កាលពីម៉ោងប្រមាណជា ១០ និង ៣០ នាទី យប់ថ្ងៃចន្ទ
នៅពេលខ្ញុំកំពុងអង្គុយទទួលទានអាហារពេលយប់តែម្នាក់ឯង នៅមុខទូរទស្សន៍
ក្រោយពីវិលត្រឡប់ទៅពីធ្វើការវិញ លោកបណ្ឌិតម្នាក់
បានមានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍មួយថា
គណបក្សប្រឆាំងតែងតែធ្វើការរិះគន់រដ្ឋាភិបាល ពីការកើតមានជម្លោះដីធ្លី
ប៉ុន្តែមិនដែលផ្តល់នូវដំណោះស្រាយណាមួយ ដើម្បីធ្វើការដោះស្រាយឡើយ
ឬបើឲ្យគណបក្សប្រឆាំងធ្វើការដោះស្រាយក៏នឹងមិនអាចរកដំណោះ
ស្រាយបានដែរ ពីព្រោះការដោះស្រាយបញ្ហាជម្លោះដីធ្លី
ឬក៏ការរៀបចំផែនការអភិវឌ្ឍន៍ទាក់ទងនឹងបញ្ហាដីធ្លី វាមានការលំបាក
ជាងការសរសេរនិក្ខេបបទបណ្ឌិតទៅទៀត។
ខ្ញុំមិនដឹងថា ការសរសេរនិក្ខេបបទបណ្ឌិត មានការលំបាកប៉ុនណានោះទេ ពីព្រោះខ្ញុំ មិនមានវាសនា បានរៀនសូត្រខ្ពង់ខ្ពស់ រហូតទៅដល់ថ្នាក់បណ្ឌិតនោះឡើយ។ ប៉ុន្តែខ្ញុំយល់ថា ការដោះស្រាយបញ្ហាជម្លោះដីធ្លី ឬក៏ការរៀបចំផែនការអភិវឌ្ឍន៍ទាក់ទងនឹងដីធ្លីនៅក្នុងប្រទេស កម្ពុជា វាមិនមានការលំបាកខ្លាំងពេកនោះទេ ប្រសិនបើរដ្ឋាភិបាល មានចេតនាពិតប្រាកដចង់ដោះស្រាយ។
វាប្រាកដណាស់ បញ្ហាជម្លោះដីធ្លី មិនមែនជាគ្រោះធម្មជាតិ
ខ្យល់ព្យុះកំបុតត្បូង ព្យុះកេតសាណា ការរញ្ជួយភពផែនដី
បន្ទុះភ្នំភ្លើង គ្រោះទឹកជំនន់ ឬក៏អាកាសធាតុក្តៅហួតហែងខ្លាំង
ដែលយើងមិនអាចទប់ស្កាត់បានឯណា!
ដោយធ្វើជាអ្នកកាសែត១០ ឆ្នាំមកហើយ
ហើយតែងតែនៅជាមួយនឹងរឿងរ៉ាវយ៉ាងច្រើន
ក្នុងនោះក៏មានបញ្ហាជម្លោះដីធ្លីផងដែរ
និងយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សនានា បញ្ហាជម្លោះដីធ្លី
នៅក្នុងប្រទេសកម្ពុជា ភាគច្រើន បានកើតឡើង
ដោយសារតែរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ឬក៏ផ្តល់ដីសម្រាប់គម្រោងអភិវឌ្ឍន៍នានា
ទៅឲ្យក្រុមហ៊ុនឯកជន ជាន់លើដីស្រែ ដីចម្កា
និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ (តំបន់បឹងកក់ ឃុំក្រយា ខេត្តកំពង់ធំ
ឃុំអមលាំង ខេត្តកំពង់ស្ពឺ...) និងមួយផ្នែកទៀត កើតឡើង
ដោយសារតែបុគ្គលមានអំណាច មានប្រាក់ខ្លះ ប្រើវិធីផ្សេងៗ
ដើម្បីរំលោភយកដីធ្លី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទន់ខ្សោយ
ដោយមិនបានផ្តល់សំណងសមរម្យជូនពលរដ្ឋទៅតាមតម្លៃទីផ្សារ។ មាន ៣ ចំណុច
ដែលខ្ញុំគិតថា នឹងអាចដោះស្រាយ
ឬក៏បញ្ចៀសកុំឲ្យកើតមានជម្លោះដីធ្លីក្នុងនោះរួមមាន៖
១- រាល់ការផ្តល់ដីសម្បទាន
ឬក៏ផ្តល់ដីសម្រាប់គម្រោងអភិវឌ្ឍន៍នានា
របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនត្រូវតែប្រាកដថា
នឹងមិនមានជាន់លើដីធ្លី ស្រែចម្ការ និងផ្ទះសម្បែង
របស់ប្រជាពលរដ្ឋឡើយ ហើយបើជាន់លើដីធ្លី ស្រែចម្ការ
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដាច់ខាត
ត្រូវតែធ្វើការដោះស្រាយសំណងសមរម្យ
និងយុត្តិធម៌ដោយមិនចាំបាច់គិតពីប័ណ្ណកម្មសិទ្ធិដីធ្លី ដែលរដ្ឋាភិបាល
ស្ទើរតែមិនដែលចេញឲ្យពលរដ្ឋនោះឡើយ។
២- ការទិញលក់ដី ដាច់ខាត ត្រូវតែឆ្លងកាត់ពីពលរដ្ឋម្ចាស់ដី
ដែលកំពុងរស់នៅលើដីនោះជាក់ស្តែង អាជ្ញាធរមូលដ្ឋានមានប្រធានក្រុម មេភូមិ
មេឃុំ ចៅសង្កាត់ ឬក៏អភិបាលស្រុក ខណ្ឌ ដោយមិនត្រូវរំលងផ្នែកណាមួយឡើយ
ហើយត្រូវតែមានការដឹងឮជាសាធារណៈ មិនមែនដូចពេលបច្ចុប្បន្ន
ពលរដ្ឋម្ចាស់ដីខ្លះភ្ញាក់ខ្លួនក្រញាង នៅពេលដែលមានគ្រឿងចក្រ
ចូលទៅឈូសឆាយដីរបស់ខ្លួន(ភូមិប៉ាតេ ឃុំគងយុ ខេត្តរតនគិរី ភូមិឡពាង
ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង...)នោះទេ។
៣- សម្រាប់ដីសម្បទាន ឬក៏គម្រោងអភិវឌ្ឍន៍ទាំងឡាយ
ដែលរដ្ឋាភិបាលបានសម្រេចផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនរួចហើយ រដ្ឋាភិបាល
ត្រូវតែធ្វើការត្រួតពិនិត្យឡើងវិញ ហើយបើរកឃើញថា គម្រោងនោះ
ប៉ះពាល់លើដីធ្លី ផ្ទះសម្បែងរបស់ពលរដ្ឋ ហើយក្រុមហ៊ុនមិនមានលទ្ធភាព
ក្នុងការផ្តល់សំណងសមរម្យ និងយុត្តិធម៌ជូនពលរដ្ឋទេ រដ្ឋាភិបាល
មិនត្រូវស្ទាក់ស្ទើរឡើយ គឺត្រូវតែកាត់ចំណែកដីនោះ
ទុកឲ្យពលរដ្ឋរស់នៅជាធម្មតា មិនត្រូវប្រើកម្លាំងប្រដាប់អាវុធ
ទៅបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីដោយពុំមានសំណងសមរម្យឡើយ។
មែនទែនទៅ កម្ពុជា ដែលមានផ្ទៃដីធំល្វឹងល្វើយ
ហើយនៅតំបន់ខ្លះ ថែមទាំងមិនទាន់មានមនុស្សរស់នៅផងនោះ
មិនគួរឲ្យជឿថាកើតមានទំនាស់ដីធ្លីសោះឡើយហើយជម្លោះដែលបាន កើតឡើង
មិនត្រឹមតែមិនត្រូវបានចាត់វិធានការដោះស្រាយឲ្យបានទាន់ពេល
វេលាប៉ុណ្ណោះទេ ប៉ុន្តែហាក់បីដូចជាត្រូវបានគេធ្វើឲ្យមានភាពស្មុគស្មាញទៅ
វិញ។
ការកើតមានជម្លោះដីធ្លី
ដែលមិនសមនឹងកើតឡើងនេះបើយើងមើលនៅក្នុងគ្រួសារតូចមួយ អ្នកជិតខាង
និងសើចចំអកប្រសិនបើឪពុកម្តាយនោះ បណ្តេញកូនចៅរបស់ខ្លួនចេញពីដីធ្លី
ផ្ទះសម្បែង ឬមានដីធ្លី មិនព្រមចែកឲ្យកូនចៅរស់នៅ ធ្វើស្រែធ្វើចម្ការ
ដោយយកដីធ្លី ផ្ទះសម្បែងនោះ ទៅឲ្យអ្នកដទៃរស់នៅ ក្រោមរូបភាពជួល
ឬធ្វើការអភិវឌ្ឍ ហើយទុកឲ្យកូនចៅខ្លួនឯង ដើរប្រសេចប្រសាច
គ្មានផ្ទះសម្បែងគ្មានមុខរបរត្រូវគេមើលងាយនោះ។ យ៉ាងណាមិញរដ្ឋាភិបាលនៃប្រទេសមួយ
ដូចជារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក៏ទំនងជាត្រូវបានប្រទេសនានា
(ពិសេសវៀតណាម ចិន ដែលក្រុមហ៊ុនមកពីប្រទេសនេះ
ទទួលបានដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេ) សើចចំអកដែរ
នៅពេលដែលពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ បានទទួលរងគ្រោះ
ដោយសារការបាត់បង់ដីធ្លី ផ្ទះសម្បែង ប៉ុន្តែរដ្ឋាភិបាល
បែរជានៅតែបន្តផ្តល់ដីសម្បទាន កាន់តែច្រើនឡើងៗ ទៅឲ្យក្រុមហ៊ុនបរទេស
ជាពិសេសក្រុមហ៊ុនមកពីប្រទេសវៀតណាម-ចិនរបស់ពួកគេនោះ។
តើយើងគួរខ្មាសគេទេ
នៅពេលដែលកម្លាំងសមត្ថកិច្ច ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ
បែរជាត្រូវបានគេប្រើឲ្យទៅវាយបង្ក្រាប
ឬបណ្តេញប្រជាពលរដ្ឋឲ្យចេញពីដីធ្លីផ្ទះសម្បែង
ដើម្បីយកដីទៅឲ្យក្រុមហ៊ុនបរទេសនោះ?