ប្រទេសចិន
គឺជាប្រជាជាតិដ៏ធំបំផុតមួយស្មើនឹង១ភាគ៦ នៃប្រជាជនពិភពលោក។
តើនរណាដែលជាបិតានៃប្រទេសដ៏ធំមួយនេះ? គឺហ័ងទី ជាអ្នករៀបចំស្ថាបនាអារ្យធម៌ប្រទេសចិន
ហើយមនុស្សគ្រប់គ្នាអាចអាចស្វែងរកឃើញគុណប្រយោជន៍នៃជីវភាពរស់នៅរបស់ប្រជាជនចិនតាំងពីសម័យបុរេប្រវត្តិ។
ក្រោមការដឹកនាំរបស់ហ័ងទី
ព្រះអង្គបានធ្វើកំណែទម្រង់បៀបរស់នៅបែបកុលសម្ព័ន្ធ
និងបានបង្ហាញនូវទិដ្ឋភាពអារ្យធម៌ថ្មីមួយទៅដល់ពិភពលោកបច្ចុប្បន្ន។
គ្រួសាររបស់ហ័ងទីរស់នៅលើភ្នំសៀនយៀន (Xuan yuan) ក្នុងស្រុកស៊ីនចឹង (Xun zheng) ខេត្តហឺណាន (He nan) បិតាព្រះអង្គនាមសាវទៀន (Shao dian) មាតានាមហ្វ៊ូផាវ (Fu pao) ហ័ងមានរហស្សនាមថា
កុងស៊ុន (Gong sun) ហើយនាមដំបូងរបស់គាត់គឺ
សៀនយៀន។ ដោយសារតែគាត់ជាប់ចិត្តទៅនឹងដីពណ៌លឿង
គាត់ត្រូវប្រជាជនហៅថា ហ័ងទី (“ហ័ង” ក្នុងភាសាចិនមានន័យថាពណ៌លឿង
ជានិម្មិត្តសញ្ញាទៅដល់ដីពណ៌លឿងជាភូមិកំណើតរបស់គាត់ ឯ “ទី” មានន័យថា
អធិរាជ)។
ហ័ងទីមានភរិយា៤ ទី១នាមឡីជូ (Lei zu) មានបុត្រាពីរព្រះអង្គ
បុត្រាទី១នាមសាវហាវ (Shao hao) ដែលគេស្គាល់ឈ្មោះម្យ៉ាងទៀតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រថា
សៀនស៊ាវ (Xuan xiao) រស់នៅស្រុកឈីងយ៉ាង (Qing yang) តាមដងទន្លេយ៉ាងចឺ (Yang tze ឬ Chang jiang) បុត្រាទី២នាមឆាងយី (Chang yi) រស់នៅតាមដងទន្លេយ័រ (Ruo) មានបុត្រានាមជ័នស៊ី (Zhuan xu)។
ភរិយាទី២នាមហ្វាងឡី (Fang lei) ភរិយាទី៣នាមថុងអ៊ី (Tong yu) និងភរិយាទី៤នាមម៉មូ (Mo mu)។
គេបានកត់ត្រាទុកថា
នៅក្នុងសម័យបុរេប្រវត្តិមានកុលសម្ព័ន្ធ
និងបក្សពួកជាច្រើនបានរស់នៅតាមដងទន្លេលឿង (Huang he) និងទន្លេយ៉ាងចឺ
ហើយហ័ងទី គឺជាមេកុលសម្ព័ន្ធដែលមានឈ្មោះល្បីល្បាញជាងគេនៅក្នុងសម័យនោះ។
តាមរយៈរឿងនិទានបុរាណបាននិទានថា ភរិយារបស់ហ័ងទី
ឡីជូបានបង្រៀនដល់ជនជាតិចិនឲ្យចេះពីរបៀបត្បាញសូតចេញពីដង្កូវនាង
ហើយនឹងប្រវត្តិវិទូម្នាក់ទៀតឈ្មោះឆាងជា (Cang jie) ដែលជាអ្នកបង្កើតតួអក្សរចិនដំបូងគេបង្អស់បានចំនួនប្រហែល១០០០តួអក្សរ។
តាមទស្សនៈរបស់គាត់បានសន្មតថាជាប្រផ្នូលអ្វីម្យ៉ាងដោយមានរន្ទះបាញ់មកពីឋានសួគ៌នៅចំថ្ងៃមេឃស្រឡះល្អ។
រឿងនិទានបានបន្តថា ពេលដែល ហ័ងទី បានក្លាយជាមេកុលសម្ព័ន្ធ
ដែលគោរពបូជាចំពោះតូតិម
(Totem) ជានិមិត្តរូបសត្វខ្លាឃ្មុំ (តាមប្រវត្តិវិទូពាក្យ
យ៉ូវស្យុង “You xiong” ជាម្ចាស់នៃខ្លាឃ្មុំទាំងឡាយ)។
នៅពេលដែលកុលសម្ព័ន្ធដែលដឹកនាំដោយយានទី (ជាសាច់ញាតិជិតបំផុតរបស់ហ័ងទី ) ចាប់ផ្តើមចុះទន់ខ្សោយ
ចំណែកឯកុលសម្ព័ន្ធរបស់ហ័ងទី
ចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំងនៅអំឡុងសម័យនោះ។
ក្រោយមកកុលសម្ព័ន្ធទាំងពីរនេះកើតមានសង្គ្រាម
ដោយសារការលើកតម្កើងឲ្យគោរពបូជាតូតិម ជានិមិត្តសត្វគោឈ្មោល
ដែលដឹកនាំដោយយានទី (Yandi)។
ក្រោមការដឹកនាំរបស់ហ័ងទី ទាំងវិន័យកងទ័ព
និងជំនាញយុទ្ធសាស្ត្រចម្បាំង
ធ្វើឲ្យកុលសម្ព័ន្ធរបស់គាត់ទទួលបានជោគជ័យលើមេកុលសម្ព័ន្ធយានទី។
ក្រោយមកកុលសម្ព័ន្ធទាំងពីរបានបញ្ចូលគ្នាជាកុលសម្ព័ន្ធតែមួយ។
រឿងនិទានបន្តទៀតថា
អារ្យធម៌ប្រជាជាតិចិនបានចាប់ផ្ដើមចេញពីកុលសម្ព័ន្ធទាំងពីរនេះ។
មានប្រភពមួយចំនួនទៀតថា យានទី គឺជាបងប្អូននឹងគ្នា
ឬបងប្អូនម្ដាយតែមួយជាមួយនឹងហ័ងទី។
មុនពេលកុលសម្ព័ន្ធបងប្អូនទាំងពីរមានសង្គ្រាមនឹងគ្នា
ឆឺយ៉ូវ (Chi you) តែងតែដឹកនាំកុលសម្ព័ន្ធដ៏ខ្លាំងក្លារបស់គាត់ទៅរាតត្បាតកុលសម្ព័ន្ធដទៃទៀត
ហើយក៏បានឈ្លានពានកុលសម្ព័ន្ធរបស់យានទី ផងដែរ។
លុះក្រោយមកទៀតប្រជាជនរបស់ហ័ងទី បានរងការគំរាមកំហែងពីកុលសម្ព័ន្ធមួយដែលដឹកនាំដោយឆឺយ៉ូវ
ដែលល្បីថា ជាមនុស្សចម្លែកមានកម្លាំង និងមន្តអាគមអស្ចារ្យ
មានបងប្អូនរហូតដល់៨១នាក់ ម្នាក់ៗមានភ្នែកបួន និងដៃប្រាំបី
ដែលកាន់អាវុធមុតស្រួចនៅគ្រប់ដៃគួរឲ្យភ័យខ្លាច។
អាស្រ័យដោយហ័ងទី
បានអញ្ជើញកុលសម្ព័ន្ធជិតខាងទាំង៨ទៀតឲ្យមកចូលរួមកម្លាំងគ្នាជាមួយគាត់
ហើយបានបញ្ជូនកងទ័ពដែលប្រមូលផ្ដុំគ្នាទាំងអស់ទៅប្រយុទ្ធជាមួយឆឺយ៉ូវ
និងបងប្អូនរបស់គេ។ កងទ័ពនៃកុលសម្ព័ន្ធទាំងពីរបានប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃមិនចាញ់មិនឈ្នះ។
នៅពេលនោះកងទ័ពរបស់ហ័ងទី
ចាប់ផ្ដើមទន់កម្លាំងបន្តិចម្ដងៗនៅក្នុងចម្បាំង បានឱកាស
ឆឺយ៉ូវបានដកដង្ហើមបញ្ចេញអ័ព្ទបាំងបិទកាំរស្មីព្រះអាទិត្យងងឹតសូន្យសុង។
កងទ័ពហ័ងទី បានធ្លាក់ក្នុងភាពច្របូកច្របល់
មិនអាចរកឃើញផ្លូវចេញពីសមរភូមិឡើយ។
ខណៈដែលកងទ័ពគាត់ឋិតក្នុងដំណាក់កាលស្លាប់រស់នេះ
ហ័ងទីមានរទេះនាំទិសខាងត្បូង
(South Pointing Chariot) ដែលគាត់បានច្នៃប្រឌិត
ហើយបានបញ្ជាឲ្យសាងសង់វាឡើងសម្រាប់ប្រើប្រាស់នៅក្នុងសមរភូមិ។
ដោយសារតែរទេះចម្បាំងនេះហើយ
ទើបហ័ងទីមានលទ្ធភាពអាចដឹកនាំកងទ័ពរបស់គាត់គេចចេញពីផ្សែងអ័ព្ទបាន។
ពេលនោះ
ឆឺយ៉ូវបានខាបព្រលឹងខ្មោចបង្កើតព្យុះបោកបក់យ៉ាងខ្លាំងទៅលើទ័ពហ័ងទី
ដើម្បីប្រយុទ្ធបន្តទៀត។
ហ័ងទីបានបួងសួងដល់ព្រះជាម្ចាស់ដើម្បីជួយបណ្ដេញផាត់ពពកខ្មៅចេញឲ្យអស់ពីសមរភូមិចម្បាំង។
បន្ទាប់មក ហ័ងទីបានវាយយកជ័យជម្នះលើឆឺយ៉ូវ
និងកុលសម្ព័ន្ធមិត្តសត្រូវទាំងអស់ក្នុងពេលនោះតែម្ដង។ ជាមួយនឹងជ័យជម្នះដ៏ធំធេងនេះ
ហ័ងទីមិនត្រឹមតែការពារកុលសម្ព័ន្ធរបស់គាត់រួចផុតពីសត្រូវឈ្លានពានប៉ុណ្ណោះទេ
ថែមទាំងធ្វើឲ្យកុលសម្ព័ន្ធរបស់គាត់មានមេត្រីភាពនឹងកុលសម្ព័ន្ធជាច្រើនទៀតផង។
កុលសម្ព័ន្ធទាំង៩
បានរួមបញ្ចូលគ្នាជាកុលសម្ព័ន្ធធំតែមួយនៅក្រោមការដឹកនាំរបស់ហ័ងទី។
ហ័ងទីបានបង្កើតច្បាប់គ្រប់គ្រងកុលសម្ព័ន្ធរាប់រយឆ្នាំបន្តមកទៀត។
លោកត្រូវបានគេនិទានថា មានបុត្រចំនួន២៥រូប ក្នុងនោះមានបុត្រា១៤រូប
ហើយក្នុងចំណោមបុត្រាទាំង១៤រូប មានបុត្រា១២រូប
បានជ្រើសរើសត្រកូលដោយខ្លួនគេផ្ទាល់
ព្រមទាំងចេញទៅបង្កើតបក្ខសម្ព័ន្ធផ្សេងៗផងដែរ។
ហើយក៏បានបរិយាយទៀតថា
គ្រួសារអភិជនទាំងឡាយនៅក្នុងសន្តតិវង្សប្រទេសចិនបីជំនាន់ដំបូង
មានរាជវង្សស៊ា (Xia) សាំង (Shang) និង ចូវ (Zhou) សុទ្ធតែជាបច្ឆាញាតិរបស់ហ័ងទី។
នៅពេលដែលហ័ងទីមានជីវិតរស់នៅជាង១០០ឆ្នាំ
គាត់បានរៀបចំរាជកិច្ចផែនដីជាមួយនឹងមន្ត្រីរបស់គាត់
ហើយបានរៀបចំដំណើរទៅកាន់ឋានសួគ៌ទៀតផង។ រឿងនិទានមួយពោលថា មាននាគមួយបានចុះមកពីឋានសួគ៌
ហើយទទួលយកហ័ងទី ទៅកាន់ឋានសួគ៌បាត់ទៅ។ រឿងនិទានមួយទៀតថា
ហ័ងទីបានប្រែកាយជាមនុស្សពាក់កណ្ដាល និងនាគពាក់កណ្ដាល
ហើយរសាត់ទៅលើមេឃបាត់ទៅ។
យុទ្ធោបករណ៍សសម័យនោះ ដូចជា
រទេះចម្បាំងចង្អុលទិសខាងត្បូង
ត្រូវបានច្នៃប្រឌិតឡើងនៅក្នុងសម័យហ័ងទី។
រទេះចម្បាំងកង់ពីរនេះ មានបង្គោលនៅចំចំណុចកណ្ដាលរទេះ
រួចគេឆ្លាក់រូបចំលាក់មនុស្សតូចមួយធ្វើអំពីឈើ ឬលោហធាតុ
ដោតឈរនៅលើបង្គោលនោះ និងមានលើកដៃចង្អុល
ហើយគេដាក់ស្ពឺកង់ទាំងពីរនោះភ្ជាប់ទៅនឹងបង្គោលកណ្ដាល
វិធីបែបនេះមិនងាយនឹងធ្វើឲ្យរទេះចម្បាំងនោះរបូតឡើយ
រូបចំលាក់ដែលឈរនៅលើបង្គោលនោះ តែងតែចង្អុលទៅទិសដៅកំណត់ជានិច្ច
ជាទូទៅគេកំណត់យកទិសខាងត្បូង។ រទេះចម្បាំងចង្អុលទិសខាងត្បូង
មិនត្រូវការមេដែកដើម្បីដំណើរការនោះទេ
ហើយគំរូបែបនេះត្រូវបានពិពណ៌នាថាជាសណ្ឋានដំបូងបំផុត
នៃប្រព័ន្ធស្ពឺ
ដែលមានភាពខុសគ្នាទៅនឹងប្រព័ន្ធស្ពឺប្រអប់លេខគ្រឿងម៉ាស៊ីនសម័យទំនើប។
រឿងនិទានកត់ត្រាទុកថា
ហ័ងទីបានចូលរួមចំណែកបង្កើតឧបករណ៍តន្ត្រី “ពិណ”
(Gu qin) រួមជាមួយនឹងលោកហ៊្វូស៊ី (Fu xi) និងសឹនណុង (Shen nong) ហើយបានបង្កើតប្រតិទិនចិនដំបូងគេបង្អស់
និងឆ្នាំខួបទាំង១២ សម្រាប់រាប់ឆ្នាំកំណើមនុស្សតាំងពីរជ្ជកាលរបស់ព្រះអង្គរហូតដល់សព្វថ្ងៃ។
ព្រះអង្គចាប់បានស្ដេចសត្វចម្លែកប៉ាយចឺ (Bai ze) នៅលើកំពូលភ្នំតុងវ័ង (Dong wang)។
សត្វសាហាវនេះ បានពិពណ៌នាប្រាប់ព្រះអង្គថា
មានសត្វតិរច្ឆានទាំងអស់ចំនួន១១៥២០ប្រភេទដូចជា អសុរកាយ ទេពារក្ស និងព្រលឹងខ្មោចវិលវល់ក្នុងលោក។
ហ័ងទីបានកត់ត្រារឿងទាំងនេះទុកជារូបភាព
ដែលក្រោយមកក្លាយទៅជាសៀវភៅគំនូរប៉ាយចឺធូ “Bai Ze Tu” ប៉ុន្តែមានរឿងរ៉ាវមិនសូវជាវែងទេ។
រឿងនិទានបន្តថា លីងលន់
(Ling lun) មានទេពកោលស្យចេះផ្លុំខ្លុយជាសំឡេងបក្សីយ៉ាងពិរោះរណ្ដំថ្វាយព្រះអង្គព្រះសណ្ដាប់
គេបានហៅថាជាការរកឃើញបទភ្លេងប្រពៃណីរបស់ជនជាតិចិន។
ប្រជាជនចិននៅចងចាំស្នាដៃដ៏ប្រសើរមួយចំនួនថា
អធិរាជហ័ងទីបានផលិតប្រាក់កាក់ធ្វើពីសំរិទ្ធ ផ្សំឱសថ ចិញ្ចឹមដង្កូវនាង
និងបែងចែកអាណាចក្រជាខេត្ត-ខណ្ឌជាច្រើនទៀត
ក្នុងរជ្ជកាលព្រះអង្គ មានការរីកចម្រើនផ្នែកស្ថាបត្យកម្ម
វិទ្យាសាស្ត្រ និងវប្បធម៌។ ក្បួនគណនាលេខគណិត រាជវាំង
និងទូកតូចធំជាច្រើនត្រូវលេចជារូបរាងផងដែរ។ ហ័ងទីបានបង្រៀនប្រជាជនរបស់ព្រះអង្គឲ្យចេះដាំដុះពោត
ហើយនិងច្នៃប្រឌិតឧបករណ៍សម្រាប់ចង្អុលបង្ហាញទិសដៅធ្វើដំណើរ។
ក្រោមជំនួយរបស់ភរិយាហ័ងទី ប្រជាជនបានចាប់ផ្តើមចិញ្ចឹមដង្កូវនាង
ហើយត្បាញសរសៃអំបោះទៅជាសូត្រ។ ជាងនេះទៅទៀត តួអក្សរ
និងឧបករណ៍តន្ត្រី ត្រូវបានបង្កើតដោយមន្ត្រីសំខាន់ៗរបស់ព្រះអង្គ
អ្វីទាំងអស់នេះ
គឺជាការច្នៃប្រឌិតដែលកើតឡើងនៅក្នុងសម័យហ័ងទី។
តាមពិត
ហ័ងទីត្រូវបានគេបញ្ចុះនៅលើភ្នំឈៀវ (Qiao ក្នុងភាសាចិនមានន័យថា ស្ពាន) នៅក្នុងស្រុកហ័ងលីង
ខេត្តសាអានស៊ី ហើយសព្វថ្ងៃនេះមហាចេតិយហ័ងទី
ត្រូវគេទទួលស្គាល់ថា “ជាមហាចេតិយទីមួយដំបូងគេនៅក្នុងប្រទេសចិន” ដែលបានទទួលភ្ញៀវទេសចរជាតិ
និងអន្តរជាតិយ៉ាងច្រើនចូលរួមទស្សនា ជាពិសេសនៅចំថ្ងៃបុណ្យ
ឆេងម៉េង (ថ្ងៃ០៤-០៥ ខែមេសា)។
អធិរាជហ័ងទី
គឺជាមេដឹកនាំដំបូងគេបង្អស់ ប្រកបដោយមហាចរិយាធម៌
និងបញ្ញាញាណដ៏ឧត្តុង្គឧត្តមដែលបានធ្វើឲ្យមានការរីកចម្រើនអារ្យធម៌ប្រទេសចិនចាប់ពីដំបូងមក
ប្រជាជនបានចាត់ទុកព្រះអង្គជាមហាបុព្វបុរសនៃប្រជាជាតិចិន និងហៅខ្លួនពួកគេថាជាកូនចៅរបស់ហ័ងទី៕
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment