ហៀល វែលឌី
Max Boot និង Jeane J. Kirkpatrick ជាសហការីដើមខ្សែ នៃការសិក្សាសន្តិសុខជាតិ (National Security Studies) របស់ក្រុមប្រឹក្សាសំរាប់ទំនាក់ទំនងបរទេស (សហរដ្ឋអាមេរិក) កាលពីថ្ងៃ ២៤ មិថុនា បានរួមគ្នាបញ្ចេញមតិថា ចិនកំពុងតែចាប់ផ្តើមទន្ទ្រានយកដែនសមុទ្រនៅច្រើនកន្លែង។ បើពិនិត្យតាមការរៀបរៀងដើម ពាក្យជាអង់គ្លេស ថា Seas ក៏មានន័យថា ជាសមុទ្រលើសពីមួយហើយ តែបើសិនជាចាត់ទុកពាក្យនេះ ថាជាអក្សរកាត់វិញ ក៏មានន័យថា អាស៊ីអាគ្នេយ៍ ផងដែរ។ សូមពិនិត្យខ្លឹមសារទាំងស្រុង ដែលអ្នកទាំងពីរបានរៀបរៀងដូចតទៅ ដើម្បីលោកអ្នកកាត់យល់ដោយខ្លួនឯង ថា ពាក្យនោះ អ្នកនិពន្ធខាងដើមចង់និយាយថា ជាបណ្តាសមុទ្រនានា ឬថាជាបណ្តាប្រទេសនៅអាស៊ីភាគអាគ្នេយ៍?
ករណីចចេសសំរាប់គោលនយោបាយការបរទេសរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ស្ថិតនៅនឹងសសរស្តម្ភពីរ៖ គាត់ជាអគ្គបញ្ជាការដ៏កំណាចមិនញញើតនឹងសម្លាប់សត្រូវរបស់ជាតិ និង កំពុងតែក្រវែលចាប់ពីមជ្ឈិមបូព៌ាដល់អាស៊ីបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងថ្នាក់លេខ ១ ចំពោះអំណាចអាមេរិក គឺ ចិន។ មានការពិតខ្លះដែរសំរាប់ការអះអាងបែបនេះ តែភាពប្រហោងជាសារវ័ន្ត ត្រូវបានបង្ហាញដោយការបរាជ័យមិនសូវមានការកត់សម្គាល់ ដែលសហរដ្ឋអាមេរិកបានទទួលនៅកន្លែងមួយ ដែលប្រជាជនអាមេរិកមិនច្រើនទេធ្លាប់បានឮ។
Scarborough Shoal គឺជាបណ្តុំផ្ទាំងថ្មក្នុងសមុទ្រចិនភាគខាងត្បូង ដែលត្រូវបានរកឃើញដោយ នាវាក្រុមហ៊ុនឥណ្ឌាខាងកើតរបស់អង់គ្លេស (British East India Company) ឈ្មោះថា Scarborough ដែលកឿងនៅទីនោះកាលពីឆ្នាំ ១៧៨៤។ ថ្មផុសពីទឹកនេះ បានក្លាយជាវត្ថុទាមទារទាំងដោយចិន ទាំងដោយហ្វីលីពីន ដោយសារតែវាសម្បូរណ៌ល្អាងចាប់ត្រី ដែលនៅជុំវិញ និងលទ្ធភាពនៃការខួងរកប្រេង។
គេអាចនឹកគិតថា ហ្វីលីពីន គួរតែអាចទាមទារបាន ដោយបានសាងសង់ជាប៉មបញ្ចាំងភ្លើងនាំផ្លូវនាវាក្នុងសមុទ្រ និងបង្ហូតទង់ជ័យរបស់ខ្លួននៅទីនោះ តាំងពីទសវត្សឆ្នាំ ១៩៦០។ ហ្វូងថ្មនោះ ស្ថិតនៅចម្ងាយតែ ១៤០ ម៉ៃល៍ (ឬប្រមាណ ២២៥,៣ គីឡូម៉ែត្រ) ភាគខាងលិច លូហ្សូន (Luzon) ដែលជាកោះសំខាន់របស់ហ្វីលីពីន គឺនៅក្នុងរង្វង់ដំបន់សេដ្ឋកិច្ចផ្តាច់មុខ ២០០ ម៉ែល៍ (៣២១,៨ គីឡូម៉ែត្រ) នៃទីក្រុងម៉ានីល ដូចដែលមានការទទួលស្គាល់ដោយច្បាប់អន្តរជាតិ។ វាស្ថិតនៅចម្ងាយ ៧៥០ ម៉ៃល៍ (១២០៧ គីឡូម៉ែត្រ) ពីដីគោករបស់ចិន។
យ៉ាងណាក្តី ចិនកំពុងតែប្រឹងប្រែងអះអាងអធិបតេយ្យរបស់ខ្លួនលើ ៩/១០ នៃសមុទ្រចិនភាគខាងត្បូង ផ្អែកតាម “ភស្តុតាង” ប្រវត្តិសាស្តដោយលំអៀង ចាប់តាំងពីដំណើរមួយចំនួនដែលត្រូវបានអះអាងថាធ្វើដោយអ្នករុករកជាតិចិន កាលពី ២០០០ ឆ្នាំមុន រហូតមកដល់ផែនទី ឆ្នាំ ១៩៧៤ ចេញដោយរដ្ឋាភិបាលជាតិនិយមចិន និងដែលមិនមានរដ្ឋផ្សេងណាទទួលស្គាល់ឡើយ។
ដោយមិនទុកចិត្តទៅលើការអះអាងរបស់ខ្លួន ចិនបានប៉ុនប៉ងធ្វើអោយកាន់តែរឹងមាំ ដោយការបញ្ជូននាវានេសាទ និងនាវាល្បាតយោធាប្រតិព័ទ្ធ ចូលទៅក្នុងដែនទឹកមានទំនាស់។ កាលពីដើមខែមេសា នាវាកងទ័ពជើងទឹកហ្វីលីពិន បានប្រឹងប្រែងរារាំងក្រុមអ្នកនេសាទចិន មិនអោយចូលនេសាទសត្វសមុទ្រក្នុងតំបន់នោះ។ នាវាប្រដាប់អាវុធពីរ មកពី ភ្នាក់ងារឃ្លាំមើលសមុទ្រចិន បានចូលធ្វើអន្តរាគមន៍ ហើយក៏ធ្វើអោយមានការប្រឈមមុខគ្នា។
ក្នុងរយៈកាលពីរខែកន្លងទៅ ចិន បានបញ្ជូននាវាជាង ២០ គ្រឿងទៅកាន់តំបន់ថ្មប៉ប្រះទឹកនោះ ក្នុងនោះមាននាវាយោធាប្រតិព័ទ្ធប្រមាណជា ៧ គ្រឿងផងដែរ។ ផលប្រយោជន៍ខាងហ្វីលីពីន ត្រូវបានការពារដោយនាវាឆ្មាំឆ្នេរសមុទ្រពីរគ្រឿង។ ការប្រឈមមុខគ្នានៅទីបំផុតក៏ត្រូវបានបញ្ចប់ ហោចណាស់ក៏សម្រាប់ក្នុងពេលនេះដែរ ពេលដែល ហ្វីលីពីន បានដកនាវារបស់ខ្លួនចេញ ជាជាងប្រថុយនឹងត្រូវបាត់បង់វា ដោយសារតែព្យុះដែលកំពុងតែចូលមក។
សហរដ្ឋអាមេរិក មុខតែការពារហ្វីលីពីន តាមលក្ខខណ្ឌទាំងឡាយនៃសន្ធិសញ្ញា ឆ្នាំ ១៩៥១។ តែ សូម្បីតែសម្ព័ន្ធមិត្តរបស់យើង (ហ្វីលីពីន) ត្រូវចិនសង្កត់សង្កិន រដ្ឋបាល អូបាម៉ា នៅទ្រឹងសាកសួរមតិមិនឈប់។
ហ្វីលីពីន បានសុខចិត្តដាក់ទំនាស់ក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough ទៅតុលាការអន្តរជាតិ ក្រោមច្បាប់នៃសន្ធិសញ្ញាសមុទ្រ (Law of the Sea Treaty) ដែល ទាំងក្រុងប៉េកាំង ទាំងក្រុង ម៉ានីល បានចុះហត្ថលេខា។ តែ ចិន ប្រកែក ព្រោះគ្មានសង្ស័យទេ ថាខ្លួននឹងចាញ់។ មេដឹកនាំចិន ច្បាស់ជាគិតហើយថាខ្លួនមានឱកាសល្អជាង ដើម្បីនឹងអះអាងទាមទារយកដោយប្រធានសក្តិ ពីព្រោះ មិនមានផ្លូវណាដែលរដ្ឋខ្សោយដូចជាហ្វីលីពីន អាចទប់ទល់បានទេ។
រដ្ឋបាល អូបាម៉ា មិនបានសម្របសម្រួលយុទ្ធនាការអន្តរជាតិ ដើម្បីកៀងគរការគាំទ្រអោយហ្វីលីពីនទេ។ មិនតែប៉ុណ្ណោះ រដ្ឋបាលអូបាម៉ា ក៏មិនចាត់វិធានការណ៍ដ៏រំភើបបំផុតដែរ ដោយមិនបានបញ្ជូននាវាប្រឆាំងនាវាមុជទឹក/យន្តហោះ ឬនាវាចម្បាំងរបស់អាមេរិក ចូលទៅតំបន់ថ្មប៉ប្រះទឹក Scarborough ទេ។ តើធ្វើបែបនោះ ជាការប្រថុយនឹងការកើតមានសង្គ្រាមជាមួយចិនឬ? វាមិនងាយ(កើតរឿង)អីចឹងទេ។ តាមពិត ចិន គឺជាមនុស្សចូលចិត្តសម្លុតគេ តែមិនពូកែទេ។
ជាភស្តុតាង កុំមើលទៅណាឆ្ងាយពីកោះ Palau តូចមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កាលពីចុងខែមិនា ក្នុងពេលសឹងតែជាមួយគ្នា ដែលការប្រឈមមុខនៅថ្មប៉ប្រះទឹក Scarborough បានចាប់ផ្តើម នាវានេសាទរបស់ចិនមួយបានចូលដោយខុសច្បាប់ទៅក្នុងដែនសមុទ្ររបស់ Palau។ ពេលពួកអ្នកនេសាទមិនស្តាប់ការទាមទារថា អោយពួកគេចាកចេញពីតំបន់ដែលទុកជាជម្រកត្រីឆ្លាម ប៉ូលីស ពីក្រុមសត្វព្រៃ និងមច្ឆា របស់ Palau បានបាញ់ ដើម្បីពន្លិចនាវាឈ្លានពាន។
លោកអ្នកនាងជាទីមេត្រី ប៉ាឡាវ ជារដ្ឋអធិបតេយ្យ អនុវត្តការងារការទូតខ្លួនឯងដែរ។ ប្រទេសកោះតូចមួយនេះ មានទំនាក់ទំនងជាមួយប្រទេសជាច្រើន ពិសេសប្រទេសកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នា។ ជាសមាជិកអង្គការសហប្រជាជាតិ ថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៤ ប៉ាឡាវ ជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនជាច្រើនទេ ដែលបានបោះឆ្នោតជាទៀងទាត់ទៅខាងអ៊ីស្រាអែល ក្នុងសម័យប្រជុំសហប្រជាជាតិ។ ដូចគ្នាដែរ ប៉ាឡាវ បានបង្កើតជាទំនាក់ទំនងជាមួយចិនតៃវ៉ាន មិនមែនជាមួយសាធារណរដ្ឋប្រជាមានិតចិនទេ គិតតាំងពីឆ្នាំ ១៩៩៩។
ជាលទ្ធផលគឺ អ្នកនេសាទមួយរូបបានស្លាប់ និង ២៥ នាក់ត្រូវបានចាប់ខ្លួន។ ពីរបីសប្តាហ៍ក្រោយមក ដោយមានការត្រូវរ៉ូវគ្នាជាមួយចិន ពួកនេសាទទាំងនោះត្រូវបានពិន័យ ១០០០ ដុល្លារក្នុងមួយនាក់ ហើយជិះយន្តហោះទៅប្រទេសវិញ។ ពួកចិនច្បាស់ជាខឹងខ្លាំងណាស់ តែអ្នកការទូតដែលចុះទៅដោះស្រាយ គ្មានអ្វីនិយាយកើត មានតែ “វាជាលទ្ធផលមួយដ៏ល្អ”។
មិនមានអ្នកណាធ្វើសំណូមពរថា ឬមួយកងទ័ពជើងទឹកហ្វីលីពីន ឬមួយសហរដ្ឋអាមេរិក គួរតែបានបាញ់ទៅលើតំបន់ទំនាស់ថ្មប៉ប្រះទឹក Scarborough ទេ។ តែ វាជាថ្ងៃដ៏ក្រៀមក្រំមួយ ដែល Palau មានប្រជាជន ២០ ម៉ឺននាក់សោះ មានភាពខែងរែង ក្នុងការទប់ទល់ជាមួយការឈ្លានពានរបស់ចិន ជាង សហរដ្ឋអាមេរិក។ បណ្តាប្រជាជាតិអាស៊ី កំពុងតាមមើលដោយប្រុងប្រយ័ត្ន និងធ្វើការគន់គូរមើលទៅតាមនោះដែរ។ ក្នុងភ្នែករបស់ពួកគេ សហរដ្ឋអាមេរិក បានក្លាយជាមិត្តដែលកាន់តែទុកចិត្តលែងបានហើយ។
ជាពត៌មានបន្ថែម លោកអ្នកអានអាចជ្រាបថា ប៉ាឡាវ បានទទួលឯករាជនៅថ្ងៃ ០១ តុលា ឆ្នាំ ១៩៩៤ ចូលជាធរមាននូវសមាគមសេរី ជាមួយសហរដ្ឋអាមេរិក។ ប៉ាឡាវ ជាទឹកដីក្នុងបន្ទុក នៃបណ្តាកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចុងក្រោយ ដែលបានទទួលឯករាជ។ យោងតាមការព្រមព្រៀង សហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវចំពោះកិច្ចការពារប្រទេសរយៈពេល ៥០ ឆ្នាំ។ ក្នុងន័យនេះ សហរដ្ឋអាមេរិកជាអ្នកការពារប៉ាឡាវ និងនៅការពារប៉ាឡាវ យូរទៀត។ តើ អ្នកនិពន្ធទាំងពីរគិតថា ចិន មិនបានដឹងពីកិច្ចព្រមព្រៀងនេះឬ? ចិន មិនដឹងថា ការតបតដោយអាវុធណាមួយ វានឹងបង្កដោយត្រង់នូវទំនាស់តាមគ្រប់រូបភាព ជាមួយសហរដ្ឋអាមេរិកទេឬ? តើការតានតឹងដោយអាវុធរវាង ចិន ជាមួយ ប៉ាឡាវ/សហរដ្ឋអាមេរិក ជាអ្វីដែលអ្នកទាំងពីរចង់បានឬ?
ពិតហើយហ្វីលីពិន ក៏មានកិច្ចព្រមព្រៀងការពារជាមួយ សហរដ្ឋអាមេរិក តែហ្វីលីពីន ក៏ជា សមាជិកអាស៊ាន រួមជាមួយប្រទេសជាច្រើនទៀត ដែលការដោះស្រាយទំនាស់ណាមួយត្រូវតែមានការគិតដល់ផលប្រយោជន៍រួមផង។ និយាយដូចនេះ មិនមែនមានចេទនាកាន់ជើងភាគីណាមួយ និងទម្លាក់កំហុសទៅភាគីណាមួយទេ តែ ការដែលរដ្ឋបាល អូបាម៉ា ប្រកាន់យក ឥរិយាបទមួយនៅក្នុងទំនាស់ ថ្មប៉ប្រះទឹក Scarborough បែបដែលអ្នកនិពន្ធទាំងពីរនិយាយថា “ជាការបរាជ័យ” ឬចង់ថា “កំសាក” ផងនោះ មិនមែនគ្មានហេតុផលទេ។ រដ្ឋបាល អូបាម៉ា ពិតជាមិនភ្លេចនឹងថ្លឹងថ្លែងនោះទេ ពីលទ្ធភាពច្រើនយ៉ាងដែលពិតជានឹងកើតមាន បើសិនជាករណី ប៉ាឡាវ បង្ក្រាបអ្នកនេសាទចិននោះត្រូវបានធ្វើនៅតំបន់ថ្មប៉ប្រះទឹក Scarborough វិញ។
គួរគិតអោយងាយជាងនេះថា បើ ប៉ាឡាវ មានស្ថានទូតនៅហ្វីលីពីន តៃវ៉ាន់ ជប៉ុន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំងនោះក៏មានស្ថានទូតនៅ ប៉ាឡាវ វិញដែរ តើអ្វីដែលរដ្ឋបាល អូបាម៉ា គិតថានឹងអាចធ្វើ ឬចង់អោយកើតមាន អំពីហេតុការណ៍ពាក់ព័ន្ធនឹងចិន នៅតំបន់ថ្មប៉ប្រះទឹក Scarborough ឬនៅ ប៉ាឡាវ វាមិនដូចគ្នាទេឬ? ស្មេរគិតថា វាមានការពាក់ព័ន្ធគ្នា។ ដូចនេះ បើគិតថា ហ្វីលីពីន រងារ វាទាល់តែ ប៉ាឡាវ មិនក្តៅស្អុះដែរ មិនថាអញ្ចឹង!៕
No comments:
Post a Comment