មានកាលថ្ងៃមួយ ពួកអវៈយវៈទាំងឡាយ គឺដៃពីរ ជើងពីរ មាត់មួយ
នាំគ្នានិយាយថា
"យើងសព្វថ្ងៃនេះលំបាកនឹងប្រកបរបររកស៊ីណាស់" ។
ជើងទាំងពីរឆ្លើយថា "ខ្ញុំព្រឹកឡើងកាលណា
រវល់តែនឹងដើរទៅឯនេះខ្លះឯនោះខ្លះមិនចេះឈប់ឈរឡើយ" ។ ដៃទាំងពីរឆ្លើយឡើងថា
"ខ្ញុំ ក៏រវល់មិនមានឱកាសឈប់សោះ វៀរតែដេកលក់ទើបបានឈប់
តែភ្ញាក់ឡើងកាលណា
រវល់តែចាប់នេះចាប់នោះមិនចេះអស់ដោយហោចទៅតែត្រឹមស៊ីបាយស៊ីចំណីអ្វីៗ
ដៃក៏រវល់ចាប់ចំណីបញ្ចុកមាត់ដែរ" ។ មាត់ឆ្លើយឡើងថាខ្ញុំក៏រវល់មិនឈប់ដូចគ្នា
តែភ្ញាក់ឡើងកាលណាចរចានិយាយថានេះថានោះទៅផ្សេងៗដោយហោចទៅតែត្រឹមបរិភោគអ្វីៗ
មាត់ក៏រវល់ទំពា រវល់លេបអាហារបញ្ចូលទៅ
ការងាររបស់ខ្ញុំមានសភាពយ៉ាងនេះ" ។
ជើងដៃបានឮដូច្នោះ ក៏សួរទៅមាត់ថា "អាហារនោះតើធ្លាក់ទៅលើរួបអ្នកណា?" មាត់ប្រាប់ថា "អាហារនោះតែស៊ីហើយ
ក៏ធ្លាក់ទៅលើក្រពះទាំងអស់" ។
"អើសព្វអាហារដែលពួកយើងបានមកដោយដើរ ដោយចាប់កាន់ ដោយទំពា
ហើយលេបចូលទៅ គឺទៅដល់លើក្រពះទាំងអស់
អាក្រពះនោះតើវាមកជួយធ្វើការអ្វីខ្លះដែរ ឬវានៅស្ងៀមព្រងើយកណ្តើយទេ? មាត់ប្រាប់ថា "អាក្រពះនោះវានៅស្ងៀមទទេៗ
មិនមិនបានជួយកិច្ចការអ្វីទេ" ។
ទើបជើងឆ្លើយឡើងថា "អញរវល់ដើរទៅរកស៊ីបានអាហារ
អាហារនោះគួរធ្លាក់មកលើអញ ម្តេចឡើយក៏បានទៅលើក្រពះ ដែលនៅស្ងៀមនោះវិញ
បើដូច្នេះពីថ្ងៃនេះទៅអញលែងដើររកស៊ីទៀតហើយ" ។
ឯដៃក៏ពោលថា"អញធ្វើការសព្វសរពើសព្វថ្ងៃនេះ
អាហារសោតក៏ធ្លាក់ទៅលើក្រពះ
បើដូច្នេះពីថ្ងៃនេះទៅអញលែងចាប់ពាល់កាន់ធ្វើអ្វីៗហើយ
ទុកឲ្យអាក្រពះវាចេញមកធ្វើការដាំស្លដាក់ពោះវាចុះ"។
ឯមាត់ក៏ពោលឡើងថា "អញសោតខំនិយាយជេរពោលប្រទេច ខំស៊ី ខំទំពា
ខំលេប ឯអាហារក៏ពុំតាំងលើខ្លួនអញ វាត្រឡប់បានទៅអាក្រពះនោះវិញ
អាក្រពះវាគ្មានជួយធ្វើការអ្វីសោះ អើពីថ្ងៃនេះទៅអញលែងនិយាយ លែងពោលលែងទំពាស៊ីអ្វីៗហើយ
ទុកឲ្យអាក្រពះវាក្រៀមស្វិតពោះវាចុះទើបសមមុខវា
ដែលវាកំជិលធ្វើការនេះ"។
អវៈយវៈនិយាយត្រូវគ្នាហើយទើបចូលដេកលើគ្រែ
លែងប្រកបការងារពីថ្ងៃនេះទៅហោង។
ឯក្រពះនោះកាលអវៈយវៈក្រៅមិនបញ្ចូលអាហារទៅឲ្យ ក៏ស្ងួតក្រៀម គ្មានរសអាហារផ្សាយចេញទៅសព្វកាយ។
សកលកាយនោះ ក៏រីងស្ងួតស្វិតទៅៗ។ ឯអវៈយវៈទាំងឡាយ
ក៏ស្វិតស្គមរីងទៅៗ។
ឯដៃជើងមាត់ទាំងបីពួក កាលបើកើតវិបត្តិដល់ខ្លួនហើយ
ពុំអាចនឹងនៅសុខបាន ទើបមកប្រជុំគ្នាវិញទៀតថា ពួកយើងតាំងតែពីឈប់ប្រកបការ
មិនបញ្ចូលអាហារទៅ ឲ្យក្រពះនោះ
ឥឡូវវាស្វិតស្ងួតពុំបានផ្សាយរសជាតិអាហារដល់ពួកយើងឡើយ
ពួកយើងស្គមទ្រុឌទ្រោមគ្មានកម្លាំងសោះ មិនតែប៉ុណ្ណោះកើតជារោគចុកសៀត
រួយអស់សរសៃថែមទៀត អើបើពួកយើងបង្អត់អាហារអាក្រពះយ៉ាងនេះ ហើយគង់នឹងអន្តរធានវិនាសទៅទាំងអស់គ្នាមិនខាន
ព្រោះក្រពះគ្មានអាហារជាកម្លាំងនឹងផ្សាយរសជាតិដល់ពួកយើង
បើដូច្នេះពួកយើងត្រូវប្រកបការដូចមុនរៀងៗខ្លួនវិញចុះ
ទើបក្រពះវាផ្សាយរសជាតិដល់ពួកយើងវិញ ពួកអវៈយវៈពិគ្រោះឃើញក្តីទុក្ខទោសព្រមគ្នាដូច្នេះហើយ
ជើងក៏ក្រោកទៅប្រកបការតាមដើម ដៃសោតក៏ចាប់ពាល់ធ្វើការងារតាមដើម
មាត់សោតក៏ហានិយាយស្តី ហាស៊ីបាយចំណីដូចកាលមុនវិញហោង។
ឯក្រពះកាលបានអាហារដាក់ដូចមុនហើយ
កើតមានកម្លាំងផ្សាយរសជាតិនោះទៅសព្វសពាង៌្គកាយ
ដៃជើងមាត់ក៏បានក្តីសុខសប្បាយឡើង ដូចប្រក្រតីតាមកាលមុននោះវិញហោង។
គតិលោកភាគ៦ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ
ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
No comments:
Post a Comment