មានទិសស្លោកមួយឃ្លាថា៖«ទឹក
ដី ព្រៃ ភ្នំ អាចកែប្រែបាន តែចរិតរបស់មនុស្សមិនអាចកែប្រែបានទេ!»។
ឃ្លានេះមានន័យគ្រប់គ្រាន់ហើយ អ្នកមានចរិតចង់តែធ្វើធំ
អ្នកដែលស្រឡាញ់អំណាច អ្នកមានចរិតជាអ្នកនយោបាយ
អ្នកចូលចិត្តលេងល្បែងស៊ីសង...ជាដើម។ តែបើកែបាន
គឺបានតែមួយភ្លែតហើយត្រឡប់មកវិញដដែល ឧទាហរណ៍៖ មានអ្នកនយោបាយខ្លះ
បានប្រាប់គេថាឈប់ធ្វើនយោបាយហើយ
ទៅធ្វើនៅអង្គការវិញតែបានប៉ុន្មានឆ្នាំ
បោកគេឯងមកធ្វើនយោបាយវិញដដែល។ ខ្លះទៀតថា ឈប់ធ្វើនយោបាយហើយ
វិលទៅវិលមក មកធ្វើជាមេបក្សវិញដដែល។
មេបក្សខ្លះទៀតមានការអីដាក់មេប្រូចទៅបរទេសបាត់។
តែចំណែកឯភ្នំវិញសព្វថ្ងៃនេះ
បើនៅតែបំផ្ទុះយកថ្ម កាប់ដើមឈើនៅពីលើ ជីកយករ៉ែថែមទៀត
គឺភ្នំត្រូវតែរលាយគ្រាន់តែយូរហើយនិងឆាប់ទេ។
បើនៅតែបូមខ្សាច់ពីទន្លេរាល់តែថ្ងៃពេលនោះ
យើងនឹងឃើញច្រាំងកាន់តែបាក់ជ្រៅទៅគឺទាញផ្ទះប្រជាពលរដ្ឋនៅ ក្បែរៗនោះធ្លាក់ទឹកអស់។
បើនៅតែកាប់បំផ្លាញព្រៃឈើរាល់តែថ្ងៃ នោះទឹកជំនន់
និងខ្យល់ព្យុះធ្វើឲ្យប៉ើងផ្ទះប្រជាពលរដ្ឋដូចកាលពី២-៣
សប្តាហ៍នេះកើតឡើងនៅបណ្តាខេត្តមួយចំនួនដល់ផ្ទះជាង៣០០ខ្នង។
ដោយសារតែធម្មជាតិទាំងនេះអាចកែប្រែបាន បានជាមានបញ្ហាធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ?
ស្រុកខ្មែរសព្វថ្ងៃនេះ
ហាក់ដូចជាមិនត្រឹមដេកស៊ីកេរដូនតាទេ
ពេលខ្លះថែមទំាងបំផ្លាញរបស់ដូនតាដែលខំថែទំាច្បាំងតតាំងជា
មួយសត្រូវជិតខាងតាំងពីណាពីណីមកម្ល៉េះ ព្រោះខ្លាចកូនចៅជំនាន់ក្រោយអត់មានអីនឹងគេ។
ឧទាហរណ៍៖ ប្រាសាទអង្គរវត្ត ខ្លះទៅកាប់ដើមឈើធំៗ
ទៅសាងសង់ជាសណ្ឋាគារ ផ្ទះល្វែងនៅតំបន់ហាមឃាត់ទៀត។ ឯសមុទ្រវិញ
ដូនតាខំការពារទុកទំាងតំបន់ដែលមានប្រេង កោះដែលនៅជុំវិញដែនសមុទ្រ
តែឥឡូវបាត់កោះត្រល់ ហើយតំបន់ប្រេងត្រួតស៊ីគ្នាហ្នឹងចង់យ៉ាប់ទៀត។
យ៉ាងណាមិញទឹកទន្លេវិញ បានកែប្រែរបបទឹកហូរដោយសារកាប់ព្រៃរនាម
កន្លែងខ្លះរាក់ជ្រុល កន្លែងខ្លះលិចជ្រុល
ហើយដុះវិញសុទ្ធតែបន្លាអួយយ៉ាស់ ដែលត្រីមិនអាចនៅកើតនោះ។
រីឯការកាប់បំផ្លាញព្រៃឈើ កាប់តំាងពីឈើប្រណីតរហូតដល់ដើមត្នោត
លក់ខ្ទេចលក់ខ្ទីអស់ ឲ្យតែទឹកឡើងធំមកលិចអស់។
ដីដែលមានរ៉ែគឺត្រូវគេធ្វើដីសម្បទានស្ទើរអស់ហើយ
តាំងពីព្រៃអភិរក្សក៏យកធ្វើដីសម្បទានសេដ្ឋកិច្ចដែរ។ ទាល់តែអស់ទើបចេញបញ្ជាឲ្យបញ្ឈប់ចេញអាជ្ញាប័ណ្ណសម្បទានដី
សេដ្ឋកិច្ចកាលដើមខែនេះ ព្រោះបើធ្វើទៀតមានតែធ្វើលើដីកសិកម្ម និង
ដីផ្ទះប្រជាពលរដ្ឋ?
តែរាជរដ្ឋាភិបាលបែរជាកំពុងមានមោទនភាពទៅវិញថា
សេដ្ឋកិច្ចកើនឡើងដោយសារដីព្រៃសម្បទាននេះទៅវិញ។
លោកនាយករដ្ឋមន្ត្រីតែងតែអះអាងថាមិនឲ្យពលរដ្ឋខ្មែរណាម្នាក់
ស្លាប់នឹងអត់បាយទេ ហើយកាលពីសប្តាហ៍មុននេះ អង្គការ IRI បានបង្ហាញពីលទ្ធផលស្រាវជ្រាវរបស់ខ្លួនថា
៨១ ភាគរយនៃមនុស្ស ២០០០ នាក់ ដែលបានសម្ភាស ថា កម្ពុជាឆ្ពោះទៅទិសដៅត្រឹមត្រូវរួមមានការកសាងផ្លូវថ្នល់
ស្ពាន មណ្ឌលសុខភាព និងសាលារៀនបានច្រើនជាងមុន។ លទ្ធផលទាំងនេះ
ធ្វើឲ្យបក្សប្រឆំាងមិនពេញចិត្តទេ
តែរាជរដ្ឋាភិបាលសប្បាយចិត្តខ្លំាងណាស់និងលើកយកលទ្ធផល នេះ
មកនិយាយដដែលៗតាមរយៈសារព័ត៌មានក្នុងស្រុកនានា។ តែផ្ទុយទៅវិញ
កាលពីឆ្នាំ២០០៩ លោក ឱម យ៉ិនទៀង
តំណាងរាជរដ្ឋាភិបាលមានការខឹងសម្បាយ៉ាងខ្លាំងលោតជើង៣ ជើង៤
ដោយមិនសួរពីមូលហេតុពីការសិក្សាទេ នៅពេលដែល លោកស្រី ខារ៉ូល រ៉ដលី (Carol Rodley) អតីតឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា
បានថ្លែងសុន្ទរកថានៅពេលយុទ្ធនាការប្រឆំាងនឹងអំពើពុករលួយ
នៅស្តាតអូឡាំពិកដោយដកស្រង់ការស្រាវជ្រាវ
របស់ទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិក(USAID) ថា
កម្ពុជាបាត់ទឹកប្រាក់ចំនួនជាង៥០០លានដុល្លារក្នុង១ឆ្នាំៗ
ដោយសារតែអំពើពុករលួយ។ តាមរយៈរបាយការណ៍ដូចគ្នានេះ
សម្រាប់រដ្ឋាភិបាលទាល់តែគេសរសើរបានសប្បាយចិត្ត
ហើយដើរអួតដាក់គេឯង តែដល់គេរិះគន់ខឹងគេខឹងឯង?
តែយ៉ាងណាក៏ដោយ ទី១តាមរយៈរបាយការណ៍អង្គការ IRI សួរថាតើមូលហេតុដែលកម្រិតលម្អៀងអាចកើនឡើងដល់៨១ភាគរយថា
កម្ពុជាឆ្ពោះទៅទិសដៅត្រឹមត្រូវ ដែលតាមរបាយការណ៍របស់អង្គការ IRI?គឺទី១
មកពីអ្នកផ្តល់ចម្លើយភាគច្រើនជាអ្នកនៅផ្ទះគឺចាស់ៗយាយតាដែល
បាក់ស្បាតដោយសារសង្គ្រាមញាំញី
នៅចាំមើលថែទាំចៅចំាតែយល់ស្របតាមមតិនេះមានភាពសុខសាន្ត ជាង? ចំណែកឯអ្នកដែលចង់ផ្តល់ចម្លើយថា
ប្រទេសកម្ពុជាកំពុងធ្លាក់ផ្លូវខុសនោះ
គឺពួកគេកំពុងតែនៅធ្វើការនៅរោងចក្រទទួលបានប្រាក់ខែតិចតួច និងពលករចំណាកស្រុកដែលគ្មានការងារធ្វើ
បាត់បង់ដីធ្លី ដីព្រៃ? ទី២
ឬក៏មកពីវិធីសាស្រ្តសម្ភាសទល់មុខគ្នាមានការលំបាក
ក្នុងការឆ្លើយសំណួរ ដែលប៉ះពាល់អារម្មណ៍ និងសុវត្ថិភាពផ្ទាល់ខ្លួន? យកល្អគួរតែប្រើវិធីសាស្រ្ត
បំពេញ កម្រងសំណួរដោយខ្លួនឯងបែបអនាមិក (Self-administered) តែសម្រាប់អ្នកមិនចេះអក្សរគឺត្រូវការអ្នកសម្ភាសជួយបំពេញ។ ទី៣
ភាពលម្អៀងដែលអាចកើតមានឡើងមួយទៀតគឺជាទូទៅការស្រាវជ្រាវ
ចុះទៅជួបប្រជាពលរដ្ឋដែលភាគច្រើនតែងតែ សហការជាមួយនឹងអាជ្ញាធរដែនដី
ជាពិសេសមេភូមិដែលជាមនុស្សរបស់រដ្ឋាភិបាល និងមានឥទ្ធិពល
ឬបើមិនសហការទេនោះ
អ្នកផ្តល់ចម្លើយអាចមានការភ័យខ្លាចបន្ទាប់ពីសម្ភាស មិនដឹងថា
តើអ្នកជិតខាងណាខ្លះ
អាចរាយការណ៍ប្រាប់អាជ្ញាធរថាគេមកសួរអំពីការដឹកនាំរបស់រដ្ឋា ភិបាល
គឺមានន័យថា៖ «ទូកទៅ កំពង់នៅ!»។
ទី៤ ហើយប្រសិនបើការសម្ភាសនេះមានផ្តល់ជាវត្ថុអនុស្សាវរីយ៍
ឬក៏អំណោយបន្តិចបន្តួចទៀតនោះ
គឺរឹតតែមានភាពលម្អៀងកាន់តែច្រើនថែមទៀត។
ជាលទ្ធផលសម្រាប់ការសិក្សាដែលទាក់ទងនឹងបញ្ហានយោបាយនេះ
គឺចម្លើយមាននិន្នាការលើកពីការដឹកនាំល្អទាំងអស់ដើម្បីរួចខ្លួន។
សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺមិនជំទាស់ទៅនឹងការសិក្សាស្រាវជ្រាវនេះទេ
តែគ្រាន់តែពិបាកនឹងទទួលយក លទ្ធផលនេះ យកមកធ្វើជាឯកសារយោងណាស់។
ទី២ សំណួរសួរថា តើក្រៅតែពីកេរសល់ពីដូនតា
ឬក៏អ្វីដែលសល់ពីសម័យមុនៗ
រាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះជាដុំកំភួន? សម្រាប់ដូនតា
ថា មិនហ៊ានកាប់ឈើប្រណីតលក់ទេ ព្រោះខ្លាចកូនចៅជំនាន់ក្រោយចោទ
ប្រកាន់ថា លក់ជាតិ ខំទុករហូតបានដល់ទៅ៧០ភាគរយនៃផ្ទៃប្រទេស។
ចុះឥឡូវសល់ប៉ុន្មាន? ១០ភាគរយ? តើការដឹកនាំដូចនេះ
ឆ្ពោះទៅត្រឹមត្រូវ? បើនិយាយពី
បុរីកីឡា
និងពហុកីឡដ្ឋានជាតិអូឡាំពិកតាំងពីដើមពុះជ្រៀកជាចំណិតៗសង់លក់ខ្ទេចរកតែកន្លែងក្មេងៗលេងកីឡាក៏មិនបានផង? ជាង៣០ឆ្នាំ
រថភ្លើង២ខ្សែនៅដដែល? ឯការសាងសង់ផ្លូវ
ស្ពានថ្នល់ មណ្ឌលសុខភាព សាលារៀន គឺភាគច្រើនសុទ្ធតែលុយជំនួយ
និងលុយកម្ចីពីម្ចាស់ជំនួយ។
សូម្បីតែទីស្តីការគណៈរដ្ឋមន្រ្តីក៏ចិនសង់ឲ្យដែរ។
ពេលខ្លះមានស៊ីលុយស៊ីកាក់ក្រៅក្នុងការដេញថ្លៃ។
ពេលខ្លះពិបាកក្នុងការបែងចែកឲ្យដាច់ថា
ការសាងសង់សាលារៀនជាថវិការបស់រដ្ឋ ឬឯកជន
បើឈ្មោះសាលារៀននោះដាក់ឈ្មោះបុគ្គលបន្លែបន្លប់។
ឃើញការសាងសង់ដែលលិចធ្លោដែលប្រើថវិកាជាតិសុទ្ធ គឺវិមានសន្តិភាព
និងផ្លូវ៦៨ពីក្រឡាញ់ទៅឧត្តរមានជ័យ
ហ្នឹងកុំតែឈ្លោះជាមួយប្រទេសថៃទេ
កុំអីផ្លូវហ្នឹងជំនួយពីប្រទេសថៃទៀត។ បើនិយាយពីលក់
និងដោះដូរស្ថាប័នរដ្ឋវិញគឺនិយាយមិនចង់ចេញទេ ឧទាហរណ៍៖
ក្រសួងពាណិជ្ជកម្មនៅជិតព្រលានយន្តហោះ ឯកាំកុងត្រូលនៅជិតផ្សារកណ្តាលឯណេះវិញ។
ទី៣
ចម្ងល់ឆ្ងល់ថាការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចមានច្រើនរាប់មិន
ចង់អស់។ តែប្រាក់ខែមន្រ្តីរាជការកើនឡើងតិចតួចមិនទាំងទាន់អតិផរណាផង
ហ្នឹង?
តើថវិកាអភិវឌ្ឍន៍ទាំងនោះទៅលើអ្វីខ្លះទៅ? ទុកទិញសារុងពេលយុទ្ធនាការបោះឆ្នោត
ឥឡូវនេះចែកសុទ្ធតែសារុងឥណ្តូនេស៊ីល្អៗទៀតផង? តើនៅពេលអស់រ៉ែមាស
ពេជ្រ ត្បូង ភ្នំ ដី ព្រៃឈើ...យើងធ្វើអ្វីទៀត
ដីសម្បទានសេដ្ឋកិច្ចសុទ្ធតែ៩៩ឆ្នាំពេលណាចប់យកដីមកវិញ?