មិនថាដំរីជល់គ្នា ឬស្រឡាញ់គ្នាទេ ស្មៅនៅពីក្រោមជើងដំរីវានឹងត្រូងសង្កិនមិនខាន។ នេះជាការការប្រៀបប្រដូចមួយដែលតក្កជាទីបំផុត។ តែ នៅពេលដែលស្មៅវាបម្លែងខ្លួនជាព្រៃស្បាត វិញ លោក Tinh Dinh Le អគ្គនាយករងវិទ្យាស្ថានសំរាប់គោលនយោបាយការបរទេស និងការសិក្សាយុទ្ធសាស្ត្រ បណ្ឌិតសភាការទូតនៃប្រទេសវៀតណាម រួមជាមួយ Cleo Paskal នៃទស្សនាវត្ដី Chatham House ថ្ងៃ ១៧ មេសា គិតថា អាស៊ាន មិនអាចស្ថិតក្រោមគំនាបមហាអំណាចអាមេរិក និង/ឬចិនបានទេ។
អាស៊ាន មិនមែនងាយនឹងត្រូវកំទេចដោយដំរីសហរដ្ឋអាមេរិក និងចិន ដូចអ្នកខ្លះគិតទេ។ នេះជាព្រៃស្បាតទៅហើយពេលនេះ។
មានសុភាសិតបុរាណអាស៊ីអាគ្នេយ៍មួយថា “យើងប្រៀបដូចស្មៅនៅពីក្រោមជើងដំរី។ យើងនឹងត្រូវជាន់កំទេច មិនថាដំរីជល់គ្នា ឬស្រឡាញ់គ្នានោះទេ។ ពាក្យសុភាសិតនេះត្រូវបានគេលើកមកនិយាយញយៗ សព្វថ្ងៃនេះ ថា សហរដ្ឋអាមេរិក និងចិន កំពុងស្ថិតក្នុងសភាពប្រកួតប្រជែងដោយចំហរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កាលពីខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក ប៉ារ៉ាក់ អូបាម៉ា បានប្រកាសពីការផ្តោតការយកចិត្តទុកដាក់ទៅលើតំបន់។ រដ្ឋមន្ត្រីការបរទេសហរដ្ឋអាមេរិក ហ៊ីឡារី គ្លីនតុន បានប្រាប់ទៅគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា៖ “តោះ និយាយត្រង់ៗ អំពីនយោបាយជាក់ស្តែងតែម្តង។ យើងកំពុងតែប្រជែងជាមួយនឹងចិន។ លោកស្រីនិយាយថានៅទូទាំងតំបន់ប៉ាស៊ីហ្វិក “ចិនកំពុងតែប្រឹងប្រែង ចូលតាមក្រោយយើង និងចុះទៅពីក្រោមយើង។
និយាយពី យោធា មានការប្រកាសជាច្រើនអំពីការតាំងពង្រាយថ្មីៗ នូវកងកម្លាំងសហរដ្ឋអាមេរិកនៅជុំវិញតំបន់ ក្នុងនោះមានទាំងពួកទាហានម៉ារីន ដែលដូរវេនគ្នាកាត់តាមទីក្រុងកំពង់ផែ Darwin នៃប្រទេសអូស្ត្រាលី និងមានការសហការកាន់តែច្រើនឡើងរវាងកងទ័ពអាកាសអាមេរិក និងអូស្ត្រាលី ដែលជាការផ្តល់នូវលទ្ធភាពចេញចូលដល់តំបន់សមុទ្រចិនភាគខាងត្បូងដែលមានទំនាស់។
ពួកអ្នកប្រាកដនិយមថ្មីៗ កំពុងតែនិយាយថា ប្រទេសចិនដែលកំពុងងើបឡើងយ៉ាងលឿន ហើយដែលមើលឃើញពីតួនាទីដ៏ធំសំរាប់ខ្លួនក្នុងតំបន់ មិនមានអារម្មណ៍ស្ងប់សុខនឹងចំណាត់ការរបស់អាមេរិកទេ ខណៈដែលការវិវត្តន៍ទាំងនេះ វាកំហិតដល់លទ្ធភាពធ្វើកលយុទ្ធរបស់ខ្លួន។ នេះមិនមែនជាការវិភាគអ្វីថ្មីទេអំពីតំបន់។ តែពេលនេះ អ្វីៗ វាមិនដូចមុនទេ។
ទីមួយ ចិន និងសហរដ្ឋអាមេរិក បានចេញផុតពីភាពជាគូប្រជែងអំណាចឆៅៗ ទៅហើយ។ សហរដ្ឋអាមេរិកគឺជា ហើយចិនក៏កំពុងតែកម្លាយខ្លួនច្រើនហើយជា ប្រទេសដែលមានការគិតគូរអំពីបញ្ហាសកលនានា ដែលទាមទារអោយមានការឆ្លើយតបពីអ្នកដែលអះអាងថាខ្លួនជាមហាអំណាចធំ។ ដោយហេតុនេះ ចិន និងសហរដ្ឋអាមេរិក នឹងត្រូវតែបង្ហាញថា ពួកគេមានបំណងនឹងធ្វើជាដៃគូតាមរបៀបទាំងឡាយដែលផ្តល់ផលដល់តំបន់ទាំងមូល។
ដោយទាញយលចំណេញពីបំណងរបស់សហរដ្ឋអាមេរិក និងចិន ចង់ចូលពាក់ព័ន្ធក្នុងតំបន់ អាស៊ីអាគ្នេយ៍ អាចក្លាយជាជើងឯកនៃបញ្ហាសន្តិសុខមិនប្រពៃណី ដូចជា ការគ្រប់គ្រងធនធានទឹក និងការទបទល់ការដូរផ្លាស់ធាតុអាកាស សុទ្ធសឹងជាបញ្ហាដែលត្រូវដោះស្រាយដោយសកម្មភាពរួមគ្នា ក្នុងចំណោមបណ្តារដ្ឋ។ ទាំងនេះមិនមែនជាវិស័យសន្តិសុខ “ពិបាក” ជាប្រពៃណីនៃពួកប្រាកដនិយមបែបថ្មីទេ។
គំរោងបរិស្ថាននានា កំពុងតែនាំទៅដល់ការចូលពាក់ព័ន្ធដោយសហរដ្ឋអាមេរិក និងចិន ក្នុងតំបន់។ ក្នុងឆ្នាំ ២០១០ សហរដ្ឋអាមេរិក បានដាក់ចេញនូវគំនិតផ្តើមភាគខាងក្រោមមេគង្គ ( Lower Mekong Initiative ) ជាកាយវិការសហប្រតិបត្តិការផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សំរាប់ការគ្រប់គ្រងដោយប្រសិទ្ធិភាព និងសមភាព នូវការប្រើទន្លេមេគង្គ។ ចិន ដែលត្រួតត្រាក្បាលទឹកនៃទន្លេ ត្រូវបានចាប់បង្ខំអោយធ្វើអ្វីមួយ ជាការប្តូរយកការបង្ហាញការទទួលខុសត្រូវរបស់ខ្លួន សំរាប់កិច្ចការឆ្លងសីមានេះ។
ក្នុងការឆ្លើយតបជាបថមរបស់ខ្លួន ចិន បានបើកចំហរបន្តិចចំពោះគណកម្មការទន្លេរមេគង្គ ដែលជាស្ថាប័នអន្តររដ្ឋាភិបាល រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម ដែលគ្រប់គ្រងទន្លេធំមួយនេះ។ ចិន មិនទាន់ក្លាយជាសមាជិកនៅឡើយទេ តែបានចែករំលែកព័ត៌មានមួយចំនួន ជាមួយរដ្ឋដែលនៅជាប់ទន្លេ អំពីប្រតិបត្តិការនានានៃទំនប់វារីអគ្គិសនីក្នុងរដូវភ្លៀង។ ពិតណាស់ គេត្រូវការអ្វីៗ ច្រើនយ៉ាងទៀតពីចិននៅពេលអនាគត។
ទីពីរ បើសិនជា រឺមួយចិន ឬមួយសហរដ្ឋអាមេរិក ឈានទៅជាធ្វើការសង្កត់សង្កិនខ្លាំងពេក ពួកគេនឹងត្រូវប្រឈមនឹងហានិភ័យថាប្រទេសតូចៗ នឹងងាកទៅរកតួអង្គណាមួយឯទៀតក្នុងតំបន់ ដូចជាឥណ្ឌា ដែលក៏ជាមហាអំណាចកំពុងតែលេចមុខលេចមាត់ ជាមួយនឹងគោលនយោបាយ “សម្លឹងទៅទិសបូព៌ា” ដែរ។
ចុងក្រោយ បណ្តារដ្ឋអាស៊ីភាគអាគ្នេយ៍ ដែលធ្វើការស៊ីសង្វាក់គ្នា អាចនឹងសមិទ្ធិបាននូវអ្វីៗ ដែលមិនអាចធ្វើបានដោយ ឬមួយចិន ឬមួយសហរដ្ឋអាមេរិកតែឯកឯង បើទោះជាពួកគេមានធនធានមិនអាចកំរិតបានក៏ដោយ។ សមាគមន៍បណ្តាប្រទេសអាស៊ីភាគអគ្នេយ៍ ... កំពុងតែបង្ហាញសក្ខីកម្មថា ជាវិថីកាន់តែសំខាន់ឡើងសំរាប់ការស្រាយបញ្ហាតំបន់ដោយស្ងប់ស្ងាត់ និងការសម្របសម្រួល។
បណ្តាញធំទូលាយជាងបង្កើតឡើងតាមរយៈវេទិកាតំបន់អាស៊ាន បានក្លាយជាវេទិកាពិភាក្សាអំពីសន្តិសុខជាបថម និងគោលនយោបាយការបរទេសសំរាប់តំបន់។ ជាមួយវិធានការណ៍ ការទូតបង្កាមុន វេទិកាតំបន់អាស៊ាន អាចផ្តល់នូវការិយាល័យយ៉ាងល្អ ការសម្របសម្រួល ការជូនដំណឹងមុន និងការប្រាប់អោយដឹងមុនអំពី ចំណុចងាយកើតរឿងដល់ប្រទេសជាសមាជិកទាំងឡាយ ក៏ដូចជាដល់ចិន និងសហរដ្ឋអាមេរិកផងដែរ។
ការធ្វើអោយលិចនាវាកងទ័ពកូរ៉េខាងត្បូង Cheonan កាលពីឆ្នាំ ២០១០ សមយុទ្ធយោធារួមគ្នាសហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង ក្នុងសមុទ្រលឿង និងសកម្មភាពថ្មីៗ របស់ចិន ក្នុងសមុទ្រចិនភាគខាងត្បូង ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំទាំងឡាយនៃវេទិកាតំបន់អាស៊ាន។
ពេលវេលាបានប្រែប្រួលហើយនៅអាស៊ីអគ្នេយ៍។ ប្រទេសតូចៗ បានមានការយល់ដឹងដ៏កម្រ សំរិតសំរាំង និងប្រទាក់ក្រឡាគ្នា អំពីភូមិសាស្ត្រនយោបាយក្នុងតំបន់។ ប្រទេសទាំងនោះ និយាយទៅរកគ្នា ហើយកាន់តែច្រើនឡើងៗ គឺធ្វើការជាមួយគ្នា។ មិនតែប៉ុណ្ណោះ ក្នុងវិស័យជាច្រើន ពួកគេមានគោលដៅរួមគ្នាទៀតផង។
ដំរី មិនអាចជាន់កំទេចដោយសប្បាយរហូតទៅទេ។ វាមិនមែនជាវាលស្មៅទៀតឡើយ។ វាត្រូវតែបានចាត់ទុកថាជាព្រៃពេញវ័យ។ ដើម្បីនឹងចរកាត់ព្រៃនេះបានដោយជោគជ័យ ត្រូវតែគិតពីការយកចិត្តទុកដាក់ ចំណោះដឹង ការគោរព និងភាពជាដៃគូពិតប្រាកដក្នុងតំបន់ ។ យុគសម័យនៃការប្រជែងអំណាចដោយកម្រោលបានកន្លងផុតទៅហើយ។ វាជាយុគសម័យនៃសម្ព័ន្ធភាពមានផលប្រយោជន៍សមភាពគ្នា និងទៅវិញទៅមក មិនមែនស្វាមីភក្កិដោយបង្ខំទេ។ ដំរី ណាហើយដែលយល់ពីខ្លឹមសារនេះ និងយល់ល្អបំផុត នឹងមានប្រៀបជាង។ ក្នុងពេលនេះ អាស៊ីអគ្នេយ៍ នឹងបន្តមានជំរើសច្រើនទៀត មិនដូចមនុស្សមួយចំនួនគិតស្មានទេ៕
No comments:
Post a Comment