វិស័យកសិកម្មរបស់អ៊ីស្រាអែល គឺជាកសិកម្មបែប �ឧស្សាហកម្ម� គឺធ្វើក្នុងរូបភាពជាការប្រមូលផ្តុំ អ្វីដែលដាំបាន គឺលក់បានទាំងអស់ និងគ្មានអ្វីដែលសល់លក់មិនចេញឡើយ។ រហូតមកទល់ពេលនេះ ប្រទេសអ៊ីស្រាអែល គឺជាអ្នកនាំចេញកសិផលនាំមុខគេនៅក្នុងពិភពលោក ហើយក៏ជាប្រទេសដេលមានបច្ចេកទេសកសិកម្មឈានមុខគេដែរ ទោះបីជាប្រទេសនេះ មានដីដែលគ្មានជីជាតិសោះក៏ដោយ តែអ៊ីស្រាអែលអាចប្រើប្រាស់ដីខ្សោះជីជាតិនោះឲ្យផលិតដំណាំកសិកម្មបានដោយជោគជ័យ និងទៅតាមការចង់បានយ៉ាងទៀងទាត់បំផុត។
ជាងពាក់កណ្តាលរបស់ប្រទេសអ៊ីស្រាអែល គឹជាដីវាលខ្សាច់រហោឋាន គ្មានទឹកប្រើប្រាស់ គ្មានប្រភពទឹកសម្រាប់ប្រើធ្វើជាមូលដ្ឋានផ្គត់ផ្គង់ទឹក ដែលជាបច្ច័យមួយអាក្រក់សម្រាប់ការធ្វើកសិកម្ម។ មានផ្ទៃដីចំនួនត្រឹមតែប្រមាណជជា ២០ភាគរយប៉ុណ្ណោះ ដែលអាចដាំដំណាំបាន ឬអាចហៅថាជាដីសម្រាប់ធ្វើកសិកម្ម។
សព្វថ្ងៃនេះ ផ្នែកកសិកម្មតំណាងឲ្យប្រមាណជា ២.៥ភាគរយនៃចំណូល GDP និងប្រហែលជា ៣.៦ភាគរយ គឺជាប្រាក់ចំណូលបានមកពីការនាំចេញកសិផលជាតិសរុប។ ដោយឡែកអ្នកធ្វើការនៅក្នុងវិស័យកសិកម្មមានចំនួន ៣.៧ភាគរយ នៃកម្លាំងពលកម្មផ្នែកកសិកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីស្រាអែលផលិតភោគផផលកសិកម្មសម្រាប់ខ្លួនឯងបានរហូតដល់ ៩៥ភាគរយ នៃសេចក្តីត្រូវការទូទាំងប្រទេស សម្រាប់៥ភាគរយទៀត ប្រទេសនេះត្រូវនាំចូលពីបរទេសមានដូចជាគ្រាប់ធញ្ញជាតិ សាច់ កាហ្វេ ស្ករ និងគ្រាប់រុក្ខជាតិមានផ្ទុកប្រេង។ការធ្វើកសិកម្មនៅអ៊ីស្រាអែលត្រូវបានចែកជាពីរក្រុមផ្សេងគ្នា :
- ក្រុមមួយឈ្មោះថា Kibbutz ត្រូវបានចងក្រងឡើងដោយក្រុមអ្នកធ្វើកសិកម្មមកពីក្រុមតូចៗរួមគ្នា ពួកគេឥតមានដីផ្ទាល់ខ្លួនទេ ប៉ុន្តែអាចចូលរួមធ្វើកសិកម្មជាមួយគេបាន ដោយប្រើប្រាស់ដីរួមរបស់សហគមន៍ កសិករណាម្នាក់ដែលចូលរួមធ្វើកសិកម្មតាមរបៀបនេះ គេហៅថាការធ្វើកសិកម្មរួម អ្នកធ្វើត្រូវតាំងចិត្តដើម្បីក្រុម និងដើម្បីទាំងអស់គ្នា។ ផលដែលទទួលបានមកត្រូវបានបែងចែកឲ្យសមាជិករបស់ក្រុមតាមបែបផែនជាចំណែកនៃការងារដែលបានចូលរួម ធ្វើច្រើនបានច្រើន ធ្វើតិចបានតិច។ - ក្រុមមួយទៀតមានឈ្មោះថា Moshavim ជារបៀបធ្វើកសិកម្មមួយ ដែលគ្រួសារនីមួយៗមានដីផ្ទាល់ខ្លួន និងគ្រប់គ្រងរាល់បញ្ហាគ្រួសារដោយខ្លួនឯង គឺធ្វើកសិកម្មផង ធ្វើកិច្ចការផ្ទះ តាមការបែងចែកនៃពេលវេលា។ សមាជិកគ្រួសារទាំងមូលត្រូវបែងចែកការងាររបស់ខ្លួនទាំងនៅផ្ទះ និងនៅឯចំការរបស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេស។ សម្រាប់ការលក់កសិផល ក្រុមទាំងពីរនេះ ធ្វើការរួមគ្នាលើបញ្ហានេះ ដើម្បីសម្រួលរាល់អ្វីដែលគេផលិតបាន សម្រាប់តម្រូវតាមសេចក្តីត្រូវការរបស់ទីផ្សារ និងការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅប្រទេស។
ការសហការគ្នារបស់ក្រុមទាំងពីរ ស្ថិតនៅលើជំហរតែមួយ គឺលៃធ្វើយ៉ាងឲ្យការធ្វើកសិកម្មបានប្រសើរជាងបច្ចុប្បន្ន និងពង្រីកចំណេះដឹងនៃការធ្វើឲ្យដល់អ្នកដាំផ្សេងទៀតអាចយកទៅធ្វើជាគំរូ។ រាល់វិធីនៃការដាំ ការថែទាំ ការប្រមូលផល ចំនួនផល ដែលទទួលបាន នឹងត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ សម្រាប់យកទៅប្រដូចជាមួយការដាំដុះលើកក្រោយៗទៀត និងសម្រាប់ធ្វើជាដំបូន្មានឲ្យដល់អ្នកធ្វើការដែលមិនមែនជាសមាជិកគ្រួសារ ឬក្រុមសហគមន៍។ ក្រុមទាំងពីរ Kibbutz និង Moshavim ផលិតប្រមាណជា ៧៦ភាគរយ នៃផលសរុបរបស់កសិកម្មក្នុងប្រទេសអ៊ីស្រាអែល ព្រមជាមួយកសិផលផ្សេងទៀតជាច្រើន ក៏ត្រូវបានផលិតចេញមកពីក្រុមទាំងពីរនេះដែរ។ ដោយសារតែប្រទេសនេះ មានសីតុណ្ហភាពជាមធ្យមត្រឹមតែ ១៤.៥ ដឺក្រេ និងសីតុណ្ហភាពខ្ពស់បំផុតត្រឹម ៣២ដឺក្រេ ធ្វើឲ្យអ៊ីស្រាអែលមានអំណោយផលយ៉ាងល្អក្នុងវិស័យកសិកម្ម។
ការប្រើប្រាស់ជីរបស់អ៊ីស្រាអែល : នៅប្រទេសនេះ គេប្រើជីគីមីសឹងទាំងស្រុង ប៉ុន្តែជាប្រភេទជីគីមីដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ។ Potassium Chloride គឺជាជីចំបងគេ និងត្រូវបានផ្សំលាយ ជាមួយជីអ៊ុយរ៉េ រួចលាយជាមួយទឹកសម្រាប់ស្រោចស្រប បន្តក់តាមគល់ដំណាំតែម្តង។ ការធ្វើជាជីកំប៉ុស្តិ៍សម្រាប់ប្រើនៅក្នុងប្រទេសនេះ គឺជាការមួយពិបាក ព្រោះគ្មានដើមឈើដុះច្រើន ហើយក៏គ្មានការជម្រុញឲ្យធ្វើជាជីកំប៉ុស្តិ៍សម្រាប់ប្រើដែរ។ ជីទឹក គឺជារូបមន្តផ្សំឡើងដោយសារធាតុមួយចំនួនមាន : Potassium Chloride (KCL), Potassium sulfate (K2SO4),
Potassium Nitrate (KNO3) និង Mono Potasium Phospate (KH2PO4) ក្រៅពីគ្រឿងផ្សំទាំងប៉ុន្មានមុខខាងលើនេះ នៅមានសារធាតុមួយទៀត ដែលត្រូវគេយកមកប្រើដែរ
ប៉ុន្តែក្នុងចំនួនតិចជាងគេ គឺ Potassium Carbonate (K2CO3) និង Potassium Silikate (K-Si)។
ទោះបីជីទឹកប្រភេទដូចខាងលើ ត្រូវបានគេជ្រើសរើសយកមកប្រើជាចម្បងក៏ដោយចុះ ប៉ុន្តែការត្រួតពិនិត្យទៅលើគុណភាព តម្លៃ ភាពដែលអាចរលាយក្នុងទឹកបាន និង ភាពងាយស្រួលក្នុងពេលប្រើ ត្រូវបានគេពិចារណាជាកត្តាចម្បងគេ បើអ្វីៗត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវហើយ ទើបគេទិញយកមកប្រើ។ តែជាទូទៅ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំ រួចជាស្រេចដោយក្រុមហ៊ុនអ្នកផ្តល់ គឺគេបានរៀបចំដីតម្រូវទៅតាមប្រភេទរបស់ដំណាំ ឯរូបមន្តជីវិញ ត្រូវបានគេផលិតដោយយកតាមស្តង់ស្តារបស់អ្នកប្រើចង់បាន។ គ្មានចំនួនបរិមាណរបស់សារធាតុណាមួយត្រូវបានគេកំណត់ឡើយ វត្ថុធាតុដើមរបស់ជី ត្រូវបានផ្តល់ឲ្យដោយឡែកៗពីគ្នា អ្នកប្រើត្រូវជ្រើសយកមកផ្សំតាមទៅតាមរូបមន្ត របស់ខ្លួន ឬឲ្យគេផ្សំឲ្យហើយស្រេចក៏បាន។
ចំនួនជីប្រើមានពី 50.75 ទៅ 100Kg ក្នុង១ហិកតា ភាគច្រើនជា N, P2O5 និង K2O។ ដំណាំភាគច្រើនប្រើ N និង P2O5 ប្រើសម្រាប់លាយជាមួយទឹកស្រោចតែម្តង។ ជី គ្រាប់មិនត្រូវបានប្រើច្រើននោះទេ ឬតិចតួចណាស់ ព្រោះមិនសូវមានប្រសិទ្ធភាពដូចគ្នា ប្រើជីទឹក ឬដីលាយជាមួយទឹក។ ដំណាំដែលកសិករអ៊ីស្រាអែលដាំ គឺសឹងអាចទាយជាមុននូវផលដែលគេនឹងទទួលបាន ពីព្រោះការដុះលូតលាស់របស់វាត្រូវបានគ្រប់គ្រងដោយជី និងទឹក ដែលគេផ្តល់ឲ្យ ដំណាំ ដូច្នេះការដុះលូតលាស់របស់ដំណាំ គឺដូចគ្នា ស្មើគ្នា មិនមានដើមណាមួយដុះអន់ជាងគេនោះឡើយ។
ដោយសារតែការធ្វើកសិកម្មស្ថិតនៅក្នុងរោងដែលគ្របជិត ដូច្នេះកំដៅត្រូវបានគ្រប់គ្រងទាំងស្រុង ការបំផ្លាញដោយសត្វល្អិតគឺគ្មាន ការប្រើថ្នាំគីមីសម្លាប់សត្វល្អិតគឺគ្មាន ដូច្នេះអ្វីដែលគេផលិតបានមានសុវត្ថិភាពទាំងស្រុងសម្រាប់បរិភោគ។
ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់ប្រទេសនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងតាមរយៈប្រព័ន្ធគ្រប់គ្រងទឹកដ៏ទំនើបបំផុតមួយ គ្មានពីរក្នុងពិភពលោក។ កសិករ អ៊ីស្រាអែលបានរកឃើញថា ការផ្តល់របបទឹកឲ្យដំណាំបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់ដំណាំ គឺជាកត្តាមួយសំខាន់ណាស់ មិនតែប៉ុណ្ណោះវានៅបានជួយកាត់បនថយចំនួនទឹកដែល
ត្រូវប្រើទៀតផង។ ពួកគេនៅបានស្រាវជ្រាវឃើញថា ការផ្តល់ទឹកតិចជាង រួមជាមួយចំនួនសារធាតុចិញ្ចឹមគ្រប់គ្រាន់ អាចជួយឲ្យដំណាំផ្តល់ផលបានល្អជាងការផ្តល់ទឹកតាមរបបរបស់ ដំណាំ។ ការពិសោធន៍ទៅលើការប្រើប្រាស់ទឹកឲ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ ប្រទេសអ៊ីស្រាអែល ប្រើប្រាស់ទឹកអស់ប្រហែលជា ១២០០លានម៉ែត្រត្រីគុណ សម្រាប់ការស្រោចស្របដំណាំ និងការចិញ្ចឹមសត្វ, ចំនួនទឹកនេះស្មើនិង ៦៦ភាគរយនៃចំនួន ទឹកប្រើប្រាស់ក្នុងប្រទេសនេះទាំងមូល។ ៧០ភាគរយ គឺជាទឹកថ្មី ៣០ភាគរយទៀត គឺជាទឹកដែលបានកែច្នៃយកមកប្រើវិញពីទឹកកខ្វក់ ដែលបានប្រើរួចហើយ។ បច្ចុប្បន្ននេះ ប្រទេសអ៊ីស្រាអែល កំពុងស្រាវជ្រាវការបន្សុទទឹកពីទឹកកខ្វក់ឲ្យមានគុណភាពល្អជាងមុន សម្រាប់ជំនួសឲ្យការប្រើទឹកថ្មីទាំងស្រុងសម្រាប់វិស័យកសិកម្ម និង បង្វែរទឹកថ្មីសម្រាប់យកមកប្រើតាមផ្ទះវិញ។
របៀបនៃការប្រើប្រាស់ដី ដីសម្រាប់ដាំដំណាំ គឺគ្រាន់តែជាដីមូលដ្ឋានសម្រាប់ការដាំដំណាំ ទោះបីជាដីនោះជាប្រទេភដីអ្វីក៏ដោយ វាមិនបានត្រូវវិនិច្ឆ័យថា ជាកត្តាសំខាន់ឡើយ។ មុនពេលដំណាំណាមួយ ត្រូវគេយកមកដាំ ការវាស់ PH របស់ដីជាមុន គឺជារឿងដែលត្រូវធ្វើដោយខានមិនបាន បន្ទាប់ពីត្រូវបានវាស់ និងវិភាគរួចហើយ គេត្រូវគណនាចំនួនជីដែលត្រូវការ ចំនួនទឹកដែលត្រូវការ និងរបៀបដែលត្រូវដាំត្រូវបានគេចងក្រងជាបទដ្ឋានមួយសម្រាប់ធ្វើជាគោល។
អ្នកដាំដំណាំនៅក្នុងប្រទេសអ៊ីស្រាអែល មិននិយមប្រើជីគ្រាប់ទេ ព្រោះគេយល់ថា វាមិនមានប្រសិទ្ធភាពភ្លាមៗតាមសេចក្តីត្រូវការរបស់ដំណាំ មួយវិញទៀតនោះ គុណភាព របស់វាអាចត្រូវបាត់បង់អស់ខ្លះ មុនពេលដំណាំអាចបឺតស្រូបយកបាន ដោយសារហេតុផលនេះហើយ បានជាអ្នកដាំដំណាំក្នុងប្រទេសអ៊ីស្រាអែល ប្រកាន់យកការប្រើជីលាយទឹក សម្រាប់ដំណាំគ្រប់យ៉ាងទាំងអស់ ទាំងដំណាំបន្លែ និងដំណាំយកផ្លែ។
សម្រាប់ជីប្រភេទ Nitroen (N) គេបានប្រើ Amononium Nitrate (ប្រភេទទឹក) សម្រាប់ជាប្រភពរបស់ជី "N" ចំណែកជី Phosphate វិញ គេប្រើ Triple Super
Phosphate (TSP) និង Phosphoric Acid សម្រាប់ជី "P" ឯចំណែកជី "K" វិញ គេប្រើ Potassium Chloride (KC1)។
ដំណាំសឹងទាំងអស់មិនបានដាក់ជីផ្សេងដោយឡែកឡើយ ជីត្រូវបានគេបន្ថែមបញ្ចូលតាមការគណនារបស់អ្នកបច្ចេកទេសទៅក្នុងទឹក រួចបង្ហូរទៅតាមប្រព័ន្ធស្រោចស្រប់ឲ្យ ដល់ដំណាំ។ ការធ្វើបែបនេះ អាចឲ្យដំណាំបឺតស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវតាមសេចក្តីត្រូវការរបស់វាយ៉ាងទៀងទាត់ទៅតាមអាយុកាលរបស់ដំណាំ។ ចំនួន និងប្រភេទនៃជី ត្រូវបានបន្ថែម ឬបន្ថយតាមអាយុកាលរបស់ដំណាំតាមបទដ្ឋានដែលបានកំណត់ និងគ្រប់គ្រងដោយប្រូក្រាមរបស់ប្រព័ន្ធបញ្ជាការស្រោចស្រប់។
ការប្រើប្រាស់វិធីកែច្នៃទឹកកខ្វក់ឲ្យរក្សាបាននូវ "N" សម្រាប់ប្រើជាជី ត្រូវបានគេយកមកប្រើ ព្រោះវាអាចជួយកាត់បន្ថយការប្រើជី "N" បានមួយចំណែកដែរ។ ទឹកកខ្វក់ កែច្នៃរួចមានជី "N" នៅក្នុងនោះរួចជាស្រេចត្រូវបានយកមកលាយបន្ថែមជាមួយសារធាតុផ្សេងទៀត មុនពេលផ្តល់ឲ្យដំណាំ គឺមានបន្ថែម "P" និង "K" ថែមទៀត។ ទឹកសម្រាប់ស្រោចដំណាំត្រូវរត់ឆ្លងកាត់តាមប្រព័ន្ធបំពង់ ដែលមានប្រព័ន្ធវាស់កំដៅរបស់ទឹក សារធាតុជី និងកំលាំងសម្ពាធរបស់ទឹកទាំងនៅដើមទី និងកន្លែងត្រូវប្រើដើម្បី ធានាឲ្យបាននូវភាពត្រឹមត្រូវមួយជាក់លាក់ តាមបទដ្ឋានកំណត់កាលគ្រាវិភាគដីមុនពេលដាំ។
ឥឡូវនេះ យើងបានដឹងខ្លះៗពីរបៀបដែលអ្នកដាំដំណាំរបស់ប្រទេសនេះធ្វើកសិកម្ម និងរបៀបដែលគេប្រើទឹក និងជី។ អាថ៌កំបាំងនៃជោគជ័យក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែលត្រូវបានលាតត្រដាងរួចហើយ។ អ្វីដែលយើងបានដឹងរួចហើយនេះ អាចយកមកពិចារណាបន្ថែមសម្រាប់ធ្វើជាគោលការណ៍មួយដល់វិស័យកសិកម្មខ្នាតតូច និងខ្នាតមធ្យម នៅក្នុងប្រទេសយើង ទោះបីជាកសិកររបស់យើងមិនមានលទ្ធភាពកសាងជារោង Green house សម្រាប់គ្រប់គ្រងកំដៅ និងការពារសត្វល្អិតក្តី ប៉ុន្តែយើងអាចប្រើវិធីណាមួយផ្សេង ពីនេះបាន ដែលសមស្របសម្រាប់ការដាំដុះក្នុងប្រទេសយើង។
No comments:
Post a Comment