ព្រះសង្ឃលួន សាវ៉ាត ចូលរួមឃ្លាំមើលការតវ៉ារឿងព្រៃឡង់កាលពីខែសីហាឆ្នាំទៅ |
ព្រះពុទ្ធឱវាទបានសម្តែងថា «ធ្វើល្អបានល្អ
ធ្វើអាក្រក់បានអាក្រក់» ឬពាក្យសាមញ្ញនិយាយថា
«ដាំចេកបានផ្លែចេក
ដាំស្វាយនឹងបានផ្លែស្វាយ»។ ពុទ្ធឱវាទនេះ
គួរត្រូវបានពុទ្ធសាសនិក ទាំងអស់ចងចាំ
និងគោរពប្រណិប័តន៍តាមយ៉ាងខ្ជាប់ខ្ជួន ពិសេស គឺព្រះសង្ឃ ពុទ្ធសាសនា។
ប៉ុន្តែមិនដូច្នោះទេ
ព្រះសង្ឃមួយចំនួនប្រព្រឹត្តខុសនឹងពុទ្ធឱវាទជាច្រើនប្រការដែលត្រូវបានការប្រមាថពីមតិសាធារណៈ។
កម្មៗប្រែមកថា «អំពើ» អំពើដែលលោកអ្នកធ្វើ
លោកអ្នកតែងទទួល បើអាត្មាធ្វើខុសអាត្មាក៏ទទួលដែរ...
មានតែព្រះអង្គ(ព្រះពុទ្ធ)មួយព្រះអង្គទេគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គបានឡើយ...ហើយឧបាសកឧបាសិកាគួរតែកុំប្រព្រឹត្តទៅតាមកាមកិលេសតណ្ហា
កុំលួចប្រពន្ធគេ ត្រូវចៀសវាងឲ្យបាននូវ ស្រី ស្រា ល្បែង...។
នេះគឺជាធម៌ដែលព្រះសង្ឃទេសនាម្តងៗដើម្បីប្រៀនប្រដៅឧបាសកឧបាសិកាចំណុះជើងវត្ត
កុំឲ្យប្រពឹត្តអំពើអបាយមុខទាំងនេះ។ សាសនា គឺជាផ្នែកមួយនៃបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា
ហើយប្រជាពលរដ្ឋដែលកាន់ និងគោរពសាសនាព្រះពុទ្ធដ៏លើសលប់គឺ៩៦,៩ភាគរយ
នៃសាសនាសរុប។ (ជំរឿនឆ្នាំ ២០០៨)
ដែលមានព្រះសង្ឃជាអ្នកដើរតួជាអ្នកប្រតិបត្តិតាមព្រះពុទ្ធ។
តើព្រះសង្ឃសព្វថ្ងៃប្រព្រឹត្តអ្វីខ្លះ នៅក្នុងសង្គម
និងបណ្តាញសង្គមហេ្វសបុក(Facebook)?
បច្ចុប្បន្ននេះ
បើមើលទៅទីវត្តអារាមណាដែលមានការសាងសង់រចនាប័ទ្មទំនើបស្អាតៗ ប្រណីតៗ
សូម្បីកុដិព្រះសង្ឃនោះ ខ្លះក៏សឹងធំជាងវិហារវត្តល្មមផង ហើយតុបតែងស្អាតណាស់បំពាក់សុទ្ធតែឈើប្រណីតៗ
និងបរិក្ខារត្រជាក់។ វត្តណាដែលល្អៗទាំងនោះ
គឺភាគច្រើនសុទ្ធតែមានព្រះសង្ឃដែលពូកែៗ ខាងស្រោចទឹក
ខាងទស្សន៍ទាយដំឡើងជោគជតារាសី បញ្ចូលមន្តអាគមន៍គាថា ហើយអ្នកធំៗ
បានឡើងបុណ្យស័ក្តលឿនណាស់ ខ្លះកាន់តំណែងមិនត្រឹមតែរាប់ឆ្នាំទេគឺរាប់ទសវត្សរ៍ទៀតផង កាន់បានយូរណាស់។
នេះជាតួនាទីរបស់ព្រះសង្ឃដែលតែងតែជួយប្រោសព្រំគ្រហស្ថ អ៊ីចឹងហើយ
បើទោះបីគ្រហស្ថទាំងនោះប្រកបរបរទុច្ចរិត ពុករលួយលក់ជាតិ
ឬក៏មានបាតដៃប្រឡាក់ឈាមក៏ដោយ? ព្រះសង្ឃដែលពូកែៗទាំងនោះ
ក៏ឡើងបុណ្យស័កិ្តលឿនដែរប្រៀបដូចចៅហ្វាយឡើងបុណ្យខុនឡើង ស័ក្តិ។
ពេលនិមន្តចេញក្រៅម្តងៗគឺសុទ្ធមានត្រាព្រះសង្ហាថ្នាក់ជាតិនៅ
ពីលើចីវរ និងមានអង្គរក្សឆ្វេចឆ្វាចទៀតផង
នៅតែថ្ងៃដាក់រថយន្តសៀរ៉ែននៅខាងមុខទេ។
ប្រសិនបើមានញោមៗធម្មតាណាមកនិមន្តទៅឆាន់សង្ឃទាននៅឯផ្ទះ វិញគឺ
ព្រះសង្ឃធម្មតានិមន្តទៅបានហើយអាត្មាជាប់រវល់ណាស់
តែបើញោមៗណាថ្នាក់ធំៗ ឯកឧត្តម លោកជំទាវ
ឬក៏ឧត្តមសេនីយ៍និមន្តទៅដំឡើងរាសី ឬក៏ឆាន់នៅវីឡាវិញគឺនិមន្តឡើងឡង់គ្រីស័រ
ឬឡិចស៊ីសទៅភ្លាម។ គិតៗទៅសូម្បីតែសង្ឃក៏មានអង្គខ្លះកាលីបៗដែរ
កុំថាឡើយតែឧបាសកនោះ។
ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ
ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។
ជាងនេះទៅទៀត គំរាមកំហែង
និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ
ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម
ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក
នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ
ព្រះសង្ឃលួន សាវ៉ាត
ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ
គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ
មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។
ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក
លទ្ធិប្រជាធិបតេយ្យថែមទៀតផង។
គណៈសង្ឃធំៗទាំងនោះ
មិនសូវគិតគូររឿងការបន្តបង្កើតព្រះធម៌ព្រះត្រៃបិដកដើម្បី
អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏បង្កើតពាក្យថ្មីៗទៅលើវចនានុក្រម
សម្តេចសង្ឃ ជួន ណាត ដែលមានស្រាប់ទេ ឬកំណត់យកនិយាមពាក្យដែលត្រូវមកផ្សព្វផ្សាយទេ
គឺទុកឲ្យកូនខ្មែរទាំងបច្ចុប្បន្ន ជំនាន់ក្រោយទៀតមានការលំបាក
ហើយតាំងបន្ទោសថាកូនខ្មែរមិនចេះសរសេរអក្សរខ្មែរត្រឹមត្រូវ
សូម្បីការបង្កើតពាក្យប្រើជាភាសាខ្មែរនៅក្នុងទូរស័ព្ទហ្នឹង ក៏មិនទាន់ចុះសម្រុងគ្នានៅឡើយទេ។
ចុះថាតើនឹងមានបញ្ហាអក្សរខ្មែរអ្វីខ្លះកើតឡើង នៅខែក្រោយនេះ
ប្រព័ន្ធអ៊ីនធឺណិត Mozilla Firefox មានគម្រោងបង្កើតកម្មវិធីអក្សរខ្មែរនៅលើវេបសាយរបស់ខ្លួន
ឬមួយក៏ទុកឲ្យតាមដំណើរអ៊ីចឹងទៅ? គណៈសង្ឃធំៗបច្ចុប្បន្ននេះមើលទៅដូច
គិតគូររឿងបក្ស បុណ្យស័ក្តិ និងអំណាចច្រើនជាងស្រាវជ្រាវធម៌អាថ៌
និងអក្សរសាស្រ្ត
ខុសពីព្រះសង្ឃជំនាន់ដើមខិតខំរាប់ឆ្នាំបកប្រែពីភាសាបាលីមក
ឲ្យកូនខ្មែរជំនាន់ក្រោយប្រើ ហើយមេដឹកនាំព្រះសង្ឃជំនាន់មុនហ៊ានចេញមុខតស៊ូប្រឆាំងជាមួយនឹង
អាណានិគមនិយមបារាំង ដូចព្រះសង្ឃក្រឡាហោមគង់ ជាដើម។
សូមមានពុទ្ធដីកាជាលាយលក្ខណ៍អក្សរប្រាប់ផងសព្វថ្ងៃនេះធ្វើបានអ្វីខ្លះ
?
ក្រៅពីនោះ
មានរឿងប្លែកៗជាច្រើនជុំវិញព្រះសង្ឃដែលប្រព្រឹត្តផ្ទុយពីវីន័យ ធម៌
ព្រះសង្ឃខ្លះលួចផឹកស្រា ខ្លះលួចលេងបៀរ ខ្លះចាក់កន្ទុយលេខ
ខ្លះហាត់បើកឡានលេងក្នុងវត្តពេលយប់ៗ ខ្លះលួចមើលរឿងអាសអាភាសក៏មាន
អ៊ីចឹងហើយបានជាកើតមានព្រះសង្ឃហ៊ានដល់សេពមេថុន(រួមភេទ)
ខ្លះទៀតឈានដល់ថ្នាក់ចាប់រំលោភសេពសន្ថវៈទៀតផង។ ឧទាហរណ៍៖
កាលពីសប្តាហ៍មុន
មានព្រះសង្ឃមួយអង្គធ្វើសកម្មភាពរំលោភកុមារីដល់ទៅ២នាក់
ហើយ២នាក់ផ្សេងទៀតប៉ុនប៉ង ហើយគំរាមសម្លាប់ក្មេងស្រីៗទាំង២នាក់នោះទៀត
បើស្រែក ឬក៏ទៅប្តឹងប៉ូលិស។ ព្រះសង្ឃអើយ ព្រះសង្ឃ!អីក៏សាហាវម្ល៉េះ
ក្រែងទូន្មានគ្រហស្ថសុទ្ធតែ កុំឲ្យប្រព្រឹត្តអបាយមុខនានា
តែព្រះសង្ឃខ្លួនឯងនោះជាអ្នកប្រព្រឹត្តទៅវិញ។
ករណីព្រះសង្ឃធ្វើសកម្មភាពយ៉ាងដូច្នេះ មិនឃើញមានគណៈសង្ឃធំៗ
រឹតបន្តឹងផ្នែកវិន័យឲ្យបានធ្ងន់ធ្ងរទេ ដូចជា ចេញជាលាយលក្ខណ៍អក្សរ
ប្រកាសតាមវត្តនានាទូទាំងប្រទេសជាដើម ពោលគឺទុកទាល់តែទុំជោរ
បានដឹងដូចជា ករណី នេត ខៃ
បាននាំគ្នាចាត់ការទាំងគណៈសង្ឃទាំងសមត្ថកិច្ច។ បើតាមរបាយការណ៍ឆ្នាំ២០១១
របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ករណីរំលោភសេពសន្ថវៈមាន៣៤០ករណី
កើនឡើងជាងឆ្នាំ២០១០ ដែលមាន៣១០ករណី។
ក្នុងនោះករណីរំលោភសរុបក៏រាប់បញ្ចូលទាំងព្រះសង្ឃផងដែរ។ សង្ឃឹមថា
ឆ្នាំនេះក្រសួងនឹង
វិភាគទិន្នន័យមកបង្ហាញចំពោះករណីអ្នកប្រព្រឹត្តជាព្រះសង្ឃផងដែរ ។
សកម្មភាពអបាយមុខរបស់ព្រះសង្ឃខាងលើនេះ
គួរឲ្យខ្ពើមរអើមចំពោះសង្គមជាតិ។ ឧបាសកម្នាក់ៗធ្វើអ្វីៗ
មិនហ៊ានប៉ះព្រះសង្ឃទេព្រោះខ្លាចបាប
សូម្បីតែនិយាយទៅកាន់ព្រះសង្ឃក៏គិតដែរខ្លាចខុសពាក្យពេចន៍
ចំណែកព្រះសង្ឃខ្លះវិញមិនត្រឹមតែរំលោភទេ ថែមទាំងគំរាមសម្លាប់ទៀត។
ឥឡូវនេះ
ចូលដល់ដំណាក់កាលព្រះសង្ឃនាំគ្នាលេងហ្វេសប៊ុក
ហើយឆ្លើយឆ្លងជាមួយនារីស្អាត ខ្លះស៊ិចស៊ីទៀត
សំណួរសួរថាតើព្រះសង្ឃលេងហ្វេសប៊ុកមានអ្វីខុសដែរឬទេ ? បើតាមវិន័យសង្ឃវិញតើ
អាចដាច់អាបត្តិដែរឬទេ? បើព្រះសង្ឃបើកហ្វេសប៊ុកទៅឃើញសុទ្ធតែរូបអាសអាភាស
ឬវីដេអូគ្លីបអាសអាភាស ដែលគេបានបង្ហោះ ឬមានមេរោគ(Virus)ដែលបានផ្ញើមកចូលក្នុងខ្ទង់គណនីហ្វេសបុករបស់
ព្រះសង្ឃនោះ?
ពេលខ្លះព្រះសង្ឃដែលជាសមាជិកលេងហ្វេសបុកក៏បង្ហោះរូបភាពរបស់
ព្រះសង្ឃក្នុងបន្ទប់ក្នុងកុដិ ដែលរូបថតទាំងប្រុស ស្រី
នៅក្នុងបន្ទប់នោះឲ្យញាតិញោមឃើញទាំងអស់
ហើយព្រះសង្ឃខ្លះពាក់តែហង្សសាក់ (អាវកាក់)ទៀត។
តើជាការសមរម្យដែរឬទេបើនារីៗបើកនៅក្នុងហ្វេសបុកឃើញនោះ? បើតាមវិន័យធម៌ព្រះសង្ឃតាមធម្មតា
គឺអាចមើលមុខស្រ្តីទាល់តែចម្ងាយសុទ្ធតែ៣ ទៅ៤ម៉ែត្រឯណោះ។
បើព្រះសង្ឃមើលរូបភាពស្រើបស្រាលបែបនេះ
អាចបណ្តាលឲ្យព្រះសង្ឃដែលលេងហ្វេសប៊ុកអាចឈានដល់ការរួមភេទ
ឬក៏ចាប់រំលោភដែរឬទេ? តើគណៈសង្ឃធំៗមានបានដឹងរឿងព្រះសង្ឃលេងហ្វេសប៊ុកដែរ
ឬទេ?
បើដឹងហើយ តើមានវិធានការដែរឬទេ?