វប្បធម៌យ៉ាងសាវបានរីកចម្រើន នៅលើទឹកដីមួយភាគធំនៅក្នុងខេត្តហឺណាន (Henan) ខេត្តសាអានស៊ី (Shaanxi) ខេត្តសានស៊ី (Shanxi) ភាគខាងត្បូងខេត្តហឺប៉ី (Hebei) និងភាគខាងកើតខេត្តកាន់ស៊ូ (Gansu) តាមជ្រលងទន្លេលឿង
រកឃើញដោយអ្នកប្រាជ្ញជនជាតិស៊ុយអែត លោកអេនដឺសុន
ចូហានហ្គាណារ (Andersson
JohanGunnar, 1874-1960) នៅឆ្នាំ១៩២១។ នេះគឺជា
វប្បធម៌មួយ ដែលឋិតនៅចុងសម័យយុគថ្មរំលីង។
វប្បធម៌យ៉ាងសាវ មានអាយុកាលចាប់ពី៥,០០០ឆ្នាំ ទៅ ៣,០០០ឆ្នាំ មុន គ. ស. ឈ្មោះនេះបានក្លាយចេញមកពីឈ្មោះដំបូងដែលគេបានស្គាល់ថា
បុរេស្ថាន យ៉ាងសាវ
គឺភូមិយ៉ាងសាវ ស្ថិតក្នុងស្រុកយីនឆឺ (Yinchi) ខេត្តហឺណាន។
មានវប្បធម៌រាប់ពាន់បែបដែលរកឃើញនៅតំបន់យ៉ាងសាវ
រួមទាំងតំបន់វប្បធម៌ប៉ាន់ផ នៅក្នុងស្រុកស៊ីអាន (Xi an) និងភូមិជាំងចាយ (Jiangzhai) នៅក្នុងស្រុកលីនថុង (Lintong) ខេត្តសានស៊ី។
ពេលដែល តំបន់វប្បធម៌យ៉ាងសាវមួយភាគធំឋិត ក្នុងខេត្តសានស៊ី
ធ្វើឲ្យ គេពិចារណាថា
តំបន់នេះ ជាមជ្ឈមណ្ឌលនៃវប្បធម៌ដ៏សម្បូរបែប។
នៅសម័យយ៉ាងសាវ
ប្រជាជនតែងផ្លាស់ប្តូររបរចិញ្ចឹមជីវិត គេច្រើនធ្វើកសិកម្មដំណាំស្រូវមីយេ (Millet) ហើយអ្នកភូមិមួយចំនួនទៀតក៏និយមដាំដំណាំផ្សេងៗដូចជា
ស្រូវ ស្រូវសាលី ផ្លែកៅឡាក់ និងបន្លែប្រភេទមើម ស្ពៃក្ដោប
ដំឡូងជ្វា និងបន្លែជាច្រើនមុខទៀត។ ប្រជាជនចិញ្ចឹមសត្វស្រុកដូចជា
មាន់ ទា ជ្រូក ឆ្កែ ចៀម ពពែ និងគោក្របី។ អង្ករ
គេចូលចិត្តដាំបបរសម្រាប់អាហារពេលព្រឹក និងកិនជាម្ស៉ៅធ្វើនំ
ចំណែកអង្ករមីយេ សម្រាប់ធ្វើជាម្ស៉ៅលុញដាក់ស៊ុប។
ឯសាច់អាចពិសាបានពេលមានឱកាសពិសេសៗប៉ុណ្ណោះ។
ប៉ុន្តែអាហារប្រភេទេសាច់សត្វ គេបានមកពីការបរបាញ់ និងនេសាទ។
ពួកគេប្រើឧបករណ៍ធ្វើពីថ្ម ឬឆ្អឹងសត្វមានដូចជា កាំបិត ពូថៅ
ញញួរ ប៉ែល ត្បាល់កិន ព្រួញ និងស្ន ដែលគេធ្វើរាងរៅតាមតម្រូវការ
រួចសំលៀងវាយ៉ាងមុតស្រួច។ ប្រជាជនសម័យយ៉ាងសាវ
ចេះចិញ្ចឹមដង្កូវនាងដើម្បីយកសូត្រត្បាញសម្លៀកបំពាក់ តាំងពីដើមសម័យម្ល៉េះ។
ការធ្វើកសិកម្មបែបធម្មជាតិនៅសម័យយ៉ាងសាវ
បង្ហាញយ៉ាងច្បាស់ថា វិស័យ កសិកម្មនៅមាន កម្រិតទាប ព្រោះប្រជាជននិយម កាប់រះព្រៃ
កូនឈើ រួចដុតឲ្យនៅសល់តែផេះដើម្បីយកជី
ហើយនាំគ្នាកាយពង្រាយពេញដីស្រែ (Slash-and-burn) ការធ្វើរបៀបនេះគេហៅថា
ធ្វើស្រូវចម្ការ បន្ទាប់ពីធ្វើមួយរដូវ ឬពីររដូវ
គេប្តូរដីថ្មីទៀត។ ការធ្វើស្រូវចម្ការខុសពីការធ្វើស្រូវស្រែ (បែបប្រពលវប្បកម្ម) ដែលមានដីស្រែអចិន្ត្រៃយ៍
កសិកម្មបែប នេះ
ជាបទពិសោធដែលគេយកមកសិក្សាស្រាវជ្រាវនៅសម័យបច្ចុប្បន្ន។
សម័យយ៉ាងសាវ
ទំហំផលិតកម្មសម្លៀកបំពាក់ត្បាញពីសូត្រដង្កូវនាងនៅមានកម្រិតតូចនៅឡើយ
និងមានសម្លៀកបំពាក់ត្បាញពីក្រចៅផងដែរ។
បុរសស្លៀកពាក់ដោយបាំងតែកេរ្តិ៍ខ្មាស ហើយបួងសក់ចងកំប៉ោយ លើក្បាល
ឯស្ត្រីស្លៀកពាក់ដោយក្រណាត់រុំជុំវិញខ្លួន វៀល ស្មាទាំងពីរ
ឬស្លៀកកំណាត់សំពត់បាំងពីមុខ
ដោយមូរជាយសំពត់នៅប្រលោះជើងទាំងពីរវាត់ទៅក្រោយខ្នង (ចងក្បិន)។
ស្ត្រីទូទៅចងសក់ជាផ្នួង ចំពោះស្ត្រីធូរធា
ឬមានឋានៈមានលទ្ធភាពស្លៀកក្រណាត់ត្បាញពីសរសៃសូត។
ម្យ៉ាងវិញទៀត
លំនៅឋានមួយចំនួនដែលបានសង់នៅពាក់កណ្ដាលសម័យយ៉ាងសាវ ដូចជា
ភូមិជាំងជឺ (Jiangzhi) ដែលរកឃើញកប់ដី
ហើយនៅមានសល់បាតគ្រឹះនៃសំណង់បាក់បែក
គេអាចសន្និដ្ឋានបានថាជាកន្លែងរក្សាទុកគ្រាប់ធញ្ញជាតិនៅសល់លើសពីតម្រូវការ។
លំនៅឋានភាគច្រើន សង់ឡើងដោយជីកគ្រឹះជុំវិញជារាងចតុកោណកែង
ជម្រៅពីកន្លះម៉ែត្រទៅមួយម៉ែត្រ។ បន្ទាប់មកគេបុកបង្ហាប់
រួចរែងបន្ទះឈើសិរមាន់
(Wattle) ជាប្រដឹសនៅជើងគ្រឹះនោះ
ហើយគេលាយកំបោរជាមួយដីភក់ចាក់ពីលើបន្ទះឈើរែងនោះ។
កម្រាលផ្ទាល់ដីត្រូវ គេបុកបង្ហាប់យ៉ាងណែន
បន្ទាប់មកគេយកបង្គោលឈើសេមាន់ខ្លីៗទៅដោតជុំវិញរណ្ដៅ
ជាមួយនឹងឈើដែលគេរែងជាគ្រឹះភ្ជាប់គ្នា។ វាភ្ជាប់គ្នាដោយបាយអ
លាយជាមួយដីភក់ និងគ្រោងសសរឈើមេដំបូល រាងជាកោណស្រួចចោតចុះមកក្រោម (សាជី) បង្គោលឈើធំជាគ្រឹះធ្វើឲ្យដំបូលរឹងមាំ
និងមានប្រក់ស្បូវ ឬដើមស្រូវមីយេ។
គ្រឿងសង្ហារឹម
និងសម្ភារៈផ្ទះបាយដូចជា ជើងក្រានដែលលិចកប់ក្រោមដីពាក់កណ្ដាល
កៅអីអង្គុយនៅតាមបណ្ដោយជញ្ជាំង កំណាត់សំពត់ក្រាលលើគ្រែ
ម្ហូបអាហារ និងវត្ថុប្រើប្រាស់ដាក់ព្យួរនៅនឹងជញ្ជាំង។
គេសង់ទ្រុងនៅខាងក្រៅផ្ទះសម្រាប់ចិញ្ចឹមសត្វពាហនៈដូចជា ជ្រូក
គោ ក្របី។ អំពីសិល្បៈស្មូនចានឆ្នាំងដី មានរចនាជារូបមុខមនុស្ស
ត្រី នៅលើចានគោម ឬផើង មានអាយុកាលប្រហែល ៥,០០០-៤,០០០ឆ្នាំ
មុន គ. ស. ដែលគេរកឃើញនៅភូមិប៉ាន់ផ
ស្ថិតនៅស្រុកសាអានស៊ី។ គេអាចសម្គាល់សម័យកាល យ៉ាងសាវ
ទៅលើសិល្បៈស្មូនឆ្នាំងមានរចនាដោយគំនូរប្លែកៗ។ សិល្បករសម័យយ៉ាងសាវ
មានភាពប៉ិនប្រសប់ខាងរចនាគំនូរចានឆ្នាំងមានពណ៌ស ក្រហម និងខ្មៅ
ជារូបមុខមនុស្ស សត្វពាហនៈ និងគូរតាមទិដ្ឋភាពពិតៗ។
វប្បធម៌យ៉ាងសាវ មានលក្ខណៈខុសគ្នានឹងវប្បធម៌បន្ទាប់គឺ
វប្បធម៌ឡុងសាន វប្បធម៌យ៉ាងសាវ
មិនមានបច្ចេកទេសផលិតឆ្នាំងដោយប្រើឧបករណ៍បង្វិលដើម្បីផលិតចានឆ្នាំងនោះទេ។
ការជីកកកាយបន្តទៀត បានរកឃើញសពក្មេងៗ
គេរៀបចំដាក់ក្នុងពាងក្រឡរួចយកទៅកប់។
នៅស្ថានីយបុរាណវិទ្យាដែលគេបានរកឃើញវត្ថុបុរាណសម័យវប្បធម៌ប៉ាន់ផ
នៅជិតស្រុកស៊ីអាន
ធ្វើឲ្យអ្នកស្រាវជ្រាវអាចកត់សម្គាល់យ៉ាងច្បាស់ពីវប្បធម៌យ៉ាងសាវ
តាមរយៈការរៀបចំលំនៅឋានជាកុលសម្ពន្ធដែលមានជីកគូទឹកប្រឡាយព័ទ្ធជុំវិញភូមិ។
មានលំនៅឋានបុរាណសំខាន់មួយទៀតដែលកប់ក្រោមដី គេឲ្យឈ្មោះថា
ស្ថានីយបុរេជាំងចាយ (JiangZhai) ដែលគេបានជីករកឃើញមានរបងព័ទ្ធជុំវិញ
ហើយក្រុមបុរាណវិទូបានរកឃើញលំនៅឋានដែលហ៊ុំព័ទ្ធទៅដោយស្នាមភ្លោះជារាងរង្វង់។
សរុបសេចក្តីមក វប្បធម៌ប៉ាន់ផ និងបុរេស្ថានជាំងចាយ
ថែមទាំងបាននាំមកនូវទស្សនៈផ្សេងៗគ្នាអំពីការរចនាគំនូរនៅលើចានឆ្នាំងដី
ដែលមានការបកស្រាយផ្សេងៗគ្នាជាច្រើន
ឬជួនកាលអាចជាការរៀបចំដោយអ្នកនិពន្ធអត្ថបទសញ្ជាតិចិនទៀតផង។
ទោះជាយ៉ាងណា ការសន្និដ្ឋានមួយចំនួនមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយ៕
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment