អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 22 June 2012

គួរ​ជំរុញ ​ទឹកចិត្ត​ខ្លួន​ឯង​បែប​ណា?

ពាក្យ​​ ជំរុញ​ទឹកចិត្ត​បាន​ក្លាយ​ជា​​​ប្រធានបទ​ដដែល​ៗ​ដែល​គេ​តែង​​​លើក​យក​​មក​ពិភាក្សា ​ក៏​ដូចជា​​​​​បង្រៀន​តាម​សាលា ​សិក្ខា​សាលា និង​ការ​ធ្វើ​បទបង្ហាញ​នានា​ក្នុង​ពេល​បច្ចុប្បន្ន។ ​តើ​អ្វី​ជា​ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​ប្រាកដ​ ហើយ​ហេតុអ្វី​បាន​ជា​អ្នក​​ត្រូវ​ការ​កម្លាំង​​មួយ​នេះ?
ការ​ជំរុញ ទឹក​ចិត្ត​ជា​កម្លាំង​ចលករ​ដ៏​ចាំបាច់​មួយ។ ​ដើម្បី​សម្រេច​អ្វី​មួយ​បាន​​រហ័ស​​ អ្នក​ត្រូវ​មាន​ការ​កម្លាំង​ចលករ​​នោះ​រុញ​ច្រាន​ទាំង​​ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រៅ។ ​ការ​ជំរុញ​ផ្នែក​ខាង​ក្រៅ​មាន​ដូចជា ​ការ​លើក​ទឹកចិត្ត​ពី​ក្រុម​គ្រួសារ ​មិត្តភ័ក្ដិ ​ឱកាស​ការងារ ​សង្គម​ ។ល។ ​ចុះ​បើ​គ្មាន​ការ​លើក​ទឹក​ចិត្ត​ពី​កត្តា​ខាង​ក្រៅ ​តើ​អ្នក​ខ្លួន​ឯង​ មាន​វិធី​ដើម្បី​ជំរុញ​ទឹកចិត្ត​ខ្លួន​ឯង​ដែរ​ឬ​ទេ? ​ខាងក្រោម​នេះ​ជា​ចំណុច ងាយៗ ១០ ​យ៉ាង ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​ការ​ជំរុញ​ទឹកចិត្ត​ចំពោះ​ខ្លួន​ឯង។


១. ត្រូវ​ចេះ​​គិត ​សមាធិ​ ​និង​ស្វែង​យល់​ពី​ក្ដី​ប្រាថ្នា​របស់​អ្នក។ ​គិត​ដល់​ក្ដីប្រាថ្នា​ ឬ​គោលដៅ​​​ដែល​មាន​តម្លៃ​ឲ្យ​អ្នក​ប្រឹងប្រែង និង​ចំណាយ​ពេល​ទៅ​លើ។
២. កំណត់​គោលដៅ​ឲ្យ​បាន​ជាក់លាក់។ ​ការ​សរសេរ​ពី​គោលដៅ​​ដាក់​នៅ​ក្រដាស​សៀវភៅ នឹង​អាច​ជួយ​អ្នក​ឲ្យ​ឈាន​ទៅ​រក​ការ​អនុវត្ត​បាន​យ៉ាង​រហ័ស។
៣. ជា​រឿយៗ ​ត្រូវ​គិត​ដល់​គោលដៅ និង​ក្ដី​ប្រាថ្នា​របស់​អ្នក។
៤. អាន​សៀវភៅ ឬ​អត្ថបទ​ពី​ប្រធានបទ​ដែល​ពាក់ព័ន្ធ​នឹង​គោលដៅ​របស់​អ្នក។
៥. អាន​សៀវភៅ​ ឬ​អត្ថបទ​ពី​មនុស្ស​ដែល​ជោគជ័យ​លើ​ការងារ ​ឬ​អាជីព​ដែល​ស្រដៀង​នឹង​គោលដៅ​​របស់​អ្នក​។
៦. ឧស្សាហ៍​គិត​ដល់​ផលប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ក្រោយ​សម្រេច​គោលដៅ​របស់​អ្នក។
៧. ស្រមៃ និង​គិត​ដល់​ពេលវេលា​ដ៏​រីករាយ ​នៅ​ពេល​ដែល​អ្នក​សម្រេច​គោលដៅ​នោះ។
៨. ប្រាប់​ខ្លួន​ឯង​ជា​វិជ្ជមាន​ថា ​អ្នក​មាន​សមត្ថភាព​សម្រេច​ក្ដី​ប្រថ្នា​ និង​គោលដៅ​របស់​អ្នក​បាន។ ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ដោយ​ជំនឿ​ជាក់​មុតមាំ ​និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​។
៩. ឲ្យ​តម្លៃ​លើ​ជោគជ័យ​តូចៗ​របស់​អ្នក​ ព្រោះ​ជោគជ័យ​ទាំង​នោះ​នឹង​នាំ​អ្នក​ទៅ​សម្រេច​គោលដៅ​ធំ។
១០. ត្រូវ​គិត​ថា អ្វី​ដែល​អ្នក​ធ្វើ​គឺ​ស្ថិត​ក្នុង​វិនាទី​ចុងក្រោយ​រហូត។ ​ការ​គិត​បែប​នេះ​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​អ្វី​ភ្លាមៗ​​ ដោយ​មិន​បង្អែបង្អង់ ​អូស​បន្លាយ​ពេលវេលា​ឥត​ប្រយោជន៍។

សរុប​មក​ ​ការ​ជំរុញ​ទឹក​ចិត្ត​​ ជា​ថាមពល​ដ៏​ចម្បង​ដែល​នាំអ្នក​ទៅ​រក​ជោគជ័យ​គ្រប់​ការងារ ​ឬ​ភារកិច្ច ​ហើយ​បើ​គ្មាន​អ្នក​ជំរុញ​ទឹកចិត្ត​ទេ​​នោះ​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ​ ដែល​អាច​ជួយ​ខ្លួន​ឯង​បាន។ ត្រូវ​ចងចាំ​ថា​ ​គ្មាន​អ្វី​ដែល​មិន​អាច​សម្រេច​បាន​នោះ​ទេ ​ដរាប​​​ណា​អ្នក​មាន​ក្ដី​សង្ឃឹម​ និង​ការ​តាំង​ចិត្ត​ខ្ពស់៕

ប្រែ​សម្រួល៖សីហា
ប្រភព៖ successconsciousness

No comments:

Post a Comment