អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 11 August 2012

ទស្សនៈសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត (វគ្គទី​ ១)

Juon nat
គង់ សម្ភារ ប្រមូលចងក្រង
ព្រះមុនីកោសល្យ សូរ-ហាយ ពិនិត្យកែសម្រួល
ផ្សាយចេញពី បណ្ណាល័យនិស្សិត ន.វ,
ព.ស ២៥១៥ គ.ស ១៩៧១
វិចារណកថា
ប្រាំបួនទាល់ ដល់ទាល់ កុំឲ្យតែទាល់គំនិត

១សូមសេចក្តីប្រាថ្នារបស់សាធុជនប្រុសស្រីបានសម្រេចផលតាមបំណងដែលបានធ្វើបុណ្យឧទ្ទិសថ្វាយព្រះរាជកុសលចំពោះសម្តេចព្រអសង្ឃរាជ ព្រះនាម ជួន-ណាត ។

២-ទស្សនៈនៃសម្តេចព្រះសង្ឃរាជនេះបើកម្ពោជិកណាមួយអានហើយនឹងផ្តល់នូវសេចក្តីអង់​អាចក្លា​ហាន ស្រលាញ់ការសិក្សា ឬ ប្រកបកិច្ចការទាំងពួងមិនខាន ។
៣-សម្តេចព្រះសង្ឃរាជមិនមែនអ្នកប្រាជ្ញខាងអក្សរសាស្ត្រមួយមុខទេតាមពិតព្រះអង្គជាអ្នក​ប្រាជ្ញ​ច្រើន​មុខ (ពហុវិជ្ជា) ។
៤-ការចេះដឹងនៃព្រះអង្គជាកាចេះដឹងទាំងពីរផ្លូវដែលរកបុគ្គលណាក្នុងសតវត្សនេះប្រៀបផ្ទឹម​ពុំបាន សូម្បីទេវតាក៏ក្រាបថ្វាយបង្គំព្រះអង្គដែរ ។
៥​​.​អ្នកប្រាជ្ញសូម្បីរាងកាយទ្រុឌទ្រោមជិតដល់នូវមរណភាពហើយក៏ដោយលោកក៏មិនព្រមបោះ​បង់​ការងារដ៏ប្រសើររបស់លោកឡើយព្រោះលោកយល់ច្បាស់ថាសេចក្តីស្លាប់ជាធម៌មិនទៀង។
៦-ផ្លូវដែលសម្តេចទ្រង់យាង គឹតាមមាគ៌ាព្រះពុទ្ធជាម្ចាស់ឥតខ្ចោះ ។
៧-ការសោយព្រះទីវង្គតនៃសម្តេច ប្រៀបបាននឹងការរលត់នៃដួងព្រះអាទិត្យនិងព្រះច័ន្ទ្រ​ ។
៨-អ្នកប្រាជ្ញច្រើនរូបបានពោលថា «សម្តេចព្រះសង្ឃរាជ បានយាងចូលទីវង្គតក្នុង សមរភូមិ» ខ្លះទៀតថា «ការសោយទីវង្គតនៃព្រះអង្គប្រៀបបាននឹងដាច់ចរន្ត អគ្គិសនីយ៍»។
៩-មែនពិតអ្នកប្រាជ្ញរមែងគិតចំពោះសេចក្តីលំបាករបស់អ្នកផងសូម្បីដឹងថារូបអាត្មាអញត្រូវ​ម្រឹត្យុចាប់ទាញព្រលឹងឥឡូវនេះហើយក៏លោកមិនបា្រប់គេព្រោះខ្លាចគេលំបាកដោយសារខ្លួនលោក ។
១០-ការសោយទីវង្គតនៃសម្តេច បានធ្វើអោយផែនដីនេះរញ្ជួយឥតឧបមា ។
១១-បណ្ឌិតកាលមានជីវិតរស់នៅ មិនសូវញ៉ាំងចិត្តអ្នកផងអោយគោរពកោតខ្លាចស្ញប់ ស្ញែងប៉ុន្មានទេលុះដល់រលត់សង្ខារសូម្បីតែសត្រូវលោកក៏ចុះចាញ់គោរពគុណធម៌របស់លោកដែរកុំនិយាយឡើយពីសាមញ្ញជន ។
១២-មានប្រយោជន៍អ្វីក្នុងការបួសហើយមិនសិក្សានូវមុខវិជ្ជាផ្លូវលោក ផ្លូវធម៌ និងមិន គោរពតាមព្រះពុទ្ធោវាទផង? ដូចជនពុករលួយ មានប្រយោជន៍អ្វី? បានគ្រាន់តែ ចង្អៀតសង្គម និង ខូចកិត្តិយសសង្គមប៉ុណ្ណោះ ។
១៣-អ្នកណាបួសហើយដឹកនាំគេអោយស្គាល់ផ្លូវល្អអាក្រក់ ពោលគឺបានសិក្សាគម្ពីរ ដីកានូវវិជ្ជាផ្សេងៗហើយប្រព្រឹត្តត្រឹមត្រូវល្អអ្នកនោះទើបឈ្មោះថាអ្នកបួសត្រូវតាមសមណភេទ ... ព្រោះថាព្រះពុទ្ធសាសនាដែលរុងរឿងទៅកើត មកពីអ្នកបួស បើអ្នក ដឹកនាំឱនថយ សាសនាក៏ចុះតាមនោះដែរដោយហេតុថារបស់អ្វីក៏ដោយក្នុងលោកនេះដែលមនុស្សមិនបង្កើត?
១៤-ឱក្មួយកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះ កើតក្នុងសម័យអក្សរសាស្ត្រ យើងផុសឡើងវិញនេះរាត្រីទាំងឡាយចេះតែធ្វើគមនាការជានិច្ចរូបអ្នកនឹងនៅក្នុងហ្វូងអនក្ខរជន ប្រៀបដូចជានៅក្នុងគុហារងងឹតសូន្យសុង ។កាលបើយើងគិតឃើញដូច្នេះហើយ យើងគួរនាំគ្នាបង្ហាត់បង្ហាញកូនក្មួយក្នុងពេលឥឡូវនេះទៅឲ្យសមតាមគោលបំណងនៃរបបសាធារណរដ្ឋខ្មែរយើងដែលអាចអោយ កូនខ្មែរចេះអក្សរគ្រប់ៗគ្នាព្រោះថា ៖
១៥.កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរកូនល្ងង់រាប់រយមិនប្រសើរទេដូចព្រះចន័្ទតែមួយដួង​អាចកំចាត់ងងឹតអន្ធការបាន កងតារាទាំងឡាយ កំចាត់ងងឹត មិនបានឡើយ ។
(ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)
១៦-បណ្តាកូនបីពួកគឺកូនមិនទាន់កើតមួយពួកកូនកើតហើយស្លាប់ទៅវិញមួយពួកនិងកូនល្ងង់​មួយពួកកូនពីរពួកខាងដើមជាកូនគាប់ប្រសើរពួកកូនទីបីមិនប្រសើរឡើយព្រោះថាកូនពីរពួកខាងដើមធ្វើទុក្ខព្រួយតែម្តងក៏អស់ទៅឯពួកកូនក្រោយទីបីធ្វើទុក្ខមាតាបិតាឲ្យលំបាកគ្រប់ជំហានជើង ។ (ស្រីហិតោបទេសភាគ១ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)
១៧-ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនអោយទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងប្រឹងប្រែងព្យាយាមទើបបានសម្រេច ។
១៨-ក្តារម្ឈូសគេធ្វើសំរាប់ដាក់សព ។ រីឯសុភមង្គលសំរាប់តែជនណាដែលចេះក្រេប ជញ្ជក់គ្រប់កាលៈទេសៈ។
១៩-អ្នកធ្វើខ្ញុំបំរើគេតែងធន់ទ្រាំលំបាកដោយត្រជាក់ដោយខ្យល់និងដោយកំដោះថ្ងៃឥតបាន​ប្រយោជន៍អ្វីសោះ, ឯអ្នកប្រាជ្ញខំបំពេញតបៈ បើទុកជាលំបាក គង់បានសេច ក្តីសុខជាផល ។
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ) ​​​។
២០-ការតាំងខ្លួនមិនអោយជាខ្ញុំគេតែងបានផលជាសុខដល់ជីវិតបើជនណាព្រមនៅក្នុងអំណាច​គេ ជននោះឈ្មោះថាមានជីវិតរស់ ដូច្នោះតើ ជនបែបណាវិញហ្ន៎ដែល ឈ្មោះថាស្លាប់?
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ) ។
២១-ជនអាប់ឥតប្រាជ្ញា សំរាំងខ្លួនហើយសំរាំងទៀត ទុកបំរុងគ្រាន់តែបំរើជនដទៃជានាយ ព្រោះប្រាថ្នាទ្រព្យ ដូចស្ត្រីផ្កាមាសតុបតែងខ្លួនឲ្យល្អ ទុកសំរាប់តែបុរស ។
(ស្រីហិតោបទេសភាគ២ របស់ព្រះភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោ)
២២-ព្រះពុទ្ធជាម្ចាស់ជួយយើងបាន លុះណាតែយើងជួយខ្លួនឯងផងដែរ ។
២៣-ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណីព្រោះតែគេចង់ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយគេធាក់ធរណីបោលលែងមកក្បែរយើងទៀតតើយើងត្រូវធ្វើដូចម្តេចហ្ន៎ទើបបានដូចចិត្តបំណង?
២៤-មនុស្សមិនត្រូវអួតអាងថាគ្មាននរណាបោកបានមួយជីវិតទេតែត្រូវគិតកុំឲ្យគេបោកបាន​ច្រើន​ដងពេក ។
២៥-ការជ្រើសរើសអ្នកតំណាងយើងពិបាកជាងការរើសកូនប្រសារត្រីភាគមិនដូចជនល្ងង់ ពោលថាបោះអោយនរណាក៏ដូចនរណាដែរនោះទេព្រោះថាអាយុជីវិតនៃប្រទេសជាតិត្រូវផ្ញើនៅលើអ្នកតំណាងរបស់ផងយើងមួយផ្នែកធំ មិនគួរ យើងយកសំបកគ្រំមកទះលេងនោះទេ ។
២៦-ការដែលគេឲ្យយើងស៊ី មកតែពីគេចង់ស៊ីពីយើង ។
២៧-អ្នកប្រាជ្ញឆៅនៅក្រៅទីប្រជុំ អួតក្អេងក្អាងណាស់ សូម្បីតែព្រះក៏គេហ៊ានចោទ ឆ្លើយដែរ តែតាមពិតនៅទីជំនុំសូម្បីតែដៃស្ទើរមិនហ៊ានលើកផងកុំនិយាយឡើយទៅជជែកវែកញែករកការខុសត្រូវ! តើយើងត្រូវជ្រើសរើសជនប្រភេទណា អោយធ្វើជា ភ្នែកជាច្រមុះរបស់ផងយើង?
២៨-អ្នកប្រាជ្ញតែងណែនាំយុវជនឲ្យបែរមុខទៅរកសេចក្តីចំរើនមិនដែលណែនាំអោយមនុស្ស ទៅរកសេចក្តីវិនាសទេសូម្បីតែសត្រូវរបស់លោកក៏លោកនៅតែប្រោសប្រណីជានិច្ចដូចមហាត្មះ
គន្ធីអាអាទិ៍ ។
២៩-សម្តេចព្រះសង្ឃរាជជាម្ចាស់ទ្រង់សោយព្រះទីវង្គតមែនពិតតែព្រះឧត្តមគតិនៃព្រះអង្គនៅ​រស់​រវើកជានិច្ច ហើយរឹងរិតតែលេចឮគ្រប់ទិស មើលទៅសូម្បីតែព្រះឥន្ទ ក៏ស្ងើចសរសើរដែរ កុំថាឡើយតែអ្នកប្រាជ្ញសកលលោក ។
៣០-សេចក្តីល្អរបស់ព្រះអង្គតែងប្រោសប្រណីមកលើទូលព្រះបង្គំយើងខ្ញុំករុណាបានធ្វើអោយ​បេះ​ដូងខ្ញុំព្រះអង្គស្រពាប់ស្រពោននឹកព្រះអង្គលុះក្ស័យសង្ខារ ។
៣១-វត្តជាស្ថានមនោរម្យផងជាកន្លែងព្យាបាលរោគល្ងង់ខ្លៅផងជាកន្លែងដោះទុក្ខសត្វកំព្រា​តោក​យ៉ាកផង និងជាកន្លែងរៀបចំកម្មវិធីទៅកាន់ឋាននិព្វាន្តផងនៃសត្វ លោកទួទៅ ។
៣២.ព្រះពុទ្ធសាសនាមានតំលៃរកប្រមាណមិនបានឡើយព្រោះបានបង្រៀនមនុស្សអោយ ស្គាល់​ប្រភពនៃសេចក្តីសុខ សេចក្តីទុក្ខគ្រប់យ៉ាង...​ ។
៣៣.សេចក្តីប្រាថ្នារបស់ខ្ញុំមានតែម្យ៉ាងទេគឺ៖សុំអោយអ្នកផងអាណិតមេត្តាទោះបីដើរទៅទី ណា កុំអោយមានឧបសគ្គរាំងរា លែងកំព្រាតោកយ៉ាកក្នុងទីនោះទៀត ។
៣៤-មុននឹងគេបោកមនុស្សណាម្នាក់ គេតែងធ្វើល្អនឹងអ្នកនោះមុនជាដរាប ។
៣៥គ្រាន់តែឃើញជនដែលធ្វើល្អភ្លាមកុំអាលសរសើរថាជាមនុស្សត្រឹមត្រូវតាមពិតជនពុក រលួយក៏វាចេះធ្វើបុណ្យហែកឋិនដែរដើម្បីបំបាំងអំពើពុករលួយរបស់វា។ដូច្នេះត្រូវពិចារណាអោយល្អិតល្អន់សឹមដាក់ជំនឿ ។
៣៦-ជនខ្លះយកសាសនាធ្វើជារនាំងដើម្បីបោកបញ្ឆោតយើងផងធ្វើពាណិជ្ជកម្មផងលាក់កំហុស​

ផង ។
៣៧-ជនកំហិល គេធ្វើជាឈរឈ្មោះកសាងវត្តអារាម តាមពិត បែរជាយកទីនោះធ្វើ
ជាចេតិយឬ ម៉ុងសំរាប់កប់ខ្មោចគ្រួសារគេសោះ សូម្បីតែចន្លោះធ្វើផ្លូវដើរក៏គ្មានដែរ ។
៣៨-បើយើងអាណិតស្រលាញ់សាលាដំបូងហើយស្អប់ខ្លួនយើង មានរឿងអ្វីបន្តិច បន្តួចនាំគ្នាប្តឹងផ្តល់ចុះ កុំខ្ចីស្តាប់បុរាណភាសិតឡើយ ។
៣៩-គណៈកម្មការជាតិបានលើកព្រះអង្គជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងការណែនាំ បកប្រែពាក្យខ្មែរ ព្រះអង្គទ្រង់បានជួយបកប្រែពាក្យខ្មែរតាំងពីដើមកំណើតខេមរយាន កម្មម្ល៉េះ...(គ.ខ) ។
៤០-ព្រះអង្គបានគាំទ្រជាទីបំផុត ចំពោះអង្គការខមរយានកម្មសិក្សា ក្រៅពីព្រះយោ បល់និងការបកប្រែពាក្យខ្មែរ ព្រះអង្គបានផ្តល់អត្ថបទជាច្រើនមកអគ្គលេខធិការដ្ឋាន អចិន្ត្រៃយ៍ខេមរយានកម្ម ដើម្បីលើកស្ទួយភាសាជាតិ និងទស្សនាវដ្តីខមរយានកម្មឲ្យ មានពន្លឺត្រចះត្រចង់គ្រប់ពេលវេលា...(គ.ខ) ។
៤១-បើយើងសោកស្តាយព្រះអង្គស្រលាញ់ព្រះអង្គ ត្រូវគោរពព្រះអង្គដោយគោរពតាម
ឱវាទ ឬ ទស្សនៈព្រះអង្គកុំបីឃ្លាត!
៤២- សម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះអគ្គមហាបណ្ឌិតមួយព្រះអង្គក្នុងសតវត្ស ទី២០ ។
៤៣-ក្នុងពេលរស់នៅ​ត្រូវខំប្រឹងធ្វើការដែលមានប្រយោជន៍កុំសំចៃកំលាំងទុកឡើយព្រោះ កំលាំងនោះបើអោយនៅស្ងៀមគង់តែត្រូវរិលរេចថយចុះរាល់ពេលដោយអំណាចជរា។ (សម្តេច ហួត តាត) ។
៤៤-បុគ្គលខ្វះសតិសម្បជញ្ញៈ រមែងស្រវឹងក្នុងលោក ជាប់ចិត្តនៅក្នុងលោក មិនចង់រើ ខ្លួនចេញចាកលោកនេះឡើយ (ព្រះមុនីកោសល្យ សូរ-ហាយ) ។
៤៥-អ្នកប្រាជ្ញតែងព្យាយាមបង្កើតសាមគ្គីធម៌គ្រប់ឥរិយាបទ (ព្រះមុនីកោសល្យ សូរ-ហាយ) ។
៤៦-ពុទ្ធវចនៈជាមាតាទស្សនវិជ្ជា,​ ជាមាតាសីលធម៌ និងជាមាតាវិទ្យាសាស្រ្ត...សំរាប់ មនុស្ស

ទូទៅ ។
៤៧-ទស្សនៈនេះមានន័យថា ការបង្ហាញប្រយោជន៍ ការចង្អុលគ្រោះថ្នាក់, ការអប់រំសីលធម៌ និង ការណែនាំមនុស្ស អោយទៅរកត្រើយនៃសុភមង្គលក៏ថាបាន។
---------------------------
កថាទី១៖ ទស្សនៈចំពោះខេមរយានកម្មសិក្សា
សម្តេចព្រះសង្ឃរាជទ្រង់មានព្រះយោបល់ទៅលើខេមរយានកម្មសិក្សាថា «ប្រទេសខ្មែរមានភ័ព្វសំណាងខ្ពង់ខ្ពស់បានទទួលឯករាជ្យវប្បធម៌រឹងរឹតតែច្បាស់លាស់ថែមទៀតពិសេសក្នុងវិស័យសិក្សាធិការជាតិចាប់តាំងពីកំណើតខេមរយានកម្មសិក្សាមក។ជំហរវប្បធម៌ជាតិពឹងផ្អែកធំទៅលើអក្សរនិងភាសាខ្មែរក៏ដូចជាពឹងផ្អែកទៅលើខេមរយានកម្មនេះដែរដោយសារតែខេមរយានកម្មនេះត្រូវចាត់ទុកដូចជាយានផ្ទុកយកចំណេះវិជ្ជាជាភាសាបរទេស
មកលាតត្រដាងផ្សព្វផ្សាយជាភាសាខ្មែរឲ្យជ្រាបដល់ជម្រៅមជ្ឈដ្ឋានមិនត្រឹមតែសិស្សានុសិស្សគ្រូបាធ្យាយប៉ុណ្ណោះទេថែមទាំងដល់ប្រជាពលរដ្ឋគ្រប់ប្រភេទគ្រប់វ័យថែមទៀតផង។តាមជំនឿជ្រះថ្លាពេញលក្ខណៈលើតំលៃ និងមធ្យោបាយភាសាជាតិ ខេមរយានកម្មសិក្សាប្រាកដជាអាចបម្រើការរៀននិងការ បង្រៀនគ្រប់ភូមិសិក្សាទាំងទាបទាំងខ្ពស់ បានទាំងអស់ ។ភាសាជាតិណាក៏ដូចជាជាតិណាដែរ តែងតែមានសភាពលក្ខណៈងាយស្រួលនិងលក្ខណៈពិបាកកប់នៅលាយឡំជាមួយគ្នាជាធម្មតា ។ទុកជាមានសភាពលក្ខណៈដូច្នេះក៏ដោយក៏ភាសានីមួយៗតែងតែមានក្បួនច្បាប់របស់ខ្លួនទៅតាមសម័យកាល។ការខិតខំតម្រិមតម្រង់គន្លងភាសាឲ្យបានត្រឹមត្រូវមានឯកភាពនៅក្នុងរង្វង់ក្បួនច្បាប់សុទ្ធសមតាមបែបបទវិទ្យាសាស្ត្រពេញទីចាត់ទុកជាការពិបាកមួយដែលអាចបណ្តាលមកអំពីការវិត្តន៍នៃសង្គមមនុស្សតម្រួវមនុស្សឲ្យដើរលឿនមុនក្បួនច្បាប់ឬដើរងាកចេញពីក្បួនច្បាប់ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិនិងឯកភាពជាតិឬក៏មកអំពីការមិនចុះសម្រុងគ្នារវាងបែបចាស់និងបែបថ្មីឬមួយមកអំពីដំណើរច្របល់នៃវប្បធម៌ដែលមិនច្បាស់ថាជារបស់ខ្លួនឬរបស់គេ ។ភាសាខ្មែរសម័យខេមរយានកម្មបានប៉ះទង្គិចនឹងឧបសគ្គបែបនេះខ្លះដែរតែការប៉ះទង្គិចនេះបានរលាយខ្សុលវិញដោយសារតែខេមរយានកម្មជាអង្គការជាតិនិយមផ្តល់អាទិភាពធំទូលាយក្នុងការបកប្រែពាក្យបច្ចេកទេសបរទេសជាពាក្យពេចន៍ខ្មែរសុទ្ធៗមុននឹងបែទៅរកពាក្យបាលីសំស្ក្រឹតបារាំងអង់គ្លេសពីព្រោះតែយល់ថាត្រូវញ៉ាំងវិវត្តន៍ភាសាខ្មែរអោយស្របទៅតាមគោលច្បាប់ ខ្មែរបុរាណ។ ដោយការក្តាប់យកគំនិតនេះជាគោល ខេមរយានកម្មសិក្សា គ្មានផលប្រយោជន៍ អ្វីទៅបង្កើតការពិបាកថ្មីទៅលើការពិបាកចាស់នោះឡើយ។មិនយូរមិនឆាប់ខេមរយានកម្មនឹងក្លាយទៅជាភ្នាក់ងារចម្បងមួយក្នុងការដោលភាសាជាតិអោយលឿនទៅមុខទាន់ការចាំបាច់នៃសង្គមខ្មែរ សម័យសង្គមរាស្រ្តនិយមពុទ្ធសាសនា...។
       ​​អាត្មាមានជំនឿស៊ប់លើអង្គការខេមរយានកម្មនេះហើយពេញអធ្យាស្រ័យចូលរួមសហប្រតិបត្តិការជាមួយ ដោយគ្មានគិតដល់ការបង់ខាតពេលវេលានិងនឿយកាយ ពលសោះឡើយ ។
ភ្នំពេញ, ថ្ងៃទី ៩ កញ្ញា ១៩៦៨
សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត

វគ្គទី​ ១

No comments:

Post a Comment