ក.ក.ន៖ ទិនានុប្បវត្តិក្រហមនៃមជ្ឈមណ្ឌលព័ត៌មាន សកល នៅសបា្តហ៏នេះ បានប្រមូលចងក្រងនូវបណ្តាអត្ថបទសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងសក្មភាពនៃលិទ្ធិនិថចលនានយបាយក្នុងសង្គម កុម្មុយនិស្ត ដើម្បីយកមកចុះផ្សាយជូនមិត្តអ្នកអានជ្រាបជាព័ត៌មាន ដូចខាងក្រោមនេះ ៖
ការបោះឆ្នោតតំបន់នៃឆ្នាំ២០១០នៅប្រទេសបារាំង
ដោយ៖ សៀក សារិន (RFI)
ប្រជាជន បារាំងបាននាំគ្នាចូលរួមធ្វើការបោះឆ្នោតតំបន់នៃជុំទីមួយនៅថ្ងៃ អាទិត្យទី១៤មីនាម្សិលមិញដើម្បីជ្រើសតាំងក្រុមប្រឹក្សាតំបន់។ នៅជុំទីមួយនេះ គេសង្កេតឃើញអ្នកពុំមកចូលរួមធ្វើការបោះឆ្នោតមានដល់ទៅជាង៥៣% ដែលជាកម្រិតមួយដ៏សែនខ្ពស់។ គណបក្សសង្គមនិយមបារាំងដែលជាបក្សប្រឆាំងទទួលបានសម្លេងគាំទ្រជិត ៣០%។ រីឯបក្សUMP ដែលជាបក្សកាន់អំណាចវិញ ទទួលបានតែ២៦%ប៉ុណ្ណោះ។
លោកស្រី Martine Aubry លេខាធិការទីមួយនៃគណបក្សសង្គមនិយមបារាំង( រូបថត៖Reuters )
អ្នក ដែលពុំមកចូលរួមធ្វើការបោះឆ្នោតតំបន់នៃជុំទីមួយកាលពីថ្ងៃ អាទិត្យទី១៤មីនាម្សិលមិញមានដល់ទៅជាង៥៣%ដែលជាកម្រិតមួយដ៏សែន ខ្ពស់ពុំដែលកើតមាន។
គណបក្សសង្គមនិយមបារាំងដែលនាឱកាសបោះឆ្នោត ជ្រើសតាំងអ្នកតំណាងសភាអឺរ៉ុបកាលពីប្រាំបួនខែមុនទទួលបានសំឡេង ឆ្នោតគាំទ្រតែ១៦%ប៉ុណ្ណោះ ស្រាប់តែកាលពីម្សិលមិញទទួលបានការគាំទ្រពីប្រជាជនបារាំងដល់ទៅជិត ៣០%បានក្លាយទៅជាគណបក្សនយោបាយទីមួយនៅប្រទេសបារាំង។ គណបក្សសង្គមនិយមបានក្តោបកាន់កាប់២០តំបន់ក្នុងចំណោមតំបន់ទាំងអស់ ២២។
គណបក្សបរិស្ថានដែលបច្ចុប្បន្ននេះជាគណបក្សទីបីនៅប្រទេស បារាំងទទួលបានសំឡេងគាំទ្រប្រមាណ១២,៥%។ បានសេចក្តីថាសម្រេចបានលទ្ធផលអន់ជាងកាលបោះឆ្នោតជ្រើសតាំងសភា អឺរ៉ុប។
រីឯគណបក្សស្តាំនិយមជ្រុលពោលគឺបក្សរណសិរ្សជាតិដែលបាន ទទួលបរាជ័យយ៉ាងជូរចត់នាឱកាសបោះឆ្នោតប្រធានាធិបតីកន្លងទៅ កាលពីម្សិលមិញទទួលបានសំឡេងរគាំទ្រប្រមាណ១១,៥%ក្លាយជាគណបក្ស ទីបួន។ ទាំងនេះ ក៏ដោយសារតែមានការតស៊ូមតិពាក់ព័ន្ធនឹងបញ្ហាអត្តសញ្ញាណជាតិបារាំង។
គួរកត់ សម្គាល់ថា យុទ្ធសាស្ត្ររបស់គណបក្សUMP ដែលប្រមូលផ្តុំរាល់និន្នាការនៃបក្សស្តាំនិយមមានតាំងពីគណបក្សរបស់ លោកPhilippe de Villiers រហូតដល់គណបក្សកណ្តាលនិយមថ្មី បានបង្ហាញឲ្យឃើញនូវកម្រិតរបស់ខ្លួន។ ហើយនៅទីបំផុត គណបក្សUMPមានការលំបាកនឹងស្វែងរកសំឡេងគាំទ្រនៅជុំទីពីរ។
ចំណែកឯ អ្នកដែលទទួលខាតបង់ធ្ងន់ជាងគេក្នុងការបោះឆ្នោតតំបន់នេះគឺគណបក្ស ចលនាប្រជាធិបតេយ្យModemរបស់លោកFrançois Bayrouដែលទទួលបានតែ៤%ប៉ុណ្ណោះ។
សូមគូសបញ្ជាក់ថា ប្រជាជនបារាំងដល់ទៅជាង៥៣%ពុំព្រមមកចូលរួមធ្វើការបោះឆ្នោតតំបន់ ក៏ពីព្រោះតែគេចង់សម្តែងឲ្យឃើញនូវកំហឹងនិងការពុំពេញចិត្តរបស់ គេនៅចំពោះមុខទង្វើនិងនយោបាយសេដ្ឋកិច្ចនិងសង្គមកិច្ចរបស់ រដ្ឋាភិបាល។ ដូច្នេះលោកនាយករដ្ឋមន្ត្រីFrançois Fillon ក៏ដូចជាលោកប្រធានាធិបតីនីកូឡាសាកូហ្ស៊ីជាអ្នកបានទទួលបរាជ័យ យ៉ាងដំណំក្នុងការបោះឆ្នោតតំបន់នេះ៕
ប្រតិកម្មពីប្រទេសបារាំងជុំវិញការចាប់ខ្លួននាយករូបិយវត្ថុពិភពលោក
ដោយ៖ Lisa Bryant វីអូអេ | ប៉ារីស ប្រទេសបារាំង
លោក ដូមីនីក ស្ដ្រូសខាន់ (Dominique Strauss-Kahn) នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ (IFM)
ប្រទេសបារាំងមានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោទប្រកាន់ពីបទ រំលោភបំពានផ្លូវភេទប្រឆាំងលោក ដូមីនីក ស្ដ្រូសខាន់ (Dominique Strauss-Kahn) នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ។ លោក ស្ដ្រូសខាន់ ដែលគេចាត់ទុកលោកថា ជាបេក្ខជននាំមុខគេសម្រាប់តំណែងប្រធានាធិបតីបារាំង ត្រូវបាននគរបាលទីក្រុងញូវយ៉កចាប់នៅរសៀលថ្ងៃសៅរ៍កន្លងទៅនេះ។
ការចាប់លោកដូមីនីក ស្ដ្រូសខាន់ ត្រូវបានពិភាក្សាក្នុងកម្មវិធីសន្ទនាគ្នានៅថ្ងៃអាទិត្យនៅប្រទេស បារាំង។ នគរបាលទីក្រុងញូវយ៉កបានចាប់នាយកមូលនិធិរូបិយវត្ថុអន្ដរជាតិ អាយុ៦២ឆ្នាំរូបនេះនៅក្នុងយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France នៅថ្ងៃសៅរ៍នៅទីក្រុងញូវយ៉កប៉ុន្មាននាទីប៉ុណ្ណោះមុនយន្ដហោះនោះ ចេញដំណើរទៅទីក្រុងប៉ារីស។
លោក ស្ដ្រូសខាន់ អ្នកនយោបាយសង្គមនិយម ហើយនឹងជាអតីតរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុដ៏មានប្រជាប្រិយភាព ម្នាក់ប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មក្នុងការបំពាន ផ្លូវភេទ ការប៉ុនប៉ងរំលោភផ្លូវភេទ ហើយនឹងការបង្ខាំង ខុសច្បាប់នៅសហរដ្ឋអាមេរិក។ ស្ដ្រីអ្នករៀបបន្ទប់នៅសណ្ឋាគារមួយនៅទីក្រុងញូវយ៉កអះអាងថា លោកបំពានផ្លូវភេទស្ដ្រីនោះនៅក្នុងបន្ទប់របស់លោក។
បើគេរកឃើញថា ការចោទប្រកាន់នេះជាការពិតមែននោះ វាទំនងអាចបញ្ចប់សេចក្ដីសង្ឃឹមដែលចង់ឈរឈ្មោះធ្វើជាបេក្ខជន ប្រណាំងប្រជែងជាមួយលោក នីកូឡាស សារកូហ្ស៊ី (Nicolas Sarkozy) ប្រធានាធិបតីបារាំងឆ្នាំក្រោយ។ លោក ស្ដ្រូសខាន់ មិនទាន់ត្រូវបានប្រកាសថាតើលោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោត ឆ្នាំ២០១២ ឬយ៉ាងណាទេ ក៏ប៉ុន្ដែគេចាត់ទុកលោកថា ទំនងជាបេក្ខជនខ្លាំងម្នាក់។លោក ដ្យឺរ៉ូម ហ្វ៊រកេត (Jerome Fourquet) នាយករងនៃស្ថាប័នរៀបចំការបោះឆ្នោត IFOP ប្រាប់វិទ្យុបារាំងថា បើគេរកឃើញថា ការចោទប្រកាន់នេះជាការពិតមែន នោះលោកស្ត្រូស ខាន ក្នុងនាមជាអ្នកនយោបាយនឹងពិតជាមានការលំបាកយ៉ាងខ្លាំងក្នុងការ ប្រមូលផ្ដុំការគាំទ្រលោកឡើងវិញ។
ក្រុមអ្នកនយោបាយថ្នាក់ខ្ពស់មកពីគណបក្សសង្គមនិយម បានធ្វើការឆ្លើយតបតិចតួចចំពោះការចោទប្រកាន់នោះ។ ពេលសម្ភាសន៍តាមវិទ្យុ Europe 1 លោកស្រី សេហ្កូលីន រ៉ូយ៉ាល (Segolene Royal) បេក្ខនារីមកពីគណបក្សសង្គមនិយមដែលឈរឈ្មោះប្រជែងជាមួយលោក សារកូហ្ស៊ី នៅក្នុងការប្រកួតប្រជែងឆ្នាំ២០០៧ និយាយថា ព័ត៌មាននេះធ្វើឲ្យស្លុតស្មារតី។
លោកស្រី រ៉ូយ៉ាលអានអត្ថាធិប្បាយដែលលោកស្រីបានសរសេររៀបចំធ្វើទុកជាមុនថា ការចោទប្រកាន់នោះធ្វើឲ្យយើងឈឺចាប់ ក៏ប៉ុន្ដែនៅតែចាំបាច់ត្រូវពិនិត្យមើលថាពិតឬមិនពិតសិន។ លោកស្រីនិយាយថា ដូចអ្នកដទៃដែរ លោក ស្ដ្រូសខាន់ សមនឹងត្រូវបានគេចាត់ទុកថា ជាបុរសគ្មានទោសពៃរ៍រហូតទៅដល់ពេលគេរកឃើញថាលោកមានទោស។
លោកស្ដ្រូសខាន់ ដែលមានភរិយាហើយនោះ កាលពីពេលមុន បានសារភាពថា មានរឿងស្នេហាជាមួយសេដ្ឋវិទូជាតិហុងហ្ការីម្នាក់នៅមូលនិធិ រូបិយវត្ថុអន្ដរជាតិ។ ក៏ប៉ុន្ដែក្រុមអ្នកគាំទ្រលោកនិយាយថា លោកមិនមែនជាបុរសដែលរំលោភបំពានផ្លូវភេទទេ។ក្រុមអ្នកនយោបាយជំទាស់ធ្វើប្រតិកម្មខ្លាំងជាងនេះទៅទៀត។
លោក ប៊ែរណាដ ដេប្រឺ (Bernard Debre) សមាជិកសភាបារាំងម្នាក់ ហើយនឹងជាសមាជិករបស់គណបក្ស UMP ដែលកាន់កាប់អំណាចរបស់លោក សារកូហ្ស៊ី បានប្រាប់វិទ្យុបារាំងថា ការចោទប្រកាន់ប្រឆាំងលោក ស្ដ្រូសខាន់ ធ្វើឲ្យប្រទេសបារាំងទាំងមូលអាម៉ាស៕
ពួកសង្គមនិយមជប៉ុនចាកចេញពីរដ្ឋាភិបាលចំរុះ
ដកស្រង់ពីសារព័ត៌មានកោះសន្តិភាព
គណបក្សសង្គមប្រជាធិបតេយ្យជប៉ុន PSD ប្រកាសកាលពីថ្ងៃទី៣០ ឧសភា ថា ខ្លួនចាកចេញពីរដ្ឋាភិបាលចំរុះដែលកាន់អំណាចដោយសារតែការរក្សាទុក មូលដ្ឋានយោធាអាមេរិកនៅលើកោះអូគីណាវ៉ា ដែលនោះជាការគាបសង្កត់មកលើនាយករដ្ឋមន្ដ្រីជប៉ុនលោកយូគីអូ ហាតូយ៉ាម៉ា មុនការបោះឆ្នោត ខែកក្កដា ខាងមុខនេះ ។
ប្រធានគណបក្ស PSD លោកស្រីមីហ្សូហូ ហ្វូគូស៊ីម៉ា ថ្លែងថា យើងបានសំរេចចាកចេញពីរដ្ឋាភិបាលចំរុះក្នុងឱកាសនៃកិច្ចប្រជុំមួយរបស់ ថ្នាក់ដឹកនាំគណបក្ស ។
នាយករដ្ឋមន្ដ្រីជប៉ុនលោកយូគីអូ ហាតូយ៉ាម៉ា បានសំរេចកាលពីថ្ងៃទី២៨ ឧសភា កន្លងមកនេះ បណ្ដេញចេញពីរដ្ឋាភិបាលចំរុះនូវរូបលោកស្រីមីហ្សូហូ ហ្វូគូសីម៉ា ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងដែលចុះហត្ថលេខា ជាមួយសហរដ្ឋអាមេរិកស្ដីពីការផ្ទេរមូលដ្ឋានយោធាអាមេរិកនៅកោះអូ គីណាវ៉ា នាភាគខាងត្បូងប្រទេស ។ ជារដ្ឋលេខាធិការក្រសួងប្រើប្រាស់ និងជាប្រធានរបស់គណបក្ស PSD លោកស្រីហ្វូគូស៊ីម៉ា អះអាងជាថ្មីថា លោកស្រីនឹងពុំយល់ព្រមចំពោះការរក្សាទុកមូលដ្ឋានយោធានេះនៅលើកោះ អូគី ណាវ៉ាឡើយ ។
លោកស្រីហ្វូគូស៊ីម៉ា និងគណបក្សលោកស្រីជាអ្នកទាមទារឱ្យផ្ទេរមូលដ្ឋានយោធាអាមេរិកចេញពី កោះអូគីណាវ៉ា ដែលពេលនេះនាយករដ្ឋមន្ដ្រីបានព្រមព្រៀងគ្នាត្រឹមតែផ្ទេរចេញពីភាគ កណ្ដាលកោះទៅកាន់ភាគខាងត្បូងកោះនេះប៉ុណ្ណោះ ៕
ចាប់ពីថ្ងៃទី១សីហា នៅរុស្ស៊ី ជាផ្លូវការ លែងមាននគរបាល
គិតមកដល់ថ្ងៃទី១ សីហា ដែលរាល់នគរបាល នៅរុស្ស៊ី មានកាតព្វកិច្ច ត្រូវរងវិញ្ញាសា អំពីចំណេះដឹងរបស់ខ្លួន ដើម្បីក្លាយទៅជាប៉ូលីស ឬមួយធ្លាក់ ហើយត្រូវឆូតឈ្មោះចេញ ពីជួរបុគ្គលិកក្រសួងមហាផ្ទៃ។ គឺក្នុងក្របខ័ណ្ឌនៃនយោបាយទំនើបកម្មប្រទេសរុស្ស៊ី ដែលលោកប្រធានាធិបតី មេដវេដេវ លើកយកមកប្រើវិញ ពាក្យថា “ប៉ូលីស” ដែលធ្លាប់មានអត្ថិភាព ជំនាន់ស្តេច Tsar អស់រាប់រយឆ្នាំ ទម្រាំវាបានត្រូវជំនួស ទៅដោយពាក្យថា “នគរបាល” ក្រោយ ពីបដិវត្តន៍សង្គមនិយម ឆ្នាំ១៩១៧ នៅចក្រភពរុស្ស៊ីមក។
ជាបឋម គួររំលឹកថា តាមតួលេខផ្លូវការ នៅរុស្ស៊ី គិតមកទល់ដើមឆ្នាំមុន ឆ្នាំ២០១០ មាននគរបាលចំនួន ១លាន ៤សែននាក់។ ក្នុងក្របខ័ណ្ឌកំណែទម្រង់ ឆ្ពោះទៅលើកប្រសិទ្ធិភាពក្រសួងមហាផ្ទៃ ដែលល្បីខាងពុករលួយកម្រិតខ្ពស់ និងមានការជឿទុកចិត្តកម្រិតទាបពីខាង ប្រជាជន លោកប្រធានាធិបតី មេដវេដេវ តាំងពីក្នុងឆ្នាំមុនម្ល៉េះ បានដាក់ចេញនូវគម្រោងច្បាប់ ប្រែឈ្មោះ”នគរបាល” ទៅជា”ប៉ូលីស” ដូចដែលធ្លាប់មានជំនាន់ ចក្រភពរុស្ស៊ីអ៊ីចឹង។ក្រោយពីអត្ថបទច្បាប់បានត្រូវអនុម័តដោយរដ្ឋសភាមក ច្បាប់នេះ ក៏បានចូលជាធរមាន នៅថ្ងៃទី ១សីហា ឆ្នាំ២០១១ នេះ។ ច្បាប់ចែងថា ទៅទល់ថ្ងៃ១មករាឆ្នាំ២០១២ ចំនួននគរបាល នៅរុស្ស៊ី ត្រូវកាត់បន្ថយ ឲ្យអស់ ២០% គឺកាត់បន្ថយឲ្យអស់ ២៨០.០០០នាក់។
ថ្លែងថ្ងៃ២៩កក្កដាកន្លងទៅ លោកមេដវេដេវ បានឲ្យដឹងថា ក្នុងដំណាក់ទី១ នៃកំណែទម្រង់ សហការីចំនួន ១៨៣.០០០នាក់ បានត្រូវឆូតឈ្មោះចេញពីក្រសួងមហាផ្ទៃទៅហើយ រួច ក្នុងអនាគតដ៏ខ្លីខាងមុខ នឹងត្រូវកាត់បន្ថយអស់ ៤៨.០០០នាក់ទៀត។ប្រធាន ”គណៈកម្មការមេប្រយោគ១១នាក់” ខាងពិនិត្យមើលចំណេះដឹង របស់នគរបាល ដើម្បីគេអាចក្លាយទៅជាប៉ូលីស ពោលគឺលោក Naryshkin ដែលជានាយកខុទ្ទកាល័យ ប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា ពីក្នុងចំណោមឧត្តមសេនីយចំនួន៣៤០នាក់ នៃក្រសួងមហាផ្ទៃ មាន ១៤៣នាក់ បានចាកចេញពីតំណែងខ្លួន។ ក្នុងនោះ មានតែ២១នាក់ ប៉ុណ្ណោះ ដែលចាកចេញទៅ ដោយមកពីប្រឡងធ្លាក់ សល់ពីនេះ គឺមកពីបញ្ហាសុខភាព និងភាពជរា។អំពីឧត្តមសេនីយពុករលួយខ្លះ រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Nurgaliev បានលាន់មាត់ថា ពួកគេថែមទាំងមាន អចលនៈវត្ថុដ៏សម្បូរហូរហៀរ នៅបរទេសទៅផង បូកទាំង លុយយ៉ាងច្រើន សន្ធឹកសន្ធាប់ផ្ញើទុក នៅតាមធនាគារប្រទេសបស្ចិមលោក។ អស្ចារ្យ ត្រង់គេធ្វើ Business ទាំងកាន់មុខតំណែងរបស់រដ្ឋរុស្ស៊ី។
ទាក់ទងនឹងកាលបរិច្ឆេទផ្លូវការ ថ្ងៃ១សីហានេះ ឆ្លងពីនគរបាលទៅប៉ូលីស នៅរុស្ស៊ី កាសែតខ្លះដាក់ឈ្មោះរុស្ស៊ី ថា ជា ”រដ្ឋអាងយ៉ាងដោយប៉ូលីស” ដ្បិត សូម្បី ក្រោយពីកាត់បន្ថយក្តី ក៏ នៅរុស្ស៊ីសម័យបច្ចុប្បន្ន ដែលមានបណ្តាជន តែ ១៤៣លាននាក់ គឺ នៅតែមានប៉ូលីស ដល់ជាង១លាន ១សែន ២ម៉ឺននាក់ គឺច្រើនជាង សហភាពសូវៀតឆ្នាំ១៩៥៣ ដែលកាលណោះ មានបណ្តាជន ដល់ទៅ ១៨៨លាននាក់ ប៉ុន្តែ បានមាននគរបាល មិនដល់ទាំង ១លាន ១សែននាក់ផង៕CNN
គោលនយោបាយរបស់លោក គីម អ៊ីលស៊ុង
ប្រភពពីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាន ឲ្យដឹង ថា លោកប្រធានាធិបតី គីម អ៊ីលស៊ុង (១៩១២-១៩៩៤) ព្រះបិតាស្ថាបនានៃសង្គមនិយមកូរ៉េ បានបូជាជីវិត ទាំងស្រុងរបស់គាត់ចំពោះប្រជាជនទូទាំងប្រទេស។ គោលនយោបាយរបស់គាត់គឺ ” ប្រជាជន គឺជាព្រះ របស់ខ្ញុំ” ។
លោក គីម អ៊ីលស៊ុង បានចាត់ទុកប្រជាជនកូរ៉េជាមេដឹកនាំរបស់ប្រទេស និងសង្គមជាតិ។ ពីមុនប្រធានកូរ៉េ បានទទួលរងនូវទុក្ខព្រួយក្រោមការកាន់កាប់របស់យោធាជប៉ុន (១៩០៥-១៩៤៥)។ កាលណោះជប៉ុន បាន រឹបអូសយកធនធានធម្មជាតិ ធញ្ញជាតិ បសុសត្វ និងផលិតផលផ្សេងទៀតច្រើនអនេក និងហាមមិនឲ្យប្រជា ជនកូរ៉េប្រើប្រាស់ភាសាជាតិរបស់គេ ទាំងការនិយាយ និងការសរសេរ ហើយថែមទាំង បង្ខំឲ្យពួកគេផ្លាស់ ប្តូរឈ្មោះរបស់គេ ទៅជាឈ្មោះភាសាជប៉ុនថែមទៀត។
ចំពោះមុខសោកនាដកម្មបែបនេះ លោក គីម អ៊ីលស៊ុង បំផុសគំនិតឲ្យប្រជាជនទាំងមូលធ្វើការតស៊ូ ដោយ ប្រើកំលាំង ប្រឆាំងនឹងចក្រពត្តិជប៉ុន។ គាត់បានរៀបចំសង្គ្រាមប្រឆាំងជប៉ុនអស់រយៈពេល១៥ឆ្នាំ រហូតដល់ ទទួលបាននូវការរំដោះប្រទេសជាតិនិងជួយសង្គ្រោះប្រជាជនកូរ៉េពីរបប ទាសករអាណានិគម ។
នៅក្នុងប្រទេសដែលបានរំដោះនេះ គាត់បានប្រកាសឲ្យប្រើច្បាប់កំណែទម្រង់ដីធ្លី ច្បាប់លើការធ្វើជា តូប នីយកម្មនៃឧស្សាហកម្មចំបងៗ ច្បាប់លើសសមភាពភេទ ច្បាប់ការងារ និង ច្បាប់ផ្សេង២ទៀត ធ្វើឲ្យប្រជា ជនក្លាយជាម្ចាស់ដី រោងចក្រ និងបំរើឲ្យគោលដៅផ្ទាល់ខ្លួនរបស់គេយ៉ាងពិតប្រាកដ ។
បន្ថែមលើស នេះ ទៀតគាត់បានបង្កើតនូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលបានធ្វើឡើងនៅក្នុងប្រ ទេសកូរ៉េជាលើក ដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់គេ ។ ដោយបានទទួលប្រជាជនធម្មតា ឲ្យចូលរួមនៅក្នុង កិច្ចការរដ្ឋនិងនយោបាយ ។
សភាប្រជាមានិតនៃ ប្រទេសកូរ៉េខាងជើង គឺជាសមាសភាពកំពូលនៃអំណាចរដ្ឋ ត្រូវបានបង្កើត ឡើងនៅ ខែ កុម្ភៈ ឆ្នាំ១៩៤៧ ដែលមានតំណាងសរុបចំនួន ២៣៧រូប ក្នុងនោះ ៥២រូប ជាកម្មករ ៦២រូប ជា អ្នកស្រែចំការ ៣១រូបជាអ្នកជំនួញ អ្នកធ្វើពាណិជ្ជកម្ម សិប្បករ និងអ្នកកាន់សាសនា និងមិនមានបញ្ញវន្តជន និងស្ត្រីច្រើន ទេ។
សភាប្រជាមានិតកំពូលបច្ចុប្បន្ន របស់សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក៏ ត្រូវបានតំណាង ដោយអ្នកតំណាងនៅគ្រប់នៅគ្រប់វណ្ណៈនៃជីវភាពទាំងអស់រួមទាំងកម្មករ និងអ្នកស្រែចំការ ដែលដើរតួនា ទីយ៉ាងសំខាន់នៅក្នុងការបង្កើតគោលនយោបាយរបស់រដ្ឋ។លោកប្រធានាធិបតី គីម អ៊ីលស៊ុង តែងតែចាត់ទុកប្រជាជនដូចជាគ្រូបង្រៀនដ៏ល្អរបស់គាត់ ។ នៅពេលដែលគាត់កំពុងសាកល្បងកម្មវិធីទាំង ១០ចំណុច របស់សហគមន៍ចំពោះការស្ថាបនាអនាគតដ៏ត្រ ចះត្រចង់នៃប្រទេសកូរ៉េដែលបានរំដោះពីអាណានិគមជប៉ុន គាត់តែងតែយកចិត្តទុកដាក់ចំពោះមតិ ជាច្រើន ដែលបានលើកឡើងពីសំណាក់ប្រជាជនជាច្រើន ដោយនិយាយថា មតិរបស់ពួកគេគឺជាមតិដែល អាចប្រ មូលចងក្រងប្រកបដោយឧត្តមគតិនៅក្នុងការតាក់តែងច្បាប់ ។
គាត់បានប្រកាន់ខ្ជាប់នូវចំណុចគោលនេះ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និង វប្បធម៌របស់ប្រទេសជាតិ ។
នៅខែធ្នូ ឆ្នាំ១៩៥៦ ក្រុមហ៊ុនផលិតផលដែករបស់ប្រទេសកូរ៉េ ត្រូវបានប្រឈមមុខនឹងកាតព្វកិច្ចធ្ងន់ ធ្ងរមួយ ដោយត្រូវផលិតដែកឲ្យបានច្រើនជាង ១០.០០០តោន ។ លោកប្រធានាធិបតីបានធ្វើដំណើរទៅកាន់រោង ចក្រផលិតដែក Kangson និងបានជួបជាមួយកម្មករនៅទីនោះ បានពន្យល់ពីស្ថានភាពលំបាកនៃប្រទេស នឹង លើកទឹកចិត្តពួកគេ ដើម្បីបង្កើនផលិតកម្ម ។ កម្មករទាំងអស់នៅទីនោះ បានបង្កើតនូវការតាំងចិត្តយ៉ាងរឹងមាំ ដើម្បីផលិតដោយមិនឲ្យទាបជាង ១០.០០០តោន ។ ដូច្នេះកម្មករធ្វើការងារដោយទទួលបានលទ្ធផល ដែក ចំនួន ១២០.០០០តោន ដោយប្រើម៉ាស៊ីនដុំដែកដែលមានកម្លាំងចំនួន ៦០.០០០តោន ។
បន្ទាប់ពីនោះ កូរ៉េខាងជើងបានធ្វើដំណើរពីរដ្ឋពឹងផ្អែកតែលើវិស័យកសិកម្ម ទៅជាឧស្សាហកម្មនៅក្នុងរយៈ ពេលខ្លីបំផុតតែ ១៤ឆ្នាំប៉ុណ្ណោះ។
លោកប្រធានាធិបតី បានរកឃើញវិធីក្នុងការអភិវឌ្ឍកសិកម្មរួមរបស់ប្រទេសជាតិតាមរយៈ ប្រជាជន។ គាត់ តែងតែបាននិយាយថា កសិករគឺជាគ្រូបង្រៀនអំពីការដាំដុះ គាត់បានពិភាក្សាការងារដាំដុះជាមួយ កសិករ ចាស់ៗ ហើយបានធ្វើកសិកម្មផ្ទាល់ខ្លួននូវដំណាំមួយចំនួនតាមផ្ទះរបស់គេ ។
នៅក្នុងបញ្ហានេះគាត់ បានបង្កើតនូវវិធីសាស្ត្រថ្មីមួយនៃការដាំដំណាំ រួមទាំងធ្វើការស្រាវជ្រាវគោលការណ៍ ដាំដុះដំណាំត្រឹមត្រូវនៅ កន្លែងសមស្រប និងតាមពេលវេលាច្បាស់លាស់ ដូច្នេះដើម្បីអភិវឌ្ឍន៍កសិកម្ម សមស្របទៅតាមលក្ខខណ្ឌ របស់ប្រទេសជាតិ ។គាត់តែងតែបាននិយាយថា គាត់សប្បាយរីករាយក្នុងការស្តាប់មតិរបស់គេ ពីព្រោះពួកគេគឺជាគ្រួ បង្រៀនដ៏ អស្ចារ្យបំផុត ។
លោកប្រធានាធិបតី គីម អ៊ីលស៊ុង បានបូជាជីវិតទាំងស្រុងរបស់គាត់ដើម្បីប្រជាជនទាំងអស់ ។ សុខុមាល ភាពរបស់ប្រជាជន គឺជាសុខុមាលភាពរបស់គាត់ដែរ ។ នៅពេលដែលគាត់ឈានចូលជន្មាយុ ៨០ឆ្នាំ គាត់ បានចុះទៅមើលផ្ទះសំបែងរបស់ប្រជាជនធម្មតា ដើម្បីសួរថាតើពួកគេបានទទួលការផ្គត់ផ្គង់ នូវអាហារឬទេ ? និងថាតើពួកគេធ្លាប់បានជួបការលំបាកណាមួយឬទេ ? ។ នៅគ្រប់កន្លែងនិងគ្រប់ច្រកល្ហក ទាំងអស់នៃប្រ ទេសមានផ្ទះ ហាង រោងចក្រ និងកសិដ្ឋានជាច្រើន ដែលត្រូវបានចុះទស្សនកិច្ចដោយលោក ប្រធានាធិបតី ។
លោកប្រធានាធិបតី គីម អ៊ីលស៊ុង បានធ្វើដំណើរចំងាយ ៥៧៨.០០០គ.ម ស្មើនឹង ១៤ កន្លះរង្វង់នៃ ផែនដី នៅកំឡុងពេលការរស់នៅរបស់គាត់ចាប់ពីថ្ងៃដែលបានបង្កើតប្រទេសកូរ៉េ ថ្មីក្រោយការរំដោះ ។ ហើយ លោកបានផ្តល់នូវការណែនាំលើគ្រប់វិស័យ លើអង្គភាពជាង ២០.៦០០សរុបច្រើនជាង ៨.៦៥០ថ្ងៃ ដោយ មិនគិតពីថ្ងៃឈប់សម្រាកនិងសូម្បីតែថ្ងៃខួបកំណើតរបស់គាត់ទៀតផង ។
លោក គីម អ៊ីលស៊ុង បានសរសរនៅក្នុងការចងចាំរបស់គាត់ថា ” ប្រជាជនជាព្រះជាម្ចាស់របស់ខ្ញុំ ” ត្រូវបាន ក្លាយជាទស្សនៈ និងបាវចនានិរន្ត ។ គោលការណ៍របស់ Juche គឺជាម្ចាស់នៃបដិវត្តន៍និងការស្ថាបនា គឺជា គោលនយោបាយរបស់ខ្ញុំ ។ នេះត្រូវបានក្លាយជាគោលមាគ៌ាដែលបាននាំឲ្យខ្ញុំបូជាជីវិតទាំងអស់ របស់ខ្ញុំ សម្រាប់ប្រជាជនខ្ញុំទាំងអស់ ” ៕
ដោយRFI កែវ ឆាយា
គុយបាចេញផ្សាយមាគ៌ាធំៗនៃការកែទម្រង់សេដ្ឋកិច្ច
អាជ្ញាធរគុយបាចេញផ្សាយ កាលពីថ្ងៃទី៩ ឧសភា នូវមាគ៌ាធំៗនៃការកែទម្រង់សេដ្ឋកិច្ច និងសង្គមកិច្ចចំនួន៣១៣ចំណុច ដែលអនុម័តកាលពីខែមុន ដោយសមាជលើកទី៦ របស់បក្សកុំមុយ នីស្តគុយបា ក្នុងនោះមានមួយចំណុចត្រូវសម្រួលដល់ការធ្វើដំណើររបស់ ជនជាតិគុយបាទៅបរទេស ។ ការកែទម្រង់ទាំងនេះលើកទឹកចិត្តដល់ផ្នែកឯកជន កាត់បន្ថយតួនាទីរបស់រដ្ឋ ក្នុងជីវភាពសេដ្ឋកិច្ចដែលបច្ចុប្បន្នជាសេដ្ឋកិច្ចតាមផែនការ ដែលហាមឃាត់ការប្រមូលផ្តុំទ្រព្យសម្បត្តិរបស់ឯកជន ។
ការ ផ្លាស់ប្តូរនានាក៏រួមមានផងដែរ ការកាត់បន្ថយចំនួនមន្ត្រីសាធារណៈ របបឧបត្ថម្ភ និងការចំណាយខ្ជះខ្ជាយនានា ហើយបើកចំហកាន់តែច្រើនដល់ផ្នែកឯកជន ក្នុងនោះរួមមានលទ្ធភាពសម្រាប់បណ្តាសហគ្រាសធុនតូចឱ្យប្រើដើមទុន ផ្ទាល់របស់ពួកគេ។ ការកែទម្រង់ទាំងស្រុងដទៃទៀត គឺពលរដ្ឋគុយបាអាចទិញ និងលក់ផ្ទះព្រមទាំងរថយន្ត ទោះបីជានៅមានការរឹតត្បិតនានាដែលនៅអមការផ្លាស់ប្តូរទាំង នេះក៏ដោយ។
ប្រធានាធិបតីគុយបា លោករ៉ាអ៊ុល កាស្ត្រូ ពេលបិទសមាជគណបក្សកុំមុយនីស្តគុយបាកាលពីខែមុនថ្លែងថា ខ្ញុំទទួលកាតព្វកិច្ចចុងក្រោយរបស់ខ្ញុំ ជាមួយនឹងជំនឿជាក់ និងការសន្យាការពារ ថែរក្សា និងបន្តធ្វើឱ្យសុក្រឹត្យដល់លទ្ធិសង្គមនិយម ហើយដាច់ខាតមិនអនុញ្ញាតឱ្យមានការវិលត្រឡប់ទៅរករបបមូលធននិយម ឡើយ ។ ប៉ុន្តែពលរដ្ឋគុយបាជាច្រើននៅចោទសួរខ្លួនឯងថា តើការកែទម្រង់ថ្មីទាំងនេះនឹងត្រូវអនុវត្តដោយរបៀបណាក្នុង ប្រទេសដែលប្រជាជននៅពុំទាន់យល់ដឹងច្រើនពីសេដ្ឋកិច្ចឯកជន
នេះ៕ប្រែសម្រួលដោយលី សុខឃាង RFi
ផលិតផលប្រេងវេណេហ្ស៊ូអេឡាធ្លាក់ចុះ ខណៈប្រេងបម្រុងកើនឡើង
ដោយ Michael Bowman វីអូអេ | វ៉ាស៊ីនតោន
«ដើម្បីត្រឡប់ទៅរកកម្រិតផលិតកម្មក្នុងឆ្នាំ១៩៩៨វិញ ប្រទេសវេណេហ្ស៊ូអេឡា នឹងត្រូវការធ្វើវិនិយោគក្នុងទឹកប្រាក់ពី១០ពាន់លាន ទៅ១២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការប្រេងរបស់ខ្លួន។ កិច្ចការនេះ មិនត្រូវបានធ្វើឡើយ ដូច្នេះស្ថានការណ៍មានភាពធ្ងន់ធ្ងរ»។
ទីក្រុងការ៉ាកាស៖ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មប្រេងបានធ្លាក់ចុះនៅក្នុងប្រទេសវេណេហ្ស៊ូអេឡា (Venezuela) សូម្បីតែនៅពេលដែលការប៉ាន់ស្មានអំពីចំនួនប្រេងបម្រុង ដែលមានក្នុងអណ្តូងរបស់ប្រទេសនេះបានកើនឡើងក៏ដោយ។ ឥឡូវនេះ ប្រេងបម្រុងក្នុងអណ្តូងរបស់ប្រទេសវេណេហ្ស៊ូអេឡាត្រូវបានគិតថា មានបរិមាណច្រើនជាងគេបង្អស់ក្នុងពិភពលោក ដែលនឹងផ្តល់ឱ្យប្រទេសនេះ នូវសក្តានុពលប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងប៉ុន្មាន ទសវត្សរ៍ខាងមុខទៀត។ បញ្ហាថាតើលោកប្រធានាធិបតី ហ៊ូហ្គោ ឆាវេស (Hugo Chavez) អាចជួយឲ្យប្រទេសរបស់លោក បានសម្រេចនូវសក្តានុពលបែបនោះឬដូចម្តេច គឺជារឿងនៃការពិភាក្សាវែកញែកមួយ។
ប្រទេសវេណេហ្ស៊ូអេឡា បានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងរបស់ខ្លួន ក្នុងទសវត្សរ៍ ១៩៧០ ប៉ុន្តែលោកប្រធានាធិបតី ឆាវេស រិះគន់ខ្លាំងៗប្រឆាំងនឹងផលប្រយោជន៍ប្រេងបរទេស ដែលហាក់ដូចជារឿងនោះទើបកើតឡើងកាលពីម្សិលមិញប៉ុណ្ណោះ។
«លទ្ធិអាណានិគមនិយមប្រេងត្រូវបានដាក់បង្ខំមកលើប្រទេស វេណេហ្ស៊ូអេឡា ហើយបានគ្របដណ្តប់មកលើនយោបាយ វប្បធម៌ និងសេដ្ឋកិច្ចរបស់យើង»។
ដោយឧស្សាហកម្មប្រេងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ លោកឆាវេស ជាអ្នកទទួលខុសត្រូវចំពោះរបៀបគ្រប់គ្រងលើឧស្សាហកម្មនេះ។ នៅពេលមើលមួយភ្លែត តួលេខឃើញដូចជាមិនគួរជាទីលើកទឹកចិត្តទេ។ ក្រុមអ្នកជំនាញនិយាយថា ផលិតកម្មបានធ្លាក់ចុះប្រហែល ១ភាគ៣ ចាប់តាំងពីលោកឡើងកាន់តំណែងមក ហើយបានកាត់បន្ថយផលប្រយោជន៍ហិរញ្ញវត្ថុពេញលេញរបស់ប្រទេស វេណេហ្ស៊ូអេឡា ដែលអាចកើនឡើងបានយ៉ាងច្រើនបំផុតក្នុងឆ្នាំ២០០៨ នៅពេលដែលតម្លៃប្រេងជាសកលបានឡើងដល់ចំណុចកំពូល ទៅដល់តម្លៃប្រហែល១៤០ដុល្លារក្នុងមួយធុង។
លោកវ័ន ខាឡូស សូសា (Juan Carlos Sosa) ជាអ្នកវិភាគប្រេងជាតិវេណេហ្ស៊ូអេឡា មានប្រសាសន៍ថា រដ្ឋាភិបាលបានបង្វែរមូលនិធិពីហេដ្ឋារចនាសម្ព័ន្ធប្រេង ដើម្បីរក្សាឱ្យនៅគង់វង់បានយូរ នូវគំនិតផ្តួចផ្តើមខាងលទ្ធិសង្គមនិយម ដែលមានតម្លៃខ្ពស់យ៉ាងខ្លាំង។
«ដើម្បីត្រឡប់ទៅរកកម្រិតផលិតកម្មក្នុងឆ្នាំ១៩៩៨វិញ ប្រទេសវេណេហ្ស៊ូអេឡា នឹងត្រូវការធ្វើវិនិយោគក្នុងទឹកប្រាក់ពី១០ពាន់លាន ទៅ១២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំខាងមុខទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការប្រេងរបស់ខ្លួន។ កិច្ចការនេះ មិនត្រូវបានធ្វើឡើយ ដូច្នេះស្ថានការណ៍មានភាពធ្ងន់ធ្ងរ»។
បើយោងតាមលោក សូសា គឺថា រដ្ឋាភិបាលបានធ្វើឱ្យបញ្ហានេះមានភាពកាន់តែធ្ងន់ធ្ងរឡើងទៀត ដោយបានបណ្តេញអ្នកបច្ចេកទេសរាប់ពាន់នាក់ចេញពីក្រុមហ៊ុនប្រេង PDVSA ដែលរដ្ឋគ្រប់គ្រង ហើយជំនួសអ្នកទាំងនោះដោយកម្មករ ដែលសមត្ថភាពចំបងរបស់ពួកគេ គឺភាពស្មោះត្រង់ចំពោះលោកប្រធានាធិបតី ឆាវេស។ ហើយ លោកបានកត់សម្គាល់ថា សមាមាត្រមួយភាគធំនៃផលិតផលប្រេង ដែលចេះតែរួញទៅរបស់ប្រទេសវេណេហ្ស៊ូអេឡា ត្រូវបានបរិច្ចាគទៅឲ្យប្រទេសគុយបា (Cuba) និងប្រទេសដឹកនាំដោយពួកឆ្វេងនិយមដទៃទៀត។
«ប្រទេសគុយបាទទួលបានប្រេងរបស់ប្រទេសវេណេហ្សូអេឡាចំនួនជាង១ សែនធុងក្នុងមួយថ្ងៃៗ ដោយមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់។ ជាជំនួសវិញ ប្រទេសគុយបាបានផ្តល់សេវាពេទ្យ ការបណ្តុះបណ្តាលផ្នែកកីឡា និងជំនួយផ្សេងៗទៀត។ នេះជាការរៀបចំផ្នែកមនោគមវិជ្ជា។ ប៉ុន្តែ PDVSA បានទទួលរងគ្រោះ ពីព្រោះខ្លួនអាចលក់ប្រេងទាំងនោះ ទៅឲ្យសហរដ្ឋអាមេរិកដើម្បីប្តូរយករូបិយប័ណ្ណសុទ្ធបាន»។
លោកប្រធានាធិបតី ឆាវេស សើចចំអកចំពោះការរិះគន់បែបនោះ ដោយកត់សម្គាល់ថា ប្រទេសវេណេហ្ស៊ូអេឡាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ជាមួយប្រទេសចិន និងប្រទេសផ្សេងៗទៀត ដែលនឹងនាំមកនូវការវិនិយោគរាប់សិបពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង។ ផ្ទុយពីការធ្លាក់ចុះបន្ថែម លោកបានព្យាករណ៍ថា ផលិតកម្មនឹងកើនឡើងទ្វេដង។
«ក្នុងរយៈពេលតែពីរបីឆ្នាំ យើងនឹងផលិតបានប្រេង ៥លានធុងក្នុងមួយថ្ងៃ។ បន្ទាប់មក ៦លានធុងក្នុងមួយថ្ងៃ»។
ប្រជាពលរដ្ឋវេណេហ្សូអេឡាមានអារម្មណ៍ផ្សេងគ្នាអំពីរបៀបចាត់ចែង ទ្រព្យសម្បត្តិ ដែលបានមកពីប្រេងរបស់ប្រទេសខ្លួន។ បុរសម្នាក់នេះត្រេកអរនឹងតម្លៃសាំងក្នុងស្រុកដ៏ថោក ដែលបានលក់ត្រឹមតម្លៃប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយលីត្រ ប៉ុន្តែបាននិយាយបន្ថែមថា៖
«ផ្ទុយទៅវិញ ប្រសិនបើប្រេងសាំងមានតម្លៃខ្ពស់ជាងនេះ ប្រហែលជាអាចមានថវិកាកាន់តែច្រើនសម្រាប់ផ្លូវថ្នល់ និងគម្រោងដទៃទៀតជាក់ជាពុំខាន»។
ប៉ុន្តែ កម្មករស្រីម្នាក់នៃហាងលក់គ្រឿងវាយណភ័ណ្ឌ ដែលគ្រប់គ្រងដោយ PDVSA មិនបានមើលឃើញអ្វីផ្សេងក្រៅតែពីកក្តាវិជ្ជមានឡើយ។
«ក្រុមហ៊ុន PDVSA ធ្លាប់បូមប្រេងដើម្បីគាំទ្រអ្នកមានទ្រព្យសម្បតិ្ត។ ឥឡូវនេះ ប្រេងត្រូវបានប្រើសម្រាប់ការថែទាំសុខភាព អាហារ ការអប់រំ និងការងារ។ យើងមានមជ្ឈមណ្ឌលនេះ ក៏ដោយសារតែ PDVSA ដែរ។ PDVSA ផ្តល់មូលនិធិដល់អ្វីៗគ្រប់យ៉ាង។ PDVSA ស្ថិតនៅគ្រប់កន្លែងទាំងអស់ដើម្បីជួយប្រជាពលរដ្ឋ។ ដូចអ្វីដែលលោកប្រធានាធិបតីមានប្រសាសន៍អញ្ជឹង ឥឡូវនេះ PDVSA ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លោក អ៊ឡានដូ អូឆាវ (Orlando Ochoa) ជាសេដ្ឋវិទូជាតិវេណេហ្ស៊ូអេឡា និយាយថា ពាក្យស្លោកជាតិនិយម និងវោហាសាស្ត្រលទ្ធិសង្គមនិយម មិនអាចលាក់បាំង នូវអ្វីដែលលោកមើលឃើញថាជាការពិតដ៏ជាក់ស្តែងមួយបានទេ ដែលថាគំរូរបស់លោក ឆាវេស គ្មាននិរន្តភាពទេ។
«តម្លៃប្រេងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ គឺប្រហែលគ្នាទៅនិងតម្លៃប្រេងក្នុងឆ្នាំ២០០៦ ដែលជាឆ្នាំលូតលាស់ខ្លាំងសម្រាប់ប្រទេសវេណេហ្ស៊ូអេឡា។ ប៉ុន្តែ ឥឡូវនេះ ប្រាក់ចំណូលមិនមានគ្រប់គ្រាន់ទេ សម្រាប់រដ្ឋាភិបាលដែលបានដំឡើងការចំណាយក្នុងស្រុក តាមរយៈការផ្តល់ទុនបម្រុងដល់វិស័យស្បៀងអាហារ និងកាន់កាប់លើសហគ្រាសឯកជនទាំងឡាយ»។
ប៉ុន្តែ បើទោះជាមិនមានចំនួនគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការចំណាយរបស់ រដ្ឋាភិបាលដែលកំពុងកើនឡើងក៏ដោយ ក៏លោក អូឆាវ ទទួលស្គាល់ថា យ៉ាងហោចណាស់ក្នុងពេលឥឡូវនេះ ប្រាក់ចំណូលដែលបន្តបានមកពីប្រេង នឹងអនុញ្ញាតឲ្យលោកប្រធានាធិបតី ឆាវេស លើកផ្អាកថ្ងៃដែលលោកត្រូវធ្វើសេចក្តីសម្រេចផ្តាច់ព្រ័ត្រណាមួយ នាពេលខាងមុខដ៏ខ្លី៕
លទ្ធិសង្គមនិយមសតវត្សរ៍ទី២១នៃប្រទេសវេណេហ្ស៊ូអេឡា
ដោយ Micheal Bowman វីអូអេ | វ៉ាស៊ីនតោន
ប្រជាពលរដ្ឋវេណេហ្ស៊ូអេឡា(Venezuela) ជួបប្រមូលផ្តុំគ្នានៅតាមផ្លូវ។«ប្រទេសនេះជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា។ វាជាទ្រព្យសម្បតិ្តរបស់អ្នកទាំងអស់គ្នា។ ហើយទ្រព្យសម្បតិ្តនេះត្រូវតែបែងចែកឲ្យបានស្មើៗគ្នា និងក្នុងភាពសុខដុមរមនា»។
វ៉ាស៊ីនតោន៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកហ៊ូហ្គោ ឆាវេស ប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ូអេឡា បានពិពណ៌នាកម្មវិធីរបស់លោកស្តីអំពីការជំរុញការគ្រប់គ្រងរដ្ឋ លើសេដ្ឋកិច្ចថា ជា«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១»។ លោកប្រធានាធិបតីមិនបានពន្យល់ឲ្យបានច្បាស់ អំពីថាតើលទ្ធិសង្គមនិយមប្រភេទនេះខុសប្លែកពីបទពិសោធន៍លទ្ធិ សង្គមនិយមក្នុងសតវត្សរ៍ទី២០ នៅក្នុងប្រទេសផ្សេងទៀត ឬខុសប្លែកពីលទិ្ធម៉ាក្សស៊ីសនិយមពីមុនយ៉ាងដូចម្តេចខ្លះនោះទេ ។
ពេលសាកសួរប្រជាពលរដ្ឋវេណេហ្ស៊ូអេឡា(Venezuela) អំពីនិយមន័យនៃពាក្យលទ្ធិសង្គមនិយមសតវត្សរ៍ទី២១ អ្នកខ្លះគ្មានវាចារ។ នេះជាសម្តីរបស់អ្នកចូលនិវត្តន៍ពីរនាក់ ដែលម្នាក់មកពីសង្កាត់អ្នកមាននៅក្នុងទីក្រុងការ៉ាកាស (Caracas) ហើយម្នាក់ទៀតមកពីស្រុកក្រីក្រមួយ។
«ខ្ញុំពិតជាមិនដឹងអំពីលទ្ធិសង្គមនិយមរបស់គាត់ជាអ្វីទេ។ ខ្ញុំមិនយល់ទេ។ វាប្រាកដជាអ្វីដែលលោកបានបង្កើតឡើងហើយ»។«ខ្ញុំមិនយល់ពាក្យនេះច្បាស់ទេ។ ខ្ញុំដឹងថា វាជួយខ្ញុំ។ អ្នកខ្លះនិយាយថា លទ្ធិសង្គមនិយមមានន័យថា ជំនួយ ការការពារ គឺបែបនេះឯង»។
លោកប្រធានាធិបតី ឆាវេស បានកំណត់និយមន័យកម្មវិធីរបស់លោកជាពាក្យទូទៅ។ លោកថ្លែងដូច្នេះថា៖
«ប្រទេសនេះជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា។ វាជាទ្រព្យសម្បតិ្តរបស់អ្នកទាំងអស់គ្នា។ ហើយទ្រព្យសម្បតិ្តនេះត្រូវតែបែងចែកឲ្យបានស្មើៗគ្នា និងក្នុងភាពសុខដុមរមនា»។
លោកប្រធានាធិបតីភ្ជាប់ឧត្តមគតិនៃលទ្ធិសង្គមនិយមរបស់លោកទៅនឹងសាសនាគ្រិស្គ។ លោកបន្តថា៖
«ព្រះយេស៊ូគ្រិស្តយកចិត្តទុកដាក់ចំពោះអ្នកក្រ មិនមែនអ្នកមានទេ។ ព្រះយេស៊ូគ្រិស្តមានបន្ទូលថា «អ្នកមានម្នាក់ដើរចូលទៅក្នុងអាណាចក្រនៃឋានសួគិ៍លោកិយពិបាក ជាងសត្វអូដ្ឋមួយក្បាលដើរចូលតាមគូទម្ជុលទៅទៀត។ អ្នកក្រត្រូវបានព្រះប្រទានពរ»។
ក្នុងចំណោមប្រជាពលរដ្ឋវេណេហ្ស៊ូអេឡាដែលនិយាយថា ពួកគេយល់អំពីអត្ថន័យនៃលទ្ធិសង្គមនិយមសតវត្សរ៍ទី២១ ភាគច្រើនកំណត់និយមន័យនៃពាក្យនេះ ស្របទៅតាមជំនឿនយោបាយផ្ទាល់ខ្លួនឯងតែប៉ុណ្ណោះ។ មេចុងភៅម្នាក់នៅក្នុងទីក្រុងការ៉ាកាសយល់ឃើញពាក្យនេះក្នុង ផ្លូវវិជ្ជមាន។ ចុងភៅម្នាក់នោះថ្លែងថា៖
«ការរកចំណូលបានស្មើគ្នា គឺធ្វើឲ្យមនុស្សគ្រប់គ្នារស់នៅក្នុងកម្រិតជីវភាពដូចគ្នា។ រស់នៅយ៉ាងស្រួលដោយមានទ្រព្យសម្បតិ្តបែងចែកស្មើៗគ្នា ក្នុងចំណោមប្រជាពលរដ្ឋ»។
ប៉ុន្តែ ឡេស្លី ខុនត្រេរ៉ាស (Leslie Contreras) ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ និយាយមិនល្អអំពីទស្សនៈនេះ។ គាត់និយាយដូច្នេះថា៖«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១ គឺជារបៀបនិយាយល្អមួយអំពីលទ្ធិកុម្មុយនីស្ត។ រឿងនោះគឺអញ្ជឹងហើយ។ មនុស្សគ្រប់គ្នា ទីបំផុត មានភាពដូចៗគ្នា។ អ្នកមានចាកចេញ ហើយពួកវណ្ណៈកណ្តាលកាន់តែក្រីក្រថែមទៀត»។
លោកប្រធានាធិបតី ឆាវេស មានចេតនាធ្វើឲ្យមានភាពស្រពេចស្រពិល ក្នុងការកំណត់និយមន័យពាក្យនេះ ដោយអនុញ្ញាតឲ្យលោកកែខៃទស្សនៈនេះ ដើម្បីឲ្យសមស្របទៅតាមសេចក្តីត្រូវការខាងវោហាសាស្ត្រនាពេល ឥឡូវ។ អ្នកវិភាគនយោបាយ លោក ល្វីស វីស្សិន ឡេអុន (Luis Vicente Leon) បាននិយាយបន្ថែមថា ប្រជាពលរដ្ឋវេណេហ្ស៊ូអេឡាមួយចំនួនតូចចំណាយពេលសញ្ជឹងគិតអំពីពាក្យ នយោបាយនេះ លុះត្រាតែពួកគេទទួលបានប្រយោជន៍។ លោកមានប្រសាសន៍ថា៖«តើប្រជាពលរដ្ឋវេណេហ្ស៊ូអេឡាខ្វាយខ្វល់អំពីអ្វី? នោះគឺថា ពួកគេមានអាហារ ការថែទាំសុខភាព និងសេវាកម្មផ្សេងៗ។ ពួកគេមិនខ្វល់ថាតើ អ្វីៗទាំងអស់នេះបានមកយ៉ាងដូចម្តេចទេ គឺគ្រាន់តែដឹងថា ពួកគេបានទទួលជាការស្រេច»។
នៅក្នុងសង្កាត់មួយ ដែលរដ្ឋាភិបាលផ្តល់ឲ្យនូវគ្លីនិកថែទាំធ្មេញមិនយកកម្រៃមួយ អ្នកគាំទ្រលោកឆាវេសកត់សម្គាល់ថា លទ្ធិសង្គមនិយមសតវត្សរ៍ទី២១នេះ ស្ថិតនៅភាពក្មេងខ្ចីនៅឡើយ។ ពួកគេនិយាយថា៖
«វាជាកិច្ចការមួយដែលកំពុងវិវត្ត។ យើងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកលទ្ធិសង្គមនិយម ទៅរកសមភាពទូលំទូលាយជាងមុន ក្នុងចំណោមពលរដ្ឋវេណេហ្ស៊ូអេឡា»។
ប៉ុន្តែលោកសេដ្ឋវិទូ អ័រឡិនដូ អូឆាវ (Orlando Ochoa) មានប្រសាសន៍ថា ពេលវេលាដែលទស្សនៈនេះទទួលបរាជ័យទាំងស្រុងនឹងចូលមកដល់។ លោកបន្តថា៖
«លទ្ធិសង្គមនិយមសតវត្សរ៍ទី២១ដែលផ្តល់ហិរញ្ញវត្ថុដោយប្រាក់ដែល បានមកពីប្រេង ជាការប៉ុនប៉ងធ្វើឲ្យរស់ឡើងវិញនូវលទ្ធិសង្គមនិយមម៉ាក្សស៊ីស ក្នុងសតវត្សរ៍ទី២០។ តាមរបៀបដែលរដ្ឋាភិបាលបង្ហាញ អ្នកខ្លះចាត់ទុកការធ្វើបែបនេះ ថាមានលក្ខណៈមនុស្សធម៌និយម កិច្ចសហការណ៍ និងការវិនិយោគខាងសង្គម។ ភាពខុសគ្នាយ៉ាងខ្លាំងរវាងការពិត និងទស្សនៈនឹងត្រូវតភ្ជាប់មកវិញ»។
រហូតដល់ពេលនោះ មិនថានរណាអាចកំណត់និយមន័យនៃពាក្យនេះបានឬក៏អត់នោះទេ ពាក្យនេះនៅតែពាក្យដ៏សំខាន់សម្រាប់នយោបាយប្រចាំថ្ងៃរបស់ប្រទេស វេណេហ្ស៊ូអេឡា៕
លោករ៉ាអ៊ុល កាស្ត្រូ ឡើងធ្វើមេបក្សជំនួសបងប្រុស
ប្រធានាធិបតី គុយបា លោករ៉ាអ៊ុល កាស្ត្រូ កាលពីថ្ងៃទី១៩ មេសា កន្លងមក ត្រូវបានជ្រើសតាំងជាប្រមុខបក្សកុំមុយនីស្តគុយបា CCP ដែលកំពុងកាន់អំណាចជំនួសបងប្រុស លោកហ្វី ដែល កាស្ត្រូ ។ ការជ្រើសរើសលោករ៉ាអ៊ុល កាស្ត្រូ ជាលេខាទី១ នៃគណៈកម្មាធិការកណ្តាលបក្សកុំមុយនីស្តគុយបា ធ្វើឡើងក្នុងសមាជលើកទី៦ របស់បក្សដែលបានបញ្ចប់នៅថ្ងៃ ទី១៩ មេសា នោះ ។ជាមួយគ្នានេះ បក្សកុំមុយនីស្តគុយបា ក៏បានជ្រើសរើសអនុប្រធានាធិបតីទី១ លោក Jose Ramon Machado ជាលេខាទី២នៃគណៈកម្មាធិការកណ្តាលរបស់បក្សផងដែរ ។
លោករ៉ា អ៊ុល កាស្ត្រូ ថ្លែងថា លោកនឹងកាន់អំណាចប្រកបដោយការតាំងចិត្ត និងភាពស្មោះត្រង់ ហើយថា គោលបំណងរបស់លោកគឺបន្តធ្វើឱ្យប្រសើរឡើងនូវលទ្ធិសង្គមនិយម រួចនឹងមិនអនុញ្ញាតឱ្យរបបមូលធននិយមកើតមាននៅក្នុងប្រទេស ទៀតឡើយ ។
លោករ៉ាអ៊ុល កាស្ត្រូ ត្រូវបានជ្រើសរើសជាលេខាទី១ របស់បក្សបន្តវេនពីបងប្រុសរបស់លោកគឺលោកហ្វីដែល កាស្ត្រូ ដែលតំណែងនេះជាប្រមុខក្រុមប្រឹក្សានយោបាយខ្ពស់ផុតរបស់ ប្រទេស។
នៅថ្ងៃចុងក្រោយនៃសមាជបក្សដ៏សំខាន់ដែលសម្រេចអនុម័ត លើការធ្វើកំណែទម្រង់សេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំ លោកហ្វីដែល កាស្ត្រូ អាយុ៨៤ឆ្នាំ បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើល ។ ក្នុងឱកាសនោះ លោករ៉ាអ៊ុល កាស្ត្រូ និងលោកហ្វីដែល កាស្ត្រូ បានបង្ហាញខ្លួនជាមួយគ្នាដែលនេះជាលើកទីមួយហើយ ដែលបងប្អូនទាំង២នាក់បង្ហាញខ្លួនជាសាធារណៈជាមួយគ្នា ចាប់តាំងពីលោកហ្វីដែល កាស្ត្រូ ធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៦មក ។ ក្នុងការបង្ហាញខ្លួននោះអ្នកទាំងពីរបានកាន់ដៃគ្នាបង្ហាញពីសារ ឯកភាពគ្នាដ៏ខ្លាំងមួយ ៕ BBC News
No comments:
Post a Comment