មានសត្វសំពោចមួយដើរទៅឃើញមាន់ចែទំលើប្រគាបឈើមួយ
ហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយកុហកថា "នែមាន់ចែជាសំឡាញ់! អើយឥឡូវអញកាន់ព្រះអាជ្ញា
ព្រះជាម្ចាស់ទ្រង់ត្រាស់ឲ្យប្រកាសប្រាប់អស់បណ្តាពួកសត្វដែលជា
ពៀរសត្រូវនឹងគ្នានោះថាឲ្យព្រមព្រៀងនឹងគ្នា ចាប់ពីថ្ងៃនេះទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយ
នែមាន់ចែ យើងបានសុខសប្បាយហើយ
ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា
ឲ្យយើងជានឹងគ្នា ឥឡូវនេះខ្ញុំយល់ថា
បាឯងក៏មកជាសំឡាញ់ដូចបងប្អូនគ្នាពិតៗ ចូរឯងចុះមកឲ្យគ្នាឱបថើបជាការមេត្រីបន្តិចទៅអេះ"
។
ឯមាន់មានប្រាជ្ញាវាងវៃក៏តបភ្លាមទៅថា
"អើបងសំពោច បងឯងកាន់ព្រះរាជអាជ្ញាព្រះជាម្ចាស់មកបង្គាប់ថាឲ្យយើងជានឹងគ្នានេះ
ជាការល្អវិសេសណាស់ហើយបង ខ្ញុំឃើញបងឯងហើយក៏មានចិត្តស្រឡាញ់
ចង់ចុះទៅទទួលសេចក្តីស្និទ្ធសេហ្នានឹងអ្នកបងដែរ
តែការនេះឈប់សិនចុះ
ព្រោះទីនេះនៅមានឆ្កែមួយវានៅជាមួយនឹងខ្ញុំនេះ
ឥឡូវវាទៅរកស៊ីឯទីព្រៃបាត់ពុំទាន់មកដល់ឡើយ
យើងចាំជុំគ្នាទាំងបីប្រាណ
ហើយសឹមយើងជួបគ្នានឹងបានក្រសោបឱបគ្នា
ជាមេត្រីយ៉ាងធំតែម្តង" លុះមាន់និយាយដូច្នេះហើយ ធ្វើជាបែរមើលទៅ
ទិសខាងជើង ហើយស្រែកថា "បងឆ្កែមកហើយ
អើបងសុនខ អញ្ជើញបោលចូលមកឲ្យឆាប់ ត្បិតបងសំពោចគេមកនៅចាំបងឯង" ។
ឯសំពោចឮថាឆ្កែមកដូច្នេះហើយក៏ភិតភ័យព្រោះខ្លួននឹងឆ្កែជាសត្រូវនឹងគ្នាទើបម្នីម្នារត់ចេញអំពីទីនោះចូលព្រៃទៅ។
មាន់ចែក៏រឹងតែដង្ហៅថា
"បងសុនខចូលមកឲ្យឆាប់ៗ បងសំពោចកុំអាលទៅណាឈប់សិន
បងសុនខគេមកដល់ហើយ" ។ ឯសំពោចក៏ឆ្លើយថា
"អាជ្ញាក្តៅណាស់នៅមិនបានទេ" ហើយក៏រត់ចូលព្រៃទៅ។
មាន់ចែស្រែកឡកឲ្យសំពោចថា "អាចោលម្សៀត
ចេះមកពោលពាក្យថាឯងកាន់ព្រះរាជអាជ្ញាមកប្រកាសឲ្យសត្វដែលជាសឹកសត្រូវនឹងគ្នានោះ
ត្រូវឲ្យជានឹងគ្នាតែអញនឹងឯង
ឯត្រង់ឆ្កែនិងឯងត្រឡប់ជាមិនសាមគ្គីវិញ អាណាជឿឯងបាន ..." ។
គតិលោកភាគ២ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
No comments:
Post a Comment