីថាស្ងួនគ្រង
ប្រែឆ្គងថាឈរនៅជាប់ស័ព្ទ ។
-បារាំង «ព័រតេសួរឡាតែ» (១)
ខ្មែរឆ្អែតចិត្តជាប់បែរប្រែប្រាប់
អ្នកដែលមិនចេះអោយគ្នាស្តាប់
បង្គាប់ថាឲ្យកាន់លើក្បាល ។
-មិនប្រាប់អោយគ្នាដឹងថាទូល
នេះហៅស្រមូលពុំត្រកាល
ពាក្យខ្មែរថាទូលក៏ក្បាល
ត្រកាលអោយប្រែខុសពាក្យខ្លួន ។
-តែងកាព្យឲ្យត្រូវតាមសម្ផ័ស្ស
តាមកាព្យចាស់ៗដែលមានចួន
កុំចេះតែតែងតាមចិត្តខ្លួន
ឯកាព្យមានចួនខុសតម្រា ។
ពាក្យអឺយ និង អើយសូរផ្សេងគ្នា(២)
ដូចជាប្អូនអើយ (៣) ម្តេចឡើយថា
ស្តាប់បងមិនឮ ឬស្ងួនភ្ងា
ធ្វើជាមិនឮព្រោះរឹងខ្លួន ។
ព្រះបាទសម្តេចព្រះហរិរក្ស
ទ្រង់បានបញ្ជាក់ដោយផ្ទួនៗ
ក្នុងកាព្យព្រះអង្គដែលមានចួន
សំនួនសម្ផ័ស្សឥតមានឆ្គង ។
កវីគួរតែយកតម្រាប់
ពុំគួរប្រញាប់កាត់រំលង
រំលុបបែបនោះមិនត្រាប់ត្រង
ខុសពីបំណងអ្នកប្រាជ្ញចាស់ ។
មានអ្នកតែងកាព្យខ្លះហ៊ានថា
ម្តេចមិនវាចាឲ្យជាក់ច្បាស់
ប្រើជាកិរិយាខុសស័ព្ទណាស់
គួរផ្លាស់សំដីនេះចេញចោល ។
ជ.ណ
.........................................

១- Porter sur la téte
(ត្រង់ពាក្យថា téte អ្នកចម្លងមិនដឹងថាត្រូវឬខុសទេព្រោះអក្សរមិនសូវច្បាស់) ។
២- អានថា អ្ហើយ កុំអានថា អើយ ។
៣- អានថា ប្អូនអ្ហើយ ឬ ប្អូនណើយ កុំអានថា ប្អូនអើយ ។

.........................................

កថាទី៣
បុព្វហេតុអរិយធម៌

     ពេលព្រះសុរិយាជ្រៀងជ្រេរហៀបនឹងអស្តង្គតនាថ្ងៃមួយសម្តេចព្រអសង្ឃរាជព្រះង្គទ្រង់គង់ក្នុង ទីលានអាស្រមមនោរមសង្កាត់រកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺជិតវត្តកំណើតនៃព្រះអង្គសម្តេចទ្រង់យាងសន្សឹមៗទតមើលដំណាំផ្សេងៗដែលព្រះអង្គបានដាំពីអាទិត្យមុន។ព្រះកាយវិការនេះសមដូចពុទ្ធភាសិត មួយបានចែងថា៖ ១-អនត្ថំ បរិវជ្ជេតិ អត្ថំ គណ្ហាតិ បណ្ឌិតោ ។ បណ្ឌិតរមែងវៀរការដែលមិនមាន ប្រយោជន៍ កាន់យកតែការដែលមានប្រយោជន៍ ។
តាមពិត សម្តេចតាំងពីយុវវ័យមិនដែលបង្ហើរពេលវេលាចោលឡើយបើព្រះអង្គមិនធ្វើធម៌ក៏ព្រះ អង្គធ្វើកិច្ចការអក្សរសាស្ត្រ ឬ កិច្ចការសាធារណៈដែរ មិនមែនព្រះអង្គយាងទៅអាស្រម មនោរម្យដើម្បីក្រសាលព្រះទ័យដូចជាជនធម្មតាឡើយ។ព្រះអង្គតែងយកព្រះរាជហឫទ័យទុកដាក់នឹងបញ្ហាទឹកសម្រាប់អ្នកស្រុកនៅទីនោះ។អាស្រ័យដូច្នេះហើយទើបព្រះអង្គជីកស្រះដ៏ធំល្វឹងល្វើយ គួរជាទីត្រេកត្រអាលនៃមនុស្សលោក។ក្នុងពេលព្រះអង្គកំពុងទតមើលទម្រង់ស្រះ មានកុមារម្នាក់ឈ្មោះគង់សំផលដើរឱនៗតម្រង់ទៅរកព្រះអង្គ។ពេលនោះសម្តេចក៏បន្លឺព្រះសូរសីហនាថថា៖-«ម្នាលចៅប្រុស មកទីនេះមានកិច្ចការអ្វីដែរ?»
កុមារសំផលក្រោយពីក្រាបថ្វាយបង្គំហើយក៏លើកដៃប្រណម្យឆ្លើយតបទៅកាន់ព្រះនរបតីដោយ សំលេងថ្នមៗ ៖
- « ក្រាបទូលសម្តេចដ៏ចំរើន ទូលព្រះបង្គំមកនេះ ដោយមានការងឿងឆ្ងល់សម្បើមណាស់ ហើយ ជជែកគ្នាមិនដាច់ស្រេចសោះព្រះអង្គ ។
- ឆ្ងល់រឿងអ្វីចៅប្រុសថាមកមើល៍!
​ ភ្លាមនេះកុមារក៏ក្រាបទូល៖
- « បពិត្រសម្តេចដ៏ជាទីគោរព! ទូលព្រះបង្គំឆ្ងល់ថា តើបុព្វហេតុនៃអរិយធម៌ខ្មែរ មកពីអ្វីទៅ ព្រះ អង្គ? » សំ ណួរនេះ ញ៉ាំងព្រះចិន្តាព្រះអង្គឲ្យសោមនស្សក្រៃលែង ហើយទ្រង់តប៖
-សាធុ!សាធុចៅចៅឯងចង់ចេះចង់ដឹងដូច្នេះតាត្រេកអរណាស់តាមិនចង់ឃើញមនុស្សល្ងង់ខ្លៅ ឡើយ មិនចង់ជួបមនុស្សក្រល្ហេមល្ហាម គឺចង់ឲ្យមានចំណេះមានទ្រព្យល្មមចាយវាយដូចគ្នា ព្រោះ យើងជាមនុស្ស ដូចគ្នា...។
ចៅ! បុព្វហេតុនៃអិរយធម៌ខ្មែរនេះគ្មានមកពីណាក្រៅពីសាសនាឡើយ។សាសនាបាននាំមកនូវ ផលប្រយោជន៍ច្រើនណាស់ដល់មនុស្សលោកយើងនេះ ។ នែ! ចៅស្តាប់បានឬទេ? បើមិនបានកុំលាក់លៀមប្រាប់លោកតាចុះលោកតានឹងពន្យល់ឯងឲ្យស្គាល់យ៉ាងច្បាស់លាស់ឲ្យអស់ការ សង្ស័យណាចៅប្រុស!»

« ពេលនោះសំផលកុមារមានចិត្តរីកហើយក្រាបបង្គំទូលព្រះអង្គវិញ ៖
- «ព្រះករុណាថ្លៃវិសេស! ទូលព្រះបង្គំអស់សង្ស័យហើយ តែខ្ញុំព្រះអង្គខ្លាចភ្លេចទៅថ្ងៃមុខទៀត ព្រោះ សតិ របស់ខ្ញុំព្រះករុណាទន់ខ្សោយណាស់ទានប្រោស!
-មិនអីទេចៅបើឯងខ្លាចភ្លេចឬស្រពេចស្រពិលគួរចៅទៅរកមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះ​វិរិយបណ្ឌិតោភិក្ខុប៉ាងខាត់ដែលបង្រៀនពួកនិស្សិតនៃវិជ្ជាឋានអប់រំខាងអក្សរសាស្ត្រមកអាននិងទុកជា ឯកសារទៅ ព្រោះលោកជាអ្នកស្រាវជ្រាវមួយដ៏ចំណានមិនអាចកាត់តម្លៃបានទេ...ណ្ហើយបើចៅអស់ ការហើយ គួរត្រឡប់ទៅវិញចុះ ហើយខិតខំរៀនសូត្រឲ្យមែនទែន... ទាន់វ័យក្មេងខ្ចីដើម្បីញ៉ាំងជីវភាព ចៅឲ្យថ្លៃថ្នូរ នឹងគេ! ចូរចំរើន!
- « សាធុ! ព្រះអង្គដ៏មានបុណ្យ! សែនសប្បាយចិត្តណាស់ ដែលបានកើតមកជួបនឹងព្រះ អង្គមានព្រះទ័យប្រោសប្រណីជនល្ងិងល្ងង់ឥតរើសមុខឬពេលវេលាដូច្នេះខ្ញុំព្រះករុណានឹងទៅរកឯកសារនោះ មកទុកប្រចាំគ្រួសារមិនខាន...ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលាសិនហើយ...។
-អើទៅចុះចៅប្រុស! អានច្រើនចំរើនវិជ្ជា!
ក្រោយពេលសំផលកុមារចេញផុតទៅ សម្តេចព្រះសង្ឃរាជជាទីគោរពនៃយើងរាល់គ្នាព្រះអង្គ សេ្តចយាងចូលអាស្រមមនោរមវិញ ដើម្បីពិនិត្យពាក្យថ្មីដែលព្រះអង្គបម្រុងនឹង បន្ថែមនៅក្នុងវចនានុ ក្រមខ្មែរទៀត ។
ចំណែកគង់សំផលកុមារក៏បានធ្វើដំណើរទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាព។ប៉ុន្មានថ្ងៃបន្ទាប់មក កុមារនេះបានទទួលមេរៀនប្រវត្តិអក្សរសាស្ត្ររបស់ព្រះភក្ខុ ប៉ាងខាត់ដូចក្តីបំណងមែន។ កុមារអានបណ្តើរញញឹមបណ្តើរដោយពេញចិត្តរបស់ខ្លួនពេក ។ អត្ថន័យនៃមេរៀន នោះមានសេចក្តី ៖
ក្នុងការសិក្សាអរិយធម៌ យើងគួរស្គាល់បុព្វហេតុដែលនាំឲ្យកើតអរិយធម៌នេះឡើង ។ អ្នកបា្រជ្ញទូទៅតែង មានសេចក្តីយល់ថាអរិយធម៌គ្រប់ប្រការតែងកើតមកពីសាសនា ។ សាសនាបុរាណដូចជាសាសនាឥសិប៊ត៍
បាឡូនី ហេព្រឺ ប៉ាស៊ី ឬ សាសនាធំៗ មានសាសនាព្រាហ្មណ៍ ពុទ្ធសាសនា សាសនាគ្រិស្ត សាសនាឥស្លាមប៉ុណ្ណេះជាដើមសុទ្ធតែជាថ្នាលបណ្តុះវិជ្ជាគ្រប់ប្រការដែលជាមួលហេតុអោយកើតអរិយធម៌ឡើងក្នុងលោក។
​ ប្រទេសទាំងឡាយដែលមានសេចក្តីរីចំរើនលូតលាស់ឡើងក៏ព្រោះតែមានវិជ្ជាសាសនាជាដើមចម។អ្នកប្រវត្តិសាស្ត្រជប៉ុនម្នាក់បានពោលសរសើរទុកថា៖ពុទ្ធសាសនាបាននាំសេចក្តីចំរើនមកឲ្យប្រទេសជប៉ុន។ស្ថាបត្យកម្មសិល្បកម្មហត្ថកម្មឧស្សាហកម្មរហូតទៅដល់តូរ្យតន្ត្រីមានប៉ុណ្ណេះជាដើមសុទ្ធតែកើតឡើងដោយអាស្រ័យពុទ្ធសាសនា។ដូច្នេះយើងគួរចូលចិត្តថាពុទ្ធសាសនាមិនមែនមានតំលៃចំពោះតែការប្រតិបត្តិតាមផ្លូវចិត្តតែប៉ុណ្ណោះទេមានតម្លៃដល់ការជឿនលឿនទៅមុខនៃអរិយធម៌ខាងផ្លូវលោកគ្រប់ផ្នែកទៀតផង។សេចក្តីពិតវិជ្ជាសាសនាមានតម្លៃខ្ពង់ខ្ពស់ណាស់សមគួរដល់យើងគ្រប់គ្នាហ៊ានលះបង់ពេលវេលាសប្បាយដើម្បីខំសិក្សាព្រោះជារឿងដែលប្រដៅមនុស្សឲ្យកើតធម្មចរិយាប្រពៃណីល្អទំនៀមទម្លាប់ល្អនាំឲ្យបន្ទោរបង់ក្តីទុក្ខហើយនាំឲ្យមានក្តីសុខក្សេមក្សាន្ត ពោលគឺវិជ្ជាសាសនា ជាប្រទីអុជទ្រោលបំភ្លឺលោកមើលផ្លូវដើរក្នុងជីវិតគ្រប់ៗ
គ្នាហើយគេចកុំឲ្យប៉ះទង្គិចគ្នាឲ្យចេះតែបានក្តីសុខចំរុងចំរើនជាមួយគ្នារអឹករអឺនរឿយរហូតទៅនៅនាពេលងងឹតនេះ។តម្លៃសាសនាដូចបានពោលនេះអ្នកប្រាជ្ញរ៉ាប់រងទូទៅហើយអ្នកផងក៏បានដឹងហើយដែរថាតម្លៃនេះមិនមែនមានតែប៉ុណ្ណេះទេមានច្រើនលើសលប់នឹងគណនាត្រារាប់ឲ្យអស់ជើងតទៅទៀតគឺមានសេចក្តីចំរើនគ្រប់ប្រការរបស់មនុស្សលោកសព្វថ្ងៃនេះសុទ្ធតែកើតចេញមកពីសាសនាទាំងអស់។សូម្បីតែពេទ្យសាស្រ្តដែលគេច្រើនតែចូលចិត្តថាជារបស់ថ្មីក៏ដោយ ក៏នៅមានការទាក់ទងពីសាសនាព្រោះវិជ្ជាផ្នែកនេះបានកើតមកពីអ្នកគន់គិតខាងសាសនាច្រើនអ្នកដែរ។សាសនាជាថ្នាលបណ្តុះការសិក្សាព្រោះមានតែវិជ្ជាមួយនេះទេនៅក្នុងលោកគឺវិជ្ជាសាសនាដែលមនុស្សលោកចូលចិត្តជួញរវល់បំផុតតាំងពីបុរាណកាលនាយមក។ទីឋានសាសនាគ្រប់សាសនាដូចវត្តអារាមនៅប្រទេសខ្មែរយើងជាដើមជាបឋមសាលាគឺសាលាដើមបំផុតនៃពិភពលោកជាមន្ទីរព្យាបាលរោគដើមបំផុតនៃពិភពលោកមើលរោគល្ងង់ខ្លៅគឺអវិជ្ជាបំបើកភ្នែកខ្វាក់មនុស្សលោក គឺអោយ មានវិជ្ជា មើលឃើញសេចក្តីពិតរបស់លោកមើលរោគរាងកាយ ឯលោកគ្រូដើមគឺអ្នកបួសក្នុងសាសនាព្យាបានទទេបង្រៀនទទេ។មួយទៀតសាសនាជាសង្គមដើមនៃមនុស្សលោក ជាទីឋានជួបជុំសន្ទនាគ្នាសំរាប់ផ្លាស់ប្តូរសេចក្តីយល់ឃើញទៅវិញទៅមក ជារមណីយដ្ឋានបន្ទោរបង់សេចក្តីទុក្ខក្តៅក្រហាយជាវិជ្ជាឋានបណ្តុះវិជ្ជាគ្រប់ប្រភេទមានវិជ្ជាឋានស្ថាបត្យកម្មជាដើមព្រោះមនុស្សត្រូវការសំណង់ល្អវិសេសឆើតឆាយសម្រាប់ទុកជាជម្រកអ្នកដែលខ្លួនគួរគោរពបូជា។រួមសេចក្តីខ្លីទីឋានសាសនាជាវិជ្ជាឋាននាំអោយកើតការរចនាដ៏វិសេស សោភណភាពដ៏ប្រណីតបញ្ចង់គឺការលម្អឥតខ្ចោះគ្រប់ប្រការ។នៅប្រទេសខ្មែរដែលជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឹងម៉ាត់មួយយើងបានឃើញអរិយធម៌ដែលកើតចេញពីសាសនាយ៉ាងច្បាស់លាស់។ដូចជាប្រាង្គប្រាសាទរាជដ្ឋាននៅទីឋានមហានគរជាដើមនៅប្រទេសដទៃទៀតដូចជាប្រទេសឥស៊ិបគ៍ប្រទេសឥណ្ឌាប្រទេសចិនជាដើមក៏អ្នកផងបានឃើញអរិយធម៌ដែលកើតចេញពីសាសនាពិតប្រាកដដែរ ពោលងាយៗ គឺកាលដើមមិនមានមន្ទីរពេទ្យវត្តជាមន្ទីរពេទ្យ ។ល។ ឯឬសគល់សង្គមខ្មែរពីបូរាណក៏កើតចេញពីសាសនាដែរ។ដោយហេតុនេះវិជ្ជាសាសនាមានតម្លៃនឹងកាត់ថ្លៃពុំបាន ព្រោះជាមេអរិយធម៌ទូទៅ ។

                                                                         *************

លុះអានចប់ហើយ សំផលមានចិត្តរីករាយខុសប្រក្រតី ចេះតែទន្ទេញមិនដាច់ពីមាត់ថា៖
២-អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នាតែងស្រលាញ់មនុស្សដូចគ្នាមិនចេះលាក់លៀមនូវ​ការណាប្រសើរឡើយ ហើយតែងដឹកនាំអ្នកផងឲ្យឈានទៅរកសេចក្តីចំរើនជានិច្ច ។
៣- បុព្វហេតុអរិយធម៌ខ្មែរ បើអ្នកផងបានក្រេបហើយ មុខជាចង់ក្រេបទៀត មិនចេះជិនណាយ ។
៤- វីជ្ជាសាស្ត្រជាកូនកតញ្ញូនៃទស្សនវិជ្ជា ។
៥-ឱខ្លួនអញអើយកើតមកតោកយ៉ាកលំបាកយ៉ាងនេះធ្វើម្តេចហ្ន៎នឹងបានសិក្សាឲ្យមានចំណេះ​ខ្ពង់ខ្ពស់ដូចព្រះអង្គបានតែណ្ហើយចុះត្រូវតែធ្វើតាមព្រះឱវាទនៃព្រះអង្គព្រោះជីវិតត្រូវចេញមុខតស៊ូការតស៊ូក៏ព្រោះជីវិត។គិតឃើញដូច្នេះហើយកុមារសំផលក៏ខិតខំប្រឹងប្រែងស្វែងរកប្រាក់ផង សិក្សាផងរហូតបានប្រឡងជាប់ជានិស្សិតសាស្ត្រាចារ្យដូចបំណង។សម្តេចព្រះសង្ឃរាជព្រះអង្គជួញក្រៃលែងនូវការអប់រំយុវៈដែលសំណាក់ក្នុងវត្តអារាម ព្រោះសម្តេចទ្រង់ឆ្វេងយល់ថា៖
៦- ការសិក្សាជាអង្គការរបស់ជាតិ ។
៧-រូបកាយតែងចាស់ជរាឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយទាំងធម៌របស់សប្បុរសក៏មិន​ចេះ​ចាស់ជរាដែរ ។
៨- បើចេញពីវត្តទៅវិញយ៉ាងហោចណាស់ឲ្យចេះធម៌អាថ៌ខ្លះដើម្បីចូលក្នុងពិធីបុណ្យនឹងគេកុំឲ្យ​អង្គុយទុកមាត់ស្ងៀម។ដោយព្រះអង្គជាប់ព្រះទ័យចង់អោយយុវជនបានសេចក្តីសុខក្សេមក្សាន្ត ទើបព្រះអង្គនិពន្ធកំណាព្យមួយស្តីអំពីការសេពគប់ទុកគ្រាន់ជាប្រទីបបំភ្លឺផ្លូវទៅកាន់ក្តីសុខសាន្ត ។ តើកំណាព្យនោះមានខ្លឹមសារយ៉ាងណាខ្លះហ្ន៎?

                                                            ««««««««««»»»»»»»»»»»

                                                      គេនិយាយត្រូវគិត តែកុំទាន់វិច្ឆ័យ

No comments:

Post a Comment