បើទោះបីជាបក្សប្រឆាំងបានដឹងយ៉ាងច្បាស់ថានៅកម្ពុជាមានការបើកទូលាយនូវសិទ្ធិនយោបាយ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយទូលាយយ៉ាងនេះក្តី ក៏គណបក្សប្រឆាំងនៅតែបន្តធ្វើគ.ថ្លង់ ហើយថែមទាំងបដិសេធមិនទទួលយកការពិត មិនត្រឹមតែប៉ុណ្ណោះ បែរជារិះគន់មកលើរដ្ឋាភិបាលរបស់ប្រទេសខ្លួនថា បានដើរផ្ទុយពីហេតុការណ៍នៅក្នុងប្រទេសភូមាទៅវិញ។
ការពិតរាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យកការដឹកនាំរបស់ខ្លួនតាមបែបប្រជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញ និងបានធ្វើការបោះឆ្នោតយ៉ាងទៀតទាត់ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយជាច្រើន ក្នុងនោះគណបក្សប្រឆាំងក៏បានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនក្នុងការដណ្តើមប្រជាប្រិយភាពលើគណបក្សជាដៃគូរ ដោយសេរី និងគ្រប់រូបភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពឃោសនានានា វាយប្រហារមកលើរាជរដ្ឋាភិបាលគ្រប់ពេលវេលា។
ជានិច្ចកាល បក្សប្រឆាំង តែងតែប៉ុនប៉ងម្តងហើយម្តងទៀត ដើម្បីសំរេចគោលដៅរបស់ខ្លួនក្នុងការដណ្តើមចង់កាន់កាប់អំណាច ក្នុងរដ្ឋាភិបាល ដែលជាទូទៅសាធារណជនធ្លាប់បានដឹងឮជាញឹកញាប់ជុំវិញការអំពាវនាវ ដល់សហគមន៍អន្តរជាតិឱ្យធ្វើការដាក់គំនាប ក៏ដូចជាជម្រុញឱ្យមានការផ្តាច់ជំនួយការកសាងនិងអភិវឌ្ឍប្រទេស តើសកម្មភាពទាំងនេះ ជាភាពឆ្លាតវៃ ឬក៏ជាភាពល្ងង់ខ្លៅរបស់បក្សប្រឆាំង?
បើនិយាយអំពីការប្រឆាំងនៅក្នុងប្រទេស ភូមា គេបានដឹងថា លោក ស្រី អង់សាន ស៊ូជី តែងតែអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសមហាអំណាចធំៗជួយជាថវិកា ក៏ដូចជាសម្ភារៈ បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិរបស់គេ គឺមិនដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជនរបស់គេនោះទេ ចុះបក្សប្រឆាំងនៅស្រុកខ្មែរវិញ ហេតុអ្វីបានជាដើរបញ្ច្រាសទិសពីប្រទេសភូមា ហើយបែរជាងាកក្បាលមកជេររដ្ឋាភិបាលខ្លួនឯង ថាបានគំរាមកំហែងដល់សិទ្ធិបញ្ចេញមតិ និងចោទថា តួនាទីរបស់គណបក្សប្រឆាំងត្រូវបានកៀបសង្កត់យ៉ាងធ្ងន់ធ្ងរទៅវិញ? នេះ បើយោងតាមការផ្តល់កិច្ចសម្ភាសន៍របស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០១២។
ការពិតនៅកម្ពុជា មានការលើកកម្ពស់គ្រប់បែបយ៉ាងនូវសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិបង្កើតអង្គការសមាគម សិទ្ធិបង្កើតគណបក្សនយោបាយ និងសិទ្ធិឃោសនាបោះឆ្នោតស្របតាមកាលបរិច្ឆេទ ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែ ផ្ទុយទៅវិញ គណបក្សប្រឆាំងមិនត្រឹមតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សិទ្ធិដូចមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះទេថែមទាំងបានរំលោភលើដែនអធិបតេយ្យនៃអំណាចរបស់រដ្ឋាភិបាលទៅទៀត មានជាអាទិដូចជា ទង្វើដកបំផ្លាញតម្រុយបង្គោលព្រំដែនដោយមេបក្សសម រង្ស៊ី ការបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលដោយលោកស្រី មូរ សុខហួរ ការប៉ុនប៉ងបង្គាប់បញ្ជាព្រះមហាក្សត្រតាមរយៈលិខិតរបស់លោក សុន ឆ័យ ដែលបានចោទប្រកាន់ទៅលើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនឯករាជ្យ យុត្តិធម៌ជាដើម។ល។ នេះ ឬជាការបំបិទសិទ្ធិទៅលើក្រុមប្រឆាំង?
ក្រៅពីសកម្មភាពដូចបានរៀបរាប់ខាងលើ នៅមានករណីបំពានច្បាប់របស់ក្រុមបក្សប្រឆាំងនៅកម្ពុជាជាច្រើនទៀត ដែលយើងខ្ញុំមិនចាំបាច់រៀបរាប់ ដូចដែលប្រជាពលរដ្ឋធ្លាប់បានដឹងរួចមកហើយស្រាប់។
គណបក្សប្រឆាំង គឺមានតួនាទីដ៏សំខាន់ខ្លាំងណាស់ក្នុងការចូលរួមតម្រង់ទិស ផ្តល់ជាគំនិតយោបល់ ជាការរួមចំណែកផ្លូវច្បាប់ ដើម្បីការពង្រឹងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ មិនមែនប្រឆាំងទាំងទទឹងទិស បង្អាក់ ឬក៏រារាំងប្រទេសម្ចាស់ជំនួយមិនឱ្យជួយមកកម្ពុជា ហើយថែមទាំងនិយាយមួលបង្កាច់ បង្ខូចកិត្យានុភាពរបស់រាជរដ្ឋាភិបាលទៅមជ្ឈដ្ឋានខាងក្រៅ គឺពុំសក្តិសមជាអ្នកតំណាងរាស្ត្ររបស់ខ្មែរនោះទេ។ ពួកគេ គប្បីមានកាតព្វកិច្ចជួយស្វែងរកជំនួយដើម្បីកសាងប្រទេសនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទើបជាការប្រសើរជាង បង្កើតវេទិការិះគន់ និងបំភ្លៃការពិត។
ប៉ុន្តែ បើទោះបីជាបក្សប្រឆាំងខិតខំផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងណាក៏ ដោយ ក៏មិនមានឥទ្ធិពលណាមួយអាចបញ្ចុះបញ្ចូលឱ្យសហគមន៍អន្តរជាតិជឿខ្លួន បាននោះទេ ជាក់ស្តែង វិទ្យាស្ថានសារណរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ IRI ធ្លាប់បានស្ទង់មតិថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដើរលើផ្លូវត្រូវ ៧៦ភាគរយ ។ នេះ គឺជាសារនយោបាយមួយ ប្រៀបបាននឹងដំបងដែកដ៏ធ្ងន់វាយបំបាក់យ៉ាងតំណំទៅលើគណបក្ស ប្រឆាំង ថា គួរបញ្ចប់នូវការរិះគន់មិនពិតនោះទៀតទៅ ដែលវានឹងមិនផ្តល់ផលល្អសំរាប់គណបក្សខ្លួននោះទេ។ ហើយម៉្យាងទៀត វារិតតែអាក្រក់ខ្លាំងណាស់នៅពេលដែលពលរដ្ឋខ្មែរបានដឹងច្បាស់អំពីការរីកចំរើនរបស់ ប្រទេសជាតិ ស្ទើរគ្រប់វិស័យ រួមទាំងបើកនូវសិទ្ធិសេរីភាពយ៉ាងទូលាយរបស់គណបក្សនយោបាយនានានៅ កម្ពុជា ប៉ុន្តែ បែរជាត្រូវបានមើលរំលងដោយបក្សសម រង្ស៊ី យ៉ាងនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវភាពល្ងង់ខ្លៅ របស់គណបក្សប្រឆាំងនៅស្រុកខ្មែរដែលចង់ឱ្យតម្លៃខ្លួនខ្ពស់ហួសហេតុ។ ការពិតខ្លួនអន់ជាងគណបក្សប្រឆាំងរបស់លោក ស្រី អង់ សានស៊ូជី ឆ្ងាយសែនឆ្ងាយ និងពុំមានសមត្ថភាពរឹងមាំក្នុងភាពជាដៃគូរជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបំរើប្រជាពលរដ្ឋខ្លួនដោយស្មោះត្រង់នោះទេ គឺពួកគេនាំគ្នាប្រឆាំងដើម្បីតែបំពុលបរិយាកាស និងបង្អើល ធ្វើឱ្យមានភាពជ្រួលច្របល់តែប៉ុណ្ណោះ៕
No comments:
Post a Comment