កន្លែងតាំងទីលំនៅថ្មីនៅឃុំភ្នំបាត។
|
ការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង ដោយបង្ខំ
បើទោះបីគេឮឡើងសុំាត្រចៀកអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយក៏ ដោយ
ក៏បញ្ហាមួយនេះ ត្រូវបានគេមើលឃើញថា
នៅតែជារឿងក្តៅគគុកនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ក្តៅត្រង់ថា
ការបណ្តេញចេញដោយបង្ខំ នៅតែបន្តកើតឡើងឥតស្រាកស្រាន្ត
ដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្រកាន់តែច្រើនឡើងៗទទួលរងគ្រោះ
ធ្លាក់ខ្លួនក្រីក្រតោកយ៉ាក។
យោងតាមរបាយការណ៍ របស់សមាគមធាងត្នោត ចេញផ្សាយ កាលពីខែឧសភា
ឆ្នាំ ២០១១ បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ ១៩៩០ មក មានប្រជាពលរដ្ឋ
យ៉ាងហោចណាស់ ប្រមាណ ២៦ ៦០០ គ្រួសារ មានមនុស្ស ប្រហែល ១៣៣ ០០០ នាក់
ត្រូវបានបណ្តេញចេញពីរាជធានីភ្នំពេញ ដែលចំនួននៃការបណ្តេញចេញនេះ
ស្មើនឹង ១២ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបរស់នៅក្នុងរាជធានីប្រមាណ ១,៥ លាននាក់។
បើទោះបីជាចំនួននៃការបណ្តេញចេញមានយ៉ាងច្រើនសម្បើមបែបនេះ
រួចហើយយ៉ាងណាក៏ដោយ ក៏នេះ មិនមែនជាតួលេខចុងក្រោយនោះឡើយ។
តាមរបាយការណ៍ថ្មីចុងក្រោយមួយទៀត របស់ក្រុមការងារពិសេស
សិទ្ធិលំនៅដ្ឋាន ចេញកាលពីចុងសប្តាហ៍មុន បានឲ្យដឹងថា នៅមានប្រជាពលរដ្ឋ
ចំនួន ៣២ ០០០ នាក់ទៀត ក្នុងសហគមន៍ចំនួន ៧៤ កំពុងប្រឈមនឹងការគំរាមគំហែង
ដូចប្រជាជនប្រមាណ ៨៥ ០០០ នាក់ ដែលត្រូវបានបណ្តេញចេញពីរាជធានីក្នុងរយៈពេលមួយទសវត្សរ៍កន្លង
មកនេះ
ដោយមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរ
ដែលកើតឡើងពីការបណ្តេញចេញដោយបង្ខំ របាយការណ៍នេះ
បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាឲ្យបានស៊ី
ជម្រៅដើម្បីបញ្ឈប់ការបណ្តេញចេញដោយបង្ខំ ដោយកត់សម្គាល់ថា
ពលរដ្ឋដែលត្រូវបានបណ្តេញចេញ ទទួលរងការឈឺចាប់ ទាំងផ្លូវចិត្ត ផ្លូវកាយ
និងផ្លូវអារម្មរណ៍ ដែលអាក្រក់យ៉ាងខ្លាំង រហូតដល់មានអ្នកខ្លះអស់សង្ឃឹម
ក្នុងជីវិត ដោយប៉ុនប៉ងធ្វើអត្តឃាតជាប្រចាំ។ លើសពីនេះទៅទៀត ការបណ្តេញចេញដោយបង្ខំ
ធ្វើឲ្យប៉ះពាល់ ទៅដល់សុខភាព ការអប់រំ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង
អត្រានៃអ្នកអត់ការងារធ្វើ បានកើនឡើងជិតទ្វេដង ហើយការជំពាក់បំណុលគេ
ក៏មានការកើតឡើងផងដែរ។
អ្នកតាមដាននានាមើលឃើញថា ការបណ្តេញចេញដោយបង្ខំភាគច្រើន
បានកើតឡើងដោយសារតែគម្រោងអភិវឌ្ឍន៍ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ច
ទៅឲ្យក្រុមហ៊ុនឯកជន ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រោមហេតុផល
ដើម្បីធ្វើការអភិវឌ្ឍ។
បើយ៉ាងដូច្នោះ តើអ្វីទៅជាការអភិវឌ្ឍ?
នៅក្នុងសៀវភៅវចនានុក្រមខ្មែរ របស់សម្តេច ព្រះសង្ឃរាជ ជួន ណាត
ពាក្យថា «អភិវឌ្ឍ» មានន័យថា
ចម្រើនក្រៃលែង, លូតលាស់ក្រៃលែង
ឬសេចក្តីចម្រើនក្រៃលែង...។ ប៉ុន្តែហេតុអ្វី ក៏មានការរកឃើញថា
ប្រជាពលរដ្ឋជាច្រើន បែរជាទទួលរងគ្រោះ កាន់តែធ្លាក់ខ្លួនក្រីក្រតោកយ៉ាកខ្លាំងឡើង
ដោយសារតែការអភិវឌ្ឍនេះទៅវិញ? ឬមួយក៏ការអភិវឌ្ឍនាពេលបច្ចុប្បន្ន
ធ្វើឡើងគ្រាន់តែដើម្បីឲ្យអ្នកដែលមានទ្រព្យសម្បត្តិ
ស្តុកស្តម្ភមួយចំនួនតូច កាន់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភខ្លាំងឡើងថែមទៀត
ដោយផាត់ប្រជាពលរដ្ឋចេញ?
លោកវ៉ា សាវឿន ប្រធានសហគមន៍តង់ខៀវ នៅឃុំភ្នំបាទ ស្រុកពញាឮ
ខេត្តកណ្តាល ដែលត្រូវបានបណ្តេញចេញពីសហគមន៍ដីក្រហម កាលពីឆ្នាំ ២០០៩
បានឲ្យដឹងថា កាលពីដំបូង ក្នុងសហគមន៍របស់លោក មានពលរដ្ឋចំនួន ៤៦៥
គ្រួសារ ប៉ុន្តែបច្ចុប្បន្ន
អ្នកដែលបន្តរស់នៅក្នុងសហគមន៍តាំងទីលំនៅថ្មីនេះ នៅសល់ប្រមាណតែ ១២០
គ្រួសារតែប៉ុណ្ណោះ
ដោយសារតែប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញទាំងនេះ
មានការលំបាកខ្លាំងពេកខាងជីវភាពក៏វិលត្រឡប់ទៅរកជួលផ្ទះគេ ស្នាក់នៅក្នុងក្រុងភ្នំពេញវិញ
ព្រោះងាយស្រួលក្នុងការរកការងារធ្វើ និងការប្រកបមុខរបផ្សេងៗ។
ប្រជាពលរដ្ឋបានបង្ខំចិត្តលក់ផ្ទះរបស់ពួកគេ
នៅកន្លែងតាំងទីលំនៅថ្មីនោះ ក្នុងតម្លៃត្រឹមតែ ពី ២០០ ទៅ ៣៥០
ដុល្លារតែប៉ុណ្ណោះ។ (ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ១៣ ធ្នូ)
បើដូចអ្វីដែលលោក វ៉ា សាវឿននិយាយ
ការបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុងជាបន្តបន្ទាប់នាពេលកន្លងមក
មិនត្រឹមតែមិនបានជួយប្រជាពលរដ្ឋឲ្យមានលំនៅដ្ឋានសមរម្យ
ដែលមានកម្មសិទ្ធិស្របច្បាប់ ដូចការអធិប្បាយ របស់មន្ត្រីរដ្ឋាភិបាលមួយចំនួនប៉ុណ្ណោះទេ
ថែមទាំងធ្វើឲ្យប្រជាពលរដ្ឋក្លាយទៅជាជនពនេតចរនៅក្នុងសង្គម
ដោយដើរជួលផ្ទះគេស្នាក់នៅ ពីកន្លែងមួយទៅកន្លែងមួយ
នោះមិនទាន់គិតពីការលំបាកខាងជីវភាព
ដែលនឹងអាចធ្វើឲ្យពួកគាត់បង្ខំចិត្ត បញ្ឈប់បញ្ជូនកូនទៅសាលារៀន
និងបញ្ហាផ្សេងៗជាច្រើនទៀត។
ជាការពិត គេមិនអាចយកឈើមួយដើម ទៅវាយតម្លៃព្រៃទាំងមូលបានទេ
ប៉ុន្តែប្រសិនបើគេចង់វាយតម្លៃពីព្រៃទាំងមូល
ចាំបាច់ក៏គេត្រូវតែចាប់ផ្តើមធ្វើការពិនិត្យពីឈើមួយដើមទៅ ដែរ
ដើម្បីឲ្យដឹងថា តើឈើក្នុងព្រៃទាំងមូលមានគុណភាពល្អឬអត់
ឬក៏សម្បូរសុទ្ធតែឈើដែលមានជំងឺ។ យ៉ាងណាមិញ
នៅក្នុងសង្គមមួយក៏យ៉ាងដូច្នោះដែរ
ប្រសិនបើប្រជាពលរដ្ឋកាន់តែច្រើនឡើងៗបាត់បង់លំនៅដ្ឋាន
នាំទៅរកការបាត់បង់មុខរបរ ដែលធ្វើឲ្យពួកគាត់ពុំមានលទ្ធភាពបញ្ជូនកូនៗទៅសាសានោះវាក៏
នឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់សង្គមទាំងមូលផងដែរ
ហើយរដ្ឋាភិបាលនឹងត្រូវចំណាយធនធានច្រើនថែមទៀតដើម្បីដោះស្រាយ
បញ្ហាសង្គមទាំងនោះយូរអង្វែងតទៅមុខទៀត។
សរុបសេចក្តីមក ការអភិវឌ្ឍគួរតែធ្វើឡើង
សម្រាប់ទាំងអស់គ្នា ទាំងពលរដ្ឋ ទាំងរដ្ឋ និងទាំងក្រុមហ៊ុន៕
No comments:
Post a Comment