មនុស្សយើងបច្ចុប្បន្ននេះអ្វីៗ ក៏ត្រូវរហ័សរួសរាន់ទាំងអស់
រហូតពេលខ្លះស្ទើរតែមិនព្រមអត់ធ្មត់ រងចាំគ្នាសោះ
ឡើយ។
សម័យមុនយើងមិនមានរថយន្តបើកបរនាំទៅ យើងក៏ប្រើការធ្វើដំណើរ ដោយជើងទៅមករកគ្នា
បើ
ឆ្ងាយបន្តិចក៏ប្រើរទេះគោរឺរទេះសេះដឹកទៅ តែល្បឿនក៏ប្រហាក់
ប្រហែលគ្នានឹងការដើរនោះឯង គ្រាន់តែយើង
មិនបាច់ដើររោយជើងប៉ុណ្ណោះឯង។
តមកពេលមានរថយន្តរឺម៉ូតូវាក៏ស្រួលសប្បាយច្រើនឡើងតែក៏ឆ្លុះបញ្ចាំងឲ្យឃើញនូវដំណើរជីវិតដែលត្រូវប្រញាប់
ប្រញាល់ឡើងជារឿយៗដើម្បីឲ្យទាន់ពិភពលោកទាន់អ្នកដទៃតាមគេឲ្យទាន់ហើយនឹងតបស្នងអារម្មណ៍របស់ខ្លួន
ឲ្យគ្រប់គ្រាន់តាមបែបដែលយើងមិនបានជាអ្នក កំណត់
ព្រោះយើងអាចកំពុងរត់តាមគំនិតអ្នកដទៃក៏ថាបាន ដែលមិនមែនជាក្តីសុបិនរបស់យើង
ពិតប្រាកដ។
រហូតពេលខ្លះយើងភ្លេចត្រួតពិនិត្យខ្លួនឯងថាការដែលយើងដុតដៃដុតជើងដេញតាមអ្នកដទៃនោះវាជារបស់ដែល
យើងត្រូវការពិតរឺទេ?
ព្រោះរបស់ជាច្រើនដែលប្រាថ្នាក៏មិនបានមកខណៈដែលរបស់ខ្លះពិតមែនបានមកដូចបំណងប្រាថ្នាតែពេលបាន
មកគ្រប់គ្រងហើយក៏ហាក់មិនមែនជាក្តីប្រាថ្នាពិតប្រាកដដដែលនោះឯង។ទាំងនេះអាចព្រោះមនុស្សយើងត្រូវ
សង្គមបង្ហាត់បង្ហាញឲ្យជឿថា“ត្រូវបានគ្រប់យ៉ាងមកដូចចិត្តគិតទើបមានសេចក្តីសុខ”រហូតភ្លេចគិតទៅថាក្នុង
លោកនេះមិនមានអ្វីបានមកដូចចិត្តយើងប្រាថ្នាគ្រប់យ៉ាងនោះទេ។
ដើមឈើធំខ្ពស់ស្កឹមស្កៃ
ជួនកាលក៏មិនអាចបាំងកម្តៅថ្ងៃបាំងភ្លៀងបានដូចចិត្ត។ ដើមផ្តៅ
ដែលទន់ទោរតាមខ្យល់អាចមិនមែនព្រោះលង់ស្នេហ៍វាយោដែលបក់ផាត់កាត់ចុងនោះទេ
ដែលដើមឈើអាចធ្វើបានក៏គឺ ធំលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលដើមផ្តៅអាចធ្វើបាន
គឺមិនរារាំងកម្លាំងខ្យល់ហើយដែលមនុស្សយើងអាចធ្វើបាន ក៏គឺការដែលគ្រាន់តែដំណើរជីវិត
ឲ្យមានសេចក្តីសុខដោយមិនបាច់បង្ខំចិត្ត មានសេចក្តីស្រឡាញ់ដោយមិនបាច់រើបម្រាស់។
យើងត្រូវបានបង្រៀនដោយរឿងរ៉ាវជាច្រើនយ៉ាងជុំវិញខ្លួន
ឲ្យស្រវ៉ាស្រទេញរករបស់ដែលល្អបំផុតតែលុះយើងបានមកហើយ
ក៏នៅមិនមែនទីបំផុតនៃសេចក្តីប្រថ្នាដដែល យើងតែងគិតថា
នៅមានរបស់ដែលល្អជាងកំពុងនៅរងចាំខាងមុខជានិច្ចទៅ ព្រោះល្អបំផុតនោះវាមិនមានពិត ឡើយ
តែសមបំផុតនោះអាចមានពិត។
មិនមែនព្រោះយើងមានគុណតម្លៃតិចជាងអ្នកដទៃ រឺគ្មានតម្លៃសមនឹង
“របស់ល្អបំផុត”នោះទេផ្ទុយទៅវិញព្រោះយើងមានតម្លៃជាងការទៅដណ្តើមអ្នកដទៃ
ដូច្នេះរបស់ដែលយើង ជ្រើសរើសទើបជារបស់ល្អបំផុតជានិច្ច។
ល្អបំផុតព្រោះសមបំផុតល្អបំផុតព្រោះមិនធ្វើឲ្យយើងនឿយហត់ហួសពេកល្អបំផុតព្រោះធ្វើឲ្យយើងមានពេលវេលា
បានគយគន់
ជំនួសការដែលត្រូវខូចពេលវេលារត់តាមរហូតនឿយ ត្រហេបត្រហបអស់មួយជីវិត។
No comments:
Post a Comment