មានខ្មោចប្រុសមួយ
អាស្រ័យក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់
កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ លុះណាប្ដីនាងមិននៅ
អាខ្មោចនោះវាប្លែងកាយនិមិ្មតជារូបប្តីនាង
ទៅដេកនឹងនាងនោះៗក៍សំគាល់ជាប្តីរបស់អាត្មា មិនដឹងជាខ្មោចប្លែងឡើយ
ព្រោះដូចគ្នាណាស់។
ឯខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ
វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង
លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងមកដេកនាងនៅក្នុង
ផ្ទះ ដល់ពេលចៅប្តីមកផ្ទះក៍បានឃើញរូបខ្មោចដូចជារូបខ្លួន
ដេកជាមួយប្រពន្ធខ្លួនដូច្នោះក៍ខឹងមហិមា
ស្ទុះទៅចាប់អាខ្មោចៗក៍ឈ្លោះតបថា យើងជាប្តីនាងនេះ "ផ្ទះនេះជាផ្ទះរបស់យើង ហេតុអ្វី
ចៅមកចាប់យើងជាម្ចាស់ផ្ទះយើងវិញ ចៅឯងមកពីទីស្ថានណា
មិនដឹងជាយើងប្តីនាងនេះទេឬ " ។ ឯចៅប្តីក៏ឈ្លោះតបថា "ផ្ទះនេះជាផ្ទះរបស់យើង
នាងនោះសោតក៏ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះ "។
ខ្មោច និងមនុស្សក៏ឈ្លោះដណ្ដើមគ្នាជាប្រពន្ធទៅវិញទៅមក
ជាកលាហលឡើង ឯនាងជាប្រពន្ធ ក៏មិនដឹងរូបប្រុសណាជាប្តីរបស់ខ្លួន
ព្រោះរូបរាងដូចគ្នា សុទ្ធគ្នាណាស់ នឹងអារកាត់ថា
រូបណាជាប្តីរបស់ខ្លួនពុំបាន
ព្រោះចៅខ្មោចនឹងមនុស្សកើតជាអធិករណ៍នឹងគ្នា ទើបនាំគ្នាទៅកាន់
សាលាវិនិច្ឆ័យ ដល់ហើយក៏ចូលប្តឹងតាមរឿងនោះ។
ឯចៅក្រមខាងជាន់ក្រោម ពុំអាចកាត់ក្តីនឹងគ្នាបាន ព្រោះសាក្សី
គឺស្រីកណ្ដាលនោះឱ្យការមិនធ្លុះទៅបាន ទើបនាំរឿងក្តីនោះ
ឡើងប្តឹងទៅដល់រូបលោកអ្នកធំជាន់ខ្ពស់
គឺលោកអ្នកប្រាជ្ញៗក៏ហៅចៅទាំងពីរចូលទៅជិត ហើយលោកពិនិត្យមើលរូប
មើលមុខមាត់ចៅខ្មោចនោះ ក៏យល់ស្គាល់ជាមនុស្សជាខ្មោច
ព្រោះភ្នែកខ្មោច ភ្នែកយក្សឥតស្រមោលកូនក្រមុំ ហើយច្រើនក្រហម
ច្រើនរឹង ហេតុនោះទើបអ្នកប្រាជ្ញលោកស្គាល់បាន តែលោកនឹងកាត់ថា
អានេះជាខ្មោចប្លែងរូបជាមនុស្សដូច្នេះទៅ
ក៏ពុំប្រាកដដល់ភ្នែកអ្នកឯទៀតៗឡើយ ទើបលោកយកដបស្រា ១
មកតាំងនៅលើតុ ហើយវិនិច្ឆ័យឡើងថា "ហៃចៅទាំង ២ ដែលវិវាទគ្នា
អើគ្រានេះយើងនឹងវិនិច្ឆ័យដោយយុតិ្តធម៌ឱ្យ
គឺយើងតាំងពិសោធនឹងដបនេះ ថាបើរូបណាក្លាហានអាចចូលក្នុងដបនេះបាន
រូបនោះហើយជាប្តីនាងនោះមែន យើងក៏នឹងប្រគល់នាងនោះឱ្យជាប្រពន្ធពិត
ថាបើរូបណាចូលដបនោះពុំបានទេ អើយើងទុករូបនោះថាពុំមែនជាប្តីនាង
ពុំមែនជាម្ចាស់របស់នោះឡើយ " ។
ឯចៅមនុស្សនោះ
បានឮលោកអ្នកប្រាជ្ញដាក់ទុកដូច្នោះក៏តក់ស្លុតភិតភ័យ
ដោយគិតថាខ្លួនជាមនុស្សនឹងចូលដបស្រាតូចមួយនេះឯណាបាន
ក្តីចាញ់នោះចំពោះនឹងបានដល់ខ្លួនប្រាកដហើយ ម្លោះហើយក៏ឈរសំពះនៅហោង។
ឯអាខ្មោច លុះឮអ្នកប្រាជ្ញតាំងឱ្យចូលដល់ដបស្រាដូច្នោះ
ក៏ត្រេកអរក្នុងចិត្តដោយគិតថា ខ្លួនជាខ្មោចឥតឆ្អឹង សាច់
សម្រេចដោយរិទ្ធិនិមិត្តជាខ្យល់បាន ទើបទទួលចូលដប កាលនឹងចូលនោះ
ចៅខ្មោចឡើងទៅតុ ហើយបង្អោនក្បាលសម្របរូបតូចចូលក្នុងដបបាននោះហោង។
ឯអ្នកប្រាជ្ញ កាលបើយល់ខ្មោចចូលក្នុងដបដូច្នោះ
ក៏យកឆ្នុកចុកដបនោះជាប់ ហើយលើកឡើងប្រកាសប្រាប់អស់មហាជនទាំងឡាយថា
អ្នកទាំងឡាយចូលដឹងថា អានេះជាខ្មោច វាប្លែងខ្លួនជាមនុស្សមកធ្វើអំពើបរទារកម្មយ៉ាងនេះ
យើងពិសោធនេះ ដើម្បីឱ្យដឹងថា អាណាជាប្តីនាងនេះមែន ។ ធម្មតា
តើមនុស្សយើងឯណានឹងចូលដបស្រានេះបាន ឥឡូវនេះ
យើងរកក្តីពិតឃើញហើយ នាងនេះត្រូវប្រគល់ទៅឱ្យចៅដើមចោទនោះចុះ
ឯអាខ្មោចនេះ ទុកនៅស្រុកនេះពុំបានទេ
ពុំនោះវាធ្វើអំពើលាមកកាន់សភាពយ៉ាងនេះ ថាហើយក៏ឱ្យអ្នកបំរើ
ឱ្យនាំយកដបខ្មោចនោះ ទៅបោះចោលទីអន្លង់ជ្រៅ ។
អ្នកបំរើក៏នាំយកដបខ្មោចនោះទៅបោះក្នុងទឹកហូរ
តាមពាក្យអ្នកប្រាជ្ញនោះហោង ឯអាខ្មោចនោះក៏វិនាសខ្លួនអស់ក្បួនត្រឹមនេះ។
ពន្យល់ពាក្យ៖ បរទារកម្ម មានន័យថាជាអំពើដែលបរុសប្រព្រឹត្តខុសចំពោះភរិយាអ្នកដទៃ
គឺលួចប្រពន្ធគេ។
គតិលោកភាគ៧ ឧកញ៉ាសុត្តន្តប្រីជា
ឥន្ទ រៀបរៀង
No comments:
Post a Comment