នៅក្នុងលិខិតមិត្តអ្នកអានមួយច្បាប់
ដែលសរសេរដោយលោកសឺន សូប៊ែរ្តិ៍ ដែលត្រូវបានភ្នំពេញ ប៉ុស្តិ៍
ចុះផ្សាយ កាលពីថ្ងៃចន្ទ។ លោកសឺន សូប៊ែរ្តិ៍ ដែលជាកូនប្រុសរបស់លោក សឺន
សាន ដែលមនុស្សជាច្រើនស្គាល់ថា ជាពូជពង្សអ្នកសេ្នហាជាតិ
ដ៏គួរឲ្យគោរពបំផុតនោះ បានហៅក្រុមយុវជន ៥ នាក់
ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ
សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី១៨ ខែទៅ ២ ឆ្នាំ
កាលពីថ្ងៃទី ៤ ខែសីហា ក្រោមការចោទប្រកាន់ពីបទបាចខិត្តប័ណ្ណ
រិះគន់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថ្ងៃ ៧ មករានោះ
ថាជាក្រុមយុវជនក្លាហាន ហើយបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន អត់ឱន និងដោះលែងយុវជនវ័យក្មេងទាំងនេះ
ជាជាងឲ្យតុលាការកាត់ទោសពួកគេ ជាប់ពន្ធនាគារម្នាក់ៗរហូតដល់រាប់ឆ្នាំ។
ការអំពាវនាវឲ្យមានការអត់ឱន
និងដោះលែងបុរសវ័យក្មេងទាំងនេះ លោក សឺន សូប៊ែរ្តិ៍
បានផ្អែកទៅលើសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
ដែលមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងថា យុវជនទាំងនេះ
គឺគ្រាន់តែឆ្លុះបញ្ចាំងពីការភ័យខ្លាច
និងក្តីបារម្ភទូទៅរបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុត
លើការអនុញ្ញាតឲ្យជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់
ចូលមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ដែលនេះ
អាចនឹងធ្វើឲ្យមានការប្រែប្រួលចំនួនប្រជាសាស្ត្រ
និងការដណ្តើមអំណាចផ្លូវច្បាប់ ដូចនៅប្រទេសកូតឌីវ័រ។
បើតាមការចុះផ្សាយរបស់ភ្នំពេញប៉ុស្តិ៍
ដែលស្រង់សម្តីលោកស្រី សែម ស័ក្តិកូឡា ចៅក្រមជម្រះក្តី
សាលាដំបូងរាជធានី ខិត្តប័ណ្ណដែលបុរសវ័យក្មេងទាំងនេះចែកចាយ
សរសេរថា«ហ៊ុន
សែន ជាជនក្បត់ជាតិ។ ហ៊ុន សែន ជាអាយ៉ងរបស់វៀតណាម។ ហ៊ុន សែន
បានលក់ដីឲ្យបរទេស។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាថ្ងៃដែលវៀតណាម
ចូលឈ្លានពានកម្ពុជា»។
ប្រសិនបើខិត្តប័ណ្ណសរសេរយ៉ាងដូច្នេះមែន
វាពិតជាគ្រោតគ្រាតខ្លាំងណាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ ពាក្យពេចន៍ទាំងនេះ
វាដូចជាមិនមែនជាពាក្យថ្មីនោះទេ ពីព្រោះគេតែងតែឮអ្នកនយោបាយ
និងអ្នកដែលមាននិន្នាការ មិនស្របនឹងរដ្ឋាភិបាលច្រើនណាស់
តែងតែលើកយកពាក្យទាំងនេះមកនិយាយជាហូរហែ
អស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីធ្វើការរិះគន់រដ្ឋាភិបាល។
ខ្ញុំយល់ថា ប្រសិនបើរដ្ឋាភិបាលធ្វើការចោទប្រកាន់ និងប្តឹងទៅតុលាការ
ដូចបុរសវ័យក្មេងទាំង៥ នាក់ខាងលើ
ទៅលើអ្នកដែលគ្រាន់តែនិយាយពាក្យទាំងនេះនោះស្រុកខ្មែរប្រហែលជារកគុកដាក់មិនបានទេ។
មែនទែនទៅ បើទោះបីជាពាក្យពេចន៍រិះគន់ទាំងនេះ
វាគ្រោតគ្រាតខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែបើយើងគិតឲ្យបានល្អិតល្អន់ទៅ
ការលើកឡើងទាំងនេះ វាគ្រាន់តែជាការបញ្ចេញមតិ របស់ក្រុមបុរសវ័យក្មេង
និងសាធារណជន ដែលយកចិត្តទុកដាក់ខ្វល់ខ្វាយ
ទៅលើជោគវាសនារបស់ប្រទេសជាតិតែប៉ុណ្ណោះ
ដែលមិនគួរដល់ថ្នាក់ទៅមានទោស រហូតដល់ទៅជាប់ពន្ធនាគារនោះទេ
លោកនាយករដ្ឋមន្ត្រី ឬរដ្ឋាភិបាល
គួរតែធ្វើការឆ្លើយបំភ្លឺដោយមានហេតុផលច្បាស់លាស់
ឬក៏ត្រឹមតែកោះហៅអ្នករិះគន់ទាំងនោះទៅធ្វើការពន្យល់
ឬក៏ព្រមានទៅបានហើយ។
ហេតុអ្វីបានជាចេះតែបន្តកើតមានការចោទប្រកាន់ទាំងនេះ?
មែនទែនទៅរដ្ឋាភិបាលកម្ពុជា
ដែលត្រូវបានគេចោទប្រកាន់ថា មានជាប់ជំពាក់វាក់វិនយ៉ាងជ្រាលជ្រៅ
ជាមួយប្រទេសវៀតណាមនោះ ដូចជាមិនទាន់បានស្រាយបំភ្លឺច្បាស់លាស់
ជាក់លាក់ ជាសាធារណៈណាមួយ លើបញ្ហាដ៏រសើបទាក់ទងជាមួយប្រទេសវៀតណាម
ជាពិសេសបញ្ហាជនអន្តោប្រវេសន៍វៀតណាម
ដែលត្រូវបានប្រជាពលរដ្ឋខ្មែរជាច្រើនមើលឃើញថា
ហាក់បីដូចជាត្រូវបានគេអនុញ្ញាតឲ្យចូលមកតាំងទីលំនៅដោយសេរី
កាន់តែច្រើនឡើងៗ នៅក្នុងប្រទេសកម្ពុជានេះទេ។
មានសេចក្តីរាយការណ៍ជាច្រើនអះអាងថា
ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជា មានរាប់សែននាក់ ខ្លះថា
មានរាប់លាននាក់ ខ្លះទៀតថា មានជាង ៣ លាន ឬក៏ជាង ៤ លាននាក់ និងរហូតដល់មានអ្នកខ្លះទៀតថា
ជនជាតិវៀតណាមជាច្រើនដែលចេះនិយាយភាសាខ្មែរប៉ាយឡាំៗ
បានតែពីបីម៉ាត់ បែរជាមានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
និងបានចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរថែមទៀតដែលធ្វើឲ្យ
ពល-រដ្ឋខ្មែរខ្លះបារម្ភ
ខ្លាចកម្ពុជាបាត់បង់ទឹកដីទាំងស្រុងដូចកម្ពុជាក្រោម
នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រសិនបើរដ្ឋាភិបាល
មិនព្រមធ្វើការទប់ស្កាត់ការហូរចូលមកតាំងទីលំនៅ
ពីសំណាក់ជនជាតិវៀតណាមទេនោះ។
ដើម្បីសម្រាលនូវក្តីបារម្ភ ឬក៏លុបបំបាត់ទាំងស្រុង
នូវរាល់ការចោទប្រកាន់ទាំងនេះ រដ្ឋាភិបាល ឬក៏អាជ្ញាធរសាធារណៈ
គួរតែធ្វើការពន្យល់ ឬបើអាច គួរតែបើកសមាជថ្នាក់ជាតិមួយ
បើកឲ្យសាធារណជនទូទៅ ធ្វើការចោទសួរដោយសេរី
ពាក់ព័ន្ធនឹងឯករាជភាពរបស់ប្រទេសកម្ពុជា ពីប្រទេសវៀតណាម
ឬក៏យ៉ាងហោចណាស់ រដ្ឋាភិបាល គួរតែបញ្ចេញតួលេខជាក់លាក់ថា
តើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
មានជនអន្តោប្រវេសន៍វៀតណាមទាំងអស់ចំនួនប៉ុន្មាន? ស្របច្បាប់ប៉ុន្មាន? មិនស្របច្បាប់ប៉ុន្មាន? នៅលើទឹកប៉ុន្មាន? នៅលើគោកប៉ុន្មាន? នៅភ្នំពេញប៉ុន្មាន? នៅស្រុកកៀនស្វាយ
ខេត្តកណ្តាលប៉ុន្មាន? នៅឃុំឆ្នុកទ្រូ
ខេត្តកំពង់ឆ្នាំងប៉ុន្មាន? នៅឃុំចុងឃ្នាសខេត្តសៀមរាបប៉ុន្មាន?...បើមិនដូច្នោះទេរដ្ឋាភិបាល
មានតែស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ធ្វើមិនដឹងមិនឮ ឲ្យគេរិះគន់
ឬចោទប្រកាន់ជាបន្តទៅទៀតទៅ
ប៉ុន្តែរដ្ឋាភិបាលមិនគួរប្តឹងចោទប្រកាន់អ្នករិះគន់ទាំងនោះ
ទៅកាន់តុលាការ ដែលស្ទើរគ្រប់គ្នាចាត់ទុកថា
ជាស្ថាប័នមិនទាន់ឯករាជ្យ
ឲ្យធ្វើការកាត់ទោសអ្នកទាំងនោះដាក់ពន្ធគារ ដោយសារតែពួកគេសម្តែងមតិខ្វាយខ្វល់ពីបញ្ហាជាតិនោះទេ
ពីព្រោះការប្រើញញួរយក្សធំមួយ ដេញសម្លាប់សត្វរុយ
វាមិនមែនជាវិធីវ័យឆ្លាតឡើយ។
ធម្មតាដើមឈើ
នៅពេលវាដុះខ្ពស់កាន់តែខ្លាំងផុតដាច់ស្រឡះពីដើមឈើដទៃ ដើមឈើនោះ
វាតែងតែទទួលរងនូវខ្យល់បោកបក់ខ្លាំងជាងគេ ដែលនេះវាគឺជារឿងធម្មតា
ហើយវាក៏ជាក្រិតក្រមធម្មជាតិដែរ។ យ៉ាងណាមិញ វាជារឿងធម្មតាទៅហើយ
មនុស្សយើងនៅពេលដែលទៅធ្វើជាមេដឹកនាំគេ ឬក៏ជាមេដឹកនាំប្រទេសមួយ
វាចៀសមិនរួចទេ ពីការរិះគន់ចោទប្រកាន់ពីក្រុមណាមួយនោះ
ពីព្រោះមនុស្សយើង គ្មាននរណាម្នាក់
អាចធ្វើអ្វីគ្រប់យ៉ាងបានល្អឥតខ្ចោះ
ហើយអាចបំពេញចិត្តមនុស្សគ្រប់គ្នា បានទាំងអស់នោះទេ។ រួមសេចក្តីមក
ដើមឈើបើមិនចង់ឲ្យខ្យល់បក់បោកត្រូវខ្លាំងទាល់តែកុំដុះឲ្យ ខ្ពស់ផុតពីដើមឈើដទៃ
ហើយមនុស្សយើងបើមិនចង់ ឬមិនចូលចិត្តឲ្យគេរិះគន់ទេ
គួរកុំទៅធ្វើជាមេដឹកនាំ៕(នេះជាទស្សនផ្ទាល់របស់ការីនិពន្ធ
មិនឆ្លុះបញ្ចាំងពីកាសែតភ្នំពេញប៉ុស្តិ៍ឡើយ)