ក្មួយប្រុសរបស់ប៉ុល ពត
បានប្រាប់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃពុធនេះថា
មានការចាប់ខ្លួនមនុស្សជាទ្រង់ទ្រាយធំ
នៅក្នុងក្រសួងការបរទេសរបស់អៀង សារី ចាប់តាំងពីឆ្នាំ១៩៧៦ មកម៉្លេះ។
លោកសាឡុត បានឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្ដរជាតិ លោកMr. Vincent de Wilde d'Estmael តាមរយៈអ្នកបកប្រែភាសា។
«ខ្ញុំអត់ចាំថ្ងៃទេដឹងថា
មានការចាប់ខ្លួនមនុស្ស។ វាត្រូវតែរកខ្មាំងទី១ គឺខ្មាំងផ្ទៃក្នុង។
បើរកខ្មាំងខ្លួនឯងឃើញហើយ រកខ្មាំងខាងក្រៅឃើញហើយ»។
កាលពីថ្ងៃអង្គារសាក្សីលោកអតីតអគ្គលេខាធិការក្រសួងការបរទេសនិយាយថា
អៀង សារី ឧបនាយករដ្ឋមន្ដ្រី
និងជារដ្ឋមន្ដ្រីការបរទេសបានដឹងឮពីការចាប់ខ្លួនមនុស្សនៅក្នុងក្រសួងនេះ
ហើយមនុស្សដែលត្រូវចាប់ខ្លួនយកទៅតែងតែបាត់ខ្លួនជារៀងរហូត។
ឌុចអតីតប្រធានមន្ទីរស-២១ ក៏ធ្លាប់បានបញ្ជាក់ដែរថា
ជនដែលត្រូវចាប់ខ្លួនពីក្រសួងការបរទេសត្រូវបានបញ្ជូនទៅកាន់គុករបស់ខ្លួន
ដើម្បីធ្វើទារុណកម្មសួរចម្លើយ បន្ទាប់មកត្រូវសម្លាប់ចោល។
សាឡុត បាន ត្រូវបានកោះហៅឲ្យធ្វើជាសាក្សីប្រឆាំងនឹងអៀង សារី
ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទចំនួនបីនាក់
ដែលត្រូវនាំខ្លួនយកមកកាត់ទោសក្នុងសំណុំរឿង០០២។
សាក្សីរូបនេះបានទទួលស្គាល់ដោយមានការរួញរាថាអៀង សារី
គឺជាអ្នកអំពាវនាវឲ្យបញ្ញាជនកម្ពុជាវិលត្រឡប់ពីបរទេសវិញ
ហើយបន្ទាប់មកបញ្ញាជនទាំងនោះត្រូវយកទៅឃុំឃាំងនៅគុកបឹងត្របែក។
«ក្រោយពេលដែលខ្ញុំទៅហ្នឹងទើបខ្ញុំដឹងថា
អូ បញ្ញាជននេះធំៗណាស់។ សុទ្ធតែសាស្ដ្រាបង្រៀនសាស្ដ្រាចារ្យទៀត។
ហើយយកមកធ្វើដូច្នេះអារម្មណ៍ខ្ញុំគិតថា អត់ត្រឹមត្រូវទេ»។
លោក សាឡុត បានលើកពីបញ្ហានេះឆ្លើយទៅនឹងសំណួររបស់លោកស្រីចេត
វ៉ាន់លី មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី។
លោកសាឡុត បានបញ្ជាក់ថា
ពួកខ្មែរក្រហមបានចេញសារាចរណ៍មួយនៅពេលជិតផុតអំណាចរបស់ខ្លួនដើម្បីបញ្ជាឲ្យមានការផ្តល់ស្បៀងអាហារឲ្យប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់គ្រាន់
ហើយសារាចរណ៍នោះអនុញ្ញាតឲ្យមានការចាប់មនុស្ស និងយកទៅសម្លាប់ចោល។
ក៏ប៉ុន្ដែមុននឹងអាចធ្វើដូច្នេះបានលុះណាតែមានការសម្រេចពីការដឹកនាំចំនួនប្រាំពីរថ្នាក់
ដោយរាប់ចាប់ពីរដ្ឋអំណាចភូមិរហូតដល់ថ្នាក់មជ្ឈឹម។
យ៉ាងណាក៏ដោយសារចរណ៍នេះមិនទាន់ដាក់ឲ្យអនុវត្តន៍នៅឡើយ
ដោយសារតែរបបដឹកនាំរបស់ពួកខ្មែរក្រហមត្រូវបានផ្តួលរំលំនៅឆ្នាំ១៩៧៩៕
No comments:
Post a Comment