អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Tuesday 19 June 2012

ហេតុ​អ្វី​បាន​ជា​ម្នាក់​ៗ​ចេះ​តែ​ចង់​ធ្វើ​ធំ​?

នៅ​លើ​លោក​នេះ​អ្នក​ណាៗ​ ក៏​ចង់​ធ្វើ​ធំ​ដែរ​ គ្រាន់​តែ​ថា តើ​ការ​ចង់​ធ្វើ​ធំ​នោះ​ បាន​ដល់​កម្រិត​ត្រឹម​ណា​មួយ​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៍៖​ តំណែង​ប្រធានា​ធិបតី ​មាន​តែ ១​ នាយក​រដ្ឋ​មន្រ្តី​មាន​តែ ១​ រដ្ឋ​មន្រ្តី​តាម​ក្រសួង​នីមួយៗ​ មាន​តែ ១​ អភិបាល​ខេត្ត-ក្រុង មាន​តែ ១​ ជា​ដើម​។​ល។សម្រាប់​ស្រុក​ខ្មែរ​វិញ តើ​មាន​ប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​ធំ បាន​ជា​គេ​ចេះ​តែ​នាំ​គ្នា​ចង់​បាន​តួនាទី​ទាំង​នោះ​ខ្លាំង​ម្ល៉េះ​?​ ហើយ​អ្នក​ខ្លះ បើ​បាន​កន្លែង​នោះ​អង្គុយ​ហើយ​ គឺ​មិន​ចង់​ចុះ​ពី​តំណែង​នោះ​ទេ​ ​នៅ​ក្រាញ​ននៀល​ បើ​ទោះ​បី​ជា​ដឹង​ខ្លួន​​ថា​ ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ហើយ​ក៏​ដោយ​?​

វប្ប​ធម៌​ចង់​ធ្វើ​ជា​អ្នក​ធំ​ មាន​អំណាច​«មេ»​នៅ​ស្រុក​ខ្មែរ​ ​គឺ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ឲ្យ​គេ​គោរព ហើយ​ស្ពាយ​ឋានៈ​ និង​តួនាទី​តាំង​ពី​កន្លែង​ធ្វើ​ការ រហូត​ដល់​ហាង​គុយ​ទាវ​ ឬ​កន្លែង​ម៉ាស្សា​ខារ៉ា​អូខេ​ គឺ​ខុស​គ្នា​​ស្រឡះ ពី​វប្បធម៌​ពួក​បស្ចិម​ប្រទេស​ គឺ​ទម្លាប់​ពួក​គេ ​ធ្វើ​ធំ​តែ​នៅ​កន្លែង​ធ្វើ​ការ​ទេ ​នៅ​ពេល​ចប់​ចេញ​ពី​ការិយាល័យ​គឺ​រាប់​អាន​ស្មើ​គ្នា​ធម្មតា​។​
តើ​ដល់​ពេល​ណា ទើប​អ្នក​ធំ​ស្រុក​ខ្មែរ អាច​ធ្វើ​អ៊ីចឹង​បាន​?
អ្នក​ធ្វើ​ធំ​ស្រុក​ខ្មែរ​ មាន​ការ​លំបាក​តែ​ដំបូង​បន្តិច​ ក្នុង​ការ​ស្វែង​រក​សំឡេង​ឆ្នោត​ មុន​ពេល​បោះឆ្នោត​ប៉ុណ្ណោះ គឺ​ចុះ​មូលដ្ឋាន​ទាំង​ព្រឹក ទាំង​ថ្ងៃ​ នៅ​ចុង​សប្តាហ៍​ ហើយ​ពេល​ខ្លះ​ យក​ថ្ងៃ​ធ្វើ​ការ​ងារ​រដ្ឋ​ ទៅ​ចុះ​មូល​ដ្ឋាន​ពង្រឹង​បក្ស ពេល​ខ្លះ បន្លំ​ពេល​ចុះ​ធ្វើ​ការ​ងារ​រដ្ឋ​ទៅ​នឹង​ការ​ចុះ​មូលដ្ឋាន​ចែក​អំណោយ​ធ្វើ ​ប្រជា​ភិថុត ​​ដើម្បី​បម្រើ​បក្ស។ តែ​ដល់​ពេល​បាន​អំណាច​ តួនាទី​រៀងៗ​ខ្លួន​ហើយ ​គឺ​បាយ​បាយ​ហើយ​ គឺ​នាំ​គ្នា​កេង​ប្រវ័ញ្ច​តែ​ពី​ប្រជា​ពលរដ្ឋ មួយ​ថ្ងៃ​ដេក​គិត​សញ្ជឹង​ និង​សម្លឹង​មើល​ឲ្យ​តែ​ដី​ណា​ល្មមៗ​ គឺ​យក​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ហើយ ចង់​រាស្រ្ត​យំ​អី​ យំ​ទៅ​ តែ​បើ​ដី​អ្នក​ធំ​គ្នា​គេ​ គឺ​មិន​យក​ទេ ហើយ​មិន​ហ៊ាន​ប៉ះ​ទៀត​ផង​​ ហ្នឹង​ហើយ​ បាន​ជា​គេ​ចង់​ធ្វើ​ធំ​នោះ​ គឺ​មាន​អំណាច និង​ចំណេញ​អ៊ីចឹង​។ សំណួរ​សួរ​ថា ​តើ​ដែល​ឃើញ​គេ​យក​ដី​អ្នក​ធំៗ​ ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ ដូច​ដី​ប្រជា​ពល​រដ្ឋ​តូច​តាច​ក្រីក្រ​ដែរ​ឬ​ទេ​?​ ហើយ​មាន​តែ​អ្នក​ធំ​រំលោភ​យក​ដីធ្លី​អ្នក​តូច​តាច​ថែម​ទៀត​។
មិន​តែ​ប៉ុណ្ណោះ​ទេ អ្នក​ធំៗ​ស្រុក​ខ្មែរ ​មាន​បុព្វសិទ្ធិ​ច្រើន​រាប់​មិន​ចង់​អស់​ទេ។ ​ឧទាហរណ៍​៖ ​ការ​ប្រើ​ប្រាស់​ប្រេង​សាំង​សូគីម៉ិច ដែល​រដ្ឋ​បើក​ឲ្យ​រាប់​រយ​លីត ​ប្រើ​រថយន្ត​រដ្ឋ​មិន​អស់​ចិត្ត​ ក៏​យក​ប្រេង​សាំង​ទាំង​នោះ​ទៅ​ចាក់​រថយន្ត​ផ្ទាល់​ខ្លូន ​ដឹក​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​លេង​ ឬ​ទៅ​មើល​ដី​ថែម​ទៀត​ ហើយ​បុង​សាំង​គរ​ដូច​ភ្នំ​។ ដោយសារ​ការ​ប្រើ​សាំង​រដ្ឋ​ខ្ជះ​ខ្ជាយ​បែប​នេះ​ គឺ​បាត់​គុក​តេ​បី​មួយ​ទទេ​ ហើយ​អ្នក​ជាប់​ឃុំ ត្រូវ​ទៅ​​ជាន់​ជើង​គ្នា នៅ​ព្រៃ​ស​ឯណោះ​ទៅ​វិញ។ និយាយ​ពី​ការ​ចំណាយ​ទឹក​ និង​ភ្លើង​វិញ​ ប្រើ​ម៉ាសេរី​អ្នក​ធំ​ខ្លះ​ ប្រើ​ភ្លើង​ ២ ​ទៅ​ ៣ លីង​ទៀត​ ហើយ​វិក្កយបត្រ​ទៅ​គិត​នៅ​កន្លែង​ធ្វើ​ការ​រដ្ឋ​ទៅ​។​ ចំណែក​អ្នក​ប្រមូល​លុយ​ខ្សែ​កាប​ បាន​និយាយ​ថា ថៅ​កែ​របស់​ពួក​គេ ប្រាប់​កុំ​ឲ្យ​ទៅ​ប្រមូល​លុយ​ប្រចាំ​ខែ​ នៅ​ផ្ទះ​នេះ ​ឬ​ផ្ទះ​នោះ ព្រោះ​ផ្ទះ​អ្នក​ធំៗ​។​ អ្នក​ធំ​ មួយ​ចំនួន​ធំ រួច​ខ្លួន​ទៀត ឯ​ប្រជា​ពល​រដ្ឋ​សាមញ្ញ​វិញ​ បើ​មិន​ទៅ​បង់​ទឹក និង​ភ្លើង​ដល់​កន្លែង​តាម​កាល​កំណត់​ទេ គឺ​ត្រូវ​ផ្តាច់ ​ឬ​ក៏​ផាក​ពិន័យ​។​
ម្យ៉ាង​ទៀត​កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ គ្រួសារ​ណា​ ដែល​មាន​សមាជិក​គ្រួសារ​ ធ្វើ​ជា​គ្រូ​បង្រៀន​ គឺ​​អាច​ចិញ្ចឹម​មួយ​ផ្ទះ​។ ឥឡូវ​ឲ្យ​តែ​ក្រ​ «​គ្រូ»​ ប្រពន្ធ​រអ៊ូ​ហើយ​ ដោយ​សារ​ប្រាក់​ខែ​តិច​ គឺ​ផ្ទុយ​ពី​អ្នក​ធំៗ​ ទៅ​វិញ មិន​ត្រឹម​តែ​ចញ្ចឹម​មួយ​ផ្ទះ​ទេ ​គឺ​ថែម​ទាំង​យក​សមាជិក ​នៅ​ក្នុង​គ្រួសារ​នោះ​ មក​ធ្វើ​ការ​ជាមួយ ហើយ​មាន​តួនាទី​ធំ​ៗ​ថែម​ទៀត ​គឺ​នៅ​ខុទ្ទ​កាល័យ​ និង​ពិធី​ការ​របស់​ក្រសួង​ផ្ទាល់ ឬ​ក៏​សាលា​រាជធានី​ ដែល​ជា​ទី​ប្រជុំ​ទម្ងន់ ​គឺ​អ្វីៗ​ មុន​នឹង​ទៅ​ជួប​ ឬ​រត់​ឯក​សារ ​ដល់​រដ្ឋ​មន្ត្រី​ គឺ​កុំ​ឲ្យ​បែក​ទ្រព្យ​ អ្វីៗ​នៅ​មូល​តែ​ម្តង​។​​ ឧទា​ហរណ៍​៖ ​លោក​ ហោ ណាំ​ហុង​ កូន​គាត់​ ២ នាក់ ជា​ឯក​អគ្គ​រាជ​ទូត​ ប្រចាំ​ប្រទេស​អង់គ្លេស​ និង​ប្រទេស​ជប៉ុន​ ឯ​ម្នាក់​ទៀត ​នៅ​កន្លែង​ទី​ប្រជុំ​ទម្ងន់​តែ​ម្តង​។ ​លោក​ ចម ​ប្រសិទ្ធ ​កូន​ម្នាក់​ ជាអគ្គ​នាយក​រង​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​ ឯ​ម្នាក់​ទៀត​នៅ​កន្លែង​ទី​ប្រជុំ​ទម្ងន់​។​ ឯ​លោក​ កែប ​ជុតិមា ​ក៏​មិន​ណយ​ដែរ​ គេ​យក​កូន​គេ​ធ្វើ​បាន​ រឿង​អី​បាន​ជា​ខ្ញុំ​ យក​កូន​ខ្ញុំ​ធ្វើ​ការ​ក្បែរ​ខ្លួន​មិន​បាន។ យ៉ាង​ហោច​ណាស់​ ក៏​មាន​កូន​ម្នាក់​ នៅ​កន្លែង​ទីប្រជុំ​ទម្ងន់​ដែរ​។ ​ទាំង​នេះ គឺ​ជា​ការ​និយម​ធ្វើ​ជា​អ្នកធំ​ តកូន​តចៅ​។
ការ​ធ្វើ​យ៉ាង​ដូច្នេះ​ គឺ​អ្នក​ធំ​ៗ ដឹង​រឿង​ទាំង​អស់​ ចង់​អ្នក​ណា​ធ្វើ​អី​ក្នុង​ស្ថាប័ន​ហ្នឹង​ក៏​ដឹង​ដែរ​។
ចំពោះ​ការ​សណ្តោង​សមាជិក​ក្នុង​គ្រួសារ​ មក​ធ្វើ​ការ​មាន​តួនាទី​ធំ​ដុំ​ នៅ​ក្នុង​ក្រសួង​បែប​នេះ​ កន្លង​មក​ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ សែន​ ធ្លាប់​បាន​ព្រមាន​ម្តង​រួច​មក​ហើយ ​ពី​ក្រសួង​គ្រួសារ​និយម​នេះ​ តែ​បាន​ប៉ុន្មាន​ខែ​ក្រោយ​មក​ បែរ​ជា​ស្ងាត់​ឈឹង​គ្មាន​វិធាន​ការ​ទៅ​វិញ​។​ ជាង​នេះ​ទៅ​ទៀត​ ការ​តាក់​តែង​ច្បាប់​មួយ​ចំនួន​ គឺ​រៀប​ចំ​ ឬ​ក៏​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ទ្បើង​ ដើម្បី​ការ​ពារ​អំណាច​ និង​ការពារ​តែ​អ្នក​ធំ​។​ ឧទាហរណ៍៖​ ក្រម​ច្បាប់​ព្រហ្ម​ទណ្ឌ​ដាក់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ការ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ និង​ញុះញុង់ និង​ច្បាប់​មិន​បាន​ចែង​អំពី​អាណត្តិ​របស់​ការ​ដឹក​នាំ​ធ្វើ​ជា​នាយក​រដ្ឋ ​មន្រ្តី ជា​ដើម ហើយ​តិច​លោ​ទៅ​ច្រឡំ​​មាន​រឿង​រ៉ាវ​ក្តី​ក្តាំ​តាម​ផ្លូវ​តុលាការ​ ជាមួយ​អ្នក​ធំ​ គឺ​ត្រៀម​ខ្លួន​ដេក​តែ​ពី​ចាញ់​ឲ្យ​ហើយ​ទៅ គ្រាន់​តែ​ចាញ់​តិច​ ឬ​ច្រើន​តែ​ប៉ុណ្ណឹង​។ កុំ​លលេង​ជាមួយ​អ្នក​ធំ​ឲ្យ​សោះ ​ល្មម​ៗ​ទ្រម​ ទក់​សាច់​។
ជាក់​ស្តែង ​ចំពោះ​អតីត​ អ្នក​មាន​អំណាច ដែល​ជាប់​ពិរុទ្ធ​ ហើយ​ត្រូវ​តុលាការ​ហៅ​ទៅ​សាក​សួរ​ មួយ​ចំនួន​ធំ​នៃ​អ្នក​ធំ​ទាំង​នោះ ស្លៀក​ពាក់​ស៊ីវិល​ធម្មតា គឺ​ផ្ទុយ​ពី​អ្នក​ជាប់​ពិរុទ្ធ​ធម្មតា ដែល​មាន​សម្លៀក​បំពាក់​ឯក​សណ្ឋាន​អ្នក​ជាប់​ឃុំ​ពណ៌​ទឹក​ប៊ិក​មាន​ឆ្នូត​ស។​ រីឯ​ការ​រស់​នៅ​ក្នុង​ពន្ធនាគារ ក៏​ដាក់​កន្លែង​ផ្សេង​ពិសេស​ដែរ​ មាន​កន្លែង​ស្អាត​បាត អាហារ​ឆ្ងាញ់​ៗ​ មាន​កន្លែង​ហាត់​ប្រាណ​ផង​ដែរ​ គឺ​ខុស​ពី​អ្នក​ទោស​ធម្មតា​ ញាត់​ឲ្យ​នៅ​គរ​ជើង​គ្នា​ក្នុង​ ១ ​បន្ទប់ៗ​។ ឧទាហរណ៍​៖ អ្នក​ទោស ​ហេង​ ពៅ ​និង​ អ្នក​ទោស​ ម៉ឹក ដារា ​ជាដើម។​
បើ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​មួយ​អ្នក​ធំៗ​ ឬ​កូន​អ្នក​ធំៗ​ មិន​ទាន់​រក​ខុស​រក​ត្រូវ​តាម​ផ្លូវ​ច្បាប់​ផង ​គឺ​គេ​ទូរសព្ទ​ហៅ​គ្នីគ្នា ក្នុង​នោះ​ មាន​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ឡាន មក​ជា​មួយ​ផង ​គំរាម​កំហែង​អ្នក​តូច​តាច​ ដែល​ប៉ះ​ពារ​ជាមួយ​អ្នក​ធំ​ៗ​ ឬ​ក៏​ក្រុម​គ្រួសារ​អ្នក​ធំ​នេះ​ថែម​ទៀត​។ គ្រាន់​តែ​ឮ​កូន​លោក​នេះ ​កូន​លោក​នោះ​ហ្នឹង​ មន្រ្តី​បូលិស​ចរាចរណ៍​ ធ្វើ​ការរ​ញីរញ័រ​បាត់​ទៅ​ហើយ​ ស្រួល​មិន​ស្រួល​ហ្នឹង​ត្រូវ​មាត់​ទៀត​។ នេះ​គ្រាន់​តែ​ជា​បង្ហាញ​សកម្មភាព​ខ្លីៗ​ បែប​អវិជ្ជមាន​របស់​អ្នក​ធំ​ប៉ុណ្ណោះ​។ ​តើ​វប្បធម៌​អ្នក​ធំ​ស្រុក​ខ្មែរ​បែប​នេះ​ ពេល​ណា​នឹង​ផ្លាស់​ប្តូរ?​


No comments:

Post a Comment