ព្រះរាជាណាចក្រកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យអស់រយៈជាង១0ឆ្នាំមកហើយ ។ ប្រជាពលរដ្ឋទូទៅទទួលផលប្រយោជន៍ធំធេងណាស់ពីលទ្ធិនេះ តើចំពោះស្ត្រីពួកគេទទួលបានផលប្រយោជន៍ដោយឡែកអ្វីខ្លះ?
លទ្ធិប្រជាធិបតេយ្យមានន័យថា បែបបទដឹកនាំប្រទេសដោយយកប្រជាពលរដ្ឋជាធំ ។ កន្លងមកប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់ថារបបដឹកនាំប្រទេសមានការវិវត្តផ្លាស់ប្ដូរពីររបបមួយទៅរបបមួយ តាំងពីររបបកុលសម្ព័ន្ធ សក្ដិភូមិ មូលធនកុម្មុយនិស្តដែលពុំមានរបបណាប្រគល់អំណាចដល់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតទូទាំងប្រទេសដូចរបបប្រជាធិបតេយ្យឡើយ។ ប៉ុន្តែក្នុងលទ្ធិចុងក្រោយនេះសិទ្ធិក្នុងការចូលរួមបោះឆ្នោតក្នុងដំណាក់កាលដំបូងបានចំពោះតែភេទប្រុសប៉ុណ្ណោះគឺលុះត្រាតែមានការទាមទារតាមរយៈកូដកម្មបាតុកម្មរបស់ស្ត្រីជាតិអង់គ្លេសនៅឆ្នាំ១៩០៣ ទើបស្ត្រីត្រូវបានអនុញ្ញាតអោយចូលរួមបោះឆ្នោតជាមួយបុរសចាប់ពីឆ្នាំ១៩១៨មក។ ដូច្នេះឃើញថា លទ្ធិប្រជាធិបតេយ្យផ្ដល់ឱកាសដល់ស្ត្រីអោយអនុវត្តបានសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំប្រទេសរបស់ខ្លួនស្មើគ្នានឹងបុរស។
ជាមួយគ្នានេះលទ្ធិប្រជាធិបតេយ្យ បានធ្វើអោយស្ត្រីជាច្រើនក្លាយទៅជាបេក្ខនារីឈរឈ្មោះអោយគេបោះឆ្នោតហើយបន្ទាប់មកមួយចំនួនក្លាយខ្លួនទៅជាអ្នកដឹកនាំ។ គឺជាមោទនភាពដ៏ធំធេងណាស់ដែលកាលក្នុងរបបមុនគេកម្រឃើញស្ត្រីជាតំណាងរាស្ត្រ ហើយគេក៏មិនដែលធ្លាប់ឃើញសោះស្ត្រីជាប្រធាន ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ តែបច្ចុប្បន្នគេឃើញមានស្ត្រីកាន់តួនាទីនោះ ហើយពីអាណត្តិមួយទៅអាណត្តិមួយចំនួនស្ត្រីទាំងនោះកាន់តែកើនឡើងជាលំដាប់ថែមទៀត។ ស្ត្រីជាតំណាងរាស្ត្រជាប់ឆ្នោតបាន៥នាក់ នៅអាណត្តិទី១ ឆ្នាំ១៩៩៣ ជាប់ឆ្នោតបាន១៥នាក់ នៅអាណត្តិទី២ ឆ្នាំ១៩៩៨ និងជាប់ឆ្នោតបាន២២នាក់ នៅអាណត្តិទី៣ ឆ្នាំ២០០៣។ ចំណែកឯស្ត្រីជាអ្នកដឹកនាំក្នុងក្រុមប្រឹក្សាឃុំសង្កាត់វិញ ជាប់ឆ្នោតបាន៩៨៣នាក់ នៅអាណត្តិទី១ ឆ្នាំ២០០២ និង១៦៦២នាក់ នៅអាណត្តិទី២ ឆ្នាំ២០០៧។ ការផ្ដល់អំណាចដល់ស្ត្រីក្នុងការសម្រេចចិត្តនិងក្នុងការដឹកនាំមិនមែនមានតែក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្នុងវិស័យនយោបាយប៉ុណ្ណោះទេ តែក៏មានក្នុងការជ្រើសរើស ឬការសម្រេចចិត្តផ្សេងៗក្នុងគ្រួសារនិងក្នុងសង្គមថែមទៀត។ នេះក៏គឺជាឥទ្ធិពលនៃការប្រើប្រាស់លទ្ធិប្រជាធិបតេយ្យដែរ។ ឧទាហរណ៍ ដូចជាក្នុងការជ្រើសរើសគណៈកម្មការបុណ្យ ឬក្នុងការទុកដាក់កូនចៅ ឬជ្រើសរើសមុខរបររកស៊ីក្នុងគ្រួសារគេតែងតែផ្ដល់ឱកាសដល់ស្ត្រីក្នុងការបញ្ចេញយោបល់ ដែលកាលពីមុនគេពុំស្ដាប់ ឬពុំសូវស្ដាប់យោបល់ស្ត្រីឡើយ។
គឺដោយសារការផ្ដល់អំណាចទាំងប៉ុន្មានដូចរៀបរាប់ខាងលើ ស្ថានភាពរបស់ស្ត្រីមានការផ្លាស់ប្ដូរ។ កាលពីមុននៅពេលដែលស្ត្រីមិនទាន់បានទទួលសិទ្ធិអំណាចស្មើគ្នានឹងបុរស ស្ត្រីមានអារម្មណ៍ថា ខ្លួនមិនមែនជាមនុស្សសំខាន់ក្នុងសង្គម ឬក្នុងគ្រួសារ ដូច្នេះស្ត្រីគិតថា ចំណេះវិជ្ជា ជំនាញបច្ចេកទេស ចំណេះដឹង ការអប់រំសតិអារម្មណ៍មិនចាំបាច់ចំពោះខ្លួនឡើយ ព្រោះគ្រាន់តែចេះដាំបាយ ថែកូន ថែផ្ទះ ថែគ្រួសារ ការចេះដឹងបន្តិចបន្តួចជាការគ្រប់គ្រាន់ហើយ ប៉ុន្តែបច្ចុប្បន្ននេះ នៅពេលដែលត្រូវបានគេប្រគល់សិទ្ធិអំណាច ស្មើគ្នានឹងបុរសដូចជា ក្នុងការទៅបោះឆ្នោត និងក្នុងការឈរឈ្មោះជាបេក្ខជនជាដើម ស្ត្រីខិតខំស្វែងយល់បញ្ហាផ្សេងៗដើម្បីបំពេញតួនាទីទាំងនេះអោយបានសក្ដិសម។ ឧទាហរណ៍ ដូចជាចង់ធ្វើជាអ្នកបោះឆ្នោតម្នាក់ដែលមានការវិនិច្ឆ័យត្រឹមត្រូវ ស្ត្រីខិតខំតាមដានគណបក្សនយោបាយ ឬបេក្ខជនដោយស្ដាប់ និងពិភាក្សាជាមួយញាតិមិត្ត ដោយអានសៀវភៅ ស្ដាប់វិទ្យុ មើលទូរទស្សន៍ ហើយនៅពេលដែលចង់ឈរឈ្មោះជាបេក្ខនារី ឬជាប់ឈ្មោះជាអ្នកដឹកនាំ ស្ត្រីរឹតតែខិតខំរៀនសូត្របន្ថែម ស្វែងយល់ដឹងពីអ្វីដែលពាក់ព័ន្ធនឹងការងារខ្លួន ដើម្បីអោយសមត្ថភាពខ្លួនបានសក្ដិសមនឹងតួនាទី។ ក្រៅពីនោះស្ត្រីពង្រឹងស្មារតីចិត្តគំនិតខ្លួនអោយក្លាហាន ដាច់ស្រេចទាំងក្នុងការរិះគិត ទាំងក្នុងការនិយាយស្ដី និងទាំងក្នុងការធ្វើសកម្មភាព។ ទាំងអស់នេះលើកកម្ពស់ការយល់ដឹង សមត្ថភាព និងអត្តចរិតស្ត្រីមួយថ្ងៃបន្តិចៗអោយបានកាន់តែប្រសើរឡើង។មើលឃើញផលប្រយោជន៍ដ៏ធំធេងនៃលទ្ធិប្រជាធិបតេយ្យលើខ្លួនដូច្នេះហើយស្ត្រីទាំងឡាយគួរតែថែរក្សាលទ្ធិប្រជាធិបតេយ្យអោយមានជារៀងរហូតទៅនៅកម្ពុជា ហើយទន្ទឹមនឹងនោះគួរខិតខំធ្វើអោយការអនុវត្តន៍លទ្ធិនេះកាន់តែមានប្រសិទ្ធិភាពដូចជាទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នាឈ្លាសវៃក្នុងការជ្រើសរើសគណបក្សណាដែលបំរើផលប្រយោជន៍ប្រជាពលរដ្ឋពិតៗ មិនរួញរាក្នុងការឈរឈ្មោះជាបេក្ខនារី និងក្លាហានក្នុងការប្រឡូកក្នុងវិស័យនយោបាយ៕
No comments:
Post a Comment