នួន ឃឿន ជាអ្នកនិពន្ធ សាស្ត្រាចារ្យ និង ជាប្រវត្តិវិទូជាតិ ជឿនលឿននិយម ហើយតាមរយៈការងារ និងស្នាដៃទាំងឡាយរបស់លោក បានដាស់តឿន ក្រើនរំលឹកខេមរជាតិគ្រប់សម័យកាល កុំឱ្យធ្វេសប្រហែសនូវគ្រោះថ្នាក់ដែលអាចកើតឡើងគ្រប់ពេលវេលាដោយសារមហិច្ឆតានៃប្រទេសជិតខាងមកលើកម្ពុជា។
“ នៅពីទិសខាងជើង និងខាងលិចប្រទេសកម្ពុជាយើង បណ្តាជនប្រទេសមួយទៀតនឹងអាចក្លាយទៅជាទម្ងន់មួយថ្មីទៀតសង្កត់មកលើដែនដីយើង...។
កាលបើយើងបានលើកយកបញ្ហាយួនមកពិចារណាពន្យល់បំភ្លឺដល់សម្បជញ្ញជាតិយើងរួចហើយ យើងពុំអាចបំភ្លេចបានសោះឡើយថា គ្រោះថ្នាក់ដែលនឹងអាចយាយីមាតុប្រទេសខ្មែយើងមិនមែនធ្លាប់មានមកតែអំពីទិសខាងកើត និងខាងត្បូងប៉ុណ្ណោះឡើយ , នេះគឺសត្រូវ ចុងក្រោយរបស់យើង ដែលមានផ្ទៃក្រឡាជាង៦០.០០០ ម៉ែត្រការ៉េ ស្មើនឹងក្រឡាផ្ទៃប្រទេសអ៊ីស្រាអែល៣ដង ។ យើងនៅមានអ្នកជិតខាងរបស់យើងមួយទៀតដែលជា “ សត្រូវ” ចាស់ ពីបរមបុរាណ ហើយដែលបានត្របាក់លេបអស់រយៈច្រើនសតវត្សរ៍មកហើយនូវអាណាខេត្តរបស់យើងច្រើនអនេក៖ “ សត្រូវ” នេះ , ដែលយើងមិនទាន់អាចបំភ្លេចបានថាមុនឆ្នាំ១៩០៧ បានមកវាតទីតាំងនៅ១/៣ នៃដែនដីយើងសព្វថ្ងៃនេះ ហើយដែលកាលពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៥ បានមកច្បាំងដណ្តើមតាមវិធីកម្លាំងបាយនូវខេត្តសៀមរាប , កំពង់ធំ, បាត់ដំបងសាជាថ្មីទៀតគឺប្រទេសសៀម ឬ ថៃឡងដ៍នេះឯង ។
បើនៅក្នុងប្រវត្តិសាស្ត្រខ្មែរយើង ជនជាតិយួន ជាជនជាតិប្រកបដោយគ្រោះថ្នាក់យ៉ាងជាក់ស្តែងចំពោះយើងយ៉ាងណា ជនជាតិសៀមក៏ជាអ្នកជិតខាងប្រកបដោយគ្រោះថ្នាក់ដែលមានសភាពសាហាវមិនចាញ់គ្នាយ៉ាងនោះដែរ ។
ដូច្នេះហើយការដែលយើងចាប់អារម្មណ៍ទៅលើគ្រោះថ្នាក់ទាំងពីរនេះព្រមៗគ្នា ជាមធ្យោបាយតែមួយអាចឱ្យយើងប្រុងប្រៀបជើងការណ៍ទុកមុនឱ្យស្រេចនេះ ប្រាកដជាឧត្តមគតិដ៏ប្រសើរ វិសេសវិសាលក្រៃលែងណាស់ទៅហើយ ។ ប្រវត្តិសាស្ត្រពីអតីតកាលថ្មីៗនេះជាមេរៀនស្រាប់ , ការដែល” ចាំឱ្យទឹកឡើងដល់ច្រមុះ “ សឹមប្រវេប្រវារកទីជម្រកនឹងក្លាយទៅជាសេចក្តីផ្តើមនៃការលិចលង់ ឬ ទីបំផុតនៃភាពអស់សង្ឃឹមមិនខានឡើយ “។
ខាងលើ នេះគឺជាអត្ថបទមួយក្នុងចំណោមអត្ថបទាំងឡាយមានចំណងជើងថា“ប្រទេសសៀមនឹងមានបណ្តាជន៧០លាននាក់ ” ដកស្រង់ចេញពីសៀវភៅ “ ដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិនឆ្នាំ២០០០ ” របស់លោកសាស្ត្រាចារ្យ នួន ឃឿន ។
សៀវភៅនេះ បើគ្រាន់តែក្រឡេកមើលផ្នែកណាមួយនោះ ប្រហែលជាអាចធ្វើឱ្យគេគិតថា លោក នួន ឃឿន ជាមនុស្សជាតិនិយមជ្រុល ហើយជាអ្នកប្រវត្តិសាស្ត្រ រើសអើងប្រកាន់ពូជសាសន៍ និងបញ្ឆេះឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ជិតខាង ប៉ុន្តែតាមពិតមិនបែបនោះទេ គឺវាជាស្នូររគាំងដាស់ស្មារតីខេមរជនគ្រប់រូបកុំឱ្យភ្លេចខ្លួន ដើរជាន់ដានចាស់ដែលនាំឱ្យបាត់បង់ទឹកដី និងមិនមានឯករាជ្យជាតិពេញលេញពិតប្រាកដ ។
“ ដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិនឆ្នាំ២០០០“ របស់សាស្ត្រាចារ្យ នួន ឃឿន គឺជាសិក្សាកថាបែបប្រវត្តិសាស្ត្រ ទាក់ទងទៅនឹងប្រជាសាស្ត្រ និង ភូមិសាស្ត្រនយោបាយ ដោយសិក្សាប្រយោល រហូតដល់ឆ្នាំ២០០០ ក្នុងគោលបំណងព្រមានអ្នកនយោបាយនិងអ្នកកាន់អំណាចខ្មែរពីគ្រោះថ្នាក់ដ៏ធំនាពេលអនាគត ដែលកើតចេញពីប្រទេសវៀតណាម និងប្រទេសថៃ ។
នៅក្នុងសេចក្តីប្រារព្ធគឺជាលិខិតចំហចំពោះខ្មែរទាំងអស់នៅក្នុងប្រទេស , នៅប្រទេសវៀតណាមខាងត្បូង និងនៅប្រទេសសៀម ឱ្យរួបរួមសាមគ្គីគ្នាទប់ទល់នឹងខ្មាំងសត្រូវសួរពូជ ដើម្បីការពារបូរណភាពទឹកដីខ្មែរដែលសល់ដ៏តូចនេះកុំឱ្យបាត់បង់តទៅទៀត។ លិខិតនេះជាសំឡេងអង្វរនៃប្រវត្តិវិទូជាតិ ដែលមើលឃើញពីគ្រោះថ្នាក់ដែលនឹងកើតឡើងដល់ប្រទេសជាតិរបស់គាត់។
សៀវភៅនេះ ចែកចេញ២ផ្នែកសំខាន់ៗគឺ៖
១. វិភាគបែបប្រវិត្តិសាស្ត្រ និង នយោបាយ រហូតដល់រវាងឆ្នាំ១៩៧១ គឺនៅក្នុងសម័យដែលសៀវភៅនេះត្រូវបានចេញផ្សាយ
២. សិក្សាប្រយោល រហូតដល់ឆ្នាំ២០០០ គឺជាទស្សនវិស័យតាមបែបប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ ដោយបង្ហាញពីគ្រោះថ្នាក់លេចចេញពីប្រទេសថៃ និងប្រទេសវៀតណាម ។
តាមរយៈសៀវភៅ ដំណើរឆ្ពោះទៅទិសខាងលិច និង ឥណ្ឌូចិនឆ្នាំ២០០០ នេះដែរ ប្រវត្តិវិទូ នួន ឃឿន ក៏បានផ្តល់ទស្សនទានថា “ សេដ្ឋកិច្ច ជាអ្នកដឹកនាំនយោបាយ ហេតុនេះដើម្បីឱ្យប្រទេសជាតិមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងឥទ្ធិពលនៃប្រទេសជិតខាងដែលមានបំណងលេបត្របាក់ទឹកដីខ្មែរតាមគ្រប់រូបភាពនោះ ខ្មែរត្រូវតែមានឯករាជភាពផ្នែកនយោបាយ ហើយដើម្បីឱ្យនយោបាយមានឯករាជភាពនោះ សេដ្ឋកិច្ចជាតិត្រូវតែខ្លាំងក្លាគ្រប់គ្រាន់”។
ទោះយ៉ាងណា លោកបានបើកឱកាសក្នុងការពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ ឱ្យពួកជំនាញជាអ្នកសម្រេច។
មុនពេលចូលព្រៃ ពោលគឺអំឡុពេលលោកបំពេញការងារក្នុងប្រទេស លោក នួន ឃឿន បានបន្សល់ទុកនូវស្នាដៃសិក្សាកថាប្រវត្តិសាស្ត្រសំខាន់ៗចំនួន៣គឺ៖
១. ដំណើរឆ្ពោះទៅទិសខាងលិច និងឥណ្ឌូចិន ឆ្នាំ២០០០ , ភ្នំពេញ , ១៩៧១
២. រដ្ឋប្រហារឆ្នាំ១៩៣២ ពីសៀមទៅថៃឡងដ៍ , ភ្នំពេញ, ១៩៧១
៣. បដិវត្តន៍មិនទាន់ចប់ , ភ្នំពេញ, ១៩៧២
លោក នួន ឃឿន កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៤៤ នៅខេត្តសៀមរាប ។ កាលនៅយុវវ័យ បានសិក្សានៅក្នុងខេត្តកំណើតរបស់លោក។ នៅឆ្នាំ១៩៦៤ បានប្រឡងជាប់ចូលសាលាគរុវិជ្ជាជាន់ខ្ពស់ក្រុងភ្នំពេញ ហើយនៅឆ្នាំ១៩៦៨ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកប្រវត្តិសាស្ត្រ។ លោកមានតួនាទីជាសាស្ត្រាចារ្យមធ្យមសិក្សា មធ្យមភូមិ នៅខេត្តកំពង់ចាម មុនពេលផ្លាស់មកក្រុងភ្នំពេញ ហើយបន្ទាប់មកទៀតបានធ្វើជាសាស្ត្រាចារ្យជំនួយនៅមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ ក្រុងភ្នំពេញ។
លោកជាប្រវត្តិវិទូដ៏វាងវៃម្នាក់ក្នុងជំនាន់លោក ហើយលោកជាអ្នកសរសេរក្នុងព្រឹត្តិបត្រប្រចាំខែជាភាសាបារាំងឈ្មោះ កម្ពុជាថ្មី ( Cambodge nouveau) ។
លោក នួន ឃឿន គឺជាបញ្ញវន្តវឌ្ឍនភាពនិយម ហើយទោះជាលោកមិនមែនជាជនកុម្មុយនិស្តក្តី ប៉ុន្តែទំនងជាដោយសារអស់សង្ឃឹមចំពោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ របស់ឧត្តមសេនីយ៍ លន់ នល់ ទើបលោកបានចូលព្រៃម៉ាគីស៍ នៅឆ្នាំ១៩៧២។
គេពុំសូវបានដឹងពីសកម្មភាពរបស់លោកក្នុងពេលចូលព្រៃឡើយ ប៉ុន្តែគេបានសន្និដ្ឋានថា លោកត្រូវបានបក្ខពួកឆ្វេងនិយមជ្រុលសម្លាប់នៅអំឡុងឆ្នាំ១៩៧៥៕ S
No comments:
Post a Comment