ថ្នាំពេទ្យ
ដែលគ្រូពេទ្យផ្សំសម្រាប់ក្មេងៗ ដែលមានជំងឺ គឺត្រូវវេចខ្ចប់នឹងក្រដាសបែបនេះឯង។
|
ជួនកាលម្នាក់ៗ តែងតែគិតនិងជជែកគ្នាលេងពីនេះពីនោះ
ពីជីវភាពប្រចាំថ្ងៃ អំពីថា តើរបស់អ្វីខ្លះ ឬក៏សេវាអ្វីខ្លះ
គេជាវហើយមិនដែលតថ្លៃនោះ? ឧទាហរណ៍
ការញុំាគុយទាវ កាហ្វេ ពងទាកូន ទឹកក្រឡុក
សាំងដបជាដើម...គឺភាគច្រើនសុទ្ធតែជាទំនិញដែលគេទិញហើយមិនដែលតថ្លៃបាន
ឬក៏សេវារបស់អ្នកពិគ្រោះយោបល់ឯករាជ្យ (Consultant) មួយចំនួន
តារាចម្រៀង បើកាលណាគាត់បានល្បីហើយ ចំាមើលតម្លៃខ្លួនគាត់
ក៏មិនអាចតថ្លៃបានដែរ តែគាត់ថា ប៉ុនណាគឺប៉ុណ្ណឹងហើយ...។ល។
យ៉ាងណាមិញ ការផ្តល់សេវាពិគ្រោះជំងឺនៅតាមគ្លីនិក
និងតម្លៃថ្នាំពេទ្យនៅតាមឱសថស្ថានក៏មិនខុសពីករណីទាំងនេះដែរ
គឺនៅតែគ្មានតារាងតម្លៃដូចគ្នា ដែលជាទូទៅ
ក្រោយពីគ្រូពេទ្យចេញវេជ្ជបញ្ជា គឺទិញថ្នាំពេទ្យ
ដែលសមាជិកនៃក្រុម
គ្រួសាររបស់គ្រូពេទ្យនោះដូចជា ប្រពន្ធ កូន
ឬក៏ក្មួយដែលមិនមែនជាឱសថការីផង ជាអ្នកឈរលក់ថ្នាំទៅតាមវេជ្ជបញ្ជានោះតែម្តង។
ទាំងនេះ គឺអនុវត្តខុសច្បាប់ស្ដីពីការគ្រប់គ្រងលើ
ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ដ្រ អមវេជ្ជសាស្ដ្រ
ជំនួយវេជ្ជសាស្ដ្រ និងការគ្រប់គ្រងឱសថ ដែលអនុវត្តតាំងពីឆ្នាំ២០០០។ គឺខ្លួនជាវេជ្ជបណ្ឌិតសុំច្បាប់ថាបើកសេវាពិគ្រោះជំងឺ
និងព្យាបាលជំងឺទេ តែពេលអនុវត្តគឺមានលក់ថ្នាំពេទ្យថែមទៀត
ដែលអ្នកលក់ថ្នាំនោះមិនមែនជាឱសថការីដែលមានសញ្ញាបត្រត្រឹម ត្រូវនោះ។
ឧទាហរណ៍៖ ករណីទី ១
នៅពេលកូនខ្ញុំឈឺកាលពីខែមុននេះ គឺយកទៅគ្លីនិកឯកជនមួយនៅរាជធានីភ្នំពេញ
ដែលគ្មានតារាងតម្លៃទេ នៅក្បែរផ្ទះខ្ញុំ គ្រូពេទ្យពិនិត្យមើលបំពង់ក
និងគ្រោះពោះកូនខ្ញុំលិចកើត វិនិច្ឆ័យរោគភ្លាមថា ឈឺពោះ រលាកបំពង់ក
ហើយប្រាប់ទៅកូន ក្មួយគាត់ថា ដាក់កញ្ចប់ថ្នាំនេះ កញ្ចប់ថ្នាំនោះ
ដែលមានថ្នាំផ្សំរួចជាស្រេច ខ្លះពាក់កណ្តាលគ្រាប់ក៏មាន
ខ្លះកិនរួចជាស្រេច
ខ្លះថ្នាំទឹកក៏មានហើយសរសេរដាក់កញ្ចាប់ថ្នាំនោះថា ១ ថ្ងៃ ៣ ដង និង ៤
ដង ឯថ្នាំទឹកវិញ ១ ថ្ងៃ ២ ដង។ តែមិនបានសរសេរជាវេជ្ជបញ្ជាថា
ថ្នាំអ្វីនោះទេ នៅពេលដែលខ្ញុំសួរថា ថ្នាំនឹងជាថ្នាំអ្វីខ្លះ? នៅពេលមានបញ្ហាអ្វីកើតឡើង
តើខ្ញុំធ្វើយ៉ាងម៉េចបើខ្ញុំមិនដឹងថា
ថ្នាំទាំងនេះជាថ្នាំអ្វីផងហ្នឹង? ពួកគេធ្វើមិនដឹងមិនឮ
ហើយឆ្លើយថា ប្រើថ្នាំនឹងទៅកូនរបស់អ្នកហ្នឹងជាហើយ
ជាទូទៅលោកគ្រូពេទ្យឲ្យតែអ៊ីចឹងទេ សរុបជាទឹកប្រាក់អស់១៦០០០រៀល។ បន្ទាប់កូនក្មេងអ្នកជិតខាងខ្ញុំ
ឈឺរាករូស និងក្អួតចង្អោរទៅផ្ទះពេទ្យហ្នឹងដដែល
គឺឲ្យថ្នាំដូចគ្នាបេះបិទ។ ជាលទ្ធផលទាំងកូនខ្ញុំ ទាំងកូនក្មេងអ្នកជិតខាងអត់ជាសេះស្បើយទាំងពីរនាក់។
ចំពោះករណីទី ១ នេះ ឯណាទៅក្រមសីលធម៌របស់គ្រូពេទ្យនោះ
ក្នុងការពិនិត្យរោគវិនិច្ឆ័យនោះ ការកំណត់តារាងតម្លៃ
ការឲ្យថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា
គឺមិនដឹងថាតើថ្នាំដែលឲ្យអ្នកជំងឺនោះជាថ្នាំអ្វី? ជាថ្នាំដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាលដែរឬអត់? ថាតើថ្នាំនោះ
អាចមានគ្រោះថ្នាក់ដល់សុខភាព ឬអាយុជីវិតអ្នកជំងឺដែរឬអត់? ឬមួយក៏យកតែថ្នាំ
ដែលមានការសេសសល់ពីគេលក់ហួសកាលបរិច្ឆេទមកឲ្យអ្នកជំងឺ ក៏អ្នកជំងឺមិនដឹងដែរ? ហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធ
មិនរវីរវល់រឿងនេះសោះអ៊ីចឹង? ឬមួយក៏រដ្ឋាភិបាលសព្វថ្ងៃនេះ
គិតគូររឿងបក្សធំជាងសុខទុក្ខប្រជាពលរដ្ឋ? បានជាចេះតែនាំគ្នាធ្វើមិនដឹងមិនឮដូច្នេះទៅនោះ?
ករណីទី ២ គឺយកកូនក្មេងទាំង២ នាក់នេះ
បន្តទៅគ្លីនិកមួយទៀតនៅឆ្ងាយពីផ្ទះបន្តិច ឮល្បីថា
គ្រូពេទ្យមានជំនាញខាងកុមារ និងធ្លាប់ទៅរៀននៅស្រុកបារាំងទៀត
ប្តីជាគ្រូពេទ្យពិនិត្យជំងឺ
ឯប្រពន្ធជាឱសថការីលក់ថ្នាំពេទ្យនៅជាមួយគ្នាតែម្តង។ អ្នកទាំង ២
នាក់ សុទ្ធតែបើកស្របច្បាប់ គឺពិនិត្យកូនក្មេងទាំង ២នាក់នេះ
គ្រូពេទ្យបានពិនិត្យទៅតាមបច្ចកទេសវាស់ស្ទង់ហើយសម្រេចចាក់ ថ្នាំ
សរសេរវេជ្ជបញ្ជា
ហើយយកទៅឲ្យប្រពន្ធគាត់ចេញថ្នាំពេទ្យទៅតាមវេជ្ជបញ្ជានោះ តែនៅពេលសរុបជាទឹកប្រាក់ម្តងៗ
គឺអស់លុយគត់ៗតែម្តង ៨ ម៉ឺនរៀល ៦ ម៉ឺនរៀល យ៉ាងតិចណាស់ក៏ ៣
ម៉ឺនរៀលដែរ ឲ្យតែបត់ចង្កូតចូលគ្លីនិកមួយហ្នឹង។
នៅពេលដែលខ្ញុំសួរគាត់ថាតម្លៃពិគ្រោះជំងឺ
ចាក់ថ្នាំ និងថ្នាំពេទ្យមួយមុខៗអស់ប៉ុន្មាន ប្រពន្ធគាត់បានឆ្លើយថា
គាត់គិតលុយនៅក្នុងហ្នឹងអស់ហើយមិនអីទេ។ ទម្រាំតែកូនជាសេះស្បើយ
ម្នាក់ៗសរុបអស់ជិត៤០ម៉ឺនរៀលឯណោះ។
បើគ្រូពេទ្យចេះតែទារថ្លៃស្រេចតែនឹងចិត្ត
គ្មានតារាងតម្លៃសេវាត្រឹមត្រូវ ហើយតិចៗបបួលឲ្យព្យួរសេរ៉ូម ឲ្យតែមើលសាច់ឈាមឪពុកម្តាយរាងគ្រាន់បើបន្តិចចាប់ផ្តើមគាបស៊ី
តែម្តង។
ចុះសម្រាប់អ្នកក្រល្មមៗវិញចង់ទៅពិនិត្យនៅគ្លីនិកឯកជននឹងគេ
គឺទាល់តែមាន ៤០ម៉ឺនរៀលឬ?
កន្លងមក ធ្លាប់មានការត្អូញត្អែរជាច្រើន
រហូតដល់មានការប្តឹងប្តល់ពីប្រជាពលរដ្ឋ
រឿងគ្រូពេទ្យឯកជនគ្មានក្រមសីលធម៌
ចំពោះបញ្ហាគ្រូពេទ្យចេះតែទារលុយថ្លៃៗស្រេចតែនឹងចិត្ត
ពីអ្នកជំងឺដោយគ្មានតារាងតម្លៃពិគ្រោះជំងឺ ពិនិត្យព្យាបាលជំងឺ
និងតម្លៃថ្នាំពេទ្យ ដូចករណីទាំង២ខាងលើនេះអ៊ីចឹង។
ចំពោះរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០១០
មកម្ល៉េះ លោកវេជ្ជ. សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញវិញ
ឮប្រកាសក្តែងៗ
ហាក់បីដូចជាមានចំណាត់ការបង្ក្រាបធំដុំណាស់ចំពោះរឿងក្រមសីលធម៌របស់គ្រូពេទ្យ
និងគ្មានតារាងតម្លៃសេវាព្យាបាល នៅតាមបណ្តាគ្លីនិកឯកជននានា
តែរហូតមកដល់សព្វថ្ងៃនេះ គ្មានអ្វីប្រែប្រួលគឺទាំងគ្រូពេទ្យល្បីៗ
និងគ្រូពេទ្យមិនសូវល្បីគឺប្រព្រឹត្តដូចតែគ្នាដដែល។
តើនេះមកពីលោកវេជ្ជ. សុខ សុគន្ធ
មានឆន្ទៈតែម្នាក់ឯង តែនៅពេលដល់ថ្នាក់លើអ្នកធំៗនៅក្រសួងសុខាភិបាលមិនយល់ស្រប
ធ្វើមិនដឹងមិនឮ
ព្រោះបើកាលណានាំគ្នាអនុវត្តទៅប៉ះពាល់ទៅនឹងគ្រូពេទ្យដែលបើក
គ្លីនិកគ្មានក្រមសីលធម៌សុទ្ធតែបងប្អូនកូនចៅ
ឬមួយជាមិត្តភក្តិក្លើម្រាក់នឹងគ្នាតើឲ្យទៅចាត់ការអីចេញ? ឬមួយក៏គ្រូពេទ្យ
ដែលបើកនោះគឺសុទ្ធតែប្រពន្ធ ឬកូនកុងសីធំៗ តើនរណាទៅហ៊ានប៉ះ? ហេតុដូចនេះ
អ្នកដែលទទួលផលប៉ះពាល់ជាងគេ គឺសុខុមាលភាពប្រជាពលរដ្ឋតែម្តង
ដោយសារតែគ្រូពេទ្យគ្មានមនសិការមួយចំនួនធំនេះឯង។
យើងទទួលស្គាល់ហើយថា រៀនមុខវិជ្ជាពេទ្យហ្នឹងវាអស់លុយច្រើន
ចំណាយពេលយូរឆ្នាំទៀត ដូច្នេះគ្រូពេទ្យទាំងអស់ខំប្រឹងប្រមូលយកមកវិញ
តែការប្រមូលនោះ កុំឲ្យចង់បានហួសហេតុពេក
គួរធ្វើជាអ្នកមានវិជ្ជាជីវៈដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានរស់
ស្រួលផង។ សូមកុំធ្វើការប្រៀបខ្លួនឯងជាវេជ្ជបណ្ឌិតអ្នកចេះដឹង
ទៅប្រៀបធៀបជាមួយតារាចម្រៀងល្បីៗមួយចំនួនធំគ្មានវិជ្ជាជីវៈ
ចេះតែទារលុយអតិថិជនទាំងងងិតងងល់នោះ។
ដូច្នេះ
ដំណោះស្រាយបញ្ហានេះបានល្អមានតែ ២ ទេ គឺគ្រូពេទ្យអនុវត្តទៅតាមច្បាប់
និងក្រមសីលធម៌ដែលខ្លួនបានសិក្សាទៅបានហើយ។
ហេតុអ្វីបានជាសេវារដ្ឋតាំងពីមណ្ឌលសុខភាព
រហូតដល់មន្ទីរពេទ្យធ្វើបាន
តែសេវាឯកជនធ្វើមិនបានចំពោះតារាងតម្លៃនេះ?