បើទោះបីជារដ្ឋាភិបាលកម្ពុជា
បានប្រកាសពីកំណើននៃការនាំអង្ករចេញទៅក្រៅប្រទេស ដែលមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ
ក៏ប្រជាពលរដ្ឋភាគច្រើន នៅតែប្រឈមនឹងហានិភ័យខ្ពស់
ក្នុងការខ្វះខាតស្បៀងអាហារ។
វាស្ទើរតែក្លាយជាទម្លាប់ទៅហើយ
នៅពេលដែលមន្ត្រីជាន់ខ្ពស់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅជួបប្រជាពលរដ្ឋ
គេតែងតែឃើញនាំយកអំណោយ ជាពិសេសអង្ករ និងគ្រឿងឧបភោគ បរិភោគផ្សេងៗ
ទៅចែកជូនប្រជាពលរដ្ឋ ហើយនៅក្នុងរយៈពេលប្រមាណជាពីរខែមកនេះ
ទាំងកាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ
អាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល និងអង្គការដៃគូនានា
កំពុងតែមានភាពមមាញឹកយ៉ាងខ្លាំងក្នុងការចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
បើទោះបីជាយើងពុំមានតួលេខផ្លូវការច្បាស់លាស់
ថាតើមានប្រជាពលរដ្ឋចំនួនប៉ុន្មាន ដែលប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការខ្វះស្បៀងអាហារក៏ដោយ
ក៏តាមរយៈសកម្មភាពដែលតែងតែចុះចែកអំណោយ របស់ក្រុមមន្ត្រី និងភាពតោកយ៉ាក
រយីករយាក របស់ប្រជាពលរដ្ឋជាច្រើន ដែលយើងអាចមើលឃើញនៅគ្រប់ច្រកល្ហក
គ្រប់ខេត្តក្រុង ដោយផ្ទះប្រជាពលរដ្ឋជាច្រើន រខេករខាក មើលពីមុខធ្លុះទៅដល់ក្រោយ
មានត្រឹមឆ្នាំងពីរ ចានបាយបួន ១០ និងផ្ទះខ្លះ
ពុំមានអង្ករសូម្បីតែ២០គីឡូក្រាមនៅលើផ្ទះផងនោះ
វាសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរច្រើនណាស់
ដែលប្រឈមនឹងហានិភ័យខ្ពស់ ខ្វះខាតស្បៀងអាហារ។
បើតាមសេចក្តីប្រកាសព័ត៌មានមួយ
របស់អង្គការសង្គមស៊ីវិលចំនួន ៨ ក្នុងនោះ ក៏មានអង្គការ Oxfam អង្គការទស្សនពិភពលោក
(World
Visoin) ផងដែរនៅក្នុងទិវាស្បៀងអាហារពិភពលោក
កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កសិករកម្ពុជាដែលមានប្រមាណ ៨០ ភាគរយ
គឺជាក្រុមផលិតស្បៀងធំបំផុតរបស់កម្ពុជា
ហើយក៏ជាក្រុមដែលងាយរងគ្រោះបំផុត ដោយសារខ្វះស្បៀងផងដែរ។ ចំណោទត្រង់ថា
បើកសិករ គឺជាក្រុមដែលផលិតស្បៀងធំបំផុត ហេតុអ្វីក៏កសិករ
បែរជាក្រុមងាយរងគ្រោះបំផុតដោយសារការខ្វះស្បៀងទៅវិញ? ឬមួយក៏មកពីប្រជាពលរដ្ឋខ្មែរខ្ជិលច្រអូស
ក្នុងការធ្វើកសិកម្ម? ឬក៏មកពីការអភិវឌ្ឍរបស់រដ្ឋាភិបាលមិនចំទិសដៅ?
បើតាមអង្គការទាំង
៨ ខាងលើ ការប្រែប្រួលអាកាសធាតុ ព្រមទាំងកំណើនប្រជាជន
និងភាពខ្សត់ខ្សោយនៃធនធាន ដូចជាដី និងទឹក គឺជាកត្តាចម្បង
ដែលធ្វើឲ្យមានបញ្ហាប្រឈមថ្មីៗ សម្រាប់កសិករ ក្នុងការផលិតស្បៀង
ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ឲ្យចាកផុតពីភាពក្រីក្រ។ សមាជិកគ្រួសារ
របស់ប្រជាពលរដ្ឋនីមួយៗ បានកើនឡើងជាលំដាប់
ប៉ុន្តែផ្ទៃដីសម្រាប់ធ្វើកសិកម្មរបស់ពួកគាត់ មិនបានកើនឡើងទេ។
បើយើងនិយាយពីការប្រែប្រួលអាកាសធាតុ
បើទោះបីជាមួយផ្នែកអាចបណ្តាលមកពីកម្ពុជាយើងកាប់បំផ្លាញព្រៃឈើគ្មានប្រណីដៃក្តី
ក៏យើងពិបាកនឹងទប់ស្កាត់ណាស់...ការមានភ្លៀងមិនទៀងទាត់
ភ្លៀងគំហុកខ្លាំងពេក ធ្វើឲ្យកើតមានគ្រោះទឹកជំនន់ មិនមានភ្លៀងសោះ
ឬក៏ការក្តៅហួតហែងខ្លាំងពេកជាដើម។ល។
ប៉ុន្តែបើថា
ប្រជាពលរដ្ឋខ្មែរ ដែលមានប្រមាណមិនទាន់ដល់ ១៤ លាននាក់ផង
នៅពេលដែលប្រទេសយើង សម្បូរទៅដោយផ្ទៃដីសម្រាប់ធ្វើកសិកម្មធំល្វឹងល្វើយ
ដែលនៅតំបន់ខ្លះ ថែមទាំងមិនទាន់មានមនុស្សរស់នៅផងនោះ
តែបែរជាប្រជាពលរដ្ឋ ពុំមានដីគ្រប់គ្រាន់ សម្រាប់ធ្វើកសិកម្មទៅវិញ
វាធ្វើឲ្យយើងមានភាពមន្ទិល ទៅលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាល
ពាក់ព័ន្ធនឹងគោលនយោបាយដីធ្លី។
ប្រាកដណាស់
នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គេឃើញរដ្ឋាភិបាល បានកាត់ដីរដ្ឋ
នៅតាមតំបន់មួយចំនួន ធ្វើជាដីសម្បទានសង្គមកិច្ច
សម្រាប់ចែកជូនប្រជាពលរដ្ឋ ជាពិសេសអតីតគ្រួសារកងទ័ព ដែលពុំមានដីធ្លី
ប៉ុន្តែវាមានចំនួនតិចតួចខ្លាំងណាស់
បើប្រៀបធៀបទៅនឹងកំណើនយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ និងទំហំដីដែលរដ្ឋាភិបាល
បានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។
បើតាមវេបសាយរបស់ក្រសួងកសិកម្ម
គិតត្រឹមឆ្នាំ ២០១០ រដ្ឋាភិបាល
បានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន មានរហូតទៅដល់ជាង ៩ សែន
៥ ម៉ឺនហិកតា។ បើតាមអង្គការសង្គមស៊ីវិល
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន នៅតាមតំបន់ជាច្រើន
បានជាន់លើផ្ទះសម្បែង ដីស្រែ ដីចម្ការរបស់ប្រជាកសិករថែមទៀត
ដូចជានៅឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ឃុំអមលាំង
ស្រុកថ្ពងខេត្តកំពង់ស្ពឺ ឃុំមួយចំនួន ក្នុងស្រុកស្នួលខេត្តក្រចេះ
និងនៅតាមបណ្តាខេត្តជាច្រើនទៀត
ដែលធ្វើឲ្យកើតមានជម្លោះដីធ្លីក្តៅគគុក រហូតដល់មានករណីខ្លះ សមត្ថកិច្ច
ប្រើកាំភ្លើងបាញ់រះទៅលើប្រជាពលរដ្ឋ ឬក៏វាយដំធ្វើឲ្យមានរបួស
ដើម្បីបណ្តេញចេញពីដីធ្លី ដែលពួកគាត់កំពុងរស់នៅ ធ្វើកសិកម្មចិញ្ចឹមជីវិត
ដើម្បីយកដីទៅឲ្យក្រុមហ៊ុន។
បើយើងធ្វើការឆ្លុះបញ្ចាំងទៅលើបញ្ហាវិបត្តិដីធ្លី
ដែលកំពុងបន្តកើតឡើង ធ្វើឲ្យប្រជាពលរដ្ឋកាន់តែច្រើនឡើងៗទទួលរងគ្រោះនេះ
វាប្រាកដណាស់ថា គឺតម្រូវឲ្យរដ្ឋាភិបាល ចាំបាច់ត្រូវពិនិត្យមើលឡើងវិញ
ទៅលើគោលនយោបាយដីធ្លីរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាល ចង់ឲ្យប្រជាពលរដ្ឋ
អាចរស់នៅដោយខ្លួនឯងបានក្នុងជីវភាពធូរធារសមរម្យ ថ្លៃថ្នូរ
ដោយមិនចាំបាច់ពឹងផ្អែកលើជំនួយម្តងម្កាលនោះ។ ប្រសិនបើរដ្ឋាភិបាល
មិនយកចិត្តទុកដាក់ គិតគូរពីការបែងចែកដីធ្លី ទៅដល់ប្រជាពលរដ្ឋ
សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទេនោះ នោះប្រជាកសិករដែលមានប្រមាណ ៨០
ភាគរយ នឹងនៅតែបន្តខ្វះខាតស្បៀងអាហារជារៀងរហូត
ហើយរដ្ឋាភិបាលក៏នៅតែខ្វល់ខ្វាយក្នុងការស្វែងរកជំនួយ ដើម្បីចែកជូនប្រជាពលរដ្ឋជារៀងរហូតផងដែរ។
ឬមួយក៏រដ្ឋាភិបាលមិនចង់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន
មានជីវភាពរស់នៅសមរម្យធូរធារទេ... ដោយចង់ទុកឲ្យប្រជាពលរដ្ឋ រស់នៅ
ក្នុងសភាព ឃ្លាន ខ្លៅ ខ្លាច
ដើម្បីឲ្យខ្លួនងាយស្រួលក្នុងការគ្រប់គ្រងដូចការចោទប្រកាន់របស់គណបក្សប្រឆាំង?