សម្រាប់បុរសៗនៅក្នុងកន្លែងធ្វើការ ការប្រណាំងប្រជែងគ្នានៅក្នុងកន្លែងធ្វើការ មិនមែនដើម្បីខំប្រឹងធ្វើឲ្យការងារបានប្រសើរឡើងនោះទេ តែភាគច្រើនយើងប្រកួតគ្នា ប្រជែងគ្នានៅក្នុងកន្លែងធ្វើការ ដើម្បីបង្ហាញ ឬចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកធ្វើការដូចគ្នា ឬពីអ្នកចាត់ការ តាមរយៈអ្វីដែលយើងបានធ្វើរួចហើយ។ អ្នកធ្វើការតែងតែគិតថា
ការធ្វើឲ្យខ្លួនឯងលេចធ្លោជាងគេនៅក្នុងកន្លែងធ្វើការ គឺជារឿងមួយសំខាន់ណាស់ ព្រោះវាមានទាក់ទងដល់ការឡើងឋានៈ ឡើងប្រាក់ខែ ទទួលបានការងារល្អសម្រាប់ធ្វើ និងទទួលបាននូវ ការគោរពក្នុងកន្លែងដែលយើងធ្វើការ។សម្រាប់អ្នកដែលមកធ្វើការដើម្បីបង្គ្រប់ម៉ោង មិនបានដាក់ចិត្តដាក់កាយជួយធ្វើឲ្យក្រុមហ៊ុនប្រសើរឡើងដោយការខំប្រឹងប្រែងចំពោះការងារឬ
យកចិត្តទុកដាក់ជាមួយអ្វីដែលត្រូវធ្វើអ្នកធ្វើការប្រភេទនេះមិនត្រូវបានគេរាប់ថាជាសរសៃឈាម
មួយរបស់ក្រុមហ៊ុននោះឡើយ ព្រោះអ្នកធ្វើការបែបនេះ គ្រាន់តែជាអ្នកធ្វើការក្នុងក្រុមសាមញ្ញមួយ មិនអើពើចំពោះអ្វី ទាំងអស់ដែលជាផ្នែករបស់ក្រុមហ៊ុន។ការយកទឹកចិត្តផ្ទាល់របស់ខ្លួនមកបូកបញ្ចូលជាមួយការងាររបស់កន្លែង ដែលយើងធ្វើការអាចធ្វើឲ្យយើងរក្សាបាននូវការងារនោះ និងបានស្ថិតនៅក្នុងក្រសែភ្នែករបស់ ក្រុមហ៊ុន និងអ្នកចាត់ការជានិច្ច។
ខាងក្រោមនេះ គឺជាគោលខ្លះៗដែលអាចជួយឲ្យយើងលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ? ហើយត្រូវចាំពាក្យមួយថា "យើងត្រូវបានជួលឲ្យធ្វើការដើម្បីធ្វើការអ្វីមួយឲ្យ គេ"តែការគ្រាន់តែមកបំពេញការងារតែមួយមុខ វាមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះយើងត្រូវបានជួលមកដើម្បីជាផ្នែកមួយរបស់ក្រុមហ៊ុន និងបង្កើតជាសម្ព័ន្ធមួយ ដែលមានយើងនៅក្នុង នោះដែរ ដូច្នេះអ្វីដែលយើងធ្វើ គឺធ្វើដើម្បីក្រុមហ៊ុន និងក្នុងបំណងរបស់ក្រុមហ៊ុន នោះទើបហៅថា យើងជាអ្នកធ្វើការសម្រាប់ក្រុមហ៊ុននោះ ព្រោះក្រុមហ៊ុនដែលយើងធ្វើការឲ្យពឹងទាំងស្រុងចំពោះអ្នកធ្វើការទាំងអស់របស់ក្រុមហ៊ុន បើមានអ្នកធ្វើការណាម្នាក់មិនសកម្មនោះ ភពកម្សោយរបស់ក្រុមហ៊ុន និងកើតឡើងទៅតាមហ្នឹងដែរ។នៅក្នុងយុគសម័យនេះ ការប្រកួតគ្នារកការងារធ្វើ និងការប្រជែងគ្នានៅក្នុងកន្លែងធ្វើការ គឺជារឿងមួយចាំបាច់ណាស់ ដើម្បីរក្សាការងារនោះផង និងដើម្បីទទួលបាននូវការ សាទរពីក្រុមហ៊ុនផង។
ខាងក្រោមនេះ គឺ ១០យ៉ាងដែលគួរធ្វើ :
១- ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ : តើអ្វីទៅដែលធ្វើឲ្យចៅហ្វាយនាយពេញចិត្តចំពោះយើង?
ត្រូវមើល និងធ្វើអ្វីដោយរាប់តាំងពីកិច្ចការតូចតាចឡើងទៅ រហូតដល់កិច្ចការធំៗ ដែលត្រូវបានដាក់ឲ្យធ្វើ ត្រូវព្យាយាមធ្វើឲ្យបានចប់មុនអ្វីដែលជាពេលវេលាបានកំណត់ឲ្យ "ត្រូវធ្វើការនេះដោយការតាំងចិត្ត តែមិនមែនដោយពេលនៃម៉ោងធ្វើការនោះទេ" បើយើងគិតថា ម៉ោងធ្វើការសំខាន់ជាងការបង្ហើយកិច្ចការ ឬត្រូវយកវាទៅធ្វើនៅឯផ្ទះនោះ កិច្ចការ នោះនឹងត្រូវពន្យា។
ត្រូវចាំថា អ្នកចាត់ការដែលជាចៅហ្វាយនាយ បីដូចជាគ្រូបង្វិលម្នាក់ដូច្នោះ បើយើងយល់ពីអ្វីដែលត្រូវធ្វើនោះ គ្រូបង្វឹកនឹងគិតថា យើងបានយកអ្វីដែលបានបង្ហាត់មកធ្វើដោយ ប្រើគំនិតខ្លួនឯងផ្សំ មិនមែនគ្រាត់តែជាការប្រាប់ដោយគ្រូបង្វឹកនោះឡើយ។ ការងារក៏ដូច្នោះដែរ អ្វីដែលត្រូវបានប្រគល់ឲ្យយើងធ្វើ គឺជាអ្វីដែលគេដឹងថា យើងអាចធ្វើបាន
ដូច្នេះសមត្ថភាពរបស់យើង គឺជាឈ្មោះនៃការងារដែលមានក្នុងដៃរបស់អ្នកចាត់ការ ការរំពឹងថា ការងារនោះអាចត្រូវបានធ្វើ គឺអាស្រ័យដោយសមត្ថភាព និងភាពប្រាកដប្រជារបស់ អ្នកធ្វើ ហើយនេះគឺជាអ្វីដែលអ្នកចាត់ការសម្លឹងរក "តើយើងជាម្នាក់ដែលគេត្រូវការនោះទេ?"ការធ្វើការបានចប់ចុងចប់ដើម ដោយគ្មានកំហុសចំពោះអ្វីដែលបានធ្វើ វាគឺជា Credit សម្រាប់យើងនៅពេលខាងមុខ ហើយក៏ជាម្នាក់ដែលអ្នកចាត់ការត្រូវការបំផុតដែរ តែសម្រាប់អ្នកដែលធ្វើការបានចប់សព្វគ្រប់ដែរ តែនៅមានកំហុសមិនបានពិនិត្យឲ្យចប់សព្វគ្រប់ជ្រុងជ្រោយ ពិតជាមិនមែន �ម្នាក់� ដែលអ្នកចាត់ការសម្លឹងឃើញឡើយ ព្រោះគេយល់ថា អាចធ្វើបាន តែខ្វះការទទួលខុសត្រូវនិងមិនហ្មត់ចត់ក្នុងការងារ គ្រាន់តែជាអ្នកធ្វើឲ្យចប់ការងារ និងខ្ជីរខ្ជារក្នុងការងារ។ បើអ្វីដែលយើងត្រូវធ្វើជា �ក� និង �ខ� ហើយ �គ� ដែលជាកិច្ចការរបស់អ្នកផ្សេងមិនទាន់ធ្វើហើយ តែយើងអាចជួយគេបាន ឬចូលរួមជួយគេបាន សូមលូកដៃជួយ ឬចូលរួមជួយគេចុះ ការធ្វើដូច្នេះ គឺយើងខ្លួនឯងបានបញ្ជូន សញ្ញាប្រយោលមួយឲ្យទៅចៅហ្វាយនាយរបស់យើងរួចទៅហើយថាយើងគឺជាបុគ្គលិកសកម្មម្នាក់យកចិត្តទុកដាក់ដល់ការងាររបស់ក្រុមហ៊ុន ដោយមិនចាំបាច់ត្រូវរុញពីក្រោយដោយ ក្រុមហ៊ុនឲ្យធ្វើនេះ ហើយដែលគេហៅថា "ធ្វើដោយមិនចាំបាច់គេប្រាប់ឲ្យធ្វើ"។
២- មិនត្រូវអង្គុយនៅស្ងៀមក្នុងពេលប្រជុំឡើយ
ការប្រជុំ គឺជាការរំខានដល់ដំណើរការនៃការងាររបស់ក្រុមហ៊ុន ពីព្រោះគ្មានអ្វីត្រូវបានធ្វើនៅក្នុងពេលប្រជុំនោះឡើយ។ សម្រាប់បុគ្គលិក ដែលបានចូលរួមប្រជុំ ខ្លះគ្រាន់តែចូលរួមប្រជុំតែក្នុងអារម្មណ៍របស់គាត់គឺ "ស" ទទេស្អាត នៅក្បែរជញ្ជាំង ឬរវល់ចុចមើលទូរស័ព្ទ នេះមិនជាអ្វីដែលត្រូវធ្វើនោះឡើយ កុំតាំងខ្លួនធ្វើជាអ្នកដែលគ្រាន់តែបាន ចូលរួមប្រជុំដែរ ត្រូវនិយាយចេញពីអ្វីដែលមាន ចូលរួមផ្តល់ជាយោបល់ បើយើងយល់ថា វាសមគួរសម្រាប់ការនិយាយចេញ តែមិនត្រូវទៅបញ្ច្រាស់ទិសរបស់កម្មវត្ថុក្នុងអង្គប្រជុំ នោះឡើយ។ តែក៏មិនត្រូវនិយាយសម្រាប់ខ្លួនឯងដែរ គឺនិយាយក្នុងនាមជាអ្នកចូលរួម ជាសម្លេងមួយដែលគេស្តាប់បាន ហើយចង់ឮ មិនត្រូវរួញរាក្នុងការនិយាយប្រឆាំងចំពោះអ្នកផ្សេង ដែលនិយាយមិនត្រឹមត្រូវ សូម្បីចៅហ្វាយនាយក៏ដោយចុះ តែក្នុងន័យការងារ និងដោយគោរពសម្រាប់ការលូតលាស់របស់ក្រុមហ៊ុន។ ការចាំតែយល់ព្រមតាមនោះ មិនមែនជារឿងល្អ នោះទេ តែគួរព្រមតាម បើយល់ថា វាល្អ ហើយភាគច្រើនយល់ថា ល្អដែរ។គ្មានអង្គប្រជុំណាមួយចប់ទៅដោយគ្មានសំនួរ និងចម្លើយនោះឡើយ ដូច្នេះការបញ្ចេញយោបល់ក្នុងអង្គប្រជុំគឺ អ្វីដែលជាការមួយគួរធ្វើប្រសើរជានៅស្ងៀមឈឹង រង់ចាំតែស្តាប់ ដោយដាក់អារម្មណ៍របស់យើងជាពណ៌ "ស"។
៣- បង្កើនទំនាក់ទំនងល្អជាមួយអ្នកធ្វើការ
គួរតាំងខ្លួនជាបុគ្គលិក ដែលមិនចូលបក្សសម្ព័ន្ធណា មានន័យថា នៅក្នុងក្រុមហ៊ុនទាំងមូល តែងមានក្រុមរបស់បុគ្គលិកដែល "ក" ជាបក្ស "ក" នៅពួកផ្សេងគ្នា បើមើលឃើញ មានរឿងបែបណានេះ មិនត្រូវបណ្តាយឲ្យខ្លួនយើងក្លាយទៅជាមនុស្សម្នាក់ធ្លាក់ចូលទៅប្លុករបស់ក្រុមណាមួយឡើយ គួរប្រកាន់យកភាពជាកណ្តាល ព្រោះវាមានឱកាសច្រើន អាចឲ្យ យើងបានស្គាល់ទាំងអស់គ្នា និងនិយាយចូលជាមួយពួកគេបានទាំងអស់គ្នាដែរ។ការចូលរួមជាមួយពួកណាមួយ អាចឲ្យយើងបាត់បង់នូវតម្លៃជារួមមួយ ហើយអាចក្លាយទៅជាគោលដៅនៃអ្នកនៅក្នុងពួកផ្សេងៗ ក្នុងនោះមានទាំងការចាក់រុក ឈ្នានិះ និន្ទា ព្យាបាទ និងការរើសអើងផក៏សឹងមាន។
ដូច្នេះ បើយើងអាចស្តាប់ជាមួយពួកអ្នកធ្វើការទាំងអស់ អាចនិយាយជាមួយអ្នកធ្វើការទាំងអស់ និងបើអាចរាប់អានជាមួយពួកគេទាំងអស់នោះ គឺជាការប្រសើរបំផុត និង មានឈ្មោះថា យើងគឺជាបុគ្គលិកម្នាក់ដែលមានតម្លៃសម្រាប់ក្រុមហ៊ុន ព្រោះយើងចេះសម្របខ្លួនរបស់យើងជាមួយអ្នកធ្វើការជាមួយ និងចេះរកវិធីបង្កើតឲ្យមានទំនាក់ទំនងល្អជាមួយ បរិស្ថានការងារនៅក្នុងកន្លែងធ្វើការនេះគឺជាអ្វីដែលក្រុមហ៊ុននានាចង់បាននោះគឺបុគ្គលិកម្នាក់ដែលមិនបង្កបង្ហាឲ្យ
ដល់ក្រុមហ៊ុននិងជ័រសម្រាប់ផ្សារភ្ជាប់ភាពមិនស៊ីសង្វាក់ក្នុងចំណោមអ្នកធ្វើការជាមួយគ្នា។
៤- សម្លៀកបំពាក់ ដែលបង្ហាញពីបុគ្គលិកលក្ខណៈ
នៅក្នុងកន្លែងធ្វើការ វាជារឿងមួយដោយឡែក និងខុសពីការស្លៀកពាក់នៅផ្ទះ ឬចេញដើរខាងក្រៅ។ អ្នកខ្លះយល់ថា ការរៀបចំខ្លួនតាមស្ទីលមួយប្លែកពីអ្នកដទៃ អាចជួយ ធ្វើឲ្យគេលេចធ្លោជាងគេក្នុងចំណោមអ្នកដទៃ គឺជាអ្វីដែលគេត្រូវធ្វើ តាមពិតទៅការស្លៀកពាក់ឲ្យចូលដល់កម្រិតមួយស៊ីវិល័យពេក អាចត្រូវបានមើលមកក្នុងរូបភាពមួយមិនល្អទៅវិញទេ ទាំងអ្នករួមការងារជាមួយ និងពីភ្នែករបស់អ្នកខាងលើៗ ព្រោះគេអាចគិតថា យើងជាមនុស្សលេងខ្លួនពេក ឬហួសហេតុពេកពីគេឯង។នៅកន្លែងធ្វើការ គួរប្រើសម្លៀកបំពាក់សមស្របសម្រាប់ស្ថានភាពនៃការងារ និងសម្លៀកបំពាក់តម្រូវដោយកន្លែងធ្វើការ។ មួយវិញទៀតនោះ មិនគួរយកកន្លែងធ្វើការ ធ្វើជាកន្លែងបង្ហាញម៉ូដសម្លៀកបំពាក់ ឬជាទីតាំងនៃការបង្អួតគ្នានៃភាពស៊ីវិល័យរបស់យើងនោះទេ ការធ្វើបែបនេះ គឺជាការខ្ជះខ្ជាយលុយកាក់ដែលរកបានមកដោយលំបាក តែគួរទុក សម្លៀកបំពាក់នោះសម្រាប់ការដើរកំសាន្ត ឬក្នុងពិធីផ្សេងៗវិញ។
ទោះបីជាអ្វីដែលយើងស្លៀកពាក់នោះ គឺជាទ្រព្យរបស់យើងជាបំណងរបស់យើង ជាចំណង់ចំណូលចិត្តរបស់យើងក្តី ប៉ុន្តែកន្លែងធ្វើការទាមទារត្រឹមចំណេះដឹង និងកម្លាំង ព្រមជាមួយទឹកចិត្តរបស់យើងតែប៉ុណ្ណោះ មិនគួរយកភាពហ៊ឺហា ឬភាពស្រស់ស្អាតមកលាយជាមួយនោះឡើយ លើកលែងតែយើងមានគំនួចិត្តជាសម្ងាត់ជាមួយអ្នកណាមួយ ហើយ ព្យាយាមចង់ទាក់ទាញការចាប់អារម្មណ៍ពីគេម្នាក់នោះ ឬចង់បង្ហាញថា ខ្លួនយើងនេះគ្រាន់បើជាងគេ។និយាយជារួមទៅ ការស្លៀកពាក់ក្នុងទម្រង់មួយបែបដាមញ្ញ តែក្នុងសភាពថ្លៃថ្នូរ គឺជាប្រការមួយគួរធ្វើឲ្យប្រសើរជាងលេងស្ទីលបែបសម័យទំនើប ដែលនាំឲ្យខាតបង់ប្រាក់ និងជួនកាលអាចត្រូវគេពេបជ្រាយផងក៏ថាបាន។ មើលជុំវិញខ្លួនយើង និងស្លៀកឲ្យប្រហែល ឬដូចគេដែរជាជាងធ្វើឲ្យប្លែកពីគេ។
៥- ត្រូវស្គាល់លេខទូរស័ព្ទរបស់អ្នកធ្វើការជាមួយគ្នា
លេខទូរស័ព្ទរបស់អ្នកដទៃ អ៊ីម៉ែលរបស់អ្នកធ្វើការរួមគ្នា សឹងជារបស់មានតម្លៃសម្រាប់កិច្ចការរបស់ក្រុមហ៊ុន ព្រោះពេលមួយយើងនឹងត្រូវការវាទាក់ទងដល់កិច្ចការរបស់ ក្រុមហ៊ុន គឺជារឿងសំខាន់ ទោះបីយើងមិនមែនជាបុគ្គលិកការិយាល័យត្រូវស្ពាយការងារទៅធ្វើនៅឯផ្ទះក៏ដោយចុះ តែការប្រាស្រ័យទាក់ទងគ្នាពីកិច្ចការរបស់ក្រុមហ៊ុនជាមួយបុគ្គលិកដទៃ អាចឲ្យយើងដឹងពីកិច្ចការរបស់ក្រុមហ៊ុនច្រើន យល់ពីអ្នកធ្វើការជាមួយយើង និងលទ្ធភាពរុញខ្លួនយើងឡើងទៅលើមួយកម្រិតទៀត បើមានឱកាសដូចគ្នាទៅនិងពាក្យមួយដែល គេនិយាយថា អានច្រើនដឹងច្រើន ស្តាប់ច្រើនដឹងច្រើនដូចគ្នា។
លេខទូរស័ព្ទ អ៊ីម៉ែល ឬអ្វីមួយដែលអ្នករួមការងារបានឲ្យមកយើង មិនគួរប្រើវាសម្រាប់រឿងបុគ្គល ឬសម្រាប់បង្កើតទំនាក់ទំនងពិសេសណាមួយឡើយ ការធ្វើបែបនេះវាបង្ក ឲ្យមានជាការមើលស្រាលពីអ្នកទាំងឡាយ ព្រោះគេអាចយកអ្វីដែលយើងបាននិយាយទៅប្រាប់អ្នកផ្សេងរហូតខ្លួនយើងនេះក្លាយទៅជាគោលដៅនៃការស្អប់ពីគេដោយដឹងខ្លួន ជួនកាលក្លាយទៅជាបញ្ហាមួយធំរហូតបាត់បង់ការងារក៏មានដែរ។
៦- ដឹងឲ្យបានច្រើនពីការងារ
ដឹងពីកិច្ចការដែលត្រូវធ្វើ ដឹងពីក្រុមការងារដែលធ្វើការជាមួយយើងដឹងពីសមត្ថភាពរបស់អ្នកផ្សេង គឺជារឿងមួយសំខាន់ ព្យាយាមតាមឲ្យទាន់អ្នកដែលមានសមត្ថភាព ច្រើនជាងយើង និងរៀនធ្វើអ្វីដែលយើងនៅមិនទាន់អាចធ្វើបាន ទោះបីជាលើសម៉ោងបន្តិចក៏គ្មានអ្វីត្រូវបានគេចាត់ទុកថាជារឿងចម្លែកដែរ។
ការព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនយើងឲ្យច្ររើននៅក្នុងកន្លែងធ្វើការ វាមានផលប្រយោជន៍ច្រើនណាស់ ព្រោះក្រុមហ៊ុនគិតថា យើងស្រឡាញ់ការងារក្នុងក្រុមហ៊ុន ព្យាយាមពង្រីកចំណេះដែលមាន និងខំរៀនធ្វើកិច្ចការរបស់ក្រុមហ៊ុន ធ្វើឲ្យអ្នកចាត់ការយល់ថា យើងជាមនុស្សបម្រុងម្នាក់សម្រាប់ពេលមានឱកាសល្អ អាចថាជា Promotion ការឡើង ប្រាក់ខែ ឬត្រូវបានប្តូរឲ្យទៅធ្វើការល្អជាង។ រៀនឲ្យបានច្រើនពីការងាររបស់ក្រុមហ៊ុន រហូតយើងអាចជំនួសអ្នកផ្សេងបាន បើមិនដូច្នោះទេ យើងនឹងត្រូវបានគេគិតថា គ្រាន់តែជាអ្នកធ្វើការដែលជាបុគ្គលិកធម្មតាៗ មិនមែនជាបុគ្គលិកសកម្មនោះឡើយ។
៧- សៀវភៅមួយចំនួន និងការរៀបចំត្រឹមត្រូវ
បើយើងជាបុគ្គលិកការិយាល័យ មានតុផ្ទាល់ខ្លួន គួរតែមានសៀវភៅខ្លះនៅជាមួយ ទោះជាសៀវភៅអ្វីក៏ដោយ រៀបចំវាឲ្យបានត្រឹមត្រូវល្អ ជាមួយឯកសារផ្សេងៗរបស់ក្រុមហ៊ុន។ប្រការដែលយើងត្រូវដាក់សៀវភៅខ្លះជាមួយវាជាការទាក់ទាញមួយ សម្រាប់ភ្នែកដទៃ និងបានប្រាប់គេថា យើងជាមនុស្សមានអារម្មណ៍ស្ងប់ ចូលចិត្តអាន និងស្រឡាញ់ អ្វីដែលប្លែក មួយវិញទៀតនោះ វាគឺជាសោភណ្ឌភាពមួយទៀតសម្រាប់ប្រាប់គេគ្រប់គ្នាថា យើងជាមនុស្សម៉ត់ចត់និងការងារ នេះក៏ជាសញ្ញាប្រយោលមួយ សម្រាប់ឲ្យក្រុមហ៊ុន បានឃើញពីបុគ្គលិកលក់យើងក្នុងផ្លូវល្អដែរ។
៨- ក្រុមគ្រួសារ និងអ្នករួមការងារ
ទាំងមនុស្សនៅកន្លែងធ្វើការ និងសមាជិកគ្រួសារ ទាំងពីរយ៉ាងនេះគួរទទួលបានការស្រឡាញ់ដូចគ្នា។ ការស្រឡាញ់របស់ក្រុមគ្រួសារ គឺការស្រឡាញ់ផ្តាល់ខ្លួន ឯ ការស្រឡាញ់រាប់អានជាមួយអ្នកធ្វើការ គឺជាការស្រឡាញ់ដោយការរាប់អានក្នុងនាមជាអ្នកធ្វើការជាមួយគ្នា។
អ្វីដែលយើងអាចជួយបាននៅក្នុងកន្លែងធ្វើការ ឬអ្វីដែលយើងអាចជួយបាននៅក្រៅកន្លែងធ្វើការ ទោះបីវាមិនមែនជាកាតព្វកិច្ចក៏ដោយចុះ តែវាបានបង្ហាញឲ្យអ្នក គ្រប់គ្នាផ្សេងទៀតយល់ថា យើងជាមនុស្សម្នាក់គួរទុកចិត្តបាន និងជាមនុស្សមានចិត្ត ដូច្នេះពាក្យល្អរបស់អ្នកផ្សេងស្តីពីយើង គង់មានពេលមួយត្រូវបានឮដល់ក្រុមហ៊ុន នេះគឺជាអ្វី ដែលជាពិន្ទុបន្ថែមដល់យើង ទោះបីជាក្រៅរបងរបស់ក្រុមហ៊ុនក៏ដោយចុះ តែគេអាចយល់បានថា យើងជាមនុស្សម្នាក់គួរឲ្យទុកចិត្តបាន។
៩- រាប់អានបន្ថែមប្រសើរជាងអមិត្តបន្ថែមព្យាយាមជួយធ្វើ តែមិនគួរតាំងខ្លួនថា យើងគ្រាន់បើជាងគេនោះឡើយ គ្រាន់តែជួយនោះបានហើយ មិនបាច់និយាយថាទាល់តែយើងលូកដៃជួយទើបកិច្ចការ នោះអាចធ្វើបានឡើយ។ ការចូលជួយអាចធ្វើឲ្យយើងបូកបន្ថែមនូវការរាប់អានថ្មីៗទៀតនៅក្នុងរង្វង់ការងារ តែការជួយដោយបង្អួតពីខ្លួនឯង អាចធ្វើឲ្យគេជិនឆ្អន់ និងមានចិត្តជាអមិត្ត ឬអន់ចិត្តទៅវិញទេ។
ដូច្នេះបើជួយធ្វើកិច្ចការអ្វីមួយ គឺគ្រាន់តែធ្វើទៅមិនបាច់និយាយអ្វីទេ យកសមត្ថភាព ឬការចេះដឹងរបស់យើងមកដាក់ពីមុខប្រសើរជាងនិយាយមុន ឬអួតមុន។ មិត្តអាចត្រូវបូក បន្ថែម ឬថយចុះដោយសារតែការនិយាយច្រើនពេក ឬអួតច្រើនពេក ឬតាំងខ្លួនថាគ្រាន់បើជាងគេពេក ដូច្នេះសូមប្រយ័ត្នត្រង់នេះ។
១០- ធ្វើអាកប្បកិរិយាមួយប្រពៃ
មានការគោរពចំពោះប្រធានទាំងសំដី និងកាយវិការ មានការគោរព សូម្បីជាមួយអ្នកសំអាត អ្នកធ្វើការកំប៉ិកកំប៉ុក ឬសូម្បីអ្នកមកប្តូរធុងទឹកសុទ្ធក៏ដោយចុះ។ត្រូវដឹងថា អ្នកទាំងនោះធ្វើការនៅទីនេះយូរហើយ ដូច្នេះការគោរពរបស់យើងចំពោះពួកគេ វាជារឿងមួយសំខាន់ណាស់។ ការរៀបឫកពារមួយបែបខ្ពស់ហួសពេក គ្មានអ្វី ក្រៅពីការទទួលបាននូវការពេបជ្រាយ ឬការឲ្យតម្លៃថា យើងជាមនុស្សក្រអឺតក្រទមនោះឡើយ។ ដូច្នេះយើងនឹងមិនទទួលបានការគោរពពីអ្នកផ្សេងដែលធ្វើការជាមួយពីបេះដូង របស់គេឡើយ វាប្រហែលជាមានត្រឹមតែសម្បកក្រៅប៉ុណ្ណោះ។
ភាពរួសរាយ វាយស្មើ មិនប្រកាន់ បង្កើនការរាប់អានល្អ នោះគឺជាទឹកត្រជាក់មួយកែវ ដែលគ្រប់គ្នាអាផឹកបាន ការវាយឫកជ្រុលហួសពេក បានត្រឹមទទួលនូវការស្អប់ពី អ្នកធ្វើការជាមួយតែប៉ុណ្ណោះ៕
No comments:
Post a Comment