អតីតពលរដ្ឋខ្មែរត្រូវបណ្តេញចេញពីបុរីកីឡានៅឯកន្លែងតាំងទីលំនៅថ្មី ក្នុងភូមិស្រះពោធិ៍ ស្រុកពញាឮខេត្តកណ្តាល |
វាប្រាកដណាស់ ហើយគ្មាននរណាម្នាក់ អាចកែប្រែបានទេ
គឺថា មនុស្សយើងកើតមក មិនមាននរណាម្នាក់
អាចគេចផុតពីសេចក្តីស្លាប់បានឡើយ ប៉ុន្តែគ្រាន់តែថា មួយត្រូវគេសម្លាប់
និងមួយទៀតស្លាប់ដោយសារជំងឺ ឬចាស់ជរាតែប៉ុណ្ណោះ។នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ
ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសម្បើម ត្រូវបានស្លាប់ ដោយសារគេសម្លាប់
ជាជាងការស្លាប់ដោយសារជំងឺ ឬចាស់ជរា។ គ្រាន់តែនៅក្នុងរយៈពេល ៣ ឆ្នាំ
៨ ខែ ២០ ថ្ងៃ នៅក្នុងរបបខ្មែរក្រហម ប្រជាពលរដ្ឋរហូតដល់ ២ លាននាក់
ត្រូវបានគេសម្លាប់។ មេដឹកនាំខ្មែរ
ក្រហម ប៉ុល ពត សុន សេន
និងក្រុមមន្ត្រីទាំងជាន់ខ្ពស់ ទាំងជាន់ទាប នៃរបបអាវខ្មៅនេះ
នៅពេលក្រោយមក ក៏បានស្លាប់ជាបន្តបន្ទាប់ផងដែរ ហើយអ្នកដែលនៅរស់
ក៏នឹងត្រូវស្លាប់ជាបន្តបន្ទាប់ទៀតដោយគ្មាននរណាគេចរួច។
បើទោះបីជាខ្មែរយើង
ទើបតែងើបចេញពីរបបដែលកាប់សម្លាប់មនុស្សដ៏ព្រៃផ្សៃ
ដោយបន្សល់ទុកនូវស្លាកស្នាម ដ៏សែនឈឺចាប់បំផុតបែបនេះក្តី
ក៏ខ្មែរយើងមួយចំនួន
ហាក់បីដូចជានៅតែនិយមយកអំពើហិង្សាក្រៅច្បាប់មកដោះស្រាយ បញ្ហា
ដែលនៅទីបំផុត អ្នកទន់ខ្សោយត្រូវបានអ្នកខ្លាំងសម្លាប់។
គ្រាន់តែនៅក្នុង និងក្រោយព្រឹត្តិការណ៍វាយប្រយុទ្ធគ្នា ថ្ងៃ ៥-៦ កក្កដា
ឆ្នាំ ១៩៩៧ តាមសេចក្តីរាយការណ៍ជាច្រើនថា
មានមន្ត្រីដែលស្មោះត្រង់នឹងគណបក្សហ្វុនស៊ិនប៉ិច រហូតដល់ជាង ១០០ នាក់
ត្រូវបានគេចាប់ខ្លួន ហើយក្រោយមក ត្រូវបានគេសម្លាប់ចោល។
បើទោះបីជារហូតមកដល់ពេលនេះ
អ្នកដែលសម្លាប់មន្ត្រីគណបក្សហ្វុនស៊ិនប៉ិចទាំងនោះ
មិនត្រូវបានគេចាប់ខ្លួនយកទៅផ្តន្ទាទោសក៏ដោយ ក៏អ្នកទាំងនោះ
បានស្លាប់ជាបន្តបន្ទាប់ផងហើយដែរ គឺស្លាប់ដោយសារជំងឺ ឬចាស់ជរា
ពោលគឺពុំមាននរណាម្នាក់ អាចគេចផុតពីសេចក្តីស្លាប់បានឡើយ។
វាមិនប្រាកដទេថា តើ ប៉ុល ពត
និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត ដែលបានដឹកនាំប្រទេស
ធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ដល់ទៅ ២ លាននាក់នោះ
ត្រូវចុះនរកប៉ុន្មានជាន់ ឬក៏ត្រូវបានពលរដ្ឋខ្មែរ ២ លាននាក់
ដែលត្រូវបានពួកគេសម្លាប់ កំពុងតែធ្វើបាបពួកគេសងសឹកវិញ និងថាតើ
អ្នកដែលបានសម្លាប់មន្ត្រីគណបក្សហ្វុនស៊ិនប៉ិច
ដែលបានស្លាប់ជាបន្តបន្ទាប់ នឹងត្រូវស្លាប់ដោយមិនអាចគេចរួច
នៅក្នុងពេលខាងមុខ ត្រូវចុះនរកប៉ុន្មានជាន់
ឬក៏ត្រូវមន្ត្រីគណបក្សហ្វុនស៊ិនប៉ិចធ្វើបាបវិញ
គឺក៏មិនមាននរណាដឹងឲ្យប្រាកដដែរ? បើទោះបីជាតាមផ្លូវសាសនា
បានអះអាងថា អ្នកដែលសាងបាប បានបាប ត្រូវចុះនរក ឬអ្នកធ្វើបុណ្យបានបុណ្យ
ត្រូវឡើងឋានសួគ៌ក៏ដោយ។
ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាបានដឹងយ៉ាងច្បាស់ លើកលែងតែអ្នកដែលដឹងហើយ ធ្វើមិនដឹង គឺថា គ្មាននរណាម្នាក់ អាចគេចផុតពីសេចក្តីស្លាប់បានទេ ហើយនៅពេលដែលស្លាប់ទៅ ក៏មិនអាចយកអ្វីទៅជាមួយបានដែរ កុំថាឡើយតែទ្រព្យសម្បត្តិ បុណ្យស័ក្តិ សូម្បីតែរូបរាងកាយរបស់ខ្លួន ក៏មិនអាចយកទៅជាមួយបានផង។ ពោលគឺទ្រព្យសម្បត្តិ បុណ្យស័ក្តិ វាគ្រាន់តែជារបស់នៅក្រៅខ្លូនតែប៉ុណ្ណោះ វាមិនគួរបើមនុស្ស យកឆាកជីវិតដ៏ខ្លី និងមានតម្លៃរបស់ខ្លួន ទៅបង្កវិនាសកម្មដល់សង្គមជាតិរបស់ខ្លួន (ពុករលួយកិបកេងទ្រព្យសម្បត្តិ លុយរដ្ឋ... កាប់បំផ្លាញព្រៃឈើ ច្បាមវាតយកដី គាស់កកាយដី ភ្នំ រុករករ៉ែ...) ធ្វើឲ្យជាតិវិនាសអន្តរាយអស់ធនធាន ហើយប្រជាពលរដ្ឋជាច្រើន (ដីក្រហម សំបុកចាប បឹងកក់ បុរីកីឡា អមលាំង ឃុំក្រយា...) កាន់តែធ្លាក់ខ្លួនទីទាល់ក្រតោកយ៉ាកនោះឡើយ។
បើទោះបីជាក្នុងហេតុផលណាក៏ដោយ
ក៏មិនគួរបើអ្នកដែលមានសារជាតិជាមនុស្ស ត្រូវប្រកាប់ប្រចាក់គ្នា
ប្រើល្បិចកល ឬក៏វិធីពិសពុល ព្រៃផ្សៃផ្សេងៗ មានពេលខ្លះ
រហូតដល់ទៅហានសម្លាប់មនុស្ស
ដើម្បីបំពេញសេចក្តីលោភលន់មិនចេះឆ្អែតឆ្អន់របស់ខ្លួន
ដែលធ្វើឲ្យអ្នកដទៃវេទនាខ្លោចផ្សានោះឡើយ។
ជាទូទៅមនុស្សទាំងអស់
លើកលែងតែមនុស្សមានសតិមិនសូវគ្រប់ ឬមនុស្សមានវិបត្តិហើយគិតខ្លី
គឺសុទ្ធតែចង់រស់ គឺរស់ដោយមានសិទ្ធិសេរីភាពពេញលេញ
រស់ដោយមានយុត្តិធម៌ រស់ដោយមានសេចក្តីថ្លៃថ្នូរ រស់ក្នុងជីវភាពធូរធារ
មានផ្ទះសម្បែងសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ រស់ជួបជុំគ្រួសារ
បងប្អូន...។
ក្នុងហេតុផលនេះ មិនគួរបើមនុស្សទាំងឡាយសប្បាយទេ
នៅពេលដែលខ្លួនបានធ្វើអំពើអាក្រក់អ្វីមួយ ដូចជា បានដាល់នរណាម្នាក់
មួយដៃយ៉ាងខ្លាំង ចំកណ្តាលមុខ បាញ់សម្លាប់នរណាម្នាក់
ប្លន់យកទ្រព្យសម្បត្តិរបស់គេបានជោគជ័យ ឬក៏បណ្តេញគេចេញពីផ្ទះសម្បែង
ដើម្បីយកដីគេបានជោគជ័យ...នោះ។ ប៉ុន្តែគេគួរប្រើវិចារណញាណ និងឧត្តមគតិ
ក្នុងនាមជាមនុស្ស ដោយគិតត្រឡប់ទៅវិញថា ប្រសិនបើអ្នកជាគេ
ត្រូវគេដាល់មួយដៃចំកណ្តាលមុខ តើអ្នកឈឺទេ? ប្រសិនបើអ្នក
ឪពុក ឬសមាជិកគ្រួសារណាម្នាក់របស់អ្នក ត្រូវគេបាញ់សម្លាប់តើអ្នកឈឺចាប់ទេ? ហើយបើផ្ទះដែលអ្នកធ្លាប់រស់នៅ
ត្រូវគេប្រើកម្លាំងបណ្តេញចេញ រួចដឹកយកទៅឲ្យរស់នៅកណ្តាលវាលក្តៅហែង
ដូចអ្នកបុរីកីឡា ដីក្រហម សំបុកចាប...តើអ្នកឈឺចាប់ទេ?
ការរស់នៅដ៏សែនឈឺចាប់ ពោរពេញទៅដោយទឹកភ្នែក
និងឈាម ដែលស្ទើរតែវិនាសស្លាប់ផុតពូជ នៅក្នុងសម័យសង្គ្រាម
ដែលអូសបន្លាយពីរបបមួយទៅរបបមួយ
ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ
វាគួរតែជាមេរៀនដ៏ជូរចត់បំផុតសម្រាប់ខ្មែរទាំងអស់ ឲ្យចេះស្រឡាញ់
រួមសុខរួមទុក្ខ ចេះការពារ លើកតម្កើង ដល់អ្នកដែលមានឈាមជ័រជាខ្មែរដូចគ្នា
ដោយការចែករំលែកនូវធនធានដ៏សម្បូរបែប
ដែលដូនតារបស់យើងបានបន្សល់ទុកឲ្យ (ដី ព្រៃ រ៉ែ ប្រាសាទ.. .)
ដើម្បីឲ្យខ្មែរទាំងអស់ ទាំងមន្រ្តី ទាំងរាស្ត្រ
អាចរស់នៅក្នុងកម្រិតជីវភាពសមរម្យថ្លៃថ្នូរ ក្នុងនាមជាមនុស្សដូចគ្នា
ដូចប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសជឿនលឿននៅលើពិភពលោក
និងក៏ដើម្បីទប់ខ្លួនឲ្យបានគង់វង្ស
នៅលើទឹកដីដែលនៅសេសសល់ដ៏តូចចុងក្រោយនេះ ខណៈដែលវៀតណាម និងថៃ
ដែលនៅគាបយើងទាំងសងខាង នៅតែបន្តពង្រីកខ្លួនឥតឈប់ឈរ ដើម្បីគ្របដណ្តប់មកលើយើងគ្រប់ពេលវេលានោះ។
តើមនុស្សជាតិនៅលើពិភពលោក ជាពិសេសវៀតណាម និងថៃ
គេគិតយ៉ាងណា ចំពោះជាតិសាសន៍ខ្មែរយើង
ដែលហាក់បីដូចជាចេះតែបន្តវិលវល់ទៅរកទីបញ្ចប់គ្មាន
ក្នុងការប្រើអំពើហិង្សា ដើម្បីធ្វើទុក្ខបុកម្នេញ តែទៅលើខ្មែរគ្មានឯង
សូម្បីតែផ្ទៃដីដ៏ធំល្វឹងល្វើយ មានធនធានធម្មជាតិដ៏សម្បូរបែប
មានពលរដ្ឋត្រឹមតែ ១៤ លាននាក់សោះ
មិនចេះប្រមូលផ្តុំគ្នារស់ក្នុងភាពសុខសាន្ត នឹងគ្នា?
នេះជាទស្សនៈផ្ទាល់របស់ការីនិពន្ធមិនឆ្លុះបញ្ចាំងពីកាសែតភ្នំពេញប៉ុស្តិ៍ទេ។
No comments:
Post a Comment