បើទោះបីជារដ្ឋាភិបាលកម្ពុជា
បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន
ក្នុងការធ្វើការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវ ស្ពាន ថ្នល់ សាលារៀនមន្ទីរពេទ្យ
ធ្វើឲ្យទីក្រុងស្អាតមានសំណង់អគារទំនើប
និងការបង្កលក្ខណៈងាយស្រួលឲ្យអ្នកវិនិយោគទុនបរទេស ចូលមកបង្កើតរោងចក្រ
សហគ្រាស ដើម្បីផ្តល់ការងារឲ្យប្រជាពលរដ្ឋជាច្រើនធ្វើ
ជាមួយនឹងការធ្វើឲ្យមានសន្តិភាព ស្ថិរភាព
និងសន្តិសុខក្នុងសង្គមជាដើម។ល។ ក្តី ក៏បញ្ហាជម្លោះដីធ្លីជាច្រើនករណី
ជាពិសេសបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់
ដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ ចង់មិនចង់
វាហាក់បីដូចជាដុំពពកខ្មៅក្រាស់ឃ្មឹកមួយ
ដែលបានធ្វើឲ្យស្រអាប់ទៅដល់កេរ្តិ៍ឈ្មោះ
និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ ក៏ប៉ុន្តែទោះជាយ៉ាងណា
គេឃើញរដ្ឋាភិបាល បានយកចិត្តទុកដាក់
ធ្វើការដោះស្រាយជាបណ្តើរៗខ្លះៗមកហើយ នៅក្នុងរឿងជម្លោះដីធ្លី
ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា បានធ្វើឲ្យប្រជាពលរដ្ឋជិត
៥ ម៉ឺនគ្រួសារ ទទួលរងគ្រោះ។
កាលពីដើមខែមុន អ្នកភូមិបឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន បានសម្រេចកាត់ដីទំហំ ១២,៤៤ ហិកតា
ចេញពីគម្រោងអភិវឌ្ឍន៍ដ៏ចម្រូងចម្រាស នៅតំបន់បឹងកក់ ទុកឲ្យប្រជាពលរដ្ឋ
អាចបន្តរស់នៅក្នុងតំបន់នេះតទៅទៀត។
បើទោះបីជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី
ធ្វើឡើង បន្ទាប់ពីធនាគារពិភពលោក បានប្រកាសបង្កកប្រាក់ជំនួយប្រមាណ ១២៨
លានដុល្លារ ជាការដាក់សម្ពាធឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់
ដោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ក្តី
ក៏អង្គការសង្គមស៊ីវិលនានា និងសាធារណជនជាច្រើន
បានសម្តែងការពេញចិត្ត ចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី
ដែលគេគិតថា អាចនឹងឈានទៅបញ្ចប់ជម្លោះទាំងស្រុង
នៅក្នុងតំបន់អភិវឌ្ឍន៍ដ៏ចម្រូងចម្រាសមួយនេះ។ ប៉ុន្តែអ្វីៗ
មិនដូចការគិតទាំងស្រុងឡើយ ពីព្រោះរហូតមកដល់ពេលនេះ ជម្លោះ
និងការតវ៉ា ក្តៅគគុក នៅតែបន្តកើតមានស្ទើររៀងរាល់ថ្ងៃនៅឡើយ។
តើហេតុអ្វីបានជាអ្នកភូមិបឹងកក់នៅតែបន្តធ្វើការតវ៉ា?
នៅក្នុងការតវ៉ាចុងក្រោយមួយ កាលពីថ្ងៃចន្ទ
ដែលមានការដុតសម្បកកង់ឡានហុយទ្រលោមខ្មៅងងឹត
និងការដុតធូបបន់ស្រន់ផងនោះ អ្នកភូមិបឹងកក់ខ្លះ
បានស្រែកយំរៀបរាប់ថា ពួកគាត់ជាង ៧០ គ្រួសារ ដែលផ្ទះសម្បែង
ត្រូវក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េង ឃីន បូមខ្សាច់កប់ពន្លិច
ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ជិត ៨០០ គ្រួសារផ្សេងទៀត
ត្រូវបានអាជ្ញាធររាជធានី ភ្នំពេញ បដិសេធ
មិនផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យឡើយ
បើទោះបីជាអាជ្ញាធរសង្កាត់ស្រះចក ទទួលស្គាល់ថា ពួកគាត់
មានលំនៅដ្ឋានពិតប្រាកដ នៅក្នុងតំបន់បឹងកក់នេះក្តី។ ជាមួយគ្នានេះ
អាជ្ញាធររាជធានី បែរជាចេញប័ណ្ណកម្មសិទ្ធិដីធ្លីច្រើនសន្ធឹកសន្ធាប់
នៅក្នុងទីតាំងដី ដែលលោកនាយករដ្ឋមន្ត្រី កាត់ទៅឲ្យប្រជាពលរដ្ឋ
ឲ្យលោកឡាវ ម៉េង ឃីន ដែលជាប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីនទៅវិញ។
អ្នកភូមិបឹងកក់និយាយថា គ្រាន់តែនៅក្នុងភូមិ ២២ សង្កាត់ស្រះចក
អាជ្ញាធររាជធានី បានចេញប័ណ្ណកម្មសិទ្ធិដីធ្លី ទៅឲ្យលោកឡាវម៉េង ឃីន
មានរហូតទៅដល់ ២១ ប្លង់។
បើតាមអ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់
ប្រជាពលរដ្ឋដែលនៅសេសសល់ ក្នុងតំបន់បឹងកក់ មានសរុបចំនួនតែ ៧៩៤
គ្រួសារ និងត្រូវការផ្ទៃដីសរុបចំនួនតែ ៩,៧៥
ហិកតាប៉ុណ្ណោះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានផ្តល់ដីជូនប្រជាពលរដ្ឋបឹងកក់ រហូតដល់ទៅ ១២,៤៤
ហិកតា គឺគ្រប់គ្រាន់លើសលប់
សម្រាប់ការបែងចែកជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា
រួមទាំងអាចរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានធំទូលាយល្អថែមទៀត។
បើសិនដូចការគណនា របស់អ្នកស្រីទេព វន្នី តើហេតុអ្វី
បានជាប្រជាពលរដ្ឋជាង ៧០ គ្រួសារ ដែលជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ
ផ្ទះសម្បែងត្រូវក្រុមហ៊ុនបូមខ្សាច់កប់ពន្លិច
និងមិនដែលបានទទួលយកសំណងណាមួយ ពីក្រុមហ៊ុននៅឡើយនោះ
បែរជាត្រូវអាជ្ញាធររាជធានី បដិសេធ មិនផ្តល់ប័ណ្ណកម្មសិទ្ធិដីឲ្យទៅវិញ?
នៅក្នុងរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិល
និងអ្នកតាមដានស្ថានការណ៍មួយចំនួន សង្ស័យថា
មន្ត្រីអាជ្ញាធររាជធានីមួយចំនួន អាចឃុបឃិតគ្នា ជាមួយក្រុមហ៊ុន
ដោយលុបឈ្មោះពលរដ្ឋរងគ្រោះពិតប្រាកដ
ចេញពីបញ្ជីទទួលបានកម្មសិទ្ធិដីធ្លី ហើយដាក់បញ្ចូលឈ្មោះខ្មោច ដើម្បីទទួលយកចំណែកដីធ្លីទាំងនោះ។
តើលោក កែប ជុតិមា
អភិបាលរាជធានី ដែលជាអ្នកទទួលខុសត្រូវ
ក្នុងការបែកចែកដីធ្លីជូនប្រជាពលរដ្ឋបឹងកក់
នៅតែបន្តធ្វើមិនដឹងមិនឮ
ទុកឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាស្ទើររៀងរាល់ថ្ងៃជាបន្តទៅទៀតឬ? ឬមួយក៏ទុកឲ្យលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ចេញមុខមកអន្តរាគមន៍ជាថ្មីទៀត
សូម្បីតែរឿងបែងចែកដីធ្លីតូចតាចមួយនេះ?