ប៉ាន់ផ គឺជាទីតាំងបុរាណវិទ្យាដែលគេបានរកឃើញដំបូងបំផុតនៅឆ្នាំ១៩៥៣
ស្ថិតនៅជ្រលងទន្លេលឿង (Yellow River ឬ
Huanghe) នៅភាគខាងកើតជិតក្រុងបុរាណ ស៊ីអាន (Xi an) ក្នុងខេត្ត សាអានស៊ី (Sha an xi)។
ទីតាំងនេះបានបន្សល់ទុកលំនៅឋានតាំងពីសម័យយុគថ្មរំលីង
ដែលមានអាយុកាលប្រហែលជាង៤,៥០០ឆ្នាំ មុន គ. ស. ភូមិវប្បធម៌នេះ
តាំងនៅលើទំហំដីប្រមាណ ៥ ទៅ ៦ហិ
កតា ដោយជីកប្រឡាយទឹកព័ទ្ធជុំវិញធ្វើជាស្នាមភ្លោះមានទទឹងប្រហែល៥-៦ម៉ែត្រ សម្រាប់ការពារការ រាតត្បាតពីសត្វព្រៃកាចសាហាវ។ ផ្ទះនីមួយៗមានរាងមូល ឬបួនជ្រុង ធ្វើអំពីដីភក់ ដីឥដ្ឋ ឈើ និងដំបូលប្រក់ស្បូវ ពួកគេសង់ចូលចិត្តលើទីតាំងដីទំនាប។
ប៉ាន់ផ គឺជាសង្គមវប្បធម៌មួយប្រភេទ
ដែលមានទំនាក់ទំនងជាមួយនឹងវប្បធម៌ យ៉ាងសាវ (Yangshao)។
តំបន់បុរាណវិទ្យាមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងដំណាក់កាលដំបូងនៃវប្បធម៌ប៉ាន់ផ ដែលពិនិត្យឃើញថាជាផ្នែកមួយនៃការវិវឌ្ឍវប្បធម៌ប៉ាន់ផ (៥,០០០-៤,០០០ឆ្នាំ
មុន គ. ស.) នៃវប្បធម៌យ៉ាងសាវ។ វប្បធម៌ប៉ាន់ផ ត្រូវបានធ្វើកំណាយកាលពីឆ្នាំ១៩៥៤-១៩៥៧ និងគ្របដណ្ដប់លើផ្ទៃដីប្រមាណ៥០,០០០ម៉ែត្រការ៉េ។
អ្នកស្រុកនៅភូមិ ប៉ាន់ផ
រស់នៅក្នុងភូមិជារបៀបក្រុម ឬកុលសម្ព័ន្ធ ប្រកបរបរកសិកម្ម នេសាទ
និងបរបាញ់សត្វ ដែលជាមធ្យោបាយសំខាន់បំផុតរបស់ពួកគេក្នុង ការស្វែងរកម្ហូបអាហារ។
ភស្តុតាងលំនៅឋានដែលព័ទ្ធជុំវិញដោយស្នាមភ្លោះ , ផ្នូរបុរាណ និងឡដុតចានឆ្នាំង
មានទីតាំងនៅជុំវិញបរិវេណប្រឡាយទឹកនៃភូមិនោះ។
ផ្ទះមួយចំនួនបានជីកលុងដីចុះទៅក្រោមពាក់កណ្ដាល មានជម្រៅមួយម៉ែត្រ
ហៅជាន់ក្រោមដី។ ផ្ទះនីមួយៗមានមេបង្គោលឈើធំមួយនៅកណ្ដាល
និងដំបូលខ្ពស់ចោត ប្រក់ស្បូវ។
នៅពេលមានមនុស្សស្លាប់គេបញ្ចុះសព តាមប្រពៃណី សមាជិក ដែលស្លាប់ត្រូវយកទៅកប់នៅក្នុងវាលកប់ខ្មោចរួម។ សម្ភារៈលម្អផ្សេងៗជាធម្មតាត្រូវបានកប់ទៅជាមួយសាកសព។
តែសម្រាប់ក្មេងៗនៅពេលដែលស្លាប់ទៅ ពួកគេត្រូវបានដាក់ក្នុងកោដ្ឋ
ហើយនិងកប់នៅតំបន់ដែលមានមនុស្សរស់នៅ។
យោងតាមទស្សនៈម៉ាកនិយមនៃបុរាណវត្ថុវិទ្យា
សន្និដ្ឋានជាទូទៅថា ទឹកដីសាធារណរដ្ឋប្រជាមានិតចិន
ក្នុងអំឡុងធ្វើកំណាយនៅតំបន់ប្រវត្តិសាស្ត្រខាងលើ បានចាត់ទុកថា
វប្បធម៌ប៉ាន់ផ ជាសង្គមមនុស្សរស់នៅតាមរបៀបកុលសម្ព័ន្ធដែលមានស្ត្រីជាមេ
ទោះយ៉ាងណា ការស្រាវជ្រាវថ្មីបានបកស្រាយប្រឆាំងទៅនឹងទស្សនៈខាងលើ
ហើយទស្សនៈម៉ាកនិយម បានពោលថា
សង្គមមនុស្សបុរាណបានបន្តការរស់នៅរីកលូតលាស់តាមដំណាក់រហូតមកដល់សង្គមចិនសម័យទំនើប
សម្រាប់យើងបានសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យា។
វប្បធម៌ប៉ាន់ផ
មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងណាស់ គឺសិល្បៈគំនូរនៅលើចានឆ្នាំងផលិតអំពីដីឥដ្ឋ។
ជំនាញគូសរូប នៅលើចានឆ្នាំងមួយចំនួន
បានបង្ហាញអំពីចំណាត់ថ្នាក់កំពូលក្នុងចំណោមវប្បធម៌ទាំងឡាយនាសម័យនោះ។
មិនត្រឹមតែមានសម្ភារៈប្រើប្រាស់ ចានឆ្នាំងដែលមានប្រភេទផ្សេងៗពីគ្នាទេ ប៉ុន្តែវាត្រូវបានគូសដោយការប្រិតប្រៀង
និងគំរូប្លែកៗគ្នា។ ដូចជារូបមុខមនុស្ស ត្រី ក្តាន់ រុក្ខជាតិ
រូបភាពទេសភាពធម្មជាតិផ្សេងៗ
ដែលយើងតែងតែបានឃើញនៅលើសម្ភារៈទាំងនោះ។
ដែលជាទូទៅគេច្រើនជ្រលក់ពណ៌ក្រហមជាមួយឆ្នូតពណ៌ខ្មៅ។ កុម្ភការភណ្ឌ ភាគច្រើនបានរចនាជារាងផើង ឆ្នាំងដី មានគូរូប មុខមនុស្ស រូបត្រី
ដែលគេបានរកឃើញនៅក្នុងភូមិប៉ាន់ផ ស្រុកស៊ីអាន ដែលជាពន្លឺឆ្លុះបញ្ចាំងនៃសិល្បៈ
និងចរិតលក្ខណៈនាសម័យនោះ។
ការវាយតម្លៃចេញពីរូបគំនូរផ្សេងៗនៅលើចានឆ្នាំង
ផ្នែកបុរាណវត្ថុវិទ្យារួមមាននិមិត្តសញ្ញាដែលត្រូវបានគេយល់ឃើញថាជាបុព្វនិមិត្តល្អរបស់កុលសម្ព័ន្ធនៅសម័យនោះ។
សព្វថ្ងៃនេះយើងអាចនិយាយបានថា
នៅសម័យបុរាណមានការគោរពសាសនា ឬរចនាសម្ព័ន្ធនយោបាយ
ជាភស្តុតាងបញ្ជាក់ពីសំណល់បាក់បែក
ដែលបានមកពីការជីកកកាយបុរាណវត្ថុយ៉ាងជាក់ស្ដែង។ សព្វថ្ងៃ តំបន់នេះក្លាយជាភូមិកំណើតនៃសារមន្ទីរប៉ាន់ផ ក្រុងស៊ីអាន ៕
ប្រែសម្រួលដោយ៖
លី គីមហេង
No comments:
Post a Comment