នៅក្នុងរយៈពេលជាងពីរឆ្នាំមកហើយ
ដែលខ្ញុំបានធ្វើការជាក្រុម ជាប់ជាប្រចាំជាមួយជនបរទេស។
ជនបរទេសទាំងនោះ ស្ទើរតែទាំងអស់មកពីបស្ចិមប្រទេស (ពួកច្រមុះស្រួច)
ជាប្រទេស ដែលត្រូវបានគេទទួលស្គាល់ថា មានការរីកចម្រើនជឿនលឿន
និងមានអរិយធម៌ខ្ពង់ខ្ពស់។
តាមការកត់សម្គាល់របស់ខ្ញុំ
ជនបរទេសស្ទើរតែទាំងអស់បានដកដង្ហើមធំ ហើយលាន់មាត់ថា «ឱព្រះម្ចាស់ថ្លៃអើយ...!
ហេតុអ្វីក៏យ៉ាងដូច្នេះ....? (Oh my god ! Why...?) នៅពេលដែលមានការបាញ់សម្លាប់មនុស្សឆៅៗតាមដងផ្លូវ
ឬតាមបារ៍ តាមវង់រាំ ដែលករណីខ្លះ គ្រាន់តែរឿងជម្លោះផឹកស៊ី
ឬក៏គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច មើលមុខគ្នា រាំជាន់ជើងគ្នា...។
សមត្ថកិច្ច អាជ្ញាធរ ដែលមានតួនាទីបម្រើ និងការពារប្រជាពលរដ្ឋ
បែរជាប្រើដំបងវាយបង្ក្រាបទៅលើប្រជាពលរដ្ឋ ដែលគ្រាន់តែធ្វើការតវ៉ាដោយអហិង្សា។
ការបូមខ្សាច់កប់ពន្លិចផ្ទះល្វែង ផ្ទះវីឡា របស់ប្រជាពលរដ្ឋនៅបឹងកក់
ការអារក ការកាត់ក ការបាញ់សម្លាប់ ការជះទឹកអាស៊ីត ដោយសារតែរឿងស្នេហា
ឬរឿងជម្លោះកំប៉ិចកំប៉ុកជាដើម។ល។ ជនបរទេសខ្លះចោទសួរថា ហេតុអ្វីក៏សង្គមខ្មែរដូច្នេះ?ហេតុអ្វីក៏សម្លាប់ជីវិតមនុស្ស...ប្រើអំពើហិង្សាងាយៗម្លេះ?
អ្វីដែលជាការភ្ញាក់ផ្អើល
និងជាចម្ងល់របស់ជនបរទេសទាំងនេះ វាប្រាកដណាស់ មិនមែនពួកគេ
ជាអ្នកគាំទ្រគណបក្សប្រឆាំង ដូចដែលមន្ត្រីរដ្ឋាភិបាលមួយចំនួនតែងតែធ្វើការលាបពណ៌
ទៅលើអ្នកដែលនិយាយ ការពិតនោះទេ ប៉ុន្តែវាជារឿងពិត
ដែលកំពុងតែកើតឡើងនៅក្នុងសង្គមខ្មែរ។
បើយើងក្រឡេកមើលទៅក្នុងពិធីបុណ្យកាន់បិណ្ឌ
និងភ្ជុំបិណ្ឌ រយៈពេល១៥ ថ្ងៃ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ
ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងរាស្ត្រ ទាំងមន្ត្រី
បាននាំគ្នាសម្រុកទៅវត្ត ដើម្បីធ្វើបុណ្យ។
ប្រហែលជាពុំមានគ្រួសារខ្មែរណាមួយ ដែលពុំបានទៅវត្តម្តងសោះ
នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះទេ លើកលែងតែគ្រួសារមួយចំនួនតូចដែលទៅកាន់សាសនាផ្សេងប៉ុណ្ណោះ។
បើយើងពិនិត្យមើលទៅលើទិដ្ឋភាពនៃការមមាញឹក
នៅតាមទីវត្តអារាមនេះ យើងពិបាកនិងជឿណាស់ថា សង្គមខ្មែរ កើតមាន
បញ្ហាច្រើនចាក់ស្រេះដូច្នេះបែបនេះសោះឡើយ ពីព្រោះព្រះពុទ្ធ
បានប្រៀនប្រដៅថា កុំឲ្យសម្លាប់ បៀតបៀន ឬរំលោភបំពានអ្នកដទៃ
និងថែមទាំងពន្យល់ទូន្មានថា មនុស្សគ្រប់រូប កើតមកមានតែខ្លួនទទេស្អាត
ហើយស្លាប់ទៅវិញ ក៏មិនអាចយកអ្វីទៅជាមួយបានដែរ គឺមានតែសម្ពាយបុណ្យ
និងបាបតែប៉ុណ្ណោះ ដែលត្រូវតាមទៅជាប់ជាមួយ។
បើដូច្នេះ តើមានការចាំបាច់អី
ដែលមនុស្សត្រូវប្រកាប់ប្រចាក់ សម្លាប់ រំលោភបំពានគ្នា
ដើម្បីបំពេញសេចក្តីលោភលន់ ដែលគ្មានព្រំដែនកំណត់នោះ? វាប្រាកដណាស់
អ្នកជឿលើព្រះពុទ្ធសាសនា បានចងចាំការទូន្មានរបស់ព្រះពុទ្ធ
យ៉ាងច្បាស់ថា ធ្វើល្អបានល្អ ធ្វើអាក្រក់ នឹងទទួលនូវបាបកម្ម
បើទោះបីជាមិនមែននៅក្នុងជាតិនេះ ក៏នៅក្នុងជាតិខាងមុខដែរ។
ប៉ុន្តែបើយើងពិនិត្យមើលពីទិដ្ឋភាពទូទៅនៅក្នុងសង្គមខ្មែរ
ដូចដែលខ្ញុំបានរៀបរាប់ពីការភ្ញាក់ផ្អើល និងចម្ងល់របស់ជនបរទេសខាងលើ
សង្គមខ្មែរវាហាក់បីដូចជាកំពុងដើរបញ្រ្ចាស់ទិស
ពីមាគ៌ាព្រះពុទ្ធសាសនាទៅវិញ។
ការបាញ់សម្លាប់ជីវិតមនុស្សឆៅៗ ដោយគ្មានស្រណោះ
ដោយសារតែជម្លោះ អំពើប្លន់ ការលួច ការកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃ
ការកាឡៃមួលបង្កាច់គ្នា ពីអាក្រក់ទៅល្អ ពីសទៅខ្មៅ
សូម្បីតែព្រះសង្ឃខ្លះ ក៏ឈ្លោះដណ្តើមអំណាចគ្នានៅក្នុងវត្ត
និងបញ្ហាចាក់ស្រែះជាច្រើនផ្សេងទៀត គឺកំពុងរួមរឹតនៅក្នុងសង្គមខ្មែរ។
តើហេតុអ្វីបានជាដូច្នេះ បើគ្រប់គ្នា
សុទ្ធតែទៅវត្តធ្វើបុណ្យ? ឬមួយក៏មានអ្នកខ្លះ
គ្រាន់តែយកសាសនាធ្វើជាខែល? វាជាការពិត
មនុស្សគ្រប់គ្នា ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ
ទៅវត្តធ្វើបុណ្យសុទ្ធតែបានបួងសួងបន់ស្រន់សុំសេចក្តីសុខនិងសេចក្តីចម្រើន
សម្រាប់ខ្លួន និងក្រុមគ្រួសារ។ ប៉ុន្តែសម្រាប់អ្នកដែលធ្វើអំពើអាក្រក់
ធ្វើឲ្យអ្នកដទៃរងទុក្ខវេទនា
ព្រាត់ប្រាស់ក្រុមគ្រួសារបាត់បង់ដីធ្លីផ្ទះសម្បែង
ធ្លាក់ខ្លួនក្រីក្រតោកយ៉ាក...មានគិតទេថា មនុស្សទាំងអស់ផ្សេងទៀត
ក៏គេត្រូវការសេចក្តីសុខ សេចក្តីចម្រើនដូចខ្លួនអ៊ីចឹងដែរ! ហេតុអ្វីបានជាខ្មែរ
ដែលធ្លាប់តែមានអរិយធម៌លូតលាស់រុងរឿងដល់កំពូល កាលពីសម័យអង្គរ
ប្រែក្លាយទៅជាដូច្នេះ?
វាជាការពិតណាស់ ការបាញ់សម្លាប់ ការអារ កសម្លាប់
សមត្ថកិច្ចប្រើកាំភ្លើងបាញ់
ឬក៏ប្រើដំបងធ្វើការវាយដំទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ា
ឬការរំលោភបំពាន បូមដីកប់ពន្លិចផ្ទះ
ឈូសដុតបំផ្លាញផ្ទះ...ខុសពីគោលការណ៍ច្បាប់ វាមិនមែនជាមោទនភាព
សម្រាប់ខ្មែរណាម្នាក់នោះទេ ហើយវារឹតតែមិនមែនជាមោទនភាព
សម្រាប់រដ្ឋាភិបាលទៅទៀត។ ប៉ុន្តែហេតុអ្វីបានជាសង្គមខ្មែរ បែបនេះ?។
ការប្រកាន់បក្ខពួក និងការបន្តកើតមាននូវវប្បធម៌នីរទណ្ឌភាព
មិនគោរពច្បាប់ វាអាចជាដើមចមចម្បងជាងគេមួយ
ដែលធ្វើឲ្យកើតមានរឿងរ៉ាវចាក់ស្រែះនៅក្នុងសង្គមខ្មែរ។
បញ្ហាមួយដែលគួរឲ្យកត់សម្គាល់ ការបាញ់សម្លាប់មនុស្សឆៅៗ នៅតែបន្តកើតឡើងជាញឹកញាប់
ប៉ុន្តែគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចណាម្នាក់ ចេះមានការអៀនខ្មាស
លាលែងពីតំណែងដោយខ្លួនឯង ឬក៏ត្រូវបានដកចេញពីតំណែង
ដោយសារតែអសមត្ថភាពរបស់ពួកគេនោះទេ តែផ្ទុយទៅវិញ មានតែការអួតអាង
កោតសសើរ ឬដំឡើងស័ក្តិទៅវិញ។
មានតែស្ថាប័នទាហាន នគរបាល
និងកងរាជអាវុធហត្ថប៉ុណ្ណោះ ដែលមានសិទ្ធិប្រើអាវុធ
ប៉ុន្តែហេតុអ្វីបានជាស្ថាប័នចោរមានអាវុធដែរ? ឬមួយក៏ចោរ
ចេញពីសមត្ថកិច្ច?
ដើម្បីដោះស្រាយបញ្ហាដែលកំពុងញាំញីសង្គមខ្មែរនេះ
មន្រ្តីនៅតាមស្ថាប័នពាក់ព័ន្ធ គួរក្លាហាន ទទួលស្គាល់ការពិត
ហើយរួមគ្នារិះរកវិធានការថ្មី ដែលមានប្រសិទ្ធភាពជាងមុន
ក្នុងការធ្វើការដោះស្រាយ ដើម្បីលើកតម្កើងមោទនភាពជាតិខ្មែរ
ឲ្យដូចពាក្យស្លោកមួយឃ្លាថា«កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»៕