អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday 18 June 2012

ហេតុអ្វី លោក​ជុតិមា​ជ្រើស​តំបន់​អភិវឌ្ឍន៍​មាន​ការ​រើសអើង?

កាល​ពី​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ ទសវត្សរ៍​ឆ្នាំ​៨០​ យុវជន​ ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​តាម​រយៈ​​ទិស​ស្លោក​ថា​៖​«​ទី​ណា​លំបាក​មាន​ យុវជន​!​...»។​​ តែ​បច្ចុប្បន្ន​ភាព​នេះ​វិញ គឺ​ឲ្យ​តែ​ទី​ណា​លំបាក​ គឺ​មាន​រាស្រ្ត​ស្រែក​យំ​ពេញ​ភូមិ​ហើយ​ មាន​ន័យ​ថា​ ឲ្យ​តែ​កន្លែង​រាស្រ្ត​យំ​ទ្រហឹង​យ៉ាង​កង​រំពង​ គឺ​ទី​នោះ​ហើយ​ ជា​តំបន់​អភិវឌ្ឍន៍​។​ ហេតុ​អ្វី​បាន​ជា​ឲ្យ​តែ​មាន​ការ​អភិវឌ្ឍ ប្រជាពលរដ្ឋ​ចេះ​តែ​យំ​សោក​សង្រេង ស្តាយ​របស់​របរ​ពួក​គាត់​ ដែល​ត្រូវ​បាន​គេ​កម្ទេច​អ៊ីចឹ​ង​?​ហើយ​ហេតុ​អ្វី បាន​ជា​ជ្រើសរើស​តំបន់​អភិវឌ្ឍន៍ នៅ​រាជធានី​ភ្នំពេញ មាន​ការ​រើស​អើង​ចំពោះ​តំបន់​អន្តោប្រវេសន៍​ទំាង​ស្រប​ច្បាប់​ ទាំង​ខុស​ច្បាប់​ទាំង​នោះ​?


ប្រមាណ​ជា​ ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ ឃើញ​ថា ​រាជធានី​ភ្នំពេញ​មាន​ការ​ប្រែប្រួល​មុខ​មាត់ថ្មី តាម​រយៈ​ការ​​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ចៅហ្វាយ​ក្រុង​ កែប ​ជុតិមា​ ដោយ​​មាន​ការ​ចង្អុល​បង្ហាញ​តម្រង់​ទិស ប្រកប​ដោយ​គតិ​បណ្ឌិត​ របស់​រាជរដ្ឋាភិបាល ដែល​មាន សម្តេច​តេជោ សែន ជា​ប្រមុខ ដែល​បាន​ខិតខំ​កែប្រែ​ពី​ទីក្រុង​បុរាណ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ដ៏​ស្រស់​ប្រិមប្រិយ​ដូច​សព្វ​ថ្ងៃ​នេះ​។​ មាន​សមិទ្ធផល​ធំៗ ដែល​សម្រេច​បាន ដូចជា ស្ពាន​អាកាស​ក្បាល​ថ្នល់ ស្ពាន​អាកាស ៧​មករា សួន​ច្បារ និង​សួន​កុមារ​៣-៤ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ជុំវិញ​រាជធានី ដែល​សុទ្ធ​តែ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ទាំង​មូល ដោយ​មិន​ប្រកាន់ បក្ខ​ពួក​ឡើយ។ ជា​ពិសេស​សមិទ្ធផល​ទាំង​អស់​នេះ ក៏​បាន​ជួយ​លើក​កម្ពស់​មុខ​មាត់​ប្រទេស​កម្ពុជា​យើង ដែល​សព្វ​ថ្ងៃ​ជា​ប្រធាន​អាស៊ាន​ផង​នោះ​។ តែ​ចម្ងល់​ចេះ​តែ​ឆ្ងល់​ថា​ ចុះ​ហេតុ​អី្វ បាន​ជា​ការ​អភិវឌ្ឍ​ប្រព្រឹត្ត​ទៅ​នៅ​តែ​តំបន់​ក្រីក្រ​ណា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​រស់​នៅ​ដី​ខ្មែរ​សុទ្ធសាធ ដោយ​ចោទ​ប្រកាន់​ថា ​ជា​តំបន់​អនាធិបតេយ្យ ​ដូចជា​ តំបន់​កោះ​ពេជ្រ ​ភូមិ​ ៧៨​ ភូមិ​សំបុក​ចាប​ ភូមិ​ប្លុក​ប៊ូឌីង​ បុរី​កីឡា​ បឹងកក់​ និង​តំបន់​ស្ពាន​ជ្រោយ​ចង្វារ​នៅ​តាម​ច្រាំង​ទន្លេ ជាដើម​នោះ? ហើយ​ការ​អភិវឌ្ឍ​នៅ​តំបន់​ក្រីក្រ​ខ្មែរ​គ្នា​ឯង​ទាំង​នេះ​គឺ​សុទ្ធ​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង​ សម្ភារ​រស់​នៅ​ប្រចំា​ថ្ងៃ ​ខ្លះ​យំ​សោក​បោក​ខ្លួន ​ដូច​សត្វ​អក​អ៊ីចឹង ស្តាយ​កន្លែង​រស់​នៅ​របស់​របរ ដោយ​សារ​ភាព​ក្រីក្រ​រក​១​ ថ្ងៃ​ទទួល​ទាន​ ១ ថ្ងៃ​ ហើយ​ទទួល​បន្ទុក​បន្ថែម​ទៀត​​រក​លុយ​​ដើម្បី​សង់​ផ្ទះ​ថ្មី​ ខ្លះ​ក៏​ត្រូវ​គេ​ជម្លៀស​ទាំង​គ្រួសារ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទីក្រុង​ដល់​ ភ្នំ​បាត​ឯណោះ​ក៏​មាន​ គឺ​យក​មនុស្ស​បោះ​ចោល​ដូច​យក​សំរាម​ទៅ​ចាក់​ចោល​អ៊ីចឹង​។ ​រហូត​ដល់​ឃុំ​ព្រះកាយ​ព្រះអង្គ​លួន ​សាវ៉ាត បណ្តោះ​អាសន្ន ដែល​គ្រាន់​តែ​ថតរូប និង​តាម​ឃ្លាំ​មើល​ការ​តវ៉ា​ ហើយ​ថ្មីៗ​នេះ មាន​ស្រ្តី​ដែល​​រស់​នៅ​បឹងកក់​ ១៥ ​នាក់​ ត្រូវ​បាន​ជាប់​ពន្ធ​ធនាគា​ព្រៃស​ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដែល​កូនៗ​របស់​ពួក​គាត់​ខាន​រៀន​ ខាន​សូត្រ​អស់​ហើយ​ ខិតខំ​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ និង​អន្តរាគមន៍​ពី​គ្រប់​មជ្ឈដ្ឋាន តាំង​ពី​រដ្ឋ​សភា ​ព្រះបរម​រាជវាំង​ រហូត​ដល់​ការិយាល័យ​សហគមន៍​អឺរ៉ុប ដើម្បី​ឲ្យ​ដោះលែង​ម្តាយ​របស់​ពួក​គេ ​តែ​មក​ទល់​ពេល​នេះ​ ពុំទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ជា​ដុំ​កំ​ភួន​នៅ​ឡើយ​ទេ​។​

តើ​ការ​អភិវឌ្ឍ​នៅ​តែ​តំបន់​ក្រីក្រ​ខ្មែរ ​ដែល​ជា​ម្ចាស់​ស្រុក​ទ្រហោយំ ទទួល​រង​កម្ម​រាល់​ថ្ងៃ​បែប​នេះ គឺ​ក្រោម​ការ​ដឹក​នាំ និង​បញ្ជា​ផ្ទាល់​ពី​លោក ​ចៅហ្វាយ​ក្រុង កែប​ ជុតិមា​ ដោយ​មាន​ការ​ចង្អុល​បង្ហាញ​​តម្រង់​​ទិស​ ប្រកប​ដោយ​គតិ​បណ្ឌិត របស់​រាជរដ្ឋាភិបាល​ ដែល​មាន សម្តេច​តេជោ ​សែន​ ជា​ប្រមុខ​ផង​ដែរ​ឬ​ទេ​?​ ហើយ​ហេតុ​អ្វី​បាន​ជាមួយ​ថ្ងៃៗ ​ដេក​គិត​តែ​អភិវឌ្ឍ​នៅ​តំបន់​ដែល​ខ្មែរ​គ្នា​ឯង​រស់នៅ តំបន់​​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​ជើង​ រាជធានី​ភ្នំពេញ ​តែ​មិន​រវីរវល់ អភិវឌ្ឍ​តំបន់​ត្រើយ​ស្ពាន​ច្បារ​អំពៅ​​ខាង​ត្បូង​រាជធានី​ភ្នំពេញ ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ជន​អន្តោប្រវេសន៍​ ទំាង​ស្រប​ច្បាប់​ ទាំង​ខុស​ច្បាប់​ មាន​ទាំង​ជន​ជាតិ​ចិន​ ចាម​​ វៀតណាម ​រហូត​ដល់​អាហ្វ្រិក​ស្បែក​ខ្មៅ​ទៀត​ផង​?​ ខ្លះ​និយាយ​ខ្មែរ​ប៉ៃ​ឡាំៗ​​មិន​ទាំង​ច្បាស់​ផង​ ពេល​ខ្លះ​ពួក​គេ​បោះ​សំដី​ថា​ ផ្សារ​ច្បារ​អំពៅ​ថា​ ជា​ផ្សារ​សៃហ្គនម៉ឺយ​ទៀត​ផង​ បើ​និយាយ​ពី​ថា​ តំបន់​អនាធិបតេយ្យ​ គឺ​ដូច​តែ​គ្នា​ទេ ហើយ​តំបន់​ទាំង​នោះ​ សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ប្លង់​អភិវឌ្ឍ​របស់​សាលា​រាជធានី​ ហេតុអ្វី​ក៏​លោក​ កែប​ ជុតិមា​ ជ្រើសរើស​តំបន់​អភិវឌ្ឍន៍​មាន​ការ​រើស​អើង​ជាតិ​សាសន៍​ដូច្នេះ​? ហេតុ​អ្វី​មិន​អភិវឌ្ឍ​តំបន់​ជន​បរទេស​ទាំង​នោះ​ ដែល​រស់​នៅ​តាម​មាត់​ច្រាំង​ និង​នៅ​លើ​​ទូក​យ៉ាង​អនាធិបតេយ្យ​ទាំង​នោះ​ផង នៅ​តាម​ច្រាំង​ស្ពាន​ខាង​ត្បូង​ហ្នឹង​ផង​?​ តែ​មិន​អ៊ីចឹង​ឯ​ណា​ ជាមួយ​ជន​បរទេស​ មិន​បាន​អភិវឌ្ឍ​តំបន់​ដែល​ពួក​គេ​រស់​នៅ​ទេ មាន​តែ​ខិតខំ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ថែម​ទៀត ដូច​ពេល​បោះឆ្នោត​ឃុំ-សង្កាត់​ថ្មីៗ​នេះ ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​គឺ​លោក​ គួច​ ចំរើន ​អភិបាល​ខណ្ឌ​មាន​ជ័យ​ បាន​ខិតខំ​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​ជន​បរទេស​ដែល​ចូល​មក​រស់​នៅ​ ស្រុក​ខ្មែរ​មិន​ទាន់​មាន​អត្តសញ្ញាប័ណ្ណ​ដើម្បី​ឲ្យ​ស្រប​ច្បាប់​។​ ចំណែក​ជនជាតិ​ខ្មែរ​ណា​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​ប្រើ​ប្រាស់​ហួស​កាល​ បរិច្ឆេទ​វិញ គឺ​គ្មាន​ពេល​ធ្វើ​ឲ្យ​ទេ​ ចាំ​លើក​ក្រោយ​ទៅ​។​ តើ​នេះ​មក​តែ​ពី​កម្ពុជា ​មិន​ទាន់​អស់​កម្ម​ គឺ​សឹង​តែ​ទៅ​ជា​ប្រវត្តិសាស្ត្រ​ទៅ​ហើយ​ ឲ្យ​តែ​ចង់​ធ្វើ​ធំ​ ចង់​បាន​អំណាច​នៅ​តែ​ជំពាក់​កម្ម​គេ​ ជំពាក់​គុណ​គេ​ ជំពាក់​បំណុល​គេ​រហូត​បែប​នេះ​ឬ​?​ តើ​ពេល​ណា​បា​ន​អស់​កម្ម​?​ ហេតុ​អ្វី​​ក៏​ពូកែ​ណាស់​បាន​តែ​​ធ្វើ​បាប​​តែ​ខ្មែរ​គ្នា​ឯង​អ៊ីចឹង?​ សម្លឹង​ឃើញ​ណាស់​ ឲ្យ​តែ​របស់​ខ្មែរ​គ្នា​ឯង​ គឺ​ប្រៀប​ដូច​កាល​ពី​ជំនាន់​អាណា​និគម​និយម​បារំាង​​ធ្វើ​បាប​ខ្មែរ​ ក្នុង​រឿង​ភូមិ​តិរច្ឆាន​ តួអង្គ​នាងនី​ បាន​ចំអក​​ លោក​​ថីសួន​​ ដែល​​ជា​អ្នក​បក​ប្រែ​ឲ្យ​លោក​បាដេស​នោះ​ថា៖«.​..​នេះ​បាន​ចំ​ជា​ចៃ​បារាំង​ មែន! ស្រុក​ខ្មែរ​ ងើប​មិន​រួច​ ពី​ខ្ញុំ​គេ មក​ពី​មាន​ចៃ​ធើធំ​បែប​នេះ​ច្រើន​ណាស់​ តោង​រោម​ជើង​បារាំង!»។ បើ​និយាយ​ពី​ច្បាប់​អន្តោ​ប្រវេសន៍​ ដែល​​បាន​អនុម័ត​តាំង​ពី​​ឆ្នាំ​ ១៩៩៤ ​​មក​នោះ គឺ​ដេ​ក​​លក់​ស្ងាត់​ឈឹង​ ទាល់​គេ​ដាស់​​បាន​​យក​​មក​​ប្រើ​សម្រាប់​ហេតុ​ផល​ន​យោបាយ​ទេ ​ដូច​ជា​៖​ ការ​​ចាប់​បញ្ជូន​ជន​ជាតិ​ចិន​ភាគ​តិច​អ៊ុយគ័​រ ២០ ​នាក់​សុំ​សិទិ្ធ​​ជ្រក​កោនឲ្យ​ត្រឡប់​ទៅ​ស្រុក​ចិន​វិញ​កាលពីឆ្នាំ ២០០៩​ និង​ការ​ចាប់​មេដឹក​នាំ​​អាវ​លឿង​​ថៃ​ ២ ​នាក់​ដាក់​ពន្ធ​នាគារ​ព្រៃស​ ​​តាំងពី​ឆ្នាំ ២០១០​ តែ​ប៉ុណ្ណោះ។​​

ជា​សរុប​មក​វិញ​ថា​ តើ​ពេល​ណា​ទើប​លោក​ កែប ​ជុតិមា​ មក​អភិវឌ្ឍ​នៅ​តំបន់​ស្ពាន​ខាង​ត្បូង​រាជ​​ធានី​ភ្នំពេញ​ ដែល​ជា​ផ្លូវ​អាស៊ាន​ផង​ដែរ​នោះ​​យក​ស្នា​ដៃ ​ឲ្យ​ដូច​ស្ពាន​ខាង​ជើង​?​ សូម​ប្រាប់​​ផង​បាន​ទេ​ទាន​។​