«កន្លែងខ្លាញ់» «រកក្រៅបានឬអត់?» វាគឺជាពាក្យដ៏ពេញនិយម
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលគេតែងតែលើកយកមកនិយាយ ឬក៏សួរគ្នា
នៅពេលដែលគេជួបគ្នាម្តងៗ។ ពាក្យទាំងនេះ វាជាប់ពាក់ព័ន្ធ
ទៅនឹងមន្ត្រីរាជការមួយចំនួន
យកតួនាទីដែលរដ្ឋាភិបាលផ្តល់ឲ្យទៅរកស៊ីខុសច្បាប់
ដើម្បីរកប្រាក់ចូលហោប៉ៅផ្ទាល់ខ្លួន ជាជាងគិតពីផលប្រយោជន៍ជាតិជាធំ។
មែនទែនទៅ
វាស្ទើរតែគ្រប់គ្នាទៅហើយ ដែលបានឮថា មន្ត្រីព្រៃឈើ
មន្ត្រីបរិស្ថាននិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត
ដែលមានតួនាទីការពារព្រៃឈើ
បែរជាយកតួនាទីទៅរកស៊ីឈើខុសច្បាប់ធ្វើឲ្យវិនាសអន្តរាយព្រៃ ឈើ។
មន្ត្រីជលផលដែលមានតួនាទីការពារធនធានជលផល បែរជាទៅរកស៊ី ឬឃុបឃិត
អនុញ្ញាតឲ្យមានការនេសាទខុសច្បាប់ធ្វើឲ្យអន្តរាយដល់ធន-ធាន ត្រី។
មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀននិងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត
ដែលមានតួនាទីប្រយុទ្ធប្រឆាំងគ្រឿងញៀន បែរជាយកតួនាទី
ទៅរកស៊ីជួញដូរគ្រឿងញៀនធ្វើឲ្យគ្រឿងញៀន
ត្រូវបានរីករាលដាលនៅស្ទើរពាសពេញផ្ទៃប្រទេស
សូម្បីតែនៅក្នុងពន្ធនាគារ
ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សង្គម។
គយឃុបឃិតរកស៊ីនាំចូលទំនិញខុសច្បាប់ និងមានករណីជាច្រើនទៀត
ដែលមន្ត្រី យកតួនាទីទៅរកស៊ីតាមជំនាញ។
បើខ្ញុំចាំមិនភ្លេចទេ
កាលពីអំឡុងឆ្នាំ ២០០៧ អង្គការឃ្លាំមើលបរិស្ថានពិភពលោក ឈ្មោះ
ក្លូបលវីតណេសបានចេញផ្សាយរបាយការណ៍មួយ ដាក់ចំណងជើងថា «ចោរឯកសណ្ឋាន»។
របាយការណ៍ដែលមានភាពរសើបយ៉ាងខ្លាំងនេះ
បានលាតត្រដាងពីមន្ត្រីជាន់ខ្ពស់ បានប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ
ដូចសំណាញ់ពីងពាង ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ
និងមន្ត្រីពាក់ព័ន្ធដទៃទៀត ដោយប្រើ-ប្រាស់ជំនាញ
និងតួនាទីរបស់ខ្លួនរកស៊ីកាប់ឈើខុសច្បាប់។
ប៉ុន្តែយ៉ាងណាក៏ដោយ
រដ្ឋាភិបាលកម្ពុជា បានបដិសេធ មិនព្រមទទួលស្គាល់របាយការណ៍នេះឡើយ
ដោយចាត់ទុកថា ជារបាយការណ៍បំផ្លើស
មានគោលបំណងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។
យ៉ាងណាក្តីខ្ញុំមិនចង់ផ្តោតទៅលើរបាយការណ៍ ដែលមានភាពរសើបយ៉ាងខ្លាំងនេះទេ
នៅពេលដែលរដ្ឋាភិបាល បានច្រានចោលរបាយការណ៍នេះ
រហូតដល់ទៅបណ្តេញអង្គការឃ្លាំមើលបរិស្ថានពិភពលោក
ដែលធ្វើការឃ្លាំមើលបរិស្ថានដោយមិនគិតប្រាក់កម្រៃមួយនេះចេញ
ពីប្រទេសកម្ពុជាទៅហើយនោះ។
ប៉ុន្តែទោះជាយ៉ាងណា
វាគ្មានមន្ទិលទៀតទេ រហូតមកដល់ពេលនេះ ចំពោះការលើកឡើងដែលថា
មន្ត្រីរដ្ឋាភិបាលមួយចំនួនបានប្រើប្រាស់តួនាទីនិងជំនាញរបស់ខ្លួន
រកស៊ីខុសច្បាប់នោះ ពីព្រោះនៅក្នុងរយៈពេលថ្មីៗកន្លងមកនេះ
យើងឃើញរដ្ឋាភិបាលហាក់បីដូចជាបានទទួលស្គាល់របាយការណ៍នេះ «ចោរឯកសណ្ឋាន» ដោយបានចាត់វិធានការក្តៅក្នុងការដកចេញពីតំណែង
និងប្តឹងចោទប្រកាន់ទៅតុលាការ ទៅលើមន្ត្រីរដ្ឋបាលព្រៃឈើ
មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
និងមន្ត្រីសមត្ថកិច្ចជាច្រើនទៀត ពាក់ព័ន្ធទៅនឹងការយកតួនាទី
ទៅរកស៊ីខុសច្បាប់។
បើទោះបីជាយើងមិនអាចដឹងជាមុនថា
តើវិធានការនេះ នឹងអាចមានប្រសិទ្ធភាពបានយូរប៉ុនណានិងមិនដឹងថា
តើអាចទប់ស្កាត់មន្ត្រីខិលខូច កុំឲ្យយកតួនាទីទៅរកស៊ីខុសច្បាប់បាន
ឬក៏អត់យ៉ាងណាក៏ដោយ ក៏នេះ វាគឺជាការចាប់ផ្តើមវិជ្ជមានមួយ
របស់រដ្ឋាភិបាលកម្ពុជា ហើយវិធានការនេះ យើងឃើញថា កំពុងតែបន្តធ្វើ
បើទោះបីជាសកម្មភាពខុសច្បាប់មួយចំនួន នៅតែបន្តកើតឡើងក្តី។
ហេតុអ្វី បានជាមន្ត្រីទាំងនោះ អាចយកតួនាទីទៅរកស៊ីខុសច្បាប់?
ហេតុអ្វី បានជាមន្ត្រីទាំងនោះ អាចយកតួនាទីទៅរកស៊ីខុសច្បាប់?
តាមការចោទប្រកាន់មួយចំនួន
ដែលសាធារណជនបានដឹងឮ និងតែងតែនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយនោះ
មុខតំណែងជាមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីរដ្ឋបាលជលផល
មន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន
មន្ត្រីសមត្ថកិច្ច(នគរបាល/កងរាជអាវុធហត្ថ/កងទ័ព) មន្ត្រីគយ...
គឺជាកន្លែង «ខ្លាញ់» ហើយអ្នកដែលអាចចូលទៅកាន់តំណែងទាំងនោះបាន
គឺត្រូវបង់ប្រាក់សំណូករាប់ម៉ឺនដុល្លារ ឬក៏ទាល់តែអ្នកទាំងនោះ
គឺជាសែស្រឡាយ ឬក៏ជាញាតិសន្តានជិតស្និទ្ធ របស់មន្ត្រីជាន់ខ្ពស់។
ប្រសិនបើការចោទប្រកាន់នេះ
គឺជារឿងពិត នោះគឺជាឫសគល់ នៃដើមចម ដែលមន្ត្រីទាំងនោះ អាចអាងចាង
យកតួនាទីរបស់ខ្លួន ទៅរកស៊ីខុសច្បាប់តាមជំនាញ
ដើម្បីកើបប្រមូលប្រាក់ស្រង់ដើម និងធ្វើមានធ្វើបានផ្ទាល់ខ្លួន
ហើយមន្ត្រីជាន់ខ្ពស់ដែលជាមេកើយ របស់មន្ត្រីទាំងនោះ
ក៏អាចបិទភ្នែកធ្វើជាមើលមិនឃើញផងដែរ
ដោយសារតែខ្លួនបានទទួលប្រាក់សំណូកឬក៏ខ្លាចខ្នងបង្អែក
របស់មន្ត្រីទាំងនោះ។
បើរដ្ឋាភិបាល
ចង់ទប់ស្កាត់ទង្វើអាស្រូវខុសច្បាប់ របស់មន្ត្រីខិលខូច
ដែលយកតួនាទីទៅរកស៊ីខុសច្បាប់ ឲ្យមានប្រសិទ្ធភាពនោះ
រដ្ឋាភិបាលគួរចាប់ផ្តើម
ចាត់វិធានការលុបបំបាត់ពីប្រព័ន្ធអំពើពុករលួយនិងបក្ខពួក
និយមក្នុងការតែងតាំងមន្ត្រីពង្រឹងការគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យបានជាក់លាក់ពិតប្រាកដ
ត្រូវផ្តល់ប្រាក់បៀវត្សរ៍សមរម្យ
និងប្រាក់បំពេញបេសកកម្មឲ្យបានគ្រប់គ្រាន់ទៅដល់មន្ត្រីទាំងនោះ
ក្នុងការបំពេញការងារ៕
(នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ការីនិពន្ធ
និងមិនឆ្លុះបញ្ចាំងពីទស្សនៈកាសែតភ្នំពេញ ប៉ុស្តិ៍នោះទេ)
No comments:
Post a Comment