ជារឿយៗ ការប្រើពាក្យសម្តីផ្អែម
ត្រូវបានគេវាយតម្លៃសម្បកខាងក្រៅថា ជាមនុស្សគ្រាន់បើ
មានសេចក្តីថ្លៃថ្នូរ នឹងគេដែរ នៅក្នុងសង្គម។
ម្យ៉ាងសម្តីផ្អែមល្ហែមនេះ ក៏ត្រូវបានគេប្រើក្នុងការទំនាក់ទំនង
លួងលោមស្នេហា«អូន...បង!» ហើយភាគច្រើនក៏ត្រូវបានគេប្រើ
សម្រាប់ពិធីករ-ពិធីការនី ក្នុងការអត្ថាធិប្បាយទៅកាន់អ្នកស្តាប់វិទ្យុ
ទូរស្សន៍ ឬក៏ខារ៉ាអូខេ ដើម្បីបំពេ សោតន្ទ្រីយារម្មណ៍
របស់អ្នកស្តាប់ឲ្យលង់លក់តាមផងដែរ ដូចជា ពុក ម៉ែ បងប្អូន លោកពូ
អ្នកមីង លោកយាយ លោកតា ដែលកំពុងតែស្តាប់ និងទស្សនាផ្ទាល់ក្តី
នៅតាមគេហដ្ឋានក្តី។
ចុះហេតុអ្វីបានជាគេក៏ចូលចិត្តប្រើពាក្យសម្តីផ្អែមនេះដែរ
នៅក្នុងស្ថាប័នការងារផងដែរនោះ? តើការនិយាយសម្តីផ្អែមនេះ
គឺចេញពីធម្មជាតិតាំងពីកំណើតមក ឬក៏ខំប្រឹងនិយាយឲ្យមេចូលចិត្ត? តើការប្រើពាក្យសម្តីផ្អែមមួយចំនួនមានឥទ្ធិពល
និងពិសពុលបែបណា ក្នុងអង្គភាពមួយ នៃរាជរដ្ឋាភិបាលក្តី
គណបក្សនយោបាយក្តី អង្គការក្រៅរដ្ឋាភិបាលក្តី ក្រុមហ៊ុនក្តី?
សម័យកាលណាក៏ដូចសម័យកាលណាដែរ
នៅក្នុងសង្គមខ្មែរគឺសម្បូរណាស់ប្រភេទមន្រ្តីទាំងជាន់ខ្ពស់ទំាង
មន្ត្រីសាមញ្ញធម្មតា ដែលជាមនុស្សចូលចិត្តប្រើសម្តីផ្អែមដាក់ប្រធាន
ឬក៏អ្នកធំៗ យកគាប់យកគួរ វ៉ៃអែបស៊ីអប ដូចជាពាក្យថា លោកពូ អ្នកមីង
លោកបង អ្នកបង ឬក៏លោកប៉ា អ្នកម៉ាក់ ជាដើម
ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមេៗ បើទោះជាមេៗនោះ មានតួនាទីឋានៈ
ឯកឧត្តម ឬក៏លោកជំទាវ
ហើយខ្លួនគ្មានជាប់សាច់ញាតិអីជាមួយថ្នាក់ដឹកនាំទាំងនោះសោះ ក៏ដោយ។
យ៉ាងណាក្តី មន្ត្រីប្រភេទនេះ គឺឆាប់ឡើងធំក្រឺតៗលឿនណាស់
ពេលខ្លះលឿនជាងជណ្តើរយន្តទៅទៀត
ព្រោះពួកគាត់មិនសូវធ្វើការតាមផែនការសកម្មភាពប៉ុន្មានទេ
គឺមួយថ្ងៃដេកគិតថា តើនិយាយសរសើរយ៉ាងណា
ឲ្យថ្នាក់ដឹកនាំចូលចិត្ត។ នៅពេលដែលមេៗ ពេញចិត្តហើយ
ចំាមើលគាត់លេងខ្លួន ចាប់ផ្តើមវ៉ាងទី ជាន់កអ្នកដែលនៅថ្នាក់ក្រោម
ឬថ្នាក់ស្មើ ឬពេលខ្លះធំជាងល្មមក៏គាត់លេងដែរ។
កន្លងមកមានមន្ត្រីខ្លះ ក៏ធ្លាប់រងគ្រោះ និងឈឺចាប់
ដោយសារមន្រ្តីសម្តីផ្អែមនេះដែរ ដែលមានសារជាតិពិសពុល
និងគ្រោះថ្នាក់ខ្លាំងណាស់ គឺមន្រ្តីប្រភេទនេះ ចាំតែចាក់រុក
ឬប៉ែងជើងមន្រ្តីណាដែលគាត់មិនពេញចិត្ត។
បើនៅអង្គការក្រៅរដ្ឋាភិបាលខ្លះវិញ គឺមន្ត្រីជាន់ខ្ពស់មួយចំនួន
ទម្លាប់ហ្នឹង អែបប្រធានជាជនបរទេស ឡេមឡឺមលិច កើត ហើយមកសង្កត់ក
និងធ្វើបាបតែបុគ្គលិកខ្មែរគ្នាឯងហ្នឹង។
មន្រ្តីខ្លះ នៅមុខប្រធានៗ យកគាប់គួរ
សម្តីផ្អែមណាស់ តែនៅក្រោយខ្នងវិញ គឺតាំងខ្លួនដូចជាប្រធានអ៊ីចឹង។
ឧទាហរណ៍៖ ខ្លួនត្រឹមជាគ្រូបង្រៀនសាមញ្ញសោះ តែនៅក្រៅសាលារៀនវិញ គាត់ប្រាប់គេថា
គាត់ជានាយកសាលា។ ឯខ្លះទៀត ឋានៈខ្លួន មិនមានការតែងតាំង
ដោយព្រះរាជក្រឹត្យជាឯកឧត្តម ឬលោកជំទាវផង
ក៏បញ្ជាឲ្យមន្រ្តីថ្នាក់ក្រោមឱវាទ និងបង្ខំអ្នកសរសេរលិខិតអញ្ជើញ
ឲ្យសរសេរដាក់ថា ជា ឯកឧត្តម ឬលោកជំទាវដែរ
ដោយគ្មានការខ្មាសអៀនអ្វីសោះ។ យ៉ាងណាមិញ មន្រ្តីដែលប្រើពាក្យលោកបងៗ
គឺគាត់ពូកែផ្គាប់ផ្គុនមេៗផ្កាប់មុខតែម្តង ឲ្យតែមេៗរកអី
ក៏គាត់រកឲ្យបានដែរ ចង់មេត្រូវការស្រាបានស្រា ចង់ស្រីបានស្រី
គឺគាត់ចេះម៉ាចប់។
មិនតែប៉ុណ្ណោះ មានតំណាងរាស្រ្តបក្សប្រឆាំងខ្លះ
អែបអបចាក់ចេកចាក់ស្ករ លោកបងៗ ដែលជាមេខ្យល់ធំ ក្នុងបក្ស
ចង់មេខ្យល់ទៅលេងល្បែងនៅកាស៊ីណូ ក៏ដង្ហែតាមលោកបងដែរ អែបៗមេខ្យល់
ក្រែងលោអាណត្តិក្រោយ បានធ្វើតំណាងរាស្រ្តតទៅទៀត។ ព្រោះមួយថ្ងៃគិតតែរឿងល្បែងស៊ីសង
ជាជាងជួយប្រជាពលរដ្ឋដែលកំពុងប្រឈមមុខនឹងអត់បាយ
ការបណ្តេញចេញពីលំនៅដ្ឋាន និងការរំលោភយកដីធ្លី ជាដើម
តែបែរជានាំគ្នាដង្ហែមេខ្យល់
ដែលជាតំណាងរាស្រ្តដូចគ្នាទៅលេងល្បែងទៅវិញ នេះប្រហែលជាពួកគាត់ ខ្លាចកាស៊ីណូខ្វះលុយបង់ពន្ធជូនរដ្ឋមើលទៅ។
ហ្នឹងហើយតំណាងរាស្រ្តបក្សប្រឆាំង មានតក់មាននាឡិអីចឹងដែរ។ យ៉ាងណាមិញ
មានមន្រ្តីខ្លះដែលតំាងខ្លួនជាអ្នកស្មោះត្រង់ សម្តេចក្រុមព្រះ
នរោត្តមរណឫទិ្ធ នៅមុខព្រះអង្គ លូនក្រាបៗ ក្រាបទូលៗ
តែនៅពេលព្រះអង្គមានការអីរត់ចោលព្រះអង្គបាត់ ទីបំផុតព្រះអង្គរងគ្រោះ
ដោយសារមន្រ្តីនានា
ដែលស្និទ្ធនឹងព្រះអង្គជាងគេដែលពូកែឱនងើបៗជាងគេហ្នឹងហើយ។
មិនមែនមានតែអ្នកនយោបាយ ឬមន្ត្រីរាជការនោះទេ
ដែលពូកែអែបអបឡេមឡឺមនោះ សូម្បីតែអ្នកកាសែតខ្លះ
ក៏ពូកែអែបអបឡេមឡឺមខ្លាំងណាស់ដែរ ដើម្បីបានតំណែងក្នុងរដ្ឋាភិបាល
ឬតាមស្ថាប័នមួយចំនួន។ ជាក់ស្តែងថ្មីៗនេះ
អ្នកកាសែតពីអង្គភាពផ្សេងៗគ្នា
ហូបកាហ្វេពេលព្រឹកៗជជែកគ្នាលេងពីនេះពីនោះថា មានអ្នកខ្លះ មានតួនាទីត្រឹមអ្នកកាសែតសាមញ្ញសោះ
នៅពេលបានឡើងនិយាយតាមវិទ្យុ ឬតាមកញ្ចក់ទូរស្សន៍
ឲ្យអ្នករៀបចំកម្មវិធីដាក់ថា ខ្លួនជានិពន្ធនាយកសារព័ត៌មាន...។
និពន្ធនាយកពិតប្រាកដ ឡើងហួសចិត្ត នៅពេលគេធ្វើបែបនេះចំពោះខ្លូន។
នេះគឺរបៀបប្លន់តួនាទីទាំងស្រស់ៗ
ដោយមិនមានការខ្មាសអៀនអីបន្តិចសោះ។ មានអ្នកកាសែតខ្លះទៀត
ខិតខំសរសេរព័ត៌មាន ឬក៏សរសេរសៀវភៅ លើកសរសើរមេដឹកនាំ
ដើម្បីទទួលបានលាភសក្ការផ្ទាល់ខ្លួន ហើយអ្នកកាសែតប្រភេទនេះ
ធ្វើការកន្លែងណា ក៏ដូចជាកន្លែងណាដែរ ភាគច្រើន ទៅទីណារលាយទីនោះ
ពីព្រោះគាត់ គ្រាន់តែយកស្ថាប័នកាសែតធ្វើជាខែលដើម្បីចង់ធ្វើធំតែ
ប៉ុណ្ណោះ។ លើសពីនេះទៀត អ្នកកាសែតប្រភេទនេះ បើបានជួបជាមួយអ្នកធំៗវិញ
គឺប្រើពាក្យផ្អែមណាស់ សុទ្ធតែលោកពូ អ្នកមីង តែបើជាមួយអ្នកកាសែតគ្នាឯងវិញ
មើលងាយគេដូចសំរាមអ៊ីចឹង។
សរុបសេចក្តីមក ការដែលមន្រ្តី ឬអ្នកកាសែត
ចូលចិត្តផ្គាប់ផ្គុនអែបអបបែបៗនេះ
គឺសុទ្ធតែជាប្រភេទមនុស្សដែលរបៀបធ្វើការកាកសំណល់
ពីកម្អែលអាណានិគមនិយមបារាំង ដែលចូលចិត្តមនុស្សឲ្យលុតក្រាប
និងវ៉ៃអែបស៊ីអបបែបនេះ គឺខុសពីរបៀបដឹកនាំបែបអាមេរិកាំង
មិនចូលចិត្តមនុស្សអែបអបទេ។
ដូច្នេះទៅធ្វើការត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន
ជាមួយអ្នកសម្តីផ្អែម លោកពូ អ្នកមីង លោកបង អ្នកបង នេះ
គឺជាប្រភេទមនុស្សគ្រោះថ្នាក់បំផុត លោក-អ្នក
អាចបាត់តំណែងដោយសារមន្រ្តីរណេបរណបបែបនេះ។
តែត្រូវចេះប្រឆំាងតទល់ជាមួយដង្កូវចេញពីសាច់ដែរ
កុំឲ្យស៊ីរូងផ្ទៃក្នុងអស់ បានដឹងតាមក្រោយ
ហើយត្រូវចេះប្រាប់តៗគ្នាពីប្រភេទមនុស្សបែបនេះផង។ ទោះយ៉ាងណាមើលៗផង
កុំឲ្យច្រឡំមានមន្ត្រីខ្លះដែលសម្តីផ្អែមរបស់គាត់ចេញពីធម្មជាតិ
និងទម្លាប់ក្រុមគ្រួសារមានរបៀបរៀបរយរបស់ពួកគាត់ទេ
មិនមែនគាត់ខំប្រឹងនិយាយដូចមន្ត្រីដែលមានពិសពុលដូចរៀបរាប់
ខាងលើនោះទេ។