អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 16 June 2012

តើ​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់ ​នៅ​ឯក្រៅ​ប្រទេស​ ជា​ពលករ​ ឬ​ក៏ជា​ទាសករ​?

ពលការិនីខ្មែរ មកពីធ្វើជាអ្នកបម្រើតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី
               កាលពីខែកុម្ភៈ ក្លាយជាជនពិការ។
«...​នែ! ​គេ​ថា​ ជួញ​ជិត​ ស្រួល​ចិត្ត​ជាង​ជួញ​ឆ្ងាយ​!​.»​ នេះ​គឺ​ចំរៀង​លោក​តា​សាមុត​ ដែល​ទុក​គ្រាន់​ជា​បណ្តាំ​​ ដល់​យុវជន​ក៏​ដូច​អ្នក​ដែល​ចូល​ចិត្ត​រក​ស៊ី​ឆ្ងាយ​ៗ​ បើ​ទោះ​បី​ជា​ទទួល​បាន​ប្រាក់​កាស​ចំណេញ​ច្រើន​ក្រាស់​ក្រែល​ក៏​ដោយ​ ​តែ​​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ​ និង​ពិបាក​ទៅ​ជួយ​ដល់​ទៀត​។​ តើ​ហេតុ​អ្វី​បានជា​ឪពុក​ម្តាយ​ ដាច់​ចិត្ត​ឲ្យ​កូន​ជា​ទី​ស្រឡាញ់​ ឬ​ក៏​ប្តី-ប្រពន្ធ​ទៅ​ធ្វើ​ការ ​នៅ​ក្រៅ​ប្រទេស​ទាំង​ប្រថុយ​ប្រថាន​?​
ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះ ​ឃើ​ញ​​ថា​ មាន​ការ​កើន​ឡើង គួរឲ្យកត់​សម្គាល់​នូវ​ពល​ករ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​​ស្រប​ច្បាប់​​ ដែល​​ ១ ឆ្នាំៗ​​ រាប់​​ម៉ឺន​​នាក់​​ ​ បើទៅ​មើល​​​នៅ​ឯ​​កន្លែង​​ការិយា-​ល័យ​ធ្វើ​​លិខិត​ឆ្លង​ដែន​ដ៏​តូច​ចង្អៀត​វិញ​ មាន​ពលករ​ ទៅ​ធើ្វ​ច្រើន​ប្រជ្រៀត​​ជាន់​ជើង​គ្នា​​ ម៉ា​ស៊ីន​​ត្រជាក់​ឡើង​លែង​ត្រជាក់​​អស់​ហើយ​។​​ ឧទា​ហ​រ​ណ៍​​៖ ​តាម​រយៈ​ក្រសួង​ការងារ​ គ្រាន់​តែ​ការ​បញ្ជូន​​ពលករ​ស្រប​​ច្បាប់​​ ទៅ​​ធ្វើការ​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ឆ្នាំ​ ២០១១​ មាន​ចំនួន​សរុប​៤៩៥៧​ នាក់​ គឺ​មាន​ការ​​កើន​ឡើង​ដល់​ ១៣៥​ ភាគ​រយ​​បើ​ធៀប​នឹង​​ឆ្នាំ​ ២០​១០​។​
         រាល់​ការ​បញ្ជូន​ចេញ​ពល​ករ​ស្រប​ច្បាប់​ គឺ​សុទ្ធ​តែ​បាន​ឆ្លង​​វគ្គ​បណ្តុះ​បណ្តាល​​ ពី​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ទំាង​អស់​។​​ ពល​ករ​ខ្លះ​ក៏​មាន​ប្រាក់​​កាស​ខ្លួន​ឯង​សម្រាប់​ចេញ​ទៅ ​បើ​ទោះ​បី​ជា​ប្រា​ក់​កាស​​ទាំង​នោះ​ បាន​​មក​ពី​ការ​លក់​ គោ-​ក្របី​ ប្រមូល​កវែក​កឆ្នំាង​អស់​ហើយ​ក៏​ដោយ​ ក៏​​ខិត​ខំ​ប្រឹង​ប្រែង​​ ទៅ​​តាម​គេ​ តាម​ឯង​ដែរ​​​។​ ឯ​ខ្លះ​ទៀត​ ខ្ចី​លុយ​ពី​ក្រុម​ហ៊ុន​សិន​ ហើយ​ចាំ​សង​ក្រុម​ហ៊ុន​វិញ​​ ពេល​បាន​​ប្រាក់​ខែ​គឺ​​ធ្វើ​យ៉ាង​ណា ​ឲ្យ​តែ​បាន​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ ព្រោះ​អស់​ជម្រើស​ការ​ងារ​នៅ​ស្រុក​ខ្មែរ​ ​ហើយ​សង្ឃឹម​ថា នឹង​បាន​ផ្ញើ​​លុយ​មក​​ផ្គត់​ផ្គង់​គ្រួសារ​។​ នៅទី​ប​ញ្ចប់​ក្រុម​​ហ៊ុន បាន​​ត្រឹម​តែ​ជួយ​ពី​​ស្រុក​ខ្មែរ​ទៅ​ទេ​ តែ​ដល់​ពេល​ទៅ​ស្រុក​គេ​ គឺ​ក្រុម​ហ៊ុន​លែង​រវីរវល់​ហើយ​ គឺ​​យក​ទៅ​ដាក់​ប្លុង​​ចោល​ ឲ្យទៅ​ផ្សង​​ព្រេង​តាម​សមា​ជីវោ​​របស់​ពល​ករ​។
        បើ​សំណាង​ ប៉ះ​​ជួប​ជាមួយ​ម្ចាស់​ផ្ទះ​ ឬ​ថៅ​កែ​ចិត្ត​ល្អ​ទៅ​ បាន​លាភ​សក្ការ​បន្ថែម​ និង​បា​ន​ប្រាក់​ខែ​ផ្ញើមក​ផ្ទះ ​​ហើយ​មាន​ពេល​ឈប់​សម្រាក​រៀង​រាល់​ ២​ឆ្នាំ​ម្តង​ មក​លេង​ផ្ទះ​ទៀត​ផង​។​ តែ​បើ​ស៊យ​ ទៅ​ប៉ះ​ជួប​​នឹង​​ថៅ​​កែ​​ចិត្ត​​​ចោរ​វិញ​ គឺ​មិន​​ត្រឹម​តែ​មិន​បាន​ប្រាក់​ខែ​ទេ​ គឺ​ថែម​ទាំង​ទទួល​រង​ការ​ធ្វើ​បា​ប​លើ​រូប​រាង​កាយ​ និង​​រំលោភ​សេព​សន្ថវៈ​ទៀត​ផង​។​ ដូច​កាល​ពី​ពេល​ថ្មីៗ​នេះ ​ពលករ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​មួយ​ចំនួន​ ទទួល​ទារុ​ណកម្ម​លើ​រូ​ប​រាង​កាយ​​ និង​ផ្លូវ​ភេទ​ គឺ​ប្រៀប​ដូច​​ទៅ​នឹង​ទាស​ករ​ទៅ​ហើយ​ ខ្លះ​ក៏​បាន​លួច​រត់​ត្រឡប់​មក​ស្រុក​វិញ​ ខ្លះ​ត្រូវ​គេ​បញ្ជូន​មក​ស្រុក​វិញ​តាម​យន្ត​ហោះ​ ដូច​គេ​យក​ផ្ញើកញ្ចប់អី​វ៉ាន់​មក​​បោះ​​ចោល​​អ៊ីចឹង​ ខ្លះ​គេ​ធ្វើ​បាប​រហូត​ដល់​ស្លាប់​​ក៏​មាន​ ហើយ​ពលក​រ​​​ទាំង​​នេះ​គឺ​នៅ​​តែ​ស្ថិត​ក្នុង​សភា​ព​​បាក់​ស្បាត ​ខ្លះ​​ឆ្កួត​លីលា ខ្លះ​ឆ្កួត​តែ​ម្ត​ង​ ខ្លះ​នៅ​មាន​ស្នាម​ជំា​របួស​ដែល​គេ​ធ្វើ​បាប​ ហើយ​ភាគ​ច្រើន​ស្គម​ស្លេក​ស្លាំង​ ហាក់​ដូច​លែង​ទៅ​ជា​មនុស្ស​និយាយ​លែង​​ដឹង​អី​ទាំង​អស់​ បាន​ត្រឹម​តែ​កាន់​​លិខិត​ឆ្លង​ដែន​​ បង្ហាញ​គេ​តែ​ប៉ុ​ណ្ណោះ​។​រីឯ​ឪពុក​ម្តាយ​ខ្លះ​ចាំបាត់ៗដំណឹង​កូនៗ​ ក៏​​ខិត​ខំ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ជួយ​ធ្វើ​​យ៉ាង​ណា​ឲ្យ​បាន​កូន​​គាត់​ត្រឡប់​​​​មកស្រុក​វិញ​ ពួក​គាត់​លែង​ចង់​បាន​ប្រាក់​កាស​ពី​ស្រុក​​ក្រៅ​​ទៀត​​ហើយ​​។​​
       ឱ​ខ្មែរ​អើយ​ខ្មែរ!​ ហេតុ​តែ​ក្រ​ទៅ​ធ្វើ​អី​ក៏​ធ្វើ​ដែរ​ បើ​ទោះ​បី​ជា​ទៅ​ជា​លក្ខណៈ​ពលករ​ស្រប​ច្បាប់​សោះ ​តែ​ពុំ​​មាន​ច្បាប់​ឯណា​មក​ជួយ​ទេ​ ​ហើយ​ក្រុម​ហ៊ុន​ ធ្វើ​មិន​ដឹង​មិន​ឮទេ​ ហាក់​បី​ដូច​ជា​ដាច់​ទំនាក់​ទំនង​គ្នា​អស់​រលី​ង​ គឺ​មិន​ដូច​កាល​ពី​​ផ្សព្វ​ផ្សាយ​ពាណិ​ជ្ជ-​កម្ម​ដែល​ថា​ ខិតខំ​​យក​ចិត្ត​ទុក​ដាក់​​​​ពល​ករ​​នោះ​ទេ​។​ ចំណែក​ឯ​ក្រសួង​ការងារ​និង​បណ្តុះ​​បណ្តា​ល​វិជ្ជា​ជីវៈ​ ហ្នឹង​ក៏​ដូចជា​ក្រុម​ហ៊ុន​ដែរ​ បាន​ត្រឹម​តែជួ​យ​រត់​ការ​ស៊ុម​គ្រលុំ លិច​-កើត​ ដើម្បី​កើប​លុយ​ដាក់​ហោ​ប៉ៅ​​ ក្រៅ​ពី​ក្រុម​ហ៊ុន ​​​​គឺ​ចប់​តែ​ម្តង​? ​លែង​នឹក​នា​អ្វី​ទាំង​អស់​ ចង់​គេ​​យក​ពលករ​ខ្មែរ​ទៅ​ធ្វើ​អី​ ធ្វើ​ទៅ​ ឲ្យ​តែ​ផុត​ពី​ស្រុក​ខ្មែរ​ទៅ​ចប់​ហើយ​ឬ​?​ ឯ​ក្រសួងសង្គម​
កិច្ច​ អតីត​យុទ្ធជន​ និង​​ស្តារ​យុវនីតិ​សម្បាទា​​ ​ក៏មិន​ឃើញ​លេច​មុខ​លេច​មាត់​មក​ធ្វើ​អន្ត-​រាគមន៍​​ ចំពោះ​ពល​ករ​ដែល​ត្រឡប់​វិញ​​ដែរ?​ ឯ​ណា​ទៅ​ពាក្យ​​ថា​ ស្តារ​យុវនី​តិសម្បទា​នោះ ​នៅ​ពេល​ពល​ករ​ត្រឡប់​មក​វិញ​​ទាំង​ត្រដាប​ត្រដួស​នោះ​?​
        យ៉ាង​ណា​មិញ​ ផ្នែក​ទំនាក់​ទំនង​ការ​ទូត​​ ជាមួយ​ប្រទេស​ដែល​ពល​ករ​ខ្មែរ​ស្រប​ច្បាប់​ទទួល​រង​គ្រោះ​វិញ​ គឺ​មិន​មាន​អ្វី​ទាក់​ទង​ជា​ដុំ​កំ​ភួន​ដើម្បី​ស្វែងរ​ក​ដំណោះ​ស្រាយ​ជូន​ពលករ​ទាំង​នោះ​ទេ ​បើ​ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​ សុទ្ធ​​តែ​មាន​ស្ថាន​ទូត​កម្ពុជា​នៅ​ទី​​នោះ​ក៏​ដោយ​ គឺ​ហាក់​បី​ដូច​ជា​ធ្វើ​មិន​ដឹង​មិន​ឮ​មិន​ខ្វាយ​ខ្វល់​ ទៅ​នឹង​ជាតិ​សាស​ន៍​​​ខ្លួន​ឯង​ ទៅ​ធ្វើ​ការ​​នៅ​ស្រុក​គេ​ស្រប​ច្បាប់​ដូច​ជា​កញ្ជះ​អ៊ីចឹង​ ​គឺ​គិត​តែ​ពី​រឿង​ហឺុហា​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​មន្រ្តី​ទូត​។​​ ចំណែក​ឯ​​មន្ត្រី​​ទូត​មួយ​ចំនួន​ធំ​​​​ ឲ្យ​តែ​បាន​ធ្វើ​ការ​ទូត ​នៅ​ក្រៅ​ប្រទេស​វិញ​គឺ ​ដេក​គិត​ថា​ តើ​ទិញ​របស់​អ្វី​យក​​ទៅ​លក់​ នៅ​ប្រទេស​​នោះ​ឲ្យ​​ចំណេញ​ច្រើន​ ដូច​ជា​ ជួញ​ដូរ​ត្បូង​ ពេជ្រ​ មាស​​ ហូល​ ផាមួង​ បារី​ ស្រា...​។ល។​​ បើ​កាល​ពី​សម័យ​សាធារ​ណ​រដ្ឋ​ប្រជា​មា​និត​​កម្ពុជា​ និង​សម័យ​រដ្ឋ​កម្ពុជា​វិញ​ គឺ​មន្រ្តី​ទូ​ត​ ស្ពាយ​តាំង​ពី​ខោ​ខូវ​ប៊យ​ និង​មួក​សំបុក​​យក​ទៅ​លក់​ស្រុក​គេ​នោះ​ ​គឺ​គិត​គូរ​រឿង​រក​ស៊ី​ជាជាង​​ទុក្ខ​វេទនា​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ បើ​ទោះ​បី​ជា​មា​ន​ប្រាក់​ខែច្រើន​ហើយ​ក៏​ដោយ​។​​
       តើ​មាន​ដឹង​ពី​ចំនួនពិត​​ប្រាកដ​​ពលករ​ស្របច្បាប់របស់​ខ្លួន​ធ្វើ​ការ​នៅ​ទី​នោះ​ដែរ​ឬ​ទេ​?​ មាន​បាន​រក​ដំណោះ​ស្រាយ​ជូន​ប្រជា-​ពល​រដ្ឋ​របស់​ខ្លួន​នៅ​ទី​នោះ​​បាន​ប៉ុន្មាន​​នាក់​ហើយ​​?​​ មាន​ដែល​ធ្លាប់​ណែនាំ​ពលករ​ស្រប​ច្បាប់​ទាំង​នោះ​ ឲ្យ​ស្គាល់​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ទី​នោះ​ដែរ​ឬ​ទេ​?​ និង​​ទំនាក់​ទំនង​​មក​ស្ថាន​ទូត​បើ​មាន​បញ្ហា​អ្វី​​កើត​ឡើង​?​ ការងារ​ទូត​នៅ​ក្រៅ​ប្រទេស​កំពុងធ្វើ​​អ្វីខ្លះ​សព្វ​ថ្ងៃ​ហ្នឹង​?
   ទី​បញ្ចប់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ត្រឹម​តែ​ អំពាវ​នាវ ​ដែល​​បង្ហាញ​​ពី​​ភាព​​អន់​​ខ្សោ​យ​មួ​យ​​ក្នុង​នាម​ប្រធាន​អាស៊ាន​ នៅ​​ពេល​ប្រជុំ​​កំពូល​អាស៊ាន​​​ កាល​ពី​ដើម​ខែ​នេះ​​ ឲ្យ​ពង្រឹង​កិច្ច​សហ-​ប្រ​តិ​ប​ត្តិការ​ជាមួយ​សមា​ជិក​អាស៊ាន​​ ដើម្បី​ការ​ពារ​សិទ្ធិ​​របស់​​ពលករ​ធ្វើ​ការ​ក្រៅ​​ប្រទេស​​។​ តែ​ប្រទេស​ជា​សមា​ជិក​ភាគ​ច្រើន​សុទ្ធ​តែ​ប្រទេស​ ដែល​ជា​​ថៅ​កែ​លើ​​ពល​ករ​ខ្មែរ​ គឺ​​គេ​ធ្វើ​មិន​ដឹង​​មិន​ឮ​​ ព្រោះ​គ្មាន​ក្រដាស​ស្នាម​លាយ​លក្ខណ៍​ជា​អក្សរ​ និង​គ្មាន​កិច្ច​ព្រម​ព្រៀង​​ជាក់​លាក់​​ណា​មួយ​ជា​ភស្តុ​តាង​ ​ហើយ​ម្យ៉ាង​ទៀត​ ​រាជ​រដ្ឋា​ភិបាលមិន​បាន​បង្ហាញ​​ពី​ភាព​ខ្លាំង​ក្នុង​ការ​ទំនាក់​ទំនង​ការ​ទូត​ ដើម្បី​បម្រើ​ឲ្យ​​​​ប្រជា-​ពលរដ្ឋ​ខ្មែរ​​ មាន​ភាព​ជឿជាក់​ទាល់​តែ​សោះ ​គឺ​បាន​ត្រឹម​តែ​ហ៊ឺ​ហា​​​ ដាក់​ម្ចាស់​ជំនួយ​ និង​អន្តរ-​ជាតិ​ ពី​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន​​ជា​រៀង​រា​ល់​ឆ្នាំ​​ចន្លោះ​ពី ៦,៥ ​ភាគ​រ​យ ​ទៅ​ ៧ ភាគ​រយ​ ​តែ​មិន​បាន​គិត​គូ​រ​ ពី​រឿង​​សុខ​ុមាល​ភាព​សង្គម​ ដល់​ប្រជា​ពល​រដ្ឋ​ពេញ​លេញ​ទេ​។​