អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 11 August 2012

ទស្សនៈសម្តេចព្រះសង្ឃរាជ ជួន ណាត វគ្គទី៣

កថាទី៤

Juon natឧបាយមិនស្លាប់
សម័យមួយសាមណេរស្វាយ-សាឯម ចូលក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជហើយទូលសួរចំពោះព្រះអង្គថា៖បពិត្រសម្តេចជាអម្ចាស់ទូលព្រះបង្គំចង់ដឹងថាតើអ្វី        ទៅដែលមិនស្លាប់ពេលនោះសម្តេចជាអម្ចាស់ទ្រង់មានព្រះឱវាទទៅកាន់សាមណេរ ៖
៩- ម្នាលសាមណេរ! «ការមិនធ្វេសស្មារតី ជាឧបាយមិនស្លាប់! »
១០- ការធ្វេសស្មារតី ជាឧបាយស្លាប់ ។
ព្រោះ

ថា ក្នុងលោកសន្និវាសនេះសម្បូរដោយមនុស្សឆរបោកមនុស្ស ដូចជាសហករណ៍នៅស្រុកលោកតាត្រូវអន្តរាយអស់ព្រោះតែធ្វេសប្រហែសរហូតដល់ប្រធានរត់បាត់។សាមណេរក៏សួរថាតើរឿងនោះមានដំណើរយ៉ាងណាខ្លះព្រះអង្គសម្តេចក៏មានព្រះបន្ទូលរ៉ាយរ៉ាប់រឿងនោះថា

នៅសង្កាត់រកាកោះមានសហករណ៍យើងមួយឈ្មោះរកាកោះ។សហករណ៍នេះច្រើនតែទិញស្ករដែលអ្នកស្រុកធ្វើបានមក។ការទិញនេះខ្លះក៏អោយប្រាក់មុនខ្លះក៏ទុកសិនដោយប្រធានគ្មានចេញបង្កាន់ដៃអ្វីឲ្យម្ចាស់ស្ករទេ។រីឯអ្នកម្ចាស់របស់ក៏មិនទាររកបង្កាន់ដៃដែរព្រោះតែការទុកចិត្តគ្នា ។លុះមកដល់ឆ្នាំ១៩៦៩ ប្រធានសហករណ៍នោះយកប្រាក់អស់ច្រើនសែនរៀល ។ អ្នកស្រុកដឹងការណ៍មិនស្រួលក៏នាំគ្នាជ្រួលច្របល់ តែមិនមានប្រយោជន៍អ្វីសោះ ព្រោះថា៖
១១.អ្នកធ្វេសស្មារតីស្លាប់គំនិតទោះបីមានជីវិតរស់នៅឡើយក៏ទុកដូចជាស្លាប់​

ស្រេចទៅហើយ។ប៉ុន្មានថ្ងៃក្រោយមកប្រធានកំហិលនោះក៏រត់បាត់មិនដឹងធ្លាយច្រកណា៎ព្រមទាំងស្ពាយប្រាក់កាសយកទៅជាមួយផង។ចំណែកម្ចាស់ស្ករក៏ស្រែកយំលែងចេញ។រីឯអ្នកដែលមានគំនិតគឺទារបង្កាន់ដៃត្រឹមត្រូវរដ្ឋការមានសមត្ថកិច្ចបានជួយសងថ្លៃរបស់នោះតាមចំណែកខ្លួន ព្រោះថា៖
១២- អ្នកដែលមិនធ្វេសស្មារតី មិនស្លាប់គំនិតទោះបីស្លាប់ទៅហើយ ក៏ទុកដូចជារស់នៅ ។
យ៉ាងណាមិញកិច្ចការអ្វីក៏ដោយបុគ្គលមិនគួរធ្វេសប្រហែសសោះឡើយព្រោះមនុស្សយើងជួនល្អជួនអាក្រក់រកស្មានមិនត្រូវប្រៀបបាននឹងទឹកភ្លៀងដែរនេនអើយចូរនេនខិតខំសិក្សាក្បួនច្បាប់​ ផ្លូវលោក ផ្លូវធម៌ ឲ្យល្អិតល្អន់កុំបីរាយមាយ ក្រែងនាំឲ្យខូចសាសនារបស់យើងផង! ពេលនោះ សាមណេរ
ក្រាបទូលព្រះអង្គវិញ៖
- ក្រាបទូលសម្តេចជាអម្ចាស់! ទូលព្រះបង្គំនឹងគោរពតាមឱវាទ ព្រះអង្គមិនខាន ។
- សាធុ! សាមណេរដ៏ចម្រើន! ចៅធ្វើនេះ ហៅពេញត្រូវណាស់ ព្រោះថា៖
-បំណាច់កើតមកជាមនុស្ស កុំធ្វើខ្លួនអោយជាអ្នកបំព្រៃលោក ។
- កើតមកជាកូនប្រុស ត្រូវតែខំប្រឹងបំពេញករណីយកិច្ចលុះត្រាតែបានសម្រេច ។ ការអ្វីមិនទាន់
សម្រេចកុំអាលពោលអួត ។
- ប្រាំបួនទាល់ ដប់ទាល់ កុំអោយតែទាល់គំនិត ។
ដោយហេតុល្ងិតល្ងង់ មិនបានរៀនសូត្រហើយទើបប្រធានលួចរត់យកទ្រព្យខ្លួនអស់ ហើយទើប
ស្តាយក្រោយ។បើតែយ៉ាងហ្នឹងព្រះឯណាប្រោសយើងកើតបើយើងគ្មាននិស្ស័យពោលគឺបញ្ញាស្មារតីផងនោះ! ដោយប្រការថាៈ
- ជីវិតរាល់រូបតិចតួចណាស់, ប៉ុន្តែយើងត្រូវប្រឹងរៀនប្រឹងរក ប្រឹងគិតប្រឹងប្រព្រឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ ។
- កិច្ចការដំបូងតែងតែមានទាស់ខុសខ្លះ, លុះត្រាតែស៊ប់ស៊ាំ ទើបមិនភ្លាត់ភ្លាំងខុសទៀត ។
- បានត្រូវ មកពីស្គាល់ខុស, បើមិនដូច្នោះទេ រកត្រូវពុំឃើញឡើយ ។
- ឃើញគេថ្កុំថ្កើង កុំចង់ចចើងតាមគេ ហួសមាឌខ្លួន, ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ ។
- កុំថ្កោលទោសគេពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំធ្វេសប្រហែសពាក្យសម្តី នាំឲ្យមានភ័យដល់អាត្មា។
- តណ្ហាជាហេតុ, សេចក្តីសុខជាផល(១), ឧបាយរំលត់ទុក្ខជាហេតុ, និរោធធម៌ (ធម៌រំលត់ទុក្ខ) ជាផល។នេះជាសច្ចធម៌ពិតណាស់។សេចក្តីនេះជា្រលជ្រៅវែងឆ្ងាយបន្តិចតែបើនេនខំរិះគិតវានៅលើគោកសោះ ហើយគ្មានអ្វីដែលធំជាងខួរក្បាលយើងទេ...ចូរនេនចាំចុះ !
- «ព្រះករុណាថ្លៃវិសេស! ទទួលព្រះរាជឧវាទ!
- «អើ ! ទៅរករំលឹកមេរៀនចុះ! ប្រយ័ត្នអាចារ្យស្តីបន្ទោសព្រោះខ្លួនមិនចេះមិនចាំ !» តែចូរចាំថា?
- ប្រទូសទៅរកអ្នកឥតទោស រមែងធ្លាក់ទោសមកលើខ្លួនវិញ ។
- ជាតប្រេងនិងទឹកមិនស៊ីគ្នាយ៉ាងណា បុណ្យនិងបាបក៏យ៉ាងនោះដែរ ។
សម្តេចមានព្រះរាជបន្ទូលចប់ហើយទើបព្រះអង្គយាងចូលទៅកាន់កន្លែងថ្វាយបង្គំនឹកគុណព្រះ
សម្មាសម្ពុទ្ធដូចសព្វដង ។ លុះចប់នមស្ការហើយ ព្រះអង្គទ្រង់ទតសៀវភៅផ្សេងៗ ដែលមាន
ប្រយោជន៍ សមដូចគាថាក្នុងស្រីហិតោបទេសចែងទុក ៖
- « អ្នកប្រាជ្ញតែងប្រើកាលវេលាឲ្យប្រព្រឹត្តទៅដោយការកំសាន្តកាព្យសាស្ត្រ ។ មនុស្សល្ងង់តែងប្រើកាលវេលាឲ្យប្រព្រឹត្តទៅដោយការប្រពឹត្តសេចក្តីវិនាសដោយការដេកនិងដោយការឈ្លោះទាស់ទែង»។

*****

(១) តណ្ហាជាហេតុ, សេចក្តីសុខជាផល
បើតាមយោបល់ខ្ញុំកូណាអាត្មាភាពយល់ថា ប្រហែលជាអ្នកសរសេរច្រឡំសរសេរ«ទុក្ខ» ថាជា «សុខ»ឃ្លានេះគួរតែសរសេរថា តណ្ហាជាហេតុ, សេចក្តីទុក្ខជាផល ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់សំដែងថា តណ្ហាជាហេតុនៃសេចក្តីទុក្ខទាំងពួង ។

No comments:

Post a Comment