អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 12 July 2012

ហេតុអ្វី​ខ្មែរ​មិន​ធ្វើ​ការ​រៃ​អង្គាស​ជួយ​មន្ទីរ​ពេទ្យ​គុន្ធ​បុប្ជា?

120709_02

ក្មេង​កំពុង​ដេក​ព្យា​បាល​ជំងឺ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា កាល​ពី​ខែ​មុន​។ គន្ធ​បុប្ជា​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​។ រូបថត ហុង​ មិនា​

កើត ចាស់ ឈឺ ស្លាប់​ គឺជា​វដ្ដ​របស់​មនុស្ស​លោក​ម្នាក់ៗ​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន អភ័ព្វ​ផង​ដែរ​បាន​ស្លាប់​តាំង​ពី​ការ​បង្ក​កំណើត​ ហើយ​ខ្លះ​ទៀត​ស្លាប់​តាំង​ពី​នៅ​វ័យ​កុមារ​ដែល​មិន​ទាន់​ដឹង​ក្តី​ស្រួល​ បួល​ផង​នោះ។

យ៉ាង​ណា​មិញ​ក៏​មាន​មនុស្ស​ជា​ច្រើន​ នៅ​ពេល​ដែល​ខ្លួន​បាន​រស់​រាន​មាន​ជីវិត​ធំ​ឡើង​ដុះ​ស្លាប​ហើរ​ ហើយ​មាន​តួនាទី​ធំដុំ​ ក្លាយ​ជា​អ្នក​ដឹក​នំា​គឺ​ភ្លេច​កំណើត​ខ្លួន​ឯង​កាល​ពី​កុមារ​ភាព​​អស់​នៅ​ ពេល​ឈឺ​ម្តងៗ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទម្រាំ​តែ​បាន​ធំ​ដឹង​ក្តី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​តែ​​បែរ​ជា​​ធ្វើ​​មិន​ដឹង​មិន​ឮ ​មិន​ឈឺ​ឆ្អាល ​ចំពោះ​កុមារ ​ដែល​កំពុង​ដង្ហោយ​ហៅ​សុំរស់​រាន​មាន​ជីវិត​ ជា​សិទ្ធិ​របស់​កុមារ​ ដូច​ជា​ ការ​ដង្ហោយ​សុំ​មូលនិធិ​ទ្រទ្រង់​បន្ថែម​របស់​មន្ទីរ​ពេទ្យ​គន្ធ​​បុប្ផា​ ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ តែ​មិន​ទាន់​ឃើញ​មាន​ថវិកា​បន្ថែម​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ​។​ តើ​ចាំ​ដល់​ពេល​ណា​ទើប​ម្ចាស់​ជំនួយ​ និង​រាជរដ្ឋាភិបាល ផ្តល់​ការ​ឧត្ថម្ភ​បន្ថែម​ ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​?

បើ​និយាយ​ពី​វិរបុរស​ និង​ជា​មនុស្ស​គំរូ​លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រីចន័រ​ (Dr Beat Richner)​ មាន​អាយុ ៦៥ ឆ្នាំ ជាជន​ជាតិ​ស្វ៊ីស ដែល​ជា​អ្នក​ស្ថាបនិក និង​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៤ និង​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី ៧​ ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ។ មន្ទីរ​ពេទ្យ​ទាំង​នេះ បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្នុង​អំឡុង​រយៈ​ពេល​ ២០ ឆ្នាំ​នេះ ​មន្ទីរ​ពេទ្យ​ទាំង​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​បាន​ជាង​ ១​ លាន​នាក់​ហើយ​ (www.beat-richner.ch)​ និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ និស្សិត​ដែល​ទើប​តែ​ចេញ​ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល មិន​ត្រឹមតែ​គ្រប់គ្រង​ល្អ​ប៉ុណ្ណោះ​ទេ លោក​វេជ្ជបណ្ឌិត ថែម​ទាំង​ខិតខំ​ស្រាវជ្រាវ រក​មេ​រោគ​ថ្មីៗ ផ្តល់​ព័ត៌មាន​ទៅ​រាជរដ្ឋាភិបាល​ទៀត​ផង ឧទាហរណ៍៖​ ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត រីចន័រ បាន​ផ្ញើសារ​លិខិត​១​ទៅ​លោក​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ អំពី​ជំងឺ​ប្រភេទ​ថ្មី១ ដែល​បាន​ឆក់​យក​ជីវិត​កុមារ​ ៦០ នាក់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែល​លោក​រេជ្ជបណ្ឌិត​ និង​ក្រុម​ការងារ​របស់​លោក មិន​អាច​សង្គ្រោះ​ជីវិត​កុមារ​ទំាង ៦០​នាក់​នេះ​បាន​។ ជាមួយ​នេះ​គាត់​ក៏​បាន​លើក​សំណើ​ជា​មូលនិធិ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ​ដើម្បី​ទ្រទ្រង់​មន្ទីរ​ពេទ្យ​នេះ ​ឲ្យ​ដំណើរ​ការ​បាន​ ក្នុង​ការ​ជួយ​រំលែក​បន្ទុក​​របស់​រាជ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​។ ជាង​នេះ​ទៅ​ទៀ​ត ​លោក​វេជ្ជបណ្ឌិត​ ក៏​បាន​រៀបចំ​កម្មវិធី​​ការ​ប្រគំ​តន្ត្រី គឺ​លោក​តែង​កូតវីយ៉ូឡុង​ផ្ទាល់ ​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ័្មនទី៧ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ជួយ​ផ្តល់​ថវិកា សម្រាប់​សកម្មភាព​មន្ទីរពេទ្យ​ទាំង​នេះ​។ ការងារ​របស់​លោក​យ៉ាង​មមាញឹក ស្ទើរ​តែ​ពុំ​មាន​ពេល​លម្ហែ​កាយ​ក្នុង​ជីវិត​របស់​លោក​។ ទង្វើ​ដ៏​ប្រពៃ​ និង​សប្បុរ​សធម៌​ ដ៏​គួរ​ឲ្យ​គោរព​ក្រៃលែង របស់​​លោក​វេជ្ជ​បណ្ឌិត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​លើក​សរសើរ​គុណ​តម្លៃ ​ហើយ​ខ្លះ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច​ខិតខំ របស់​លោក​ ក្នុង​កិច្ចការ​អភិវឌ្ឍវិស័យ​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​នេះ បើ​ទោះ​បី​ជា​អាយុ​របស់​លោក​ត្រូវ ចូល​និវត្តន៍​ក៏​ដោយ​។

សូម្បី​តែ​អតីត ព្រះ​មហា​វរក្សត្រ​សម្តេច ឪ សីហនុ ក៏​បាន​ចូល​រួម​អបអរ​សាទរ​ចំពោះ​សកម្មភាព​របស់​លោក​វេជ្ជបណ្ឌិត ដែរ​។ តែ​ទោះ​បី​ជា​លោក​វេជ្ជ​បណ្ឌិត​ខិតខំ​យ៉ាង​ដូច្នេះ​ក៏​ដោយ​ ក៏​នៅ​មាន​បុគ្គលិក​មួយ​ចំនួន​តូច​ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មិន​ទាន់​ប្រើ​ពាក្យ​សម្តី​​សមរម្យ​ជាមួយ​ បង​ប្អូន​ដែល​មក​ពី​ជនបទ ដែល​ពួក​គាត់​មិន​បាន​ដឹង​ពី​របៀប​របប​នៅ​ទីនោះ នៅ​ឡើយ​ក្តី តែ​ជា​លទ្ធផល​ គឺ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​ របស់​កុមារ​អាយុ​ក្រោម​ ១ ឆ្នាំ​ពី​ ៩៥​ នាក់ មក​ត្រឹម​៤៥ ​នាក់​​ ក្នុង​ចំណោម​កុមារ​កើត​រស់ ១០០០ នាក់​ពី​ឆ្នាំ ២០០០​ ដល់​ ២០១០​ និង​កុមារ​អាយុ​ក្រោម​ ៥ ឆ្នាំ​ពី ១២៤ នាក់​មក​ត្រឹម ៥៤ នាក់​ ក្នុង​ចំណោម​កុមារ​កើត​រស់​១០០០ ​នាក់​ពី​ឆ្នាំ​២០០០ ដល់​២០១០​។ (CDHS,2010)

សំណួរ​សួរ​ថា​ តើ​ប្រសិន​បើ​ផ្អាក​ ឬ​ក៏​បញ្ឈប់​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​នេះ តើ​មាន​អ្វី​កើត​ឡើង ចំពោះ​សុខភាព​ និង​អាយុ​ជីវិត​កុមារ​កម្ពុជា​?​ ឬ​ក៏​ជា​ហេតុផល​នយោបាយ ​របស់​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ យក​កូនៗ​ទៅ​ទទួល​សេវា​មន្ទីរ​ពេទ្យ​រដ្ឋ ឲ្យ​បាន​ពេញ​លេញ​វិញ​ ដើម្បី​ឲ្យ​ប្រាក់​ហិរញ្ញប្បទាន ​របស់​មន្ទីរ​ពេទ្យ​កើន​ឡើង​ ដើម្បី​ផ្គត់ផ្គង់​គ្រូពេទ្យ​? ប្រសិន​បើ​មាន​យុទ្ធសាស្រ្ត​ ឬ​ក៏​ការ​កែ​ទម្រង់​ដូច្នេះ​ តើ​មន្ទីរ​ពេទ្យ​រដ្ឋ​ បាន​បំពាក់​ឧបករណ៍​គ្រប់​គ្រាន់​ និង​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ដូច​នៅ​សេវា​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​?​ បើ​វេជ្ជបណ្ឌិត​ មក​ផ្តុំ​ជុំ​គ្នា​តែ​នៅ​ទីក្រុង ​ទីប្រជុំជន ​និង​គ្លីនិក​ល្បីៗ​ ដូច​នេះ តើ​អាច​ទ្រទ្រង់​កុមារ​ក្រីក្រ និង​នៅ​ជនបទបាន​ទេ​?​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? នេះ​គឺ​នៅ​តែ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ដដែល​ហ្នឹង។​

កន្លង​មក​លោក​វេជ្ជ​បណ្ឌិត​ រីចន័រ ធ្លាប់​បាន​រិះ​គន់​ ទៅ​ដល់​ម្ចាស់​ជំនួយ​ ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ថា បាន​ចាយ​លុយ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ជា​ច្រើន​ ទិញ​រថយន្ត​ទំនើបៗ​ហ៊ឺហា ពេល​ខ្លះ​ យក​រថយន្ត​អង្គការ​ទៅ​ប្រើ​ជា​របស់​ផ្ទាល់​ខ្លួន​ក៏​មាន​ ធ្វើ​ការ​មិន​មាន​ប្រសិទ្ធ​ភាព ហើយ​លោក​បាន​​ធ្វើ​ការ​ប្រៀបធៀប​ថា ប្រសិន​បើ​គេ​យក​ថវិកា​ទាំង​នោះ​ មក​ជួយ​កុមារ​វិញ​ គឺ​សង្គ្រោះ​ជីវិត​កុមារ​បាន​ច្រើន​នាក់​ណាស់​។ ម្តងម្កាល​លោក​ក៏​ធ្លាប់​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​មួយ​ ចំនួន​ផង​ដែរ​ អំពី​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រី​ទាំង​នោះ​ ក្នុង​ការ​ជួយ​សង្គ្រោះ​​អាយុ​ជីវិត​កុមារ​។ តែ​ពុំ​មាន​សកម្មភាព​ណា​មួយ​ប្រែប្រួល នូវ​អ្វី​ដែល​លោក​វេជ្ជ​បណ្ឌិត រីចន័រ បាន​លើក​ឡើង​នេះ​ឡើយ។​

ប្រសិន​បើ​ធ្វើ​ការ​ប្រៀបធៀប​ ពី​ការ​រ៉ៃ​អង្គាស​សប្បុសជន​ ក្នុង​ការ​ផ្តល់​ថវិកា​ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​នានា​សម្រាប់​ ទាហាន​ដែល​បាន​ស្លាប់​នៅ​ព្រះវិហារ​ក្តី អ្នក​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ក្តី ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្តី ឃើញ​ថា​មាន​សប្ប​បុរស​ជន​ជា​ច្រើន​ ចូល​រួម​ជួយ​យ៉ាង​សម្បើម​ណាស់​។​

តើ​នេះ​ ជា​ហេតុ​ផល​នយោបាយ ​ដើម្បី​តែ​សន្លឹក​ឆ្នោត ឬ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឃើញ​ថា​​មាន​ការ​ជួយ​ជ្រោម​ ជ្រែង​យ៉ាង​សកម្ម​នោះ​? ត្រង់​កុមារ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ​ដោយ​សារ​ជំងឺ​ ជា​ពិសេស ​កុមារ​ជា​កូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ​នៅ​តំបន់​ដាច់​ស្រយាល​ដែល​ទទួល​រងគ្រោះ​ជាង​គេ​នោះ ​ហេតុ​អ្វី​មិន​គិត​ធ្វើ​ការ​រៃ​អង្គាស​ផង​?​ ហេតុ​អ្វី​កិច្ចការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​នេះ ចាំ​តែ​បរទេស​ជួយ​ដូច្នេះ ​ខ្មែរ​ខ្លួន​ឯង​ មិន​ប្រឹងប្រែង​ជួយ​បរិច្ចាគ​ខ្លួន​ឯង​ខ្លះ​ផង? សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​ខំ​ប្រឹង​គិត​ណាស់​ពី​ការ​ប្រកួត​ប្រជែង​គ្នា​ ភ័យ​ខ្លាច​តែ​រថយន្ត​ខ្លួន​ឯង​ សេរ៊ី​អន់​ជាង​គេ​ ឬ​មិន​ទំនើប​ដូច​គេ ​តែ​ភ្លេច​គិត​កាល​ពី​ខ្លួន​ឯង ​បាន​មក​ធំ​ដឹង​ក្តី​បាន​ប៉ុណ្ណឹង​ ដោយ​សារ​បាន​រស់​ពី​កុមារ​ភាព​ចង់​ស្លាប់​ចង់​រស់​ ជា​ពិសេស​ក្នុង​របប​ខ្មៅ​ងងឹត​ ខ្មែរ​ក្រហម​នោះ​ទេ? សាក​​ល្បង​​ស្វះ​ស្វែងរក​អ្នក​បរិច្ចាគ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​វិញ​មើល តើ​បាន​ផល​ប៉ុនណា​? ឬ​មួយ​ក៏​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទៅ​បាន​សន្លឹក​ឆ្នោត​ទៅ​លោក​ វេជ្ជបណ្ឌិត​រីចន័រ​? ដែល​មិន​បាន​សន្លឹក​ឆ្នោត ដល់​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ?

កន្លង​មក ទាំង​រាជ​រដ្ឋាភិបាល ​ទាំង​ម្ចាស់​ជំនួយ​ បាន​ធ្វើ​ការ​សាង​សង់​ហេដ្ឋា​រច្ចនា​សម្ព័ន្ធ​បាន​ច្រើន​ហើយ​តាំង​ពី​ទឹក ភ្លើង ផ្លូវ ស្ពាន អគារ​រដ្ឋ ជា​ដើម។ តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ​ ទាំង​រាជរដ្ឋាភិបាល​ ទាំង​ម្ចាស់​ជំនួយ​ ទាំង​សប្បុរស​ជន​ គួរ​តែ​បង្វែរ​ថវិកា​ មក​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​វិញ​ម្តង ជា​ពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ទាំង​សមត្ថភាព​បុគ្គលិក​មាន​បទពិសោធ និង​សម្ភារ​ព្យាបាល ស្រាប់​។

No comments:

Post a Comment