ប្រជាពលរដ្ឋជាច្រើន បានប្រជ្រៀតគ្នា ដាក់សំណុំបែបបទ
ដែលពួកគាត់ត្អូញត្អែរថា មានភាពស្មុគស្មាញ ក្នុងការបំពេញ
ហើយពលរដ្ឋខ្លះមិនចេះបំពេញត្រូវចំណាយប្រាក់ជួលគេឲ្យបំពេញ។
ពលរដ្ឋខ្លះរអ៊ូថា ពួកគាត់បានរង់ចាំ ២ ថ្ងៃ ឬ ៣ ថ្ងៃមកហើយ
នៅតែមិនទាន់ទទួលបានការបញ្ជាក់នៅលើសំណុំបែបបទត្រូវបង់ពន្ធនោះ ទៀត។
ចំណែកមន្ត្រីពន្ធដារមួយចំនួន បានស្តីបន្ទោសប្រជាពលរដ្ឋ
នៅពេលដែលប្រជាពលរដ្ឋសួរនាំច្រើនពេក ឬបំពេញខុសម្តងហើយម្តងទៀត
លើទម្រង់ពាក្យប្រកាសទ្រព្យសម្បត្តិ
ដែលត្រូវបានគេចែកឲ្យដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋ ដែលបានបំពេញសំណុំបែបបទរួចហើយ
មួយចំនួនបានរអ៊ូរទាំ បន្ទោសមន្ត្រីពន្ធដារថា
ធ្វើការយឺតនៅពេលដែលពួកគាត់បានដាក់ឯកសាររហូតដល់ទៅ ២-៣ ថ្ងៃមកហើយ
នៅតែមិនទាន់ទទួលបានការបញ្ជាក់។ ចំណែកមន្ត្រីពន្ធដារ
ក៏បានស្តីបន្ទោសប្រជាពលរដ្ឋវិញដែរ ថា ពីមុនមកនៅពេលដែលមានការពន្យារពេលម្តងហើយម្តងទៀត
មិនព្រមរួសរាន់ នាំគ្នាមកធ្វើទេ ទាល់តែជិតដល់ថ្ងៃបិទបញ្ចប់
ទើបនាំគ្នាសម្រុកមកធ្វើ ធ្វើឲ្យមានការកកស្ទះ។
បើតាមរាប់មើលទៅ មន្ត្រីពន្ធដារដែលកំពុងបំពេញការងារកាលពីថ្ងៃសៅរ៍
មានប្រមាណ១៥ នាក់ ហើយពួក គាត់ ខិតខំធ្វើការយ៉ាងខ្លាំង
ប៉ុន្តែដោយសារតែចំនួនពលរដ្ឋបុកទៅច្រើនពេក
ទើបពួកគាត់មិនអាចធ្វើទាន់ ពីព្រោះការបង់ពន្ធអចលនទ្រព្យ
មិនមានភាពងាយស្រួល ដូចទៅបង់ថ្លៃទឹក ថ្លៃភ្លើងនោះទេ។ នៅរសៀលថ្ងៃសៅរ៍
នៅម៉ោងប្រមាណជាង ៤ បុរសស្លៀកពាក់ស៊ីវិល ២ នាក់
ដែលមើលទៅទំនងជាមន្ត្រីទទួលខុសត្រូវ នៅសាខាពន្ធដារខណ្ឌមានជ័យ
បានបណ្តេញបុរសម្នាក់
ដែលកំពុងអង្គុយសរសេរសំណុំបែបបទឲ្យប្រជាពលរដ្ឋផ្សេងទៀត ដែលតាមចោទថា
បុរសនោះ បានសរសេរយកលុយ ពីពលរដ្ឋ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល
ធ្វើឲ្យសាធារណជនយល់ច្រឡំថា
មន្ត្រីពន្ធដារជាអ្នកសរសេរយកលុយពីប្រជាពលរដ្ឋ។
បុរសម្នាក់ក្នុងចំណោម ២ នាក់នោះ និយាយថា «កាសែតភ្នំពេញ
ប៉ុស្តិ៍ បានចុះផ្សាយថា មន្ត្រីពន្ធដារខណ្ឌមានជ័យ បានយកលុយពីពលរដ្ឋ១ម៉ឺន
រៀលក្នុងការសរសេរសំណុំបែបបទមួយច្បាប់ ប៉ុន្តែតាមពិត មន្ត្រីរបស់យើង
មិនដែលបានយកលុយពីពលរដ្ឋទេ។ ពួកយើងខិតខំធ្វើការ
ទាំងនៅក្នុងថ្ងៃឈប់សម្រាក (សៅរ៍-អាទិត្យ) គ្មានពេលទំនេរ
ដោយពុំទទួលបានការឧបត្ថម្ភអ្វីបន្ថែម ពីរដ្ឋាភិបាលឡើយ»។
មែនទែនទៅ ការទៅបង់ពន្ធជូនរដ្ឋ បើទោះបីវាជាកាតព្វកិច្ច
របស់ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបំពេញក៏ដោយ ក៏វាដូចជាការយកប្រាក់
ទៅរួមចំណែក ក្នុងការអភិវឌ្ឍជាតិយ៉ាងដូច្នោះដែរ
ដែលវាគួរតែមានការបង្កលក្ខណៈងាយ ដល់ទាំងប្រជាពលរដ្ឋ
និងទាំងមន្ត្រីពន្ធដារ ដើម្បីបង់ពន្ធ និងប្រមូលពន្ធ
មិនគួរឲ្យប្រជាពលរដ្ឋទៅប្រជ្រៀតគ្នារង់ចាំបង់ពន្ធ
ដូចទៅសុំបើកអំណោយនោះឡើយ ហើយក៏មិនគួរឲ្យមន្ត្រីពន្ធដារ
ធ្វើការក្នុងថ្ងៃឈប់សម្រាក ដោយពុំមានការឧបត្ថម្ភបន្ថែមនោះដែរ។
មន្ត្រីពន្ធដារ មិនគួរស្តីបន្ទោសពលរដ្ឋក្នុងការសរសេរសំណុំបែបបទ
ដែលមានភាពសាំញ៉ាំនោះ ថាខុសហើយខុសទៀត ឬក៏ថា
ពីមុនមកមិនព្រមមកបង់ពន្ធឲ្យហើយទេ ដល់ថ្ងៃត្រូវបិទបញ្ចប់
ទើបសម្រុកមកបង់ពន្ធ ខណៈដែលមន្ត្រីពន្ធដារខ្លួនឯង
មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញ ឬបញ្ជាក់សំណុំបែបបទ
ជូនពលរដ្ឋឲ្យបានទាន់ពេលវេលានោះ។ ចំណែកពលរដ្ឋ
ក៏មិនគួរស្តីបន្ទោសមន្ត្រីពន្ធដារដែរ
ពីព្រោះពួកគាត់ប្រឹងប្រែងធ្វើការដែរ តែនៅតែធ្វើមិនទាន់ដោយសារមន្ត្រីពន្ធដារ
មានចំនួនតិចតែប្រជាពលរដ្ឋមានចំនួនច្រើន។ ប៉ុន្តែអ្នកដែលត្រូវបន្ទោស
គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរដ្ឋាភិបាលទៅវិញទេ
ដែលដឹងតែពីការប្រមូលប្រាក់ពន្ធ
ដោយមិនគិតពីការលំបាករបស់មន្ត្រីជំនាញ ក្នុងការបំពេញការងារ
និងការលំបាករបស់ប្រជាពលរដ្ឋក្នុងការបំពេញសំណុំបែបបទដែលមាន
ភាពស្មុគស្មាញ។
បទពិសោធដ៏ល្អមួយ នៅធនាគារអេស៊ីលីដា ដែលជាធនាគារពេញនិយម
សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
ដែលរាល់ការទៅដាក់ប្រាក់ ដកប្រាក់ ឬទៅខ្ចីប្រាក់ បុគ្គលិកជំនាញ
របស់ធនាគារនេះ គឺជាអ្នកបំពេញសំណុំបែបបទឲ្យទាំងអស់ អតិថិជន
គ្រាន់តែចាំចុះហត្ថលេខា ឬផ្តិតមេដៃ រួចទទួលប្រាក់
ឬដាក់ប្រាក់តែប៉ុណ្ណោះ។ ហេតុអ្វីក៏ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុមិនព្រមធ្វើដូច្នេះ?
ការបង្កើនចំនួនមន្ត្រីពន្ធដារ ដែលមានជំនាញឲ្យបានគ្រប់គ្រាន់
ទៅតាមតម្រូវការជាក់ស្តែងដែលអាចសរសេរសំណុំបែបបទ
ទៅឲ្យប្រជាពលរដ្ឋបានឆាប់រហ័សទាន់ពេលវេលា
នឹងអាចធ្វើឲ្យពលរដ្ឋសប្បាយចិត្តទៅបង់ពន្ធដោយសារតែមិនចាំបាច់ឈររង់ចាំប្រជ្រៀតគ្នា
នាំឲ្យខាតបង់ពេលវេលា ហើយរដ្ឋ
ក៏នឹងអាចប្រមូលប្រាក់ពន្ធបានច្រើនផងដែរ។ ការដែលប្រជាពលរដ្ឋ
ត្រូវជួបការលំបាក ដោយសារត្រូវបំពេញឯកសារស្មុគស្មាញដោយខ្លួនឯង
ឬត្រូវចំណាយពេលទៅឈរប្រជ្រៀតគ្នាជាច្រើនថ្ងៃ
ដើម្បីយកលុយនៅក្នុងហោប៉ៅរបស់ខ្លួនទៅបង់ពន្ធនោះនឹងអាចធ្វើឲ្យ
ពលរដ្ឋខ្លះធុញទ្រាន់ ហើយបោះបង់ចោលកាតព្វកិច្ចបង់ពន្ធ
ពេលនោះរដ្ឋនឹងខាត ឬក៏ត្រូវចំណាយធនធានច្រើនថែមទៀត
ដើម្បីទៅតាមទារប្រាក់ពន្ធ។
រដ្ឋគួរតែគិតពីការលំបាករបស់ប្រជាពលរដ្ឋ
ដែលការយល់ដឹងរបស់គាត់នៅមានកម្រិត ខណៈពួកគាត់ភាគច្រើន
កំពុងតែមានការមមាញឹកដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំ ថ្ងៃនោះ៕
No comments:
Post a Comment