ការសរសេរក្នុងប្លក់នេះក្នុងគោលបំណង ដើម្បីចែករំលែកនូវចំណេះដឹង ដល់ប្រិយមិត្តអ្នកអាននិង ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ (The democracy) និងរបបគ្រប់គ្រងសាធារណរដ្ឋ(The republic) ដែលកើតមានតាំងពី ៣០០ឆ្នាំមុនគ្រឹស្តសករាជមកម្ល៉េះឲជ្រួតជ្រាបក្នុងសង្គម ខ្មែរ។អស់រយៈ ពេល ជាច្រើនសតវត្សរ៍កន្លងមកហើយ ប្រជាពលរដ្ឋខ្មែរតែងតែទទួលរងនូវការជិះជាន់ការរំលោភបំពាន គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធររដ្ឋអំណាច។អ្នកកាន់អំណាចភាគច្រើនតែងតែលើកជើង ក្រខ្វក់ របស់ខ្លួនជាន់ឈ្លីលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដោយឥតអៀនខ្មាស។ដោយប្រជាពលរដ្ឋ ខ្មែរយើងពុំទាន់យល់ច្បាស់អំពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យក៏ចេះតែលុតក្រាបឧិនលំទោន នូវចំពោះមុខអំពើឃោរឃៅ របស់ជនកំរោលទាំងអស់នោះ ធ្វើឲប្រជាពលរដ្ឋមានការខ្លបខ្លាច អំណាចអ្នកដឹកនាំ ។
បែរជាយល់ថាការរំលោភជិះជាន់នឹងអំពើពុករលួយ ដែលកើតមានក្នុងសង្គមខ្មែរ គឺជារឿងធម្មតា របស់មនុស្សលោកទៅវិញ។ជំនឿនេះ ជាកត្តានាំឲអំពើឃោរឃៅ ការជិះជាន់រំលោភសិទ្ធិសេរីភាព ប្រជាពលរដ្ឋកាន់តែចាក់ឫសជ្រៅទៅៗ នៅក្នុងសង្គមជាតិយើងតកូនចៅជាច្រើនជំនាន់ ។ជឿជាក់ ថាអត្ថបទនេះនឹងជាមធ្យោបាយមួយជួយណែនាំផ្តល់ចំនេះដឹង និងជាប្រទីបជួយបំភ្លឺផ្លូវ ឲប្រិយ មិត្តអ្នកអានធ្វើដំណើរទៅកាន់លទ្ធិប្រជាធិបតេយ្យ ដ៏បរិសុទ្ធដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជរដ្ឋ ឡើងវិញ ៕
តើរដ្ឋាភិបាលជាអ្វី ?
មុននឹងអធិប្បាយយើងត្រូវតែយល់នូវឫសពាក្យជាមុនសិន ពាក្យថា “រដ្ឋាភិបាល Government” មកពីឫសពាក្យ រដ្ឋ + អភិបាល = រដ្ឋភិបាល
ពាក្យថា“រដ្ឋ”បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជជោត្តញ្ញាណោជួនណាតមានន័យថា ដែន, ប្រទេស,រាស្រ្ត, ប្រជាជន, អ្នកនៅក្នុងដែន ។
ពាក្យថា “អភិបាល”តាមវចនានុក្រមខ្មែរដដែលមានន័យថា អ្នកគ្រប់គ្រង,អ្នកបីបាច់រក្សា, អ្នកថែ រក្សា ។ ការគ្រប់គ្រង,ការបីបាច់រក្សា, ការថែរក្សា ។
លុះរួមទាំងពីរស័ព្ទមកបានជាពាក្យ“រដ្ឋាភិបាល”គឺមានន័យថាអ្នកត្រួតត្រាដែន,អ្នកគ្រប់គ្រងរក្សា ប្រទេស ឬជាប្រព័ន្ធនយោបាយមួយដែលចាត់ចែងដឹកនាំដោយមនុស្សមួយក្រុមសម្រាប់ធ្វើកិច្ចការ សាធារណៈនិងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលមានអំណាច មានកម្លាំងកងទ័ព សម្រាប់បង្ករបង្កើត សន្តិសុខនិងការពារសណ្តាប់ធ្នាប់ក្នុងសង្គម រៀបចំបង្កើតច្បាប់ទម្លាប់ការពារ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជំរុញសេដ្ឋកិច្ចជាតិឲបានចម្រើមលូតលាស់ ពង្រឹងការសិក្សាអប់រំ បណ្តុះបច្ចេកទេសវិទ្យាសាស្រ្ត លើកតម្កើងកម្រិតជីវភាពប្រជាពលរដ្ឋ ឲល្អប្រសើរឡើងការពារ បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពឲគង់វង្ស រក្សាស្ថេរភាពនយោបាយឲរឹងមាំ ។ល។
ក) ប្រវត្តិនៃរដ្ឋាភិបាល
នាទសវត្សទី៣ មុនគ្រឹស្តសករាជ ទស្សនៈវិទូជនជាតិក្រិចឈ្មោះ អារីស្តូល (Aristotle)និងប្លេតូ (Plato)បានពោលថា“រដ្ឋាភិបាលល្អគឺជារដ្ឋភិបាលដែលបម្រើសុខមាភាពប្រជាពលរដ្ឋរីឯរដ្ឋាភិបាល អាក្រក់ គឺជារដ្ឋភិបាលដែលរំលោភជិះជាន់និងកេងប្រវ័ញ្ចពីប្រជាពលរដ្ឋ”។
ទស្សនៈវិទូទាំងពីររូបនេះ បានចែកស្ថាប័នរដ្ឋាភិបាលជា បី គឺ៖
១) រាជាធិបតេយ្យ (Monarch)រដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយបុគ្គលម្នាក់មានឋានៈ ជាព្រះ មហាក្សត្រ ឬស្តេច ។
២) អភិជនាធិបតេយ្យ (Aristocracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាច ដោយមនុស្សមួយក្រុមតូច ដែលមានឋានៈខ្ពង់ខ្ពស់ ។
៣) ប្រជាធិបតេយ្យ (Democracy) ដ្ឋាភិបាលគ្រប់គ្រងរដ្ឋអំណាចដោយ មនុស្សភាគច្រើន ឬ ប្រជាពលរដ្ឋ ។
យុគសម័យក្រោយមកទស្សនៈវិទូជនជាតិក្រិចជាច្រើននាក់ទៀតដែល បានធ្វើការសិក្សាស្រាវជ្រាវ បន្តពីអារីស្តូល (Aristotle) បានចែកស្ថាប័នរដ្ឋាភិបាលជា ៥ លក្ខណៈបន្ថែមទៀតគឺ ៖
១) រដ្ឋាភិបាលផ្តាច់ការនិយម (Absolutism)គ្រប់គ្រងដោយបុគ្កលម្នាក់ ដែលប្រើអំណាច ជិះជាន់ បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋកំទេចចោលការតវ៉ាប្រឆាំងនិង ការជំទាស់ទាំងឡាយ ដែលផ្ទុយពី គោលការណ៍របស់ខ្លួន ។
២) រដ្ឋាភិបាលអប្បជនាធិបតេយ្យ (Oligarchy)គ្រប់គ្រងដោយមនុស្ស មួយក្រុមឬគណៈបក្សមួយ ដែលធ្វើសកម្មភាព នយោបាយគ្រប់បែបយ៉ាង ដើម្បីបម្រើផលប្រយោជន៍ របស់បក្សពួកខ្លួនតែ ប៉ុណ្ណោះ ។
៣) រដ្ឋាភិបាលអនាធិបតេយ្យ (Ochlocracy) គ្របគ្រងដោយមនុស្សឃោរឃៅដែលយកច្បាប់ ព្រៃមកអនុវត្តយកការកាប់សម្លាប់មកធ្វើ ជាមធ្យោបាយសម្រាប់ដឹកនាំប្រទេសជាតិ ។
៤) រដ្ឋាភិបាលទេវាធិបតេយ្យ (Theocracy) គ្រប់គ្រងដោយមេដឹកនាំសាសនាដែល ប្រារព្វពិធីបូ ជាយញ្ញនិងគោរពអំណាចព្រះអាទិទេព ។ តាមរយៈសាសនាមេដឹកនាំ អាចប្រើទេវបញ្ជាឲប្រជា ពលរដ្ឋរបស់ខ្លួនធ្វើពលិកម្ម ដើម្បីបម្រើគោលការណ៍អ្វីមួយ ។
៥)រដ្ឋាភិបាលការិយាធិបតេយ្យ(Bureaucracy)គ្រប់គ្រងដោយអ្នកកាន់កាប់កិច្ចការនៅក្នុងការិយា ល័យនៃក្រសួងរដ្ឋនានា ។ ក្រសួងរដ្ឋបាលមានភារកិច្ចដ៏សំខាន់ ក្នុងការរៀបចំទំនាក់ទំនងឲបាន ល្អប្រសើររវាងប្រជាពលរដ្ឋ និងក្រុមរដ្ឋាភិបាល ។ កិច្ចការទាំងឡាយត្រូវអនុវត្តទៅតាមឋានានុក្រម (Hierarchy) គឺធ្វតាមលំដាប់លំដោយ ពីថ្នាក់ខ្ពស់រហូតដល់ថ្នាក់ទាប ។
ការតាក់តែងរៀបចំប្រព័ន្ធរដ្ឋភិបាលនៅទីក្រុងរ៉ូមនាយុគសម័យបូរាណបានជះឥទ្ធិពលដ៏ ច្រើនទៅលើការរៀបចំស្ថាប័នរដ្ឋាភិបាលនៅឯបច្ចឹមប្រទេស។ ចំណាត់ការដែលគេយកចិត្តទុកដាក់ ជាងគេគឺគោលការណ៍នៃ ការបង្កើតច្បាប់រដ្ឋធម្មនុញ្ញ ដែលប្រគល់អធិបតេយ្យភាព ដ៏ច្រើនសន្ធឹក ដល់ប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យ ការដឹកនាំនិងការទទួលខុសត្រូវ ចំពោះវាសនាអនាគតនៃ ប្រទេសជាតិរបស់ខ្លួន។ការផ្ទេរស្ថាប័នរដ្ឋាភិបាល ឲទៅជាកម្មសិទ្ធិប្រជាពលរដ្ឋមានទំនាក់ទំនងទៅ នឹងកត្តាសំខាន់ៗ ២ យ៉ាងគឺ៖
១)ការកែទម្រង់ផ្នែកសេដ្ឋកិច្ចនិងការពង្រឹងផែនការពាណិជ្ជកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការ និង កំណើនប្រជាពលរដ្ឋ ។
២)ការកែទម្រង់របៀបគ្រប់គ្រងរដ្ឋាភិបាល ដោយគេលុបបំបាត់ចោលអំណាច របស់មេដឹកនាំសា សនាទាំងឡាយ ដែលបន្លំយកសាសនាធ្វើជាមធ្យោបាយ សម្រាប់ឃោសនា ដើម្បីបម្រើប្រយោ ជន៍ផ្ទាល់ខ្លួន ។ នាសតវត្សទី ១៦ គេបានសង្កេតឃើញស្ថាប័នរដ្ឋាភិបាលនៃប្រជជាតិនីមួយៗមាន លក្ខណៈជា រដ្ឋាភិបាលសន្តិវង្ស (Dynasty) និងរដ្ឋាភិបាលអត្តាធិបតេយ្យ (Autocracy) ។រដ្ឋាភិបាលប្រភេទនេះ មានរដ្ឋអំណាចធំធេងគ្មានព្រំដែន ពីព្រោះសម្បត្តិធម្មជាតិនិងសម្បត្តិគ្រប់ បែបយ៉ាងដែលមាននៅក្នុងប្រទេសទាំងមានជីវិតនិងឥតជីវិតសុទ្ធសឹងជាកម្មសិទ្ធិរបស់មេដឹកនាំ ។ អ្នកកាន់រដ្ឋអំណាចតែងតែបន្តវេនគ្នាដឹកនាំប្រទេសជាតតកូនតចៅ ហើយមានតែពូជពង្ស វង្សត្រកូ លរបស់ពួកគេទេ ដែលមានអំណាចអាចដឹកនាំប្រទេសជាតិបាន ។ នាសម័យបូរាណ ស្តេចជាមេ ដឹកនាំប្រទេសជាតិ ហើយស្តេចជាម្ចាស់ជីវិតរបស់ប្រជាពលរដ្ឋ នឹងជាម្ចាស់លើអ្វីៗ ទាំងអស់នៅ ក្នុងព្រះរាជនគរ ដូចស្តេចល្វីសទី១៤ (Louis XIV) នៃប្រទេសបារាំងបានថ្លែងថា “រដ្ឋគឺជាខ្ញុំ L’Etat c’est moi” ។ ស្តេចល្វីសទី ១៤ តែងតែយកទ្រព្យសម្បត្តិរបស់ជាតិ មកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងយករឿងរ៉ាវបញ្ហាផ្ទាល់ខ្លួន មកធ្វើជាបញ្ហារបស់ប្រទេសជាតិ ហើយវិបត្តិទាំងនេះ កើតរហូតមក ដល់រជ្ជកាលស្តេចល្វីសទី ១៦ (Louis XVI) ។ ប្រជាពលរដ្ឋបារាំង ដោយពុំអាចទ្រាំ ទ្រនឹងរបបស្តេច និយមតទៅទៀតបាន ក៏នាំគ្នារើបំរះបង្កើតជាចលនាបដិវត្តន៍នៅឆ្នាំ ១៧៨៩ រួចគេក៏ចាប់យកស្តេច ល្វីសទី ១៦ ទៅប្រហារជីវិតនាឆ្នាំ ១៧៩៣ ហើយប្រជាជនបារាំងក៏នាំគ្នា កែប្រែរបបគ្រប់គ្រង ប្រទេសជាតិរបស់គេឲទៅជារបបសាធារណរដ្ឋវិញ ។
No comments:
Post a Comment