កាលពីព្រេងនាយ មានហោរម្នាក់ជាអ្នកទាយ
គន់គូរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់ដូនចាស់ ។
មានកាលថ្ងៃ ១
តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរ
ភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ ហើយនិងបានទន្សាយលង់ទឹក១
ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញ
គាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែ ខាងមុខផ្ទះគាត់
ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះ ទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់
ក្បែរកន្លែងទុកទន្សាយ ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា
"យើងទៅរកហោរទាយមើល ថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវ សឹមជឿថាពូកែមែន
ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១
បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ"។
ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ
តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា "អើអ្នកអើយ! លោកគ្រូនៅៗ ហ្នឹងឬ? ។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា
"គាត់នៅនេះ មានការអ្វី? តាយាយអញ្ជើញចូលមក!"
។ តាចាស់យាយចាស់នោះគ្នាចូលទៅ បន្តិច ហោរដណ្តឹងសួរមកតាយាយថា
"ចុះអញ្ជើញមកនេះ មានការអ្វី?" ។ តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា
"ខ្ញុំមកនេះ មានការបន្តិច, សូមលោក គ្រូមេត្តាករុណាចុះ" ។ ហោរសួរថា
"មានការអ្វី? ចូរថាមកចុះ! "
។ តាចាស់យាយចាស់ថា "ឱលោកគ្រូអើយ! យើងខ្ញុំទាំងពីរនាក់នេះ
អត់ម្ហូបអាហារទទួលទាន ពីរបីថ្ងៃហើយ តើព្រឹកនេះ
នឹងបានអ្វីទទួលទានឬទេ?" ។ ហោរចាប់ក្តារឆ្នួនឡើង វាយលេខមើលឲ្យតាយាយ
មើលរួចស្រេច ក៏ជម្រាបតាយាយសថា " ព្រឹកនេះ តាយាយឯង
មុខតែលិទ្ធប្រហុកក្នុងពាង!" ។ តាយាយឮហោរថាដូច្នោះ
ក៏នឹកក្នុងចិត្តថា "ហោរនេះ គ្មានពូកែទេ ទាយផ្តេសផ្តាសសោះ
យើងកុំជឿ!" គិតតែប៉ុណ្ណោះក៏នាំគ្នាលាហោរមកផ្ទះវិញ
ហើយយាយក៏ប្រើតាឲ្យទៅចាប់យកត្រីពីទ្រុង ទៅធ្វើក្បែរត្រពាំងជិតផ្ទះ
តាលូកចាប់ត្រីយកមកក្រៅ ត្រីវាបម្រះរួច លោតចុះត្រពាំងទៅ ។
តាក៏ស្ទុះទៅយកអង្រុត ដែលគ្របទន្សាយមកដេញរុតត្រី ។
ឯទន្សាយនៅក្នុងអង្រុតនោះ ក៏ផ្អើលរត់បាត់ទៅទៀត ។
យាយមើលពីលើមកឃើញទន្សាយរត់ចូលទៅក្នុង ព្រៃ ក៏ស្រែកប្រាប់ថា
"តាៗ! ទន្សាយរួចទៅហើយ!" ។ តាប្រាប់ទៅវិញថា
ឯងសមតែស៊ីប្រហុកក្នុងពាង ដូចគេទាយពីព្រឹកម៉ិញនោះឯង " ។
តាឮយាយថាដូច្នោះ ក៏នឹកឃើញថា "គ្រូទាយឆុតមែន"
ដល់ពេលបាយព្រឹក
តាមចាស់ដូនចាស់ក៏នាំគ្នាស៊ីប្រហុកក្នុងពាងដូចហោរទាយឲ្យនោះ ឯង ។
ទើបតាចាស់ ដូនចាស់ដូនចាស់ជឿថា
"ហោរចេះដឹងត្រឹមត្រូវតាមក្បួនតម្រាប្រាកដមែន" ។
កុំអាងអួតអាត្មា ត្មះតម្រាប្រាជ្ញព្រេងនាយ
ប្រជុំរឿងព្រេងខ្មែរភាគ២
No comments:
Post a Comment