សាធារណជនជាច្រើន ដែលធ្លាប់តែជក់ចិត្ត
ក្នុងការតាមដានទស្សនា ការផ្សាយបន្តផ្ទាល់ តាមទូរទស្សន៍
ពីសវនាការរបស់សាលាក្តីខ្មែរក្រហមជារៀងរហូតមកនោះ មានការភ្ញាក់ផ្អើល
នៅពេលដែលទូរទស្សន៍ ដែលធ្លាប់តែធ្វើការផ្សាយបន្តផ្ទាល់ ពីសវនាការសាលាក្តីខ្មែរក្រហម
បែរជាឈប់លែងផ្សាយ កាលពីថ្ងៃអង្គារ នៅចំថ្ងៃដែលអគ្គលេខាធិការ
នៃគណៈកម្មាធិការ បក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង
បានដាក់ជើងជាន់លើដីកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល
៣ថ្ងៃ។
សាធារណជនជាច្រើន ដែលចាត់ទុកថា ការបើកវាំងនន
នៃសំណុំរឿង ០០២ ដែលគេទន្ទឹងរង់ចាំ អស់រយៈពេលជាង ៣០ ឆ្នាំ មកហើយនោះ
អាចជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ ជាជាងយុត្តិធម៌ស្តួចស្តើង
ដែលអាចនឹងទទួលបានពីសាលាក្តីខ្មែរក្រហម បានចោទសួរថា
ហេតុអ្វីនៅពេលមេបក្សកុម្មុយនិស្តវៀតណាមមកដល់ ទូរទស្សន៍ខ្មែរ
លែងផ្សាយបន្តផ្ទាល់ពីសវនាការរបស់សាលាក្តីខ្មែរក្រហម? ប៉ុន្តែសំណួររសើបនេះ
គេមិនអាចរកចម្លើយផ្លូវការណាមួយឃើញទេ។
ចាប់តាំងពីសាលាក្តីខ្មែរក្រហម បានចាប់ផ្តើមបើកសវនាការ
កាលពីឆ្នាំ ២០០៩ មក បណ្តាញទូរទស្សន៍ក្នុងស្រុកមួយចំនួន
ជាពិសេសទូរទស្សន៍ CTN តែងតែធ្វើការផ្សាយបន្តផ្ទាល់
នូវគ្រប់ដំណើរការនៃសវនាការរបស់សាលាក្តីខ្មែរក្រហម
ហើយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍មួយចំនួនទៀត ពេលខ្លះ
ក៏បានធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ ការផ្សាយបន្តផ្ទាល់
ពីដំណើរការសវនាការ របស់សាលាក្តី បានធ្វើឲ្យសាធារណជនជាច្រើន
ជាពិសេសជនរងគ្រោះ ទាំងនៅទីក្រុងនិងជនបទ បានតាមដាន
ពីដំណើរការរបស់សាលាក្តី ជាពិសេសចម្លើយរបស់ជនជាប់ចោទ អំពីមូលហេតុ
ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានកាប់សម្លាប់យ៉ាងរង្គាល
នូវប្រជាជនស្លូតត្រង់ រហូតដល់ទៅ ២ លាននាក់។
ការបើកឡើងនូវសំណុំរឿង ០០២ ដែលជាបទឧក្រិដ្ឋកម្ម
អំពើប្រល័យពូជសាសន៍ដ៏សំខាន់បំផុត របស់ពិភពលោក ក្នុងសតវត្សរ៍ទី ២១ នេះ
មិនមែនមានតែប្រជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះនោះទេ ដែលចង់ដឹង
សូម្បីតែប្រជាជាតិនៅលើពិភពលោកជាច្រើន
ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីដំណើរការក្តីនេះផងដែរ?
បើដូច្នេះ តើមូលហេតុអ្វី
បានជាបណ្តាញទូរទស្សន៍ខ្មែរ លែងធ្វើការផ្សាយបន្តផ្ទាល់
ពីដំណើរការសវនាការដ៏សំខាន់នេះ?
កាលពីថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ម្សិលមិញ
កាសែតភ្នំពេញប៉ុស្តិ៍ បានព្យាយាមទាក់ទង សុំការពន្យល់ពីមន្ត្រី
និងអ្នកទទួលខុសត្រូវរបស់ទូរទស្សន៍ CTN ទូរទស្សន៍ជាតិកម្ពុជា
ក្រសួងព័ត៌មាន និងសាលាក្តីខ្មែរក្រហម អំពីមូលហេតុ ដែលទូរទស្សន៍
លែងធ្វើការផ្សាយបន្តផ្ទាល់ទាំងស្រុង
ពីដំណើរការសវនាការរបស់សាលាក្តីនេះ
ប៉ុន្តែពុំទទួលបាននូវការពន្យល់ច្បាស់លាស់ណាមួយឡើយ
លើកលែងតែទូរទស្សន៍ CTN មួយប៉ុណ្ណោះដែលប្រាប់ថា
ការលែងផ្សាយបន្តផ្ទាល់ គឺដោយសារតែទូរទស្សន៍ឯកជនមួយនេះ
ជាប់ផ្សាយកម្មវិធីផ្សេងទៀត។
យ៉ាងណាក៏ដោយ
អ្នកតាមដានបានដាក់នូវការមន្ទិលសង្ស័យ ចំពោះការលែងផ្សាយបន្តផ្ទាល់
ពីដំណើរការសវនាការ របស់សាលាក្តីខ្មែរក្រហមនេះ ដោយសារតែការលែងផ្សាយបន្តផ្ទាល់
ធ្វើឡើង ចំថ្ងៃ ដែលមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម
បានមកបំពេញទស្សនកិច្ចនៅកម្ពុជា
និងបន្ទាប់ពីអតីតមេដឹកនាំខ្មែរក្រហមបានភ្ជាប់ការកើតមានរបប
វាលពិឃាដនៅកម្ពុជា ទៅនឹងប្រទេសវៀតណាមនោះ?
នៅក្នុងសវនាការទៅលើអង្គសេចក្តី កាលពីថ្ងៃទី
២១-២២-២៣ ខែវិច្ឆិកា ជនជាប់ចោទលោក នួន ជា បងធំទី ២ និងលោក ខៀវ សំផន
អតីតប្រធានគណប្រធានរដ្ឋ បានចោទប្រកាន់ថា វៀតណាម
បានប្រកាន់យកនូវលទ្ធិឈ្លានពាន វាទទីលេបទឹកដី បំបាត់ពូជសាសន៍
មកលើប្រទេសតូចតាច ទន់ខ្សោយ ដោយចាត់តាំងជាបក្ខពួក ក្នុងបក្ខជន
អ្នកដឹកនាំពីលើដល់ក្រោម ក្នុងបក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់
ហើយបានសម្លាប់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំខ្មែរក្រហម
ថែមទាំងបាននិយាយទៀតថា រហូតមកដល់បច្ចុប្បន្ន វៀតណាម
ក៏នៅតែបន្តតាមដាន គ្រប់គ្រងប្រទេសកម្ពុជានៅឡើយ។
នៅក្នុងសវនាការលើភស្តុតាង ក្នុងសំណុំរឿង ០០២ ដដែល ដែលចាប់ផ្តើម
កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ លោកនួន ជា
នៅតែបន្តលើកអំណះអំណាងជាច្រើនថា គឺវៀតណាមទេ ដែលសម្លាប់ខ្មែរ
មិនមែនក្រុមខ្មែរក្រហមរបស់គាត់ ដែលជាអ្នកការពារជាតិ
ពីការឈ្លានពានរបស់វៀតណាមនោះ ជាអ្នកសម្លាប់ឡើយ។
មែនទែនទៅ គេមិនអាចយកឈើមួយដើម
ទៅវាយតម្លៃព្រៃទាំងមូលបានទេ ក៏ប៉ុន្តែតាមការកត់សម្គាល់ជាទូទៅ
ការនិយាយពាក់ព័ន្ធទៅនឹងវៀតណាម វាគឺជារឿងរសើបខ្លាំងណាស់
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
យើងមើលពីស្ថានភាពជាក់ស្តែងវិញ ជនរងគ្រោះ
បានរង់ចាំអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដើម្បីចាំស្ដាប់នូវអ្វី
ដែលមេដឹកនាំខ្មែរក្រហម នឹងនិយាយ ហើយជនរងគ្រោះទាំងអស់ មានសិទ្ធិ
ក្នុងការស្ដាប់សក្ខីកម្ម របស់ជនជាប់ចោទ ដើម្បីពិចារណាថា តើជនរងគ្រោះ
គួរតែជឿលើការបកស្រាយ របស់អតីតមេដឹកនាំខ្មែរក្រហមឬយ៉ាងណា? និងថា
តើ ចៅក្រមសាលាក្តីខ្មែរក្រហម និងធ្វើការវិនិច្ឆ័យលើជនជាប់ចោទបែបណា?...
តាមពិតទៅ វាមិនគួរមានឧបសគ្គអ្វីមករារាំង
ជនរងគ្រោះ ក្នុងការស្ដាប់រឿងរ៉ាវរបស់មេដឹកនាំខ្មែរក្រហមឡើយ។
តើវាមានប្រយោជន៍អ្វី សម្រាប់កិច្ចខិតខំប្រឹងប្រែង
របស់សាលាក្តីខ្មែរក្រហម ប្រសិនបើប្រជាជនកម្ពុជាភាគច្រើន មិនអាចតាមដាន
ពីព្រឹត្ដិការណ៍ ដែលបានកើតឡើង នៅឯសាលាក្ដីខ្មែរក្រហមផងនោះ?
យ៉ាងណាក៏ដោយ
ការមិនធ្វើការផ្សាយបន្តផ្ទាល់
ពីដំណើរការសវនាការរបស់សាលាក្តីខ្មែរក្រហម
នៅពេលដែលអតីតមេដឹកនាំខ្មែរក្រហម បានធ្វើការវាយប្រហារខ្លាំងៗ
ទៅលើប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច
របស់រដ្ឋាភិបាលកម្ពុជានោះ បានធ្វើឲ្យអ្នកតាមដានជាច្រើន
ដាក់ការមន្ទិលសង្ស័យ កាន់តែខ្លាំងឡើង ពីឯករាជភាពរបស់ប្រទេសកម្ពុជា
និងការថ្លែងរបស់លោកនួន ជា នៅក្នុងសវនាការ ដែលថា
មកទល់ពេលបច្ចុប្បន្ននេះ វៀតណាម នៅតែតាមដានគ្រប់គ្រងប្រទេសកម្ពុជា
តាមរយៈសមាគមអនិកជនវៀតណាមនៅកម្ពុជា ដោយធាតុពិតនៃសមាគមនេះ
គឺមានសាខាបក្សកុម្មុយនិស្តវៀតណាមដឹកនាំ សម្រាប់ធ្វើសកម្មភាពនយោបាយ
សេដ្ឋកិច្ច យោធា មនោគមវិជ្ជា នៅតាមខេត្តនៃប្រទេសកម្ពុជា។
នេះជាយុទ្ធវិធីពស់ថ្លាន់ រឹតរួតកូនឈ្លូសឲ្យទន់ឆ្អឹង
ហើយលេបយកតែម្តង...៕