បដិវត្តន៍មានន័យថា ការកែប្រែ
ឬផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីរបបគ្រប់គ្រងចាស់
ដែលមិនមានការរីកចម្រើនលូតលាស់ ទៅកាន់របបថ្មីមួយទៀត
ដោយកម្លាំងមហាជន ឬកម្លាំងប្រដាប់អាវុធ។ បើទោះបីជាការធ្វើបដិវត្តន៍
ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រងប្រទេស វាហាក់បីដូចជាបានស្ងប់ស្ងាត់
អស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី ក៏នៅពេលថ្មីៗចុងក្រោយនេះ
ការធ្វើបដិវត្តន៍ ដើម្បីបណ្តេញមេដឹកនាំផ្តាច់ការ
ដែលកាន់អំណាចយូរៗចេញពីតំណែង វាហាក់បីដូចជាត្រូវបានកក្រើកឡើងវិញ
ហើយបានរីករាលដាលពីប្រទេសមួយ ទៅកាន់ប្រទេសមួយ ដែលគេនិយមហៅថា
បដិវត្តន៍ផ្កាម្លិះ ឬផ្កាឈូក។
ការដែលគេនិយមហៅការធ្វើបដិវត្តន៍ផ្លាស់ប្តូររបបគ្រប់គ្រងនា
ពេលបច្ចុប្បន្ន ថាជាបដិវត្តន៍ ផ្កាម្លិះ ឬផ្កាឈូក ប្រហែលជាគេសំដៅទៅលើកម្លាំងមហាជននៅគ្រប់ទិសទី
ក្នុងប្រទេសនោះ បានងើបឡើងព្រមគ្នាធ្វើការប្រឆាំងតវ៉ា
ទៅនឹងមេដឹកនាំផ្តាច់ការ
ដែលវាហាក់បីដូចជាដល់ពេលត្រូវរីកស្គុះស្គាយ ដែលមិនអាចទប់ស្កាត់បាន
ដូចជាផ្កាម្លិះ និងផ្កាឈូកយ៉ាងដូច្នោះដែរ។
ហេតុអ្វីបានជាកើតមានបដិវត្តន៍ផ្លាស់ប្តូររបបគ្រប់គ្រង?
មែនទែនទៅ ការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្តូររបប
វាមិនមែនជារឿងថ្មីទេ វាគឺជារឿងចាស់ ក៏ប៉ុន្តែវានៅតែថ្មី
ថ្មីត្រង់ថា ការធ្វើបដិវត្តន៍ នៅតែបន្តកើតមាននៅតាមបណ្តាប្រទេសមួយចំនួនដែលមានមេដឹកនាំ
ផ្តាច់ការ ហើយកាន់អំណាចយូរៗ។
តាមប្រភពព័ត៌មាននានា បដិវត្តន៍ផ្កាម្លិះ
នៅប្រទេសទុយនីស៊ី បានកើតឡើងកាលពីខែមករា ឆ្នាំ ២០១១ ដើម្បីបណ្តេញលោក
Zine
al-Abidine Ben Ali ចេញពីតំណែងប្រធានាធិបតី
ក្រោយពីគាត់បានកាន់តំណែងអស់រយៈពេល ២៣ ឆ្នាំ
ដែលបានធ្វើឲ្យប្រទេសនៅអាហ្វ្រិកខាងត្បូងមួយនេះ
ញាំញីទៅដោយអំពើពុករលួយ បក្សពួកនិយម អំពើអយុត្តិធម៌ក្នុងសង្គម
វិបត្តិអត់ការងារធ្វើ ដែលធ្វើឲ្យមានគម្លាតកាន់តែខ្លាំងឡើងៗ
រវាងអ្នកមាននឹងអ្នកក្រពោលគឺអ្នកមាន
មានភូមិគ្រឹះស្តុកស្តម្ភស្កឹមស្កៃរាប់ឡូត៍ ឡានទំនើបៗ
មានប្រាក់គ្មានអ្នកចាយ ហើយកាន់តែមានទៅៗ ចំណែកអ្នកក្រកាន់តែក្រទៅៗ
ក្ររហូតដល់គ្មានទីជម្រក ហើយមិនអាចរកអ្វីទទួលទានបាន។
ការធ្វើបដិវត្តន៍នៅប្រទេសទុយនីស៊ី
បានចាប់ផ្តើមពុះកញ្ជ្រោលឡើងមិនអាចទប់ស្កាត់បាន
ក្រោយពីនិស្សិតបញ្ចប់មហាវិទ្យាល័យម្នាក់ បានដុតសម្លាប់ខ្លួន
ហើយអំពាវនាវឲ្យមហាជនងើបតវ៉ា ក្រោយពីសន្តិសុខផ្សារ នៅក្នុងទីក្រុង Tunis ប្រទេសទុយនីស៊ី
បានចាប់យករទេះលក់បន្លែរបស់គាត់ ម្តងជាពីរដង
ហើយគាត់គ្មានប្រាក់យកទៅបង់ ដើម្បីយករទេះរបស់គាត់មកវិញ
ធ្វើការលក់បន្លែចិញ្ចឹមជីវិតតទៅទៀត។
បដិវត្តន៍ផ្កាម្លិះស្រដៀងគ្នា
និងប្រទេសទុយនីស៊ីនេះ បានបន្តរីករាលដាល ទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត
ក្នុងនោះមានអេហ្ស៊ីប របស់មេដឹកនាំ ដែលកាន់អំណាចជិត ៤០ ឆ្នាំ ហូសនី
មូបារ៉ាក់ ដែលធ្វើឲ្យរដ្ឋាភិបាលផ្ដាច់ការមួយនេះ រលាយ ហើយឥឡូវ
ចលនាដើម្បីសេរីភាព និងប្រជាធិបតេយ្យនេះ កំពុងតែបន្តនៅ លីប៊ី យេម៉ែន និង
ប្រទេស ស៊ីរី។
យើងវិលមកមើលអតីតកាល របស់ប្រទេសកម្ពុជាយើងវិញ
គិតចាប់ពីឆ្នាំ ១៩៥៣ ដែលកម្ពុជា បានទទួលឯករាជ្យពីបារាំងមក
ការធ្វើបដិវត្តន៍ផ្លាស់ប្តូររបបដឹកនាំ បានកើតឡើងជាញឹកញាប់។
សម្តេចនរោត្តម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច
នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ ដោយចោទថា ព្រះអង្គអសមត្ថភាព
ក្នុងការដឹកនាំប្រទេស បណ្តោយឲ្យជនអន្តោប្រវេសន៍វៀតណាម
ចូលមករស់នៅកាន់តែច្រើនឡើងៗក្នុងប្រទេសកម្ពុជា
រហូតមិនអាចគ្រប់គ្រងបាន ផ្តល់ទឹកដី នៅតាមព្រំដែនប៉ែកខាងកើត
ទៅឲ្យវៀតណាមខាងជើង (កុម្មុយនីស្ត) ដឹកជញ្ជូនសព្វាវុធ
ធ្វើសង្គ្រាមវាយផ្តួលរំលំវៀតណាមខាងត្បូង (សេរី)
ធ្វើការបង្ក្រាបទៅលើចលនាខ្មែរសេរី ដែលជាគូប្រជែងរបស់ព្រះអង្គ
ជាដើម។ល។
របបលោក សេនាប្រមុខលន់ នល់ ត្រូវបានទ័ពព្រៃខ្មែរក្រហម
ទម្លាក់ចេញពីអំណាច នៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ដោយសារតែរបបនេះ
មន្ត្រីជាន់ខ្ពស់ប្រព្រឹត្តអំពើពុករលួយយ៉ាងជ្រាលជ្រៅ បក្សពួកនិយម
អយុត្តិធម៌ក្នុងសង្គម កាន់តែរីកធំឡើងៗ (មេទាហាន
ចាប់កូនក្រមុំអ្នកស្រុកដោយចំហ) ដោយពុំមានអ្នកណាផ្តន្ទាទោសជាដើម។ល។
របបខ្មែរក្រហម
ក៏ត្រូវបានរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយលោក ប៉ែន
សុវណ្ណ ចាន់ ស៊ី ហេង សំរិន ជា ស៊ីម និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី
នាពេលបច្ចុប្បន្ន បង្កើតចលនាបដិវត្តន៍ ចូលមកវាយផ្តួលរំលំ នៅថ្ងៃទី ៧
ខែមករា ឆ្នាំ ១៩៧៩ ក្រោយពីរបបនេះ បានសម្លាប់ប្រជាពលរដ្ឋ
ធ្វើទារុណកម្មដ៏ព្រៃផ្សៃ បង្អត់អាហារ
បង្ខំឲ្យប្រជាពលរដ្ឋធ្វើការលើសកម្លាំង ធ្វើឲ្យប្រជាពលរដ្ឋជិត ២
លាននាក់ស្លាប់។
សរុបសេចក្តីមក បើយើងមើលពីឫសគល់
នៃការធ្វើបដិវត្តន៍ ផ្លាស់ប្តូររបបគ្រប់គ្រង ទាំងនេះ
វាគឺជាការចាំបាច់ ដើម្បីរំដោះប្រទេសជាតិមួយ
ចេញពីការដឹកនាំដែលធ្វើឲ្យប្រទេសជាតិមួយ
ដាំក្បាលឆ្ពោះទៅរកភាពមហន្តរាយ។
យ៉ាងណាក៏ដោយ ការនិយាយពីការធ្វើបដិវត្តន៍
នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន វាគឺជារឿងដ៏រសើបខ្លាំងមួយ
នៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានកាន់អំណាច ២៧ ឆ្នាំ មកហើយ
ហើយបច្ចុប្បន្ន កំពុងតែមានអំណាចយ៉ាងរឹងមាំនៅក្នុងដៃ
បានព្រមានជាញឹកញាប់ថា លោកនឹងបិទទ្វារវាយឆ្កែ
ប្រសិនបើមានការធ្វើបដិវត្តន៍បះបោណាមួយ
ដើម្បីផ្តួលរំលំលោកចេញពីអំណាច ក្រៅពីការបោះឆ្នោតនោះ។
ប៉ុន្តែទោះជាមានការព្រមានពីលោកហ៊ុន សែន ក្តី
មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេស ថ្មីៗនេះ
បានថ្លែងថា លោកកំពុងតែទៅធ្វើការសិក្សាស្វែងយល់
ពីការធ្វើបដិវត្តន៍ផ្កាម្លិះ នៅប្រទេសទុយនីស៊ី ដោយព្រមានថា
លោកនឹងអំពាវនាវឲ្យប្រជាជន ធ្វើការបះបោរ បណ្តេញរដ្ឋាភិបាលសព្វថ្ងៃចេញ
ប្រសិនបើការបោះឆ្នោតក្នុងឆ្នាំ ២០១៣ ខាងមុខ មិនមានភាពយុត្តិធម៌។ លោក
សម រង្ស៊ី បានលើកឡើងថា មន្ត្រីរដ្ឋាភិបាលសព្វថ្ងៃ
បានប្រព្រឹត្តអំពើពុករលួយដ៏រីករាលដាល
លក់ដូរទ្រព្យសម្បត្តិរដ្ឋតាមតែអំពើចិត្ត
ដែលធ្វើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនតូច កាន់តែមានទៅៗ ចំណែកប្រជាពលរដ្ឋភាគច្រើនកាន់តែក្រទៅៗ
អំពើអយុត្តិធម៌ក្នុងសង្គម ការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសំបែង
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនរហូតដល់ទៅ ៩៩ ឆ្នាំ
ដែលធ្វើឲ្យកើតមានជម្លោះដីធ្លីនៅពាសពេញផ្ទៃប្រទេស
ការរៀបចំការបោះឆ្នោតមិនមានភាពយុត្តិធម៌ជាដើម។ល។
តើបដិវត្តន៍ផ្កាម្លិះ អាចកើតមានទេនៅកម្ពុជា?
ប្រសិនបើអ្វីៗ
ដូចការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង
ពិតជាកំពុងកើតមានយ៉ាងប្រាកដមែននៅកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររងគ្រោះ
ហើយរដ្ឋាភិបាល មិនបានចាត់វិធានការដោះស្រាយ ហើយបញ្ហាទាំងនេះ
កាន់តែរីកធំឡើងៗ ដូចជាការបណ្តេញប្រជាពលរដ្ឋចេញពីផ្ទះសំបែង
ដីធ្លី ដោយសារតែគម្រោងអភិវឌ្ឍន៍នានា
ដូចជានៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ ឃុំអមលាំង
ខេត្តកំពង់ស្ពឺ...គម្រោងបែបនេះ បើមានកាន់តែច្រើន
អាចធ្វើឲ្យមានជនរងគ្រោះបាត់បង់ដីធ្លី
អត់ផ្ទះសំបែងក៏កាន់តែច្រើនដែរ ហើយបញ្ហាផ្សេងទៀត
ក៏មិនត្រូវបានដោះស្រាយ និងដោយមានការជំរុញពីគណបក្សប្រឆាំង
ដែលមានសកម្មជននៅពាសពេញផ្ទៃប្រទេសផងនោះ បដិវត្តន៍ផ្កាម្លិះ
ទំនងជាអាចនឹងកើតឡើង។
លោកលី ក្វាន់យូ
បានដឹកនាំប្រទេសសិង្ហបុរី រហូតដល់ជាង ៥០ ឆ្នាំ ប៉ុន្តែ
មិនត្រឹមតែមិនមានបដិវត្តន៍បះបោរ
ណាមួយបណ្តេញលោកចេញពីអំណាចប៉ុណ្ណោះទេ លោកថែមទាំងទទួលបាន
ការគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ពីប្រជាពលរដ្ឋ សិង្ហបុរីភាគច្រើន
ចង់ឲ្យលោកនៅបន្តកាន់អំណាចតទៅទៀត ដោយសារតែលោក
បានកសាងដីកោះសិង្ហបុរី ដ៏តូចមួយនេះ
ឲ្យក្លាយទៅជាដីកោះរីកចម្រើនរុងរឿងដ៏ល្បីល្បាញ ប្រជាជនមានជីវភាពធូរធារនិងជាប្រទេសស្អាតស្អំ
គ្មានអំពើពុករលួយនាំមុខគេ នៅលើពិភពលោក។ នេះគឺជាគម្រូដ៏ល្អមួយ
ក្នុងការបញ្ចៀសការធ្វើបដិវត្តន៍ផ្លាស់ប្តូរ សម្រាប់មេដឹកនាំទាំងឡាយ៕
(នេះជាទស្សនៈ របស់អ្នកនិពន្ធ មិនមែនជាទស្សនៈរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះទេ)