ថ្មីៗ នេះ ការលេចលឺថាមានការតានតឹងក្នុងឆាកនយោបាយថៃជុំវិញការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់មូលដ្ឋានអាកាស អូ តាប៉ាវ នៅរ៉ាយ៉ង ប្រទេសថៃ បានធ្វើអោយមាន ការពិចារណាពីហេតុការណ៍ពាក់ព័ន្ធជាច្រើន។ ខាងក្រោមនេះ គ្រាន់តែជាការពិនិត្យមើលសើៗ លើលទ្ធភាពកើតមានការអួរអាប់ នៅក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ ក្នុងយុគសម័យ ពហុប៉ូល ដែលចិន កំពុងតែងើបឡើង ជំនួសអោយឧត្តមភាពទ្រុឌទ្រោមខាងសេដ្ឋកិច្ច តែនៅ មានការប៉ុនប៉ងរក្សាវត្តមាន និងបោះស្នឹងនៅអាស៊ី របស់សហរដ្ឋអាមេរិក។
ការជម្រុលខ្លួនរបស់សហរដ្ឋអាមេរិកចូលទៅអាស៊ីភាគអគ្នេយ៍ បានចាប់ផ្តើមមានការរួញរានៅពេលដែលក្រុងបាងកកពន្យាពេលធ្វើការសម្រេចចិត្តស្តីពីសំណូមពរអោយ NASA ប្រើប្រាស់ព្រលានយន្តហោះ អូ តាប៉ាវ នៅខេត្ត រ៉ាយ៉ង ដែលជាមូលដ្ឋានចាស់មួយ ត្រូវបានប្រើ ក្នុងសម័យសង្គ្រាមវៀតណាម សំរាប់ស្រាវជ្រាវពីអាកាសធាតុ និងការសិក្សាអំពីបរិយាកាស។
លោកអ្នកអានជាទីមេត្រី NASA ជាពាក្យកាត់ មានន័យថា រដ្ឋបាលជាតិខាងអាកាសនាវាវិជ្ជា និងលំហរអាកាស របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវចំពោះកម្មវិធីស៊ីវិល ខាងលំហរអាកាស និងការស្រាវជ្រាវពីអាកាសនាវាវិជ្ជា និងអាកាសលំហរ។ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០០៦ ទិសស្លោកបេសកកម្មគឺ ការត្រួសត្រាយអនាគតការរុករកក្នុងលំហរអាកាស របកគម្ហើញវិទ្យាសាស្ត្រ និងការស្រាវជ្រាវអាកាសនាវាវិជ្ជា។
សំណូមពរនោះ ជាការបោះជំហានមួយតូចទៅមុខក្នុងផែនការណ៍ទាំងមូលមួយនៃទំនាក់ទំនងការទូត តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ថ្វីបើសហរដ្ឋអាមេរិកនិយាយថា សំណើនោះត្រូវបានរៀបរៀងឡើងសំរាប់ការសិក្សាស្រាវជ្រាវពីអាកាសធាតុក៏ដោយ ពួកអ្នករិះគន់លើកហេតុផលថា វាមានរឿងច្រើនលើសពីនោះ ដោយខ្លះរអ៊ូរទាំថា រដ្ឋាភិបាលក្នុងប្រទេសថៃកំពុងមានបំណង ទាញចំណេញខាងនយោបាយ ឬបើមិនដូចនោះទេ ស្នើថា វាជាប្រតិបត្តិការដោយចំហរអ្វីម្យ៉ាង សំរាប់ឃ្លាំមើលទៅក្នុងប្រទេសចិន។
តាមឯកសារបរទេសនានា ព្រលានយន្តហោះអន្តរជាតិ អូ តាប៉ាវ រ៉ាយ៉ង ជាព្រលានយន្តហោះស៊ីវិល/យោធារួមគ្នា បម្រើអោយខេត្តរ៉ាយ៉ង និងប៉ាតាយ៉ា ក្នុងប្រទេសថៃ។ ព្រលានយន្តហោះនេះ ស្ថិតនៅចម្ងាយ ១៤០ គីឡូម៉ែត្រ ភាគអគ្នេយ៍ក្រុងបាងកក ក្បែរក្រុង សាត្ថាហ៊ីប នៅនឹងឈូងសមុទ្រសៀម។ ទីនេះ ក៏បម្រើជាមូលដ្ឋានយន្តហោះយោធានៃភូមិន្ទថៃ ក៏ដូចជាទីតាំងជួសជុលយន្តហោះរបស់ក្រុមហ៊ុន ថៃអ៊ែរវ៉េ ផងដែរ។
រឿងដែលត្រូវចាំគឺ ក្នុងសម័យសង្គ្រាមវៀតណាម អូ តាប៉ាវ ជាមូលដ្ឋានយោធាសំរាប់ ក្រុមយន្តហោះទម្លាក់គ្រាប់បែក បេ ៥២ របស់សហរដ្ឋអាមេរិក (ប្រជាជនថៃហៅថា “ប៊ីហាសិបសង” ឬប្រជាជនកម្ពុជាដែលទូលគ្រាប់បែកនេះទូទាំងប្រទេសហៅថា “អាបេហាពីរ”) ដោយ នាំយកហោចណាស់ជាមធ្យម ១០៨ គ្រាប់គ្រាប់ ទម្ងន់ពី ៥០០ ទៅ ៧៥០ ផោន ក្នុងមួយជើងៗ ចេញទៅទម្លាក់នៅកម្ពុជា និងវៀតណាមខាងជើង ជាពិសេស។
គ្មានការអះអាងណាមួយមាន មានមូលដ្ឋានដែលអាចអោយជឿបានទេ តែការទង្គិចក្បាលគ្នាខាងនយោបាយនៅប្រទេសថៃ ឮសូរកាន់ខ្លាំងឡើង នៅពេលដែលបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំង ដែលបានសម្រេចគំរោងនេះពេលដែលខ្លួននៅដឹកនាំរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលបច្ចុប្បន្ន ចង់បានទិដ្ឋាការសហរដ្ឋអាមេរិក អោយទៅអតីតមេដឹកនាំ ថាក់ស៊ីន ជាការដោះដូរជាមួយនឹងការទទួលបានទៅប្រើប្រាស់នូវមូលដ្ឋាននោះ។
ការចោទប្រកាន់នេះ ត្រូវបានធ្វើអោយកាន់តែសង្ស័យថែមទៀត ពេលដែលមានការពន្លយអោយដឹងពីប្អូនស្រីរបស់ ថាក់ស៊ីន លោកស្រី នាយករដ្ឋមន្ត្រី យីងឡាក់ ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន អំពីលទ្ធភាពវិលត្រឡប់ចូលប្រទេសរបស់បងប្រុសនៅថ្ងៃណាមួយ ដែលជាអ្នក នីរទេសខ្លួនដ៏មានម្នាក់ ដែលមិនអាចចូលស្រុកដោយសារតែការចោទថាមានទោសពីអំពើពុករលួយ។ យីងឡាក់ ថ្លែងប្រាប់ហ្វូងអ្នកកាសែតដែលកំពុងរង់ចាំថា នោះគឺជាគំរោងមួយល្អ តែត្រូវពិភាក្សាពីចំណុចលំអិតៗ ជាមុនសិន ដូចនេះគម្រោងនេះនឹងត្រូវដាក់អោយពិចារណា ដោយគណៈរដ្ឋមន្ត្រីនៅពេលណាមួយខាងមុខ។ បញ្ហានេះ ក៏នឹងត្រូវដាក់ជូនកិច្ចពិភាក្សារួមក្នុងសភា តែមិនមានការបោះឆ្នោតទេ។
ពួកអ្នកវិទ្យាសាស្ត្ររបស់ NASA មានក្តីសង្ឃឹមថា នឹងបានប្រើមូលដ្ឋាន អូ តាប៉ាវ ក្នុងខែ សីហា និងកញ្ញាខាងមុខ ជាផ្នែកមួយនៃការសហការតំបន់ ដែលគិតចូលនូវភ្នាក់ងារសំរាប់លំហរអាកាសរបស់កម្ពុជា ក៏ដូចជាព័ត៌មានវិទ្យាភូមិសាស្ត្រ និងអភិវឌ្ឍន៍បច្ចេកវិទ្យាលំហរអាកាស (Gistda)។ មេដឹកនាំបក្សប្រជាធិបតេយ្យ និងជាអតីតនាយករដ្ឋមន្ត្រី អភិសិទ្ធ ចង់អោយរដ្ឋាភិបាលផ្សព្វផ្សាយជាសាធារណៈពីកិច្ចការលម្អិតនៃគំរោង ហើយលើកយកទៅពិចារណាក្នុងសភា យោងតាមមាត្រា ១៩០ នៃរដ្ឋធម្មនុញ្ញ។ គាត់ធ្វើបានដូចបំណង។
មាត្រាទាមទារអោយគ្រប់កិច្ចព្រមព្រៀងជាមួយបរទេស ត្រូវតែបានពិចារណាដោយរដ្ឋសភា ពិសេសពេលដែលកិច្ចព្រមព្រៀងទាំងនោះ មានការពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរ និងអធិបតេយ្យភាពទឹកដី។ ចិន បានលេចធ្លោឡើងជាបញ្ហាមួយ ដោយសារតែអ្នកនយោបាយមួយចំនួនខ្លាចការប្រើប្រាសើនូវមូលដ្ឋាន នឹងជំរុញថែមទៀត អោយមានការតានតឹងកាន់តែខ្លាំងឡើង ដែលស្របគ្នាជាមួយនឹងគោលដៅធំបំផុតរបស់ចិន។ ពួកអាមេរិក បាននិយាយ ពួកគេអាចនឹងចង់ប្រើមូលដ្ឋាននេះសំរាប់ការសង្គ្រោះពេលមានមហន្តរាយ។ មូលដ្ឋានមួយបែបនេះ អាចនឹងបានជាទីតាំងស្រួលធ្វើការ ក្នុងការប្រឹងប្រែងសង្គ្រោះ ដូចដែលបន្ទាប់ពីកើតមានទ្ស៊ូណាមី កាលពីឆ្នាំ២០០។
ក៏ប៉ុន្តែ រដ្ឋមន្ត្រីវិទ្យាសាស្ត្រថៃ Plodprasop Suraswadi បាននិយាយត្រង់ៗ និងមានន័យផងដែរ ពេលដែលនិយាយថា NASA ផ្តើមគំនិតនេះតាំងពីពីរឆ្នាំមុនមកម្លេះ និងមានផែនការជម្រុញអោយទៅមុខ ព្រោះវាមានសារប្រយោជន៍សំរាប់ការស្រាវជ្រាវពីអាកាសធាតុ។ គាត់ប្រាប់ សារពត៌មានថា “NASA មានបច្ចេកវិទ្យា ដែលយើងមិនមាន។ បើគម្រោងនេះមានជោគជ័យ យើងនឹងមានចំនេះដឹងមយយចំនួនអំពីឧតុនិយម ដែលនឹងជួយអោយយើងអាចដឹងមុនកាន់តែបានត្រឹមត្រូវ ហើយអាចត្រៀមខ្លួនបានល្អពីទឹកជំនន់។
កាលពីថ្ងៃ ២៦ មិថុនា សារពត៌មាន MCOT online ផ្សាយថា នាយករដ្ឋមន្ត្រី យីងឡាក់ បានថ្លែងបំភ្លឺពីករណីខាងលើនេះថា គណៈរដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតឲ្យ NASA ប្រើប្រាស់មូលដ្ឋានព្រលានយន្តហោះ អូ ទាប៉ាវ ហើយ តែ “ត្រូវឆ្លងកាត់ការសម្រេចរបស់សភាសិន” ដូចមានចែងក្នុតមាត្រាទី ១៧៩ នៃរដ្ឋធម្មនុញ្ញសិន ទោះបីថាក្រុមប្រឹក្សាមិនចាត់ថាមានការពាក់ព័ន្ធនឹងមាត្រាទី ១៩០ ក៏ដោយ។
ពីរថ្ងៃក្រោយមកនេះ តាម MCOT online ដដែល បានអោយដឹងថា នៅចំពោះមុខនៃសភាពការណ៍នយោបាយផ្ទៃក្នុងទង្គិចក្បាលគ្នារបស់ថៃ ពិសេសជំហរកេងចំណេញពីបក្សប្រឆាំង របស់ អភិសិទ្ធ ដែលចង់ប្រើប្រាស់សំណូមពរសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានអាកាស អូ តាប៉ាវ រារាំងការបើកច្រកទិដ្ឋាការអោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងដាក់សម្ពាធលើរដ្ឋាភិបាលភឿថៃ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ លោក វ៉លទ័រ ប្រោនណូល័រ ចេញមកអះអាងថា “អង្គការ NASA បានលុបចោលគម្រោងការសិក្សាអំពី ការកកើតពពកដែលបិទបាំងជះឥទ្ធិពលនៅអាស៊ីអគ្នេយ៍ ដោយមិនអាចរង់ចាំតទៅទៀតបាន។
លោក វ៉លទ័រ លើកហេតុផលថា គម្រោងមិនអាចរង់ចាំ ការសម្រេចរបស់សភាបានទេ ដោយសារ ការបើកសម័យប្រជុំសភារបស់ថៃ នៅថ្ងៃ ០១ សីហា វាបាននាំអោយការរង់ចាំឈានដល់រយៈពេលដែលត្រូវអនុវត្តគំរោងរួចទៅហើយ។ លោកថា នឹងលើកយកគម្រោងនេះទៅពិភាក្សានៅឆ្នាំក្រោយទៀត។
ស្តាប់ទៅដូចជា ការប្រើប្រាស់ អូ តាប៉ាវ តាមក្តីបំណងរបស់សហរដ្ឋអាមេរិក គឺដើម្បីគោលដៅសិក្សាអាកាសធាតុទេ មិនមែនសំរាប់គោលដៅឃ្លាំមើលចិន ថាមានអ្វីកំពុងតែរពើតរពើងនៅខាងក្នុងនោះទេ។ ប៉ុន្តែ មានអ្នកណាទៅអាចអះអាងថា មើលស្រាវជ្រាវបាន និងមើលឃើញតែធាតុអាកាសនោះ? មានអ្នកណាទៅត្រួតត្រាការសិក្សាស្រាវជ្រាវអស់ទាំំងនោះឯណាបាន?
យ៉ាងណាក្តី បើសូម្បីតែ វាជាគំរោងការអាកាសធាតុសុទ្ធសាធក៏ដោយ ក៏ការពន្យាគំរោង មួយនេះ ត្រូវតែបានអ្នកផងមើលឃើញថា ពិតជាធ្វើអោយមានការព្រួយបារម្ភខ្លះមិនខាន ពីក្រុងវ៉ាស៊ីនតោន។ ហេតុអ្វីទៅ? គឺពីព្រោះថា នៅទីបំផុត បើសហរដ្ឋអាមេរិកមិនអាចបង្ហោះប៉េងប៉ោងធាតុអាកាសនៅ អូ តាប៉ាវ ឬភាគនេះនៃអាស៊ីអគេ្នយ៍បានទេ ដោយសារតែត្រូវរង់ចាំការសម្រេចរបស់សភាថៃសិន ឬនិយាយអោយចំ ដោយសារតែការរាំងខ្ទប់ដោយសារវិបត្តិមនោគមន៍វិជ្ជាក្នុងប្រទេសថៃជាជាង តើសហរដ្ឋអាមេរិកត្រូវដម្កល់ក្តីសង្ឃឹមកំពស់ណាទៅ សំរាប់ការដូរផ្លាស់ក្នុងគោលនយោបាយជាយុទ្ធសាស្ត្រ ក្នុងការទាញថៃ ដែលជាសម្ព័ន្ធមិត្តចាស់ អោយនៅកៀកនឹងខ្លួននោះ?
តាមន័យនេះ គេអាចយល់សម្តីរបស់ វ៉លទ័រ មួយបែបទៀតថា “កំនពពកនៅប្រទេសថៃ កំពុងបិទបាំងនិងជះឥទ្ធិពលនៅអាស៊ីអគ្នេយ៍ ដែលសហរដ្ឋអាមេរិក គិតថា មិនអាចរង់ចាំតទៅទៀតបាន”៕
No comments:
Post a Comment