មានខ្ញុំគេម្នាក់រស់នៅបម្រើគេក្នុងផ្ទះមួយ។
ម្ចាស់ផ្ទះនោះចិញ្ចឹមមាន់ចែឈ្មោលមួយសម្រាប់ឲ្យរងាវយាមរាល់ៗថ្ងៃ។
រៀងរាល់ថ្ងៃឲ្យតែមាន់រងាវ
ម្ចាស់ផ្ទះតែងតែដាស់អ្នកបម្រើម្នាក់នោះឲ្យធ្វើការសព្វសារពើ។
ដោយនឿយហត់នឹងការងាររៀងរាល់ថ្ងៃពេក អ្នកបម្រើនោះនឹកគិតក្នុងចិត្តថា
"អញសព្វថ្ងៃនេះនឿយហត់ណាស់ ដេកក៏មិនបានគ្រប់
ឲ្យតែមាន់រងាវឡើង ម្ចាស់ប្រើអញធ្វើការគ្រប់បែបយ៉ាង។
បើគ្មានអាមាន់នេះរងាវទេ
ម៉្លេះម្ចាស់អញគ្មានអ្វីជាសញ្ញានឹងដាស់អញយកទៅប្រើទេ។ "
គិតឃើញដូច្នេះហើយ អ្នកបម្រើនោះក៏រកវិធីលួចសម្លាប់មាន់ចែនោះចោលទៅ។
ម្ចាស់ផ្ទះលុះអស់មាន់រងាវជាសញ្ញា
ក៏ចេះតែប្រើអ្នកបម្រើគ្មានពេលច្បាស់លាស់
គឺនឹកឃើញពេលណាក៏ប្រើពេលនោះ មិនថាយប់ឬថ្ងៃ។
អ្នកបម្រើនឹកស្តាយក្រោយមិនគួរសម្លាប់មាន់រងាវយាមសោះ ឥឡូវនេះខ្លួនកាន់តែលំបាកជាងមុនទៅទៀតពោលគឺធ្វើការហួសប្រមាណគ្មានពេលម៉ោង។
រឿងនេះបានគតិដល់បុគ្គលអ្នកផ្លាស់កន្លែងស្វែងក្តីសុខ
ដល់បានទុក្ខក៏ក្តៅក្រហាយស្តាយក្រោយកន្លែងចាស់វិញ។
គតិលោកភាគ៨ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ
រៀបរៀង
No comments:
Post a Comment