មានក្មេងកំព្រាម្នាក់រស់នៅស៊ីឈ្នួលលាងចានឲ្យគេ។
ក្មេងនោះជាក្មេងឧស្សាហ៍ធ្វើការជារៀងរាល់ថ្ងៃ
និងទទួលបានប្រាក់ខែជាទៀតទាត់។
សម័យថ្ងៃមួយព្រះចៅផែនដីទតឃើញក្មេងនោះកំពុងលាងចាន ស្តេចត្រាស់សួរថា
"ចៅឯងស៊ីឈ្នួលសព្វថ្ងៃនេះ មានប្រាក់ប៉ុន្មានហើយ?"
។ ក្មេងនោះឆ្លើយថា
"សព្វថ្ងៃនេះខ្ញុំមានស្មើគ្នានឹងស្តេចផែនដី" ។
ស្តេចត្រាស់ថា "ការស៊ីឈ្នួលគេក្នុងលោកនេះ
គឺការស៊ីឈ្នួលលាងចានជាការទាបថោកបំផុត ម្តេចចៅឯងអួតខ្លួនថាមានសម្បត្តិស្នើយើងជាម្ចាស់ផែនដីផ្ទៃក្រោមនេះ"
។
ក្មេងនោះក៏អត្ថាធិប្បាយថា
"ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះក្នុងមួយខែគេឲ្យ ៥-៦
កាក់ក៏ពិតមែន តែការទទួលទានបាយក៏ត្រឹមមួយឆ្អែត
ទទួលទានដំណេកក៏ត្រឹមមួយពេល ឯស្តេចមានទ្រព្យសម្បត្តិរាប់មិនអស់នោះសោត
ក្នុងមួយថ្ងៃក៏គង់សោយព្រះក្រយាស្ងោយត្រឹមតែមួយឆ្អែតដូចគ្នា
នឹងសោយឲ្យលើសពីនោះទៅក៏ទេ
កាលដែលទ្រង់ផ្ទុំសោតក៏ត្រឹមតែមួយពេលដូចគ្នា នឹងលើសលែងពីនេះទៅក៏ទេ
ហេតុនេះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្តិស្មើម្ចាស់ផែនដីដែរ" ។
ស្តេចបានស្តាប់ពាក្យក្មេងដែលយក១ឆ្អែតជាប្រមាណរួចហើយទ្រង់យល់ថាពិត
ថាមែនប្រាកដណាស់ ទ្រង់ពិចារណាមើលហេតុទៅក៏ពុំខុសអំពីគ្នា
គឺអ្នកក្រក៏ស៊ីត្រឹមតែមួយឆ្អែត អ្នកមានក៏ស៊ីត្រឹមតែមួយឆ្អែតដូចគ្នា
ស្តេចមានព្រះទ័យស្រឡាញ់ពាក្យក្មេងនេះក្រៃពេក
ទើបទ្រង់ប្រទានមាសប្រាក់សម្ពត់ខោអាវឲ្យក្មេងនោះ
ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅថា ពាក្យអ្នកប្រាជ្ញក្នុងលោកនេះ។
គតិលោកភាគ ២ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
No comments:
Post a Comment