អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 15 June 2012

ការ​បណ្តេញ​ចេញ​ ជា​មោទន​ភាព​របស់​រដ្ឋាភិបាល​ឬ?

លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានី រងរបួសដោយអ្នកភូមិគប់​។
ការ​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ប្រមាណ ​ជាង ២០០ គ្រួសារ ចេញ​ពី​ប្លុក​បុរី​កីឡា ដោយ​​ហិង្សា កាល​ពី​ថ្ងៃ​ទី ៣ មក​រា ដែល​បណ្តាល​ឲ្យ​រង​របួស​ទាំង​សមត្ថ​កិច្ច ទាំង​ប្រជា​ពលរដ្ឋ ដោយ​សារ​តែ​ការ​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ដូច​គេ​បាច​លាជ ដែល​ហាក់​បី​ដូច​ជា​ប្រទេស​ពុំ​មាន​ច្បាប់​ទម្លាប់​អ្វី​សោះ​នោះ អាច​និយាយ​បាន​ថា ជា​ការ​ចាប់​ផ្តើម​នៃ​ការ​បណ្តេញ​ចេញ​ថ្មី​មួយ ក្នុង​ឆ្នាំ ២០១២ ខណៈ​​ក្រុម​ការ​ងារ​ពិសេស​ សិទ្ធិ​លំនៅ​ដ្ឋាន ​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​មុន​ថា នៅ​មាន​ប្រជា​ពលរដ្ឋ ចំនួន ៣២០០០ នាក់​ទៀត ក្នុង​សហគមន៍​ចំនួន ៧៤ កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​។
ការ​ផ្ទុះ​អំពើ​ហិង្សា ក្នុង​ការ​បណ្តេញ​ចេញ​នៅ​បុរី​កីឡា ដែល​ប្រជា​ពល​រដ្ឋ​ មាន​កំហឹង​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​​ រហូត​ដល់​ទៅ​ហ៊ាន​ប្រើ​ដុំ​ថ្ម​ គប់​តតាំង​ជា​មួយ​សមត្ថកិច្ច នៅ​ចំកណ្តាល​ទី​ក្រុង រហូត​ដល់​បែក​ក្បាល​លោក​​ស្នង​ការ​រង​ម្នាក់ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថម្នាក់ និង​អភិបាល​រង​ខណ្ឌ​ម្នាក់ ព្រម​ទាំង​កម្លាំង​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​ ​​​រួម​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ផង​នោះ​ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​មាន​សភាព​កាន់​តែ​អាក្រក់​ទៅ​ៗ​ហើយ។ នេះ​នៅ​ក្នុង​កាលៈ​ទេ​សៈ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ មិន​ទាន់​ចេះ​រួម​សាមគ្គី​គ្នា​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ផង។ ចុះ​បើ​នៅ​​ថ្ងៃ​ណា​មួយ ​នៅ​ពេល​ដែល​ពល​រដ្ឋ​ ដែល​មាន​ការ​ឈឺ​ចាប់ ដោយ​សារ​តែ​ការ​បណ្តេញ​ចេញ មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង ហើយ​ពួក​គាត់​ ចេះ​រួម​សាមគ្គី​គ្នា ឧទាហរណ៍ នៅ​ពេល​សមត្ថកិច្ច ធ្វើ​ការ​បណ្តេញ​អ្នក​បុរី​កីឡា អ្នក​បឹងកក់​ និង​អ្នក​សហគមន៍​ផ្សេង​ទៀត លើក​គ្នា​មក​ជួយ តើ​អំពើ​ហិង្សា និង​កើត​ឡើង​ធំ​ប៉ុនណា? ហើយ​តើ​អ្នក​ណា​គឺជា​អ្នក​រង​គ្រោះ​ពិតប្រាកដ? គឺ​ប្រជា​ពល​រដ្ឋ និង​សមត្ថ​កិច្ច ដែល​សុទ្ធ​តែ​ជា​ខ្មែរ​ដូច​គ្នា។ ​
ចម្បាំង​រាំង​ជល់​រវាង​ខ្មែរ​ និង​ខ្មែរ ដោយ​បរទេស​ជា​អ្នក​ចាំ​ទទួល​ផល នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ស្ទើរ​ស្លាប់ ​ផុត​ពូជ​ វា​គួរ​តែ​ជា​បទ​ពិសោធ និង​ជា​មេ​រៀន​គ្រប់​គ្រាន់​ហើយ​ សម្រាប់​ខ្មែរ​ទាំង​អស់ ជា​ពិសេស​មេ​ដឹក​នាំ​បច្ចុប្បន្ន។ តើ​វា​ចាំបាច់​អី ដែល​ត្រូវ​ប្រើ​កម្លាំង​សមត្ថ​កិច្ច​ដែល​ជា​កូន​ចៅ​របស់​ប្រជា​ពល​រដ្ឋ មាន​តួនាទី​បម្រើ និង​ការពារ​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​វាយ​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចេញ​ពី​លំនៅ​ដ្ឋាន ដើម្បី​យក​ដី​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មួយ​ក្តាប់​តូច​នោះ? ឬ​មួយ​ក៏​ការ​បណ្តេញ​ចេញ វា​ជា​មោទន​ភាព របស់​រដ្ឋាភិបាល? ​ទើប​ការ​បណ្តេញ​ចេញ​នេះ​ ចេះ​តែ​បន្ត​កើត​ឡើង​ឥត​ឈប់​ឈរ​រក​ទី​បញ្ចប់​គ្មាន​?
ការ​មាន​លំនៅ​ដ្ឋាន​សមរម្យ វា​ជា​សិទ្ធិ​ជា​មូល​ដ្ឋាន​ចម្បង​មួយ របស់​មនុស្ស​ក្នុង​ចំណោម​សិទ្ធិ​ជា​មូល​ដ្ឋាន​ចម្បង​ៗ​ជា​ច្រើន​ទៀត ហើយ​រដ្ឋាភិបាល ត្រូវ​មាន​តួនាទី​ ការពារ និង​លើក​ស្ទួយ​សិទ្ធិ​ទាំង​នេះ។
ក្នុង​ករណី​នៅ​បុរី​កីឡា វា​ដូច​ជា​គ្មាន​អ្វី​ដែល​ត្រូវ​ស្មុគស្មាញ​ខ្លាំង​ រហូត​ដល់​ទៅ​មិន​អាច​ដោះស្រាយ​ចេញ​​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់​ព័ន្ធ​មាន​ចេតនា​ពិតប្រាកដ​ចង់​ដោះស្រាយ ពី​ព្រោះ​កាល​ពី​ឆ្នាំ ២០០៤ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុម​ហ៊ុន ផានអ៊ីម៉ិច ធ្វើ​ការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី​ទំហំ​ជាង ៤ ហិកតា ដោយ​ត្រូវ​សាង​សង់​អគារ​ចំនួន​ ១០ ក្នុង​តំបន់​នោះ សម្រាប់​ផ្តល់​ជូន​ប្រជា​ពល​រដ្ឋ ចំនួន ១៧៧៦ គ្រួសារ ជា​ការ​ដោះ​ដូរ។ ប៉ុន្តែ​ក្រុម​ហ៊ុន​ផានអ៊ីម៉ិច ទើប​តែ​សាង​សង់​បាន​ ៨ អគារ​ប៉ុណ្ណោះ ក៏​ឈប់​សង់ នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង ២០០ គ្រួ​សារ នៅ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ​ នៅ​ក្នុង​គម្រោង​នោះ​នៅ​ឡើយ។
សំណួរ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ប្រជា​ពល​រដ្ឋ​ជាង​ ២០០ គ្រួសារ​ មិន​ព្រម​សុខចិត្ត​រើ​ផ្ទះ​ចេញ? និង​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន មិន​ព្រម​សង់​ឲ្យ​គ្រប់​ចំនួន ១០ អគារ​ទៅ​តាម​កិច្ច​សន្យា? ចម្លើយ​នៃ​សំណួរ​ទាំង​ពីរ​នេះ វា​ទំនង​ជា​រឿង​អយុត្តិធម៌ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​បុរី​កីឡា អត់​ទ្រាំ​មិន​បាន​ រហូត​ដល់​ទៅ​ផ្ទុះ​កំហឹង ហ៊ាន​ប្រើ​ដុំ​ថ្ម គប់​តប​ត​ជា​មួយ​សមត្ថកិច្ច​។
បើ​តាម​គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម ដែល​បណ្តុំ​ទៅ​ដោយ​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ២៣ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ ៤ មករា ក្នុង​បញ្ហា​ (បុរី​កីឡា) នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ​ទៅ​លើ​ក្រុមហ៊ុន ដែល​រំលោភ​កិច្ច​សន្យា ហើយ​បែ​រជា​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេសសល់ ប្រមាណ​ជាង​ ២០០ គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​លំនៅ​ដ្ឋាន ទៅ​នៅ​តំបន់​ផ្សេង​ឯ​ជាយ​ក្រុង​ទៅ​វិញ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​ព្រម​ទទួល​យក​គោល​ការណ៍​នេះ​។
នៅ​ឯ​ភូមិ​ទួល​សំបួរ ជាយ​ទីក្រុង​ភ្នំពេញ ជា​ទី​ដែល​អ្នក​ភូមិ​បុរី​កីឡា ត្រូវ​បាន​សមត្ថ​កិច្ច ​បង្ខំ​ឲ្យ​ឡើង​ឡាន ដឹក​​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ទី​នោះ គឺ​ពុំ​ទាន់​មាន​សង់​ផ្ទះ​នៅ​ឡើយ​ទេ គឺ​ដឹក​យក​ទៅ​ដាក់​នៅ​កណ្តាល​វាល​ស្រែ។ អ្នក​ភូមិ​មួយ​ចំនួន ដែល​កាសែត​ភ្នំ​ពេញ​ ប៉ុស្តិ៍ បាន​ទៅ​ជួប​សម្ភាស​កាល​ពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា ក្រុម​ហ៊ុន មិន​បាន​ចែក​តង់​កៅស៊ូ ឬ​សម្ភារ​ប្រើ​ប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ សូម្បី​តែ​ធុង​ទឹក​ សម្រាប់​ពួក​គាត់​ប្រើប្រាស់​ឡើយ​ ខណៈ​ដែល​សម្ភារ​ប្រើ​ប្រាស់​របស់​ពួក​គាត់​ភាគ​ច្រើន ​ត្រូវ​បាន​គ្រឿង​ចក្រ​ឈូស​កម្ទេច​ នៅ​បុរី​កីឡា​អស់​ទៅ​ហើយ​នោះ​។
នៅ​ពេល​ដែល​អ្នក​ភូមិ​បុរី​កីឡា ធ្លាប់​តែ​មាន​ផ្ទះ​ស្នាក់​នៅ ពួក​គាត់​នៅ​តែ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​លំបាក​ ខាង​ជីវ​ភាព​រួច​ជា​ស្រេច​ទៅ​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​ឲ្យ​រាប​ដល់​ដី​អស់ ហើយ​យក​ពួក​គាត់​ទៅ​ដាក់​ចោល​នៅ​កណ្តាល​វាល​ស្រែ​ សូម្បី​តែ​​ធុង​សម្រាប់​ដង​ទឹក​មួយ​ក៏​គ្មាន​ផង តើ​ជីវិត​ពួក​គាត់ ជា​ពិសេស​កូន​តូច​ៗ​របស់​ពួក​គាត់ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? តើ​អ្នក​ដែល​ជា​អ្នក​សម្រេច​ឲ្យ​មាន​ការ​បណ្តេញ​ចេញ​មាន​គិត​ពី​បញ្ហា​នេះ​ ទេ? រដ្ឋាភិបាល​គួរ​តែ​ផ្តល់​អាទិភាព​ ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ ភាគ​ច្រើន ដែល​ពួក​គាត់​ត្រូវ​ការ​ផ្ទះ​ជា​ចាំបាច់​ដើម្បី​ជ្រក​ ជា​ជាង​ការ​ផ្តល់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ភាគ​តិច ដែល​គ្រាន់​តែ​យក​ដី​ទៅ​លក់​ ឬ​សង់​ផ្ទះ​លក់​ ដើម្បី​កើប​ប្រមូល​ប្រាក់​ឲ្យ​កាន់​តែ​មាន​ស្តុក​ស្តម្ភ​ខ្លាំង​ឡើង​ថែម​ ទៀត​នោះ​! មួយ​វិញ​ទៀត សម្រាប់​អ្នក​មាន​ស្តុកស្តម្ភ​ទាំង​ឡាយ​អើយ...សូម​ទុក​ការ​រស់​នៅ​លើ​គំនរ​ ទ្រព្យ​សម្បត្តិ​សុខស្រួល​របស់​អ្នក​មួយ​អន្លើ ហើយ​គិត​បន្តិច​មើល​មើល៍...ប្រសិន​បើ​​រូប​អ្នក​ គឺជា​អ្នក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ ហើយ​យក​ទៅ​ដាក់​ចោល​នៅ​កណ្តាល​វាល​ស្រែ​ តើ​អ្នក​អាច​នឹង​ឈឺ​ចាប់​ទេ?

នេះ​ជា​ទស្សនៈ​ផ្ទាល់​របស់​ការីនិពន្ធ​មិន​មែន​ឆ្លុះ​បញ្ចាំង​ពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ទេ​សូម​ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ visal.so@phnompenhpost.com




No comments:

Post a Comment