«ម៉ោធ្វើអី
បើម៉ោមិនផឹក!» នេះគឺជាបទចម្រៀង
របស់លោក ករុណា ពេជ្រ ដែលបានច្រៀង និងរាំកន្ត្រាក់រញ៉ាក់រញ័រ
កាលពីថ្ងៃអាទិត្យ ២ សប្តាហ៍កន្លងទៅ នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន (CTN) ហើយលោកបានបន្តនៅក្នុងបទចម្រៀងនោះទៀតថា៖«...បើមិនផឹកឈប់
រាប់អានឯងហើយ...» ហើយបទនេះ
លោកក៏បានផ្ញើជូន លោកឪពុក អ្នកម្តាយ ដែលនៅគេហដ្ឋាន និងពុក
ម៉ែបងប្អូនទាំងអស់ ដែលកំពុងទស្សនានៅតាមកញ្ចក់ទូរទស្សន៍តាមផ្ទះ។
បទនេះគឺអ្នកនិពន្ធ បានបង្ហាញយ៉ាងច្បាស់ថា យុវជនបច្ចុប្បន្ននេះ
កំពុងត្រូវបានគេពង្វក់ និងបង្ខំឲ្យផឹកស្រា និងស្រាបៀរ ហើយតាមរយៈបទនេះ
ក៏កំពុងតែលើកទឹកចិត្តឲ្យយុវជនផឹកស្រាផងដែរ។
តើរាជរដ្ឋាភិបាល
គួរតែធ្វើយ៉ាងណាបញ្ហាយុវជនធំឡើងមិនទាន់ស្រួលបួលផងចេះផឹក ស្រាហើយ? ហើយតើវាប៉ះពាល់អ្វីខ្លះដល់គ្រួសារ
និងប្រទេសជាតិ បើបើកភ្នែកឡើងមិនទាន់ស្វាងពីយប់ផង នាំគ្នាទៅផ្តុំគ្នាផឹកហើយនោះ?
សព្វថ្ងៃនេះ យុវជន ត្រូវបានបំពុលគ្រប់ច្រកល្ហក
ចាប់តាំងពីយុវវ័យនៅរៀនសុខៗបង្ខំបំពាក់បំប៉ន
និងបញ្ចូលមនោគមន៍វិជ្ជាឲ្យចូលជាសមាជិកគណៈបក្សនយោបាយមួយ ចំនួន
ការទូរស័ព្ទហៅទាក់ទងគ្នា មានតម្លៃថោក កម្មវិធីទូរទស្សន៍មួយចំនួន
បានផ្សព្វផ្សាយ ពីកន្លែងតែគជ់ បៀរហ្គាដិនខារ៉ាអូខេ ក្លិបកម្សាន្តផ្សេងៗ
ស្រា និងស្រាបៀរគ្រប់ប្រភេទដែលកំពុងដាក់តាំងលក់
ដែលមានផ្សាយពាណិជ្ជកម្មទៅក្រុមគោលដៅរបស់ពួកគេគឺយុវជន
ដែលភាគច្រើនក្រុមយុវជនទំាងនោះ អាចមានលទ្ធភាពទិញផលិតផលរបស់ពួកគេ
ព្រោះក្រុមយុវជនដែលមានអាយុពី ១៥ ទៅ ៣៤ ឆ្នាំសកម្ម
និងមានចំនួនច្រើនជាងគេគឺ ៣៦,៧
ភាគរយនៃប្រជាជនកម្ពុជាសរុបជិត ១៣,៤
លាននាក់។(ជំរឿនឆ្នាំ ២០០៨) ឥឡូវគ្រាន់បើបន្តិច ដោយសារបិទការផ្សព្វផ្សាយពាណិជ្ជកម្មបារី
និងកាលពីដើមខែមុន
ក្រសួងព័ត៌មានបានបិទការផ្សាយពាណិជ្ជកម្មអំពីស្រាឲ្យ រង្វាន់។
តើចុះហេតុអ្វីក៏មិនព្រមបិទដំណាលគ្នាទៅនឹងចម្រៀង
និងការផ្សាយលើកទឹកចិត្តឲ្យយុវជនផឹកស្រាផងទៅ? ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះយុវជនទាំងរយៈពេល
ខ្លី និងរយៈពេលវែង។
ផលប៉ះពាល់រយៈពេលខ្លី៖ជាក់ស្តែង
ស្ទើរតែរៀងរាល់ខែ នៅវិមានឯករាជ្យឃើញតែ«ជួសជុល» ទេ
គឺមកពីមានអ្នកជល់មុន បានជាមានអ្នកជួសក្រោយ ដែលសាលារាជធានី
ខិតខំធ្វើឲ្យស្អាតបាត ដើម្បីទទួលការអញ្ជើញទស្សនកិច្ចភ្ញៀវអន្តរជាតិ
និងគណៈប្រតិភូជាន់ខ្ពស់របស់សមាជិកអាស៊ានមកប្រជុំ ហើយវិមានឯករាជ្យ
មិនត្រឹមតែជាកន្លែងប្រវត្តិសាស្រ្តទេ គឺនៅក្បែរគេហដ្ឋាន
លោកនាយករដ្ឋមន្រ្តីទៀត។ និយាយពីបុកនោះបុកឡើងសុសខឿនថ្មនៅទីនោះ
នៅតែថ្ងៃឡើងជណ្តើរទៅលើបុកដល់ទីគោរពវិញ្ញាណក្ខន្ធទៀតទេ។
ចុះបើប៉ះសមត្ថកិច្ចយាមកាមនៅទីនោះ តើយ៉ាងដូចម្តេចទៅវិញ? តើអាជ្ញាធរចាត់វិធានការដូចម្តេច
បើអ្នកបើកបរមិនដឹងថាកន្លែងនោះ ជាវិមានឯករាជ្យ? ឬមួយក៏ចាំដល់ពេលអ្នកបើកបរទាំងនោះ
ជ្រុលចង្កូតទៅប៉ះ គេហដ្ឋានលោកនាយករដ្ឋមន្រ្តី
បាននាំគ្នារត់ចែកជើងធ្វើអន្តរាគមន៍?ដើម្បីបន្សាបឲ្យស្វាងស្រា
តើគួរដំឡើងស្ថានទម្ងន់ទោស
និងសំណងការខូចខាតទ្រព្យសម្បត្តិរដ្ឋឲ្យបាន១០ ដងទៅលើអ្នកបើកបុកវិមានឯករាជ្យ
ទ្រូងផ្លូវ បង្គោលភ្លើងទាំងនោះដែរឬទេ
បើសេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មី ដែលកំពុងតែធ្វើវិសោធនកម្ម
ហ៊ានដាក់ពិន័យគុណនឹង៥ដងលើសពីពិន័យក្នុងច្បាប់មុន
ចំពោះអ្នកមិនពាក់មួកការពារ?
បើតាមរបាយការណ៍ពីសារព័ត៌មាន គឺបុកតែពេលយប់
ហើយភាគច្រើន គឺយុវជនដែលពួកគេដើរហើរដាច់យប់ស្រវឹងធ្លាក់ភ្នែក
លែងស្គាល់ទិសតំបន់អ្វីទាំងអស់។
ឬមួយក៏ពួកគេចង់សាកល្បងបង្ហាញស្នាដៃថា
ពួកគេអាចបើកចាក់ក្បាច់ឡាកួរនៅជុំវិញវិមានឯករាជ្យបានឡូយជាងគេ? មិនមែនតែវិមានឯករាជ្យ
មានទ្រូងផ្លូវដែលខណ្ឌចែកជា២រួចហើយក៏ដោយ
គឺបុកឡើងរេចស្ទើរតែគ្រប់កន្លែង
កន្លែងខ្លះធ្វើឲ្យរថយន្តក្រឡាប់ក៏មាន គឺដូចគ្នាកើតឡើងតែពេលយប់
ហើយអ្នកបើកចេញមកសុទ្ធស្រវឹងដាបតែម្តង មានទាំងយុវជន ទាំងតារាៗ
ទាំងស្រី ប្រុស។ល។
យោងតាមរយៈនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ
បានឲ្យដឹងថា ១១ ខែឆ្នាំ ២០១១ កន្លងទៅមាន១១ភាគរយ
នៃករណីគ្រោះថ្នាក់ចរាចរណ៍ ៥០៩៦ គឺអ្នកបើកបរស្រវឹង។
សូម្បីតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់ថ្លែងព្រួយបារម្ភពីយុវជនផឹកស្រាផងដែរ៖«...ក្មួយៗហើយ
ក្មួយៗ ស្រវឹងហ្នឹងស្រវឹងពេកទៅហើយរាល់ថ្ងៃ...»។
តាមរយៈការសិក្សាស្រាវជ្រាវទៅលើប្រជាពលរដ្ឋខ្មែរ អំពីគ្រឿងស្រវឹង
បង្ហាញថា៥២ ភាគរយ នៃចំនួនប្រជាជន១៤០០ នាក់ គឺយុវជនអាយុពី១៨ ទៅ
២៥ ឆ្នាំ ចូលចិត្តផឹកស្រា និង ១៤ ភាគរយផ្សេងទៀត យុវវ័យទើបតែអាយុ
១៤ឆ្នាំសោះក៏ចូលចិត្តផឹកស្រាដែរ។ (PDP-Center, 2008)
ក្រៅពីគ្រោះថ្នាក់ចរាចរណ៍
ក៏នៅមានផលប៉ះពាល់ដល់ការបង្កឲ្យមានអំពើហិង្សា គឺឲ្យតែកន្លែងផឹកស៊ីរាំរែកលិចកើត
មានការវាយគ្នា កាប់គ្នា បាញ់គ្នាប៉្រាវ
ដែលរួមមានទាំងតារាមន្ត្រីសមត្ថកិច្ច កូនលោកធំ ក្មេងទំនើង
ហើយមួយចំនួនមិនដែលឃើញនាំយកទៅផ្តន្ទាទោសទេ។
ការដែលចេះតែដើរផឹកស៊ីសប្បាយយូរៗទៅ ធ្វើឲ្យការសិក្សា
និងការចងចាំរបស់យុវជន មានការធ្លាក់ចុះ។ ម្យ៉ាងទៀត
ពួកគេក៏ប្រឈមមុខនឹងជំងឺអេដស៍ផងដែរ
បើពួកគេទៅរួមភេទក្រៅផ្ទះក្រោយពីបានស្រវឹងជោកជាំ។
ផលប៉ះពាល់រយៈពេលវែង៖ សព្វថ្ងៃនេះ
យើងឃើញចាស់ៗមួយចំនួនធំ ដែលចូលចិត្តសប្បាយហូបស្រាហួសកម្រិត
កាលពីគាត់នៅក្មេងៗមួយទំហឹងមក
គឺមានរោគាព្យាធិជុំទិសយ៉ាងទុរន់ទុរាទៀតផងដូចជា ក្រិនថ្លើម ឈឺក្រពះ
ពោះវៀន ទឹកនោមផ្អែម ជំងឺគាំងបេះដូង លើសឈាម វង្វេងវង្វាន់
និងជំងឺអេដស៍ជាដើម។ល។
ទាំងនេះ
គឺជាផលវិបាកមកពីស្រា មិនត្រឹមតែទុក្ខលំបាកដល់ខ្លួនឯងទេ
គឺដល់គ្រួសារ និងសង្គមថែមទៀត។
សំណួរសួរថាតើឲ្យទុកចិត្តទៅនឹងទំពាំងស្នងឫស្សីសម្រាប់ប្រទេស
ជាតិយ៉ាងដូចម្តេច បើទំពាំងរលួយតាំងពីតូចមកហើយនោះ? នៅឆ្នាំ២០១៥
ខាងមុខនេះ អាស៊ាននឹងបង្កើតឲ្យទៅជាសហគមន៍អាស៊ាន
ដូចនៅសហគមន៍អឺរ៉ុបហើយ ដែលរួមមានទាំងវប្បធម៌ អប់រំ
ការរកស៊ីជំនួញជួញដូរ...ជាដើម ដែលអាចផ្លាស់ប្តូរគ្នាបាន
ហើយក៏អាចមានសិទ្ធិទៅធ្វើការនៅប្រទេសណាក៏បាន។
តើរាជរដ្ឋាភិបាលសង្ឃឹមថា យុវជនកម្ពុជាប៉ុន្មាននាក់
ដែលអាចមានសក្តានុពល ទៅប្រកួតប្រជែងក្នុងទីផ្សារការងារ
ជាមួយសមាជិកអាស៊ាន? បើមួយថ្ងៃយុវជនទាំងប្រុស
ទាំងស្រី ត្រូវគេបំពុលស្រា និងកន្លែងសប្បាយៗជុំទិសយ៉ាងនេះ
ហើយនៅលើកញ្ចក់ទូរស្សន៍គ្រប់ប៉ុស្តិ៍ នាំគ្នាពង្វក់យ៉ាងវក់វី
ទៅលើយុវជនលើការប្រឡងច្រៀង រាំ ដើរបង្ហាញម៉ូដ ស្រីស្អាត ប្រុសស្អាត
និងខ្សែភាពយន្តបរទេស ដូច្នេះអ៊ីចឹងហ្នឹង?