សត្វទុង |
មានសត្វទុង១ដើរស្វែងរកចាប់ត្រីជាអាហារ
លុះហែលទៅបានឃើញត្រីក្អិត១ ហែលនៅខាងមុខខ្លួន
ទុងនោះក៏ចឹកត្រីក្អិតនោះបាន ទើបវាគិតថាអត្មាអញនេះជាបក្សីរូបធំ
ត្រូវតែបរិភោគត្រីធំៗយ៉ាងត្រីរស់ ត្រីឆ្តោ ត្រីប្រាជាដើមនោះ
ទើបសមនឹងសក្តិយសរូបអញនេះ អាត្រីក្អិតរូបតូចមួយនេះ
មិនសមគួរនឹងរូបអញឡើយ គិតហើយទុងក៏លែងត្រីក្អិតនោះចោលទៅ
ហើយក៏ហែលទៅមុខទៀត លុះដល់កន្លែងមួយក៏ឃើញត្រីចង្វា១ហែលមកខាងមុខ
ទុងនោះចឹកបានហើយគិតទៀតថា
ត្រីចង្វានេះតូចណាស់ពុំសមគួរនឹងអញជាបក្សីធំនេះឡើយ
គិតហើយក៏លែងត្រីចង្វានោះចោលបង់ ហើយហែលទៅមុខទៀត
បានយល់ត្រីចង្វាភ្លៀង១ ទុងក៏ចឹកបានលើកឡើងនឹងស៊ី
ក៏គិតថាត្រីចង្វាភ្លៀងនេះរូបតូចពេកណាស់ ពុំគួរនឹងរូបអញជាធំ
គិតហើយក៏លែងត្រី នោះចោលបង់
ហើយខំហែលទឹកស្វែងទៅមុខទៀត
ស្វែងទៅៗរកត្រីពុំបាន ពេលសោតក៏ទន់ទាបល្ងាចនឹងផុតពេលស្វែង
ទុងនោះឯង កើតក្តីឃ្លានអាហារមហិមាខំស្វែងរកអាហារពុំបានឡើយ
ម៉្លោះហើយទុងកើតទុកមុខសុបសៅ
កើតក្តៅចិត្តគិតស្តាយអាហារដែលខ្លួនរកបានអំពីព្រឹកនោះថា
ស្តាយអឺយសែនស្តាយត្រីក្អិត១នោះ បើប្រសិនជាបរិភាគមកល្មមកល់ខ្លះ
ស្តាយត្រីចង្វាប្រសិនណាជាស៊ីមកក៏ជាការកល់ឡើងរួមនឹងត្រីក្អិត១ជាន់មុននោះ
ស្តាយត្រីចង្វាភ្លៀងប្រសិនណាបានស៊ីមួយទៀត
ក៏ជាការផ្សំនឹងត្រីជាន់មុនបានកល់ឡើងច្រើនល្មមបង្អន់គំលានបានខ្លះ
ឥឡូវដល់ពេលឃ្លានក៏ខ្លាំង ពេលថ្ងៃនឹងស្វែងរកទៅទៀតក៏ផុតត្រឹមនេះ
អញនេះហៅពិតជាគិតខុស មិនសន្សំត្រីតូចៗ ស៊ីផ្សំគ្នា
គិតប្រមាថថាអាតូចៗមិនសមនឹងខ្លួន ចាំរកត្រីធំៗឲ្យសមសក្តិយសខ្លួន
ដល់រកមិនបាន អាធំក៏ខូច
អាតូចក៏ខាត បានទុក្ខវេទនាអត់អាហារនេះហោង។
គតិលោកភាគ៥ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
No comments:
Post a Comment