អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Sunday, 20 May 2012

ទស្សនៈរបស់ Thomas Hobbes ( ១៥៨៨-១៦៧៩ នៃគ.ស. )

ជីវប្រវត្តិរបស់ Thomas Hobbes
Thomas Hobbes កើតនៅថ្ងៃទី ​៥ ​ខែមេសាឆ្នាំ ​១៥៨៨ ក្នុងតំបន់ Westport សព្វថ្ងៃ គឺជាផ្នែកមួយ នៃទីក្រុង Malmesbury នៅក្នុងខេត្រ Wiltshire នៃប្រទេសអង់គ្លេស ហើយបានទទួលមរណកាលនៅ ថ្ងៃទីខែធ្នូរ ឆ្នាំ១៦៧៩ ក្នុងខេត្ត Derbyshire នៃប្រទេសអង់គ្លេសក្នុងជន្មាយុ៩១ ឆ្នាំ គាត់ជាទស្សនវិទូ និងជាអ្នកទ្រឹស្តីនយោបាយជនជាតិអង់គ្លេសThomas Hobbes កើតមកមិនគ្រប់ខែទេ ​ពីម្តាយដែលមានភាពភ័យខ្លាច នៅពេលដែលកងនាវាចរ Armada របស់ស្តចអេស្ប៉ាញ ឈ្មោះហ្វីលីបទី ​ប្រឆាំង នឹងប្រទេសអង់គ្លេសដើម្បីទម្លាក់រាជ្យអេលិស្សាបែតទី នៅឆ្នាំ១៥៨៨​​ ទោះបីជាសង្រ្គាមនោះ ត្រូវចាញ់ល្បិចកលរបស់អង់គ្លេសក៏ដោយ ​ក៏ភាពភ័យខ្លាចនៅជាប់នឹង Thomas Hobbes ​ជានិច្ច
 លើសពីនេះទៅទៀត គាត់ធ្លាប់បានឃើញការកាប់សម្លាប់មនុស្ស នៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំង ​ដែលគាត់ធ្លាប់រស់នៅ ហើយគាត់តែងតែគេចវេសរត់ទៅជ្រកការពារខ្លួន ចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាចពេលខ្លះគាត់និយាយកំប្លែងថា «គាត់កើតមក នាំភាពភ័យខ្លាចមកជាមួយ»

ទស្សនៈទូទៅរបស់ Thomas Hobbes
Thomas Hobbes ចង់ផ្តល់ឲ្យមនុស្សនូវសន្តិភាព សេចក្តីបា្រថ្នាតែមួយគត់របស់
គាត់គឺការចង់បានការធានាឲ្យមានភាពសុខសាន្តនិងការរួបរួមគ្នាតែមួយ ប៉ុន្តែមិនមាន
លទ្ធភាពណាមួយដែលអាចផ្តល់នូវសន្តិភាពនេះបានទេ ដរាបណា នៅមានការប្រឆាំងតទល់
គ្នារវាងនយោបាយនិងសាសនានោះ នាឆ្នាំ ១៦៥០ ក្នុងប្រទេសអង់គ្លេស មានបដិវត្តិន៍គហបតីមួយផ្ទុះឡើង គឺជាការរួបរួមគ្នាតស៊ូរបស់ពួកនាយទុននិងពួកអភិជនថ្មី ក្នុងគោល
បំណងប្រឆាំង នឹងរាជានិយមផ្តាច់ការ គឺប្រឆាំងនឹងទ្រឹស្តីថា «អំណាចរដ្ឋកើតចេញ
ពីអាទិទេព»ដោយឈរលើទស្សនរូបធាតុនិយម ហើយបូកផ្សំ នឹងបទពិសោធន៍នាសម័យ
សង្រ្គាមនោះបានធ្វើឲ្យ Thomas Hobbes ក្លាយជាមនុស្សដ៏សំខាន់នៅក្នុងបដិវត្តិន៍គហបតី
  ដោយឃើញនូវអំពើហឹង្សា និងទំនាស់ឥតឈប់ឈរ ក្នុងរវាងពួកគហបតីនិងអភិជនថ្មី​​​ Thomas Hobbes បានប្រឹងប្រែងរកច្រកចេញ ឲ្យផុតពីការភ័យខ្លាចរបស់គាត់ ដោយដាក់
បុគ្គលរបស់ខ្លួនឲ្យស្ថិនក្រោមការគាំពារ នៃរបបផ្តាច់ការនិយម ​ដោយប្រគល់អំណាចទាំង
អស់ដល់ព្រះមហាក្សត្រ ព្រោះមានតែព្រះមហាក្សត្រទេដែលធានាបាន ឲ្យមានសន្តិសុខ និងភាពសុខសាន្ត។ គំនិតនេះឃើញមាននៅក្នុងស្នាដៃទីមួយរបស់គាត់ឈ្មោះ « The Element of Law » សៀវភៅនេះ ​បោះពុម្ព នៅក្នុងឆ្នាំ១៦៥០
ការភ័យខ្លាច ជាកម្លាំងចលករជុំរុញឲ្យ Thomas Hobbes ក្លាយទៅជាអ្នករដ្ឋនិយមដ៏ស្មោះត្រង់ម្នាក់ជំរកសង្រ្គោះជីវិតគាត់ឲ្យមានភាពសុខសាន្ត ​​ត្រូវបានប្តូរ ជាមួយនឹងតួនាទីបុគ្គលខ្លួនឯងទាំងអស់ ប៉ុន្តែការចុះចាញ់នេះ មិនបានធ្វើឲ្យមូលដ្ឋានគំនិតរបស់គាត់ផ្លាស់ប្តូរ
ទេ Thomas Hobbes ក៏មិនខុសពីអ្នកនិពន្ធដទៃទៀត របស់សាលាច្បាប់ជាតិ និងសាលាច្បាប់អន្តរជាតិដែរគឺគាត់ខិតខំស្រាវជ្រាវរកឃើញមូលដ្ឋានគ្រឹះ របស់អំណាច និងល័ក្ខណ្ឌរបស់វាតាមការវិភាគ រកមូលហេតុដែលនាំឲ្យមនុស្សសុខចិត្ត ​សុខកាយ ហើយមកផ្តុំគ្នារួមរស់ជាមួយគ្នា ក្នុងសង្គមដោយការធ្វើកិច្ចសន្យាសង្គម (Social Contract)​ Thomas Hobbes យល់ឃើញថា «​ជំរៅធម្មជាតិរបស់មនុស្ស​ គឺអត្តទត្ថភាព អាត្មានិយមមិនមានការចង់រស់នៅ ជាមួយអ្នកដទៃឡើយ។ ​កាលណា មនុស្សរត់ទៅរកកន្លែងថ្មី ដើម្បីរស់នៅក្នុងសង្គម គឺមិនមែនដោយសារ គេចង់បានការរីកចម្រើនលូតលាស់ របស់សង្គមនោះទេតែគឺដើម្បីផលប្រយោជន៍ផ្ទាស់ខ្លួនតែប៉ុណ្ណោះ» សង្គម កើតឡើងពីការខ្លាចរវាងមនុស្សនិងមនុស្សមិនមែនដោយសារការស្វាគមន៍ ​រកគ្នាទៅវិញទៅមកនោះទេសភាពធម្មជាតិដែលមនុស្សរស់នៅមុននឹងមកចុះចូលរស់នៅជាមួយគ្នានេះជាសភាពមួយប្រកបដោយគ្រោះថ្នាក់និងការវិនាស បានន័យថា​​ «​មនុស្សជាឆ្កែចចកសម្រាប់មនុស្សគ្នាឯ»​ ​គឺថាមនុស្ស នៅក្នុងសភាពធម្មជាតិតែងច្បាំងគ្នាប្រឆាំងគ្នា ប្រណាំងគ្នាឈ្លោះគ្នាឯង ជានិច្ច​​ និងប្រឆាំងអ្នកដទៃ​​ នៅក្នុងក្រុមផ្សេងៗ ទៀតផងដែរ ​​ដោយសារមនុស្ស មានសិទ្ធិស្មើគ្នាចំពោះអ្វីដែលមាន​​ ពួកគេ ក៏ដណ្តើមគ្នាយកនូវអ្វីនោះគេមានគំនិត បំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។ ​គេទាំងអស់គ្នារៀងៗខ្លួន ​​ជាប្រភពនៃគ្រោះថ្នាក់ ​​និងការភ័យខ្លាច។ ​នៅក្នុងសភាពធម្មជាតិមានតែសង្រ្គាមជាអចិន្រ្តៃយ៍​​ មានតែអសន្តិសុខ​​ ដែលមនុស្សខ្សោយតែងតែជាអ្នករងគ្រោះរបស់អ្នកខ្លាំងជាងខ្លួន ឬរបស់អ្នកដែលមាន
ល្បិចជាងខ្លួនច្បាប់ធម្មជាតិក្នុងគោលការណ៍របស់វា មានលក្ខណៈ ជាអត្តទត្ថភាព​ ​ប៉ុន្តែ នៅក្នុងសភាព
ធម្មជាតិបញ្ហារបស់ច្បាប់ធម្មជាតិ មិនមែនជាកាតព្វកិច្ចត្រូវគោរព្ធទេល្គិកណាគេមិនប្រាកថា អ្នកដទៃបានបំពេញកិច្ចសន្យា របស់គេហើយ យើងធ្វើតែយើងនោះ ប្រាកដជាគ្មានបានប្រយោជន៍អ្វីឡើយផលប្រយោជន៍តែមួយគត់ គឺត្រូវចេញពីសភាពធម្មជាតិដើម្បីមករស់នៅក្នុងសង្គមវិញ​ ​
Thomas Hobbes បានបង្ហាញ នូវទិដ្ឋភាពអនាធិបតេយ្យ មហន្តរាយសង្គម ​​មុនពេលកកើតរដ្ឋ នៅពេលនោះ មនុស្ស បានធ្វើសង្រ្គាមកាប់ចាក់ ឥតឈប់ឈរ ​​គឺជាសង្គ្រាមទាំងអស់គ្នា ប្រឆាំងទាំងអស់គ្នា ​​ប៉ុន្តែមនុស្ស មានវិចារញ្ញាណ ​​ហើយទទួលស្គាល់ នូវភាពមិនរឹងមាំ ក្នុងការរស់នៅរបស់ពួកគេ ទីបំផុត គេក៏បានរកឃើញ នូវមធ្យោបាយ ដើម្បីរំដោះខ្លួនគេ ​ឲ្យចេញពីមហន្តរាយរបស់មនុស្ស ហើយមករួបរួមផ្តុំគ្នា ជាចំនួនច្រើនឥតគណនា ដើម្បីបង្កើតសម្ព័ន្ធភាពមួយ សម្រាប់ធានាប្រឆាំង នឹងអសន្តិសុខដែលតែងតែយាយី​​ កាលគេរស់នៅក្នុងសភាពធម្មជាតិការរួបរួមនេះបង្កើតបានជារដ្ឋដូច្នេះគឺនៅពេលដែលមនុស្សបោះបង់ចោលការ
រស់នៅក្នុងសភាពធម្មជាតិ ទើបកើតមានឡើងនូវសង្គមមួយ មានច្បាប់ទម្លាប់ ​គឺរដ្ឋ ដែលបានបង្កើតឲ្យមានអ្វីជារបស់ខ្ញុំ អ្វីជារបស់អ្នក ​ហើយបង្ខំឲ្យមានការគោរពកម្មសិទ្ធិអ្នកដទៃ ​។
Thomas Hobbes បានពុះពារ ដើម្បីឲ្យការសិក្សា មានលក្ខណៈវិទ្យាសាស្រ្ត ​មូលដ្ឋាន នៃការសិក្សារបស់ Thomas Hobbes គឺការសិក្សាអំពីធម្មជាតិ និងតណ្ហារបស់មនុស្ស ដែលជាប្រភពនៃកំណើតច្បាប់ និងរដ្ឋ តណ្ហា និងធម្មជាតិរបស់មនុស្ស ​ស្តែងឡើងក្នុងរូបភាពជាការប្រកួតប្រជែងគ្នា ការមិនទុកចិត្តគ្នា និងមហិច្ឆិតា តណ្ហាទាំងនេះហើយ ​​ដែលធ្វើឲ្យមនុស្ស ជាសត្រូវនឹងគ្នា ​លោកមើលឃើញមនុស្សប្រខាំគ្នាឯង ​ដូចសត្វឆ្កែចចក ​។ ​ហេតុនេះហើយ ​ទើបនៅក្នុងស្ថានភាពបែបធម្មជាតិបើទីណាមួយអវត្តមានអំណាចដែលជាអ្នកឃាត់ឃាំងមនុស្សឲ្យផុតពីតណ្ហានោះមនុស្សទាំងអស់នឹងស្ថិតនៅក្នុងស្ថានភាពជា​​​«សង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់»​សង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់នឹងនាំទៅរកក្តីវិនាស ​ព្រោះវាជាសង្រ្គាមឥតព្រំដែន ​ហើយមិនអាចបញ្ចប់បានឡើយ ​មនុស្សទាំងអស់នៅក្នុងសង្គមបានយល់ព្រមទាំងអស់គ្នាលើដំណោះស្រាយណាមួយដោយផ្តល់ជាមតិឯកភាព យកសម្លងភាគច្រើនឬដោយការចុះកិច្ចសន្យានឹងគ្នាប្រជាជនទាំងអស់បានឯកភាពគ្នាប្រគល់នូវអ្វីដែលជាសទ្ធិ
របស់ពួកគេពីធម្មជាតិទៅឲ្យព្រះមហាក្សត្រដោយទាមទារមកវិញនូវច្បាប់ដែលជាអ្នកកំណត់នូវសទ្ធិសេរីភាព
របស់ពួកគេ រដ្ឋ កើតឡើង ដើម្បីធ្វើឲ្យមានសន្តិភាព​​ ដូច្នេះមនុស្សនៅក្នុងរដ្ឋ ត្រូវលះបង់សិទ្ធិឥត
ព្រំដែន របស់ខ្លួនដែលមានជាប់ ជាមួយនឹងសភាពធម្មជាតិទាំងអស់ ឬមួយផ្នែក ដើម្បីប្តូរយក
អ្វីផ្សេងទៀត ​។ ​​មនុស្ស សម្រេចបញ្ចប់ភាពអសន្តិសុខ ​​ដែលមាននៅក្នុងសភាពធម្មជាតិ​​ ដោយចុះកិច្ចសន្យាជាមួយគ្នា ពីព្រោះជាមធ្យោបាយតែមួយគត់ ដែលអាចរក្សាសន្តិភាពបាន ​​ប៉ុន្តែរដ្ឋអាចកើតឡើងបាន​ទាល់តែមានការរួបរូមគ្នាមួយ ​មិនមែនមានត្រឹមតែការព្រមព្រៀងគ្នា
មួយទេ ​។ ​មនុស្ស ត្រូវឈប់រស់នៅជាបុគ្គលរៀងៗ ខ្លួន​​ ឯករាជ្យដោយឡែក ដោយបង្កើតឲ្យមានឆន្ទៈតែមួយ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ និងសិទ្ធិរបស់គេ ដែលមាននៅក្នុងដៃ អំណាចទាំងអស់ ត្រូវប្រគល់ទៅឲ្យរដ្ឋដោយព្រមលះបង់មិនប្រឆាំងមិនប្រែក្រឡាស់សម្តីចំពោះអ្វីដែលគេបានផ្ទេរទៅឲ្យបុគ្គលម្នាក់ៗ​​ឬច្រើននាក់ ដែលនឹងត្រូវដឹកនាំគ្រប់គ្រងពួកគេ ​។ ការលះបង់នេះ​​ ​មិនមានការស្តាយក្រោយទេ ​នោះជាលក្ខខណ្ឌសំខាន់ សម្រាប់បង្កបង្កើតអធិបតេយ្យ Thomas Hobbes យល់ថា «រដ្ឋ គឺសង្គមសិប្បនិមិត្ត»​ ក្នុងគុណភាពជារបស់មនុស្ស តែមិនមែនជារបស់អាទិទេពឡើយ ​រដ្ឋ កើតឡើងដោយឈរលើមូលដ្ឋាន ​នៃការព្រមព្រៀងសង្គម ​ដែលមានអត្ថិភាព ចាប់ពីស្ថានភាពធម្មជាតិដំបូង របស់មនុស្សម្ល៉ះ ​​គឺចាប់តាំងពីពេលដែលមនុស្សរស់នៅជាមួយគ្នាហើយ គ្មាននរណា ស្តាប់នរណាពិសេស ​គឺក្នុងស្ថានភាពសង្រ្គាមទាំងអស់ ប្រឆាំងទាំងអស់ លោកយល់ថា «រដ្ឋ ​ប្រៀបបានទៅនឹងបុគ្គលរួមមួយ ​ដែលទទួលខុសត្រូវ ស្ថានភាពរបស់ខ្លួន ​និងត្រូវបានបង្កើតឡើង ​ដោយមានការឯកភាពគ្នា រវាងមនុស្ស និងមនុស្ស ក្នុងសង្គម ​។ ​បុគ្គលក្នុងរដ្ឋនេះ ​អាចប្រើប្រាស់កម្លាំង និងមធ្យោបាយនានា ​ដើម្បីការពារសុវត្ថិភាពសង្គមជារួម»​​
ការបកស្រាយអំពីកិច្ចសន្យា
ចំពោះ Thomas Hobbes កិច្ចសន្យា ​ដែលមនុស្សព្រមព្រៀងគ្នាចុះនោះ ជាកិច្ចសន្យា រវាងមនុស្ស និងមនុស្សគ្នាឯង ​មិនមែនជាកិច្ចសន្យាដែលសមាគមន៍ថ្មី ​​ធ្វើជាមួយអ្នកដែលខ្លួនបានប្រគល់អំណាចទាំងអស់ ឲ្យទៅនោះទេ ​ដូច្នេះ កិច្ចសន្យាដែល Thomas Hobbes បាននិយាយនេះ ជាកិច្ចសន្យារបស់សមាគមន៍ របស់បុគ្គលទាំងអស់ ​ដែលធ្វើការសម្រេចរួមរស់ជាមួយគ្នា ​​ដើម្បីឲ្យឆន្ទៈរបស់ពួកគេម្នាក់ៗក្លាយជាឆន្ទៈតែមួយ ​កិច្ចសន្យានេះ ​ជាកិច្ចសន្យាចំណុះ ពោលគឺបុគ្គលជាសមាជិក របស់សមាគមន៍ ​ចេះស្តាប់បង្គាប់ មិនរឹងរូស ​វាជាកិច្ចសន្យាមួយ ​ដែលបុគ្គលលះបង់សិទ្ធិរបស់ខ្លួនទាំងអស់ ដើម្បីប្តូរយកសន្តិសុខផ្ទាល់ខ្លួន​និងការពារទ្រព្យសម្បត្តិរបស់ពួកគេ ​តាមរយៈនៃកិច្ចសន្យានេះបុគ្គលទាំងអស់ត្រូវលះបង់សិទ្ធិរបស់ខ្លួនដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីជាអ្នកនោះ ​ជាព្រះមហាក្សត្រក្តី ឬជាអ្នកណាមួយក្តី អត្ថន័យ នៃកិច្ចសន្យារបស់ Thomas Hobbes គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គល ឲ្យទៅអ្នកកាន់អធិបតេយ្យ ​មិនមែនជាការបែងចែកសិទ្ធិទេ​​ ហើយអ្នកកាន់អធិបតេយ្យស្ថិតនៅក្រៅកិច្ចសន្យា ​គេគ្មានបានចុះហត្ថលេខា ជាមួយនរណាទាំងអស់គេគ្មានបានជាប់នឹងកាតព្វកិច្ចណាមួយឡើយ ​ចំណុចនេះហើយ ​ដែលគេអាច
និយាយបានថា​​ Hobbes បានទទួលជោគជ័យក្នុងការបង្កើតអធិបតេយ្យ​​មួយផ្តាច់មុខ ​ដែលអំណាច មិនអាចចែកបានតាមរយៈកិច្ចសន្យានេះ ​​កិច្ចសន្យានេះ មិនមែនជាការកំណត់ព្រំដែន ទៅលើអំណាចផ្តាច់ការទេ តែវាជាគ្រឹះរបស់អំណាចផ្តាច់ការទៅវិញកិច្ចនស្យានេះប្រែជាមិនបានការអ្វីទាំងអស់បើវាគ្មានបង្កើតឲ្យមានអំណាចដែលបង្ខិតបង្ខំមួយទេនោះ
សារៈសំខាន់របស់កិច្ចសន្យាសង្គម (Social Contract)​ នេះ គឺការបង្រួមពហុភាព ​(ហ្វូងមនុស្ស) ​ឲ្យមកជាឯកភាពតែមួយ Thomas Hobbes បានឲ្យឈ្មោះរដ្ឋរបស់គាត់ថា «Leviathan» Leviathan គឺជាសត្វចំឡែកមួយ ​ដែលដកស្រង់ចេញពីគម្ពីរបីប(Bible) ដែលនៅលើខ្លួនរបស់វា មានហ្វូងមនុស្សតូចៗ ​ជាប់ស្អិត សត្វចំឡែកនេះ មានកាន់ដំបង​​ និងដាវនៅក្នុងដៃ ដែលជាតំណាងឲ្យអំណាចទាំងពីរ ​គឺអំណាចសាសនាចក្រ ​និងអំណាចអាណាចក្រ ។​
រដ្ឋប្រៀបបាននឹងសមាសភាពផ្សំខាងក្រោមនេះគឺ

-អំណាចកំពូលរបស់រដ្ឋ ​ស្មើនឹងព្រលឹងរបស់រដ្ឋ
-ចៅក្រម និងមន្រ្តីផ្លូវការ ​ស្មើនឹងសន្លាក់តភ្ជាប់ឆ្អឹង ​។​
-ទីប្រឹក្សា ស្មើនឹងការចងចាំ
-ច្បាប់ ស្មើនឹងសតិបញ្ញានិងឆន្ទៈ
-ពលរដ្ឋ ស្មើនឹងកម្លាំង
-សុវត្ថិភាពរបស់ប្រជាជន ​ស្មើនឹងពាណិជ្ជកម្មអាជីព ​។​
-សន្តិភាពពលរដ្ឋ ​ស្មើនឹងសុខភាព
-ការលំបាក ស្មើនឹងជំងឺ
-សង្រ្គាមស៊ីវិល ​ស្មើនឹងសេចក្តីស្លាប់ ។​
ទស្សនៈរបស់ Thomas Hobbes ចំពោះរាជានិយម
រដ្ឋ ដែលកើតឡើង ដោយការរលាយបញ្ចូលគ្នានៃបុគ្គល នោះជារដ្ឋ ដែលកាន់កាប់អធិបតេយ្យផ្តាច់ការមួយ ​។ ​អធិបតេយ្យផ្តាច់ការនេះ ​ស្របគ្នានឹង
រាជាធិបតេយ្យផ្តាច់ការ ​ចំពោះរបបរាជាធិបតេយ្យផ្តាច់ការនេះ ដែល Thomas Hobbes ចូលចិត្តជាងរបបដទៃនោះ ជារបបដែលអាចរក្សាសន្តិភាពបាន ហើយដើម្បីរក្សាសន្តិភាពនេះ បានចាំបាច់ត្រូវឲ្យព្រះមហាក្សត្រ​​ មានអំណាចពេញលេញ ​ព្រះមហាក្សត្រ​​ មិនស្ថិតនៅក្រោមច្បាប់ណាផេ្សងទៀតទោះជាច្បាប់ធម្មជាតិក្តី ឬជាច្បាប់សាសនាក្តី ​ដោយហេតុនេះប្រជារាស្រ្ត​មិនមានសទ្ធិជំទាស់និងអំណាចព្រះមហាក្សត្របានទេហើយកាលណាគេបានប្រតិបត្តិត្រឹមត្រូវតាមបញ្ជារបស់ព្រះ
មហាក្សត្រហើយនោះគឺគេគ្មានបានប្រព្រឹត្តកំហុសណាមួយឡើយបើព្រះរាជាមិនអាចការពារសន្តិភាពបាន ​នោះប្រជារាស្រ្ត នឹងប្រឆាំងចំពោះស្តេច ជាមិនខាន តាមទស្សនៈរបស់ Thomas Hobbes រដ្ឋ និងសង្គមជាធាតុពីរផ្សេងគ្នា ​គឺរដ្ឋ គ្រប់គ្រងពីលើសង្គម និងបុគ្គល រដ្ឋខ្លាំងគឺជាមធ្យោបាយមួយដើម្បីបោសសំអាតភាព មិនគ្រប់គ្រាន់ចេញពីមនុស្សគាត់យល់ឃើញថានៅក្នុងច្បាប់ក៏ដូចជានៅក្នុងរដ្ឋមិនត្រូវឲ្យមានលក្ខណៈសីលធម៌អ្វ
ឡើយ។ឧទាហរណ៍៖មានតែច្បាប់រដ្ឋប្បវេណីទេដែលអាចកំណត់ពីកំហុសឬគ្មានកំហុស។ដូច្នេះកាតផិតក្បត់
មិនមែនជាកំហុសទេពីព្រោះវាជាអំពើរំលោភខាងផ្នែកសីលធម៌តែប៉ុណ្ណោះប៉ុន្តែដោយអំណាចហាមឃាត់មិន
ឲ្យមានទំនាក់ទំនង
បែបនេះទើបច្បាប់រដ្ឋប្បវេណី​​ ហាមមិនឲ្យមានដូច្នេះដែរ ​។ លោកយល់ថា «អំណាចរដ្ឋ ​ត្រូវតែផ្តាច់ការ និងមានអធិបតេយ្យភាព អ្វីដែលជាកម្មសិទ្ធិរបស់រដ្ឋ ​គឺសិទ្ធិបង្កើតច្បាប់ សិទ្ធិត្រួតពិនិត្យច្បាប់ សិទ្ធិទាមទារពន្ធដារ សិទ្ធិតែងតាំងមន្រ្តីរាជការ ​និងចៅក្រម» ​ ​ប្រមុខរដ្ឋត្រូវកំណត់យកសាសនា ដែលត្រូវដើរតាម និងសាសនាដែលមិនត្រូវដើរតាម​គឺត្រូវយកសាសនាណា​​ ជាសាសនារបស់រដ្ឋ ​​ Thomas Hobbes ចាត់ទុកព្រះមហាក្សត្រ ជាមេសាសនាផង ​ជាអាទិទេពផង ​ព្រះមហាក្សត្រ ជាអ្នកកាន់អំណាច
ទាំងពីរអំណាចសាសនាមិនអាចជាគូប្រឆាំងនឹងអំណាចព្រះមហាក្សត្យបានឡើយការគោរពព្រះមហាក្សត្រ មិនមែនជាកាតព្វកិច្ចទេតែជាកាតព្វកិច្ចខាងនយោបាយសាសនាជាជំនឿមិនមែនជាកាតព្វកិច្ចខាងសាសនាទេ តែជាកាតព្វកិច្ចខាងនយោបាយសាសនាជាជំនឿមិនមែនជាវិទ្យាសាស្រ្តទេហើយជំនឿក៏គ្មានការទាក់ទងនឹង
នយោបាយដែរ។លោកយល់ថា​​ រាជានិយម ជាទំរង់រដ្ឋដែលប្រសើរជាងគេបំផុត ​ប៉ុន្តែលោកមិនបានទទួល
ស្គាល់នូវអត្ថិភាពនៃអំណាចឋានសួគ៌របស់ព្រះមហាក្សត្រឡើយ លោកញ្ជាក់បន្ថែមថា ​​​«ប្រភពដើមនៃអំណាច របស់ព្រះមហាក្សត្រ ​គឺកិច្ចសន្យាសង្គម ដែលមហាជនប្រគល់ជូន» ​

ការវិភាគទៅលើទម្រង់ដឹកនាំ​
ក្នុងករណី មិនទាន់មានទម្រង់ដឹកនាំច្បាស់លាស់ ​លោកចាត់ទុកថា ​ទម្រង់រដ្ឋណាមួយក៏ដោយ ​ឲ្យតែអាចមានអត្ថិភាព ​និងអាចឈរជើងជាប់ នៅក្នុងសង្គមណាមួយនោះបានគឺសុទ្ធតែជាទម្រង់ដ៏ល្អទាំងអស់ ​នេះបានន័យថា ឲ្យតែមានការគាំទ្រពីសំណាក់មហាជន ​ទោះជាមហាជន ជាមនុស្សប្រភេទណាក៏ដោយ ចំពោះទស្សនទាន ស្តីពីអំណាចរបស់ Thomas Hobbes គាត់យល់ថា​​ «ច្បាប់ក្តី រដ្ឋក្តី សុទ្ធតែកើតឡើង ដោយសារកម្លាំង»​ នៅក្នុងសភាពធម្មជាតិ ការខ្លាចជាមូលហេតុ ធ្វើឲ្យបាត់សណ្តាប់ធ្នាប់ តែនៅក្នុងសភាព
នយោបាយ គឺពេលដែលមនុស្សមកនៅក្នុងសង្គម ការខ្លាច ជាមូលហេតុ ធ្វើឲ្យមានសណ្តាប់ធ្នាប់ទៅវិញ លក្ខណៈបស់រដ្ឋ ​គឺត្រូវធ្វើឲ្យគេខ្លាច ហើយក្នុងការកាន់កាប់រដ្ឋ​​ ត្រូវមានកម្លាំងបង្ខំ ឬឧបករណ៍អំណាច ​។ ​បេសកកម្មទាំងពីរ របស់រដ្ឋ គឺបេសកកម្មបង្រ្កាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ ហេតុនេះហើយ ​​ត្រូវមានកងទ័ពខ្លាំង ​​និងអចិន្រ្តៃយ៍

រដ្ឋផ្តាច់ការគឺមិនមែនរដ្ឋដែលអំណាចព្រះមហាក្សត្រ មានលក្ខណៈផ្តាច់ការនោះទេតែជារដ្ឋដែលមានអំណាចធំជាងគេមិនរណបជាពិសេសជាមួយ នឹងអំណាចសាសនាក្នុងទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋអ្នកដឹកនាំត្រូវតែផ្តល់នូវយុត្តិធម៌ដល់ពួកគេឲ្យបានស្មើៗគ្នាជាគោលការណ៍រដ្ឋមិនត្រូវដកហូតនូវអ្វី ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋនោះឡើយ កម្មសិទ្ធិឯកជនគឺជាលក្ខខណ្ឌ នៃការរួមរស់ជាមួយគ្នាកម្មសិទ្ធិឯកជន ​គឺជាមធ្យោបាយចាំបាច់ សម្រាប់ឈានទៅរកសន្តិភាព តែកម្មសិទ្ធិទាំងនេះ មិនអាចគេចផុតពីការទន្រ្ទានពីសំណាក់អ្នកដឹកនាំឡើយ ​​ដូចជាករណីបង់ពន្ធជូនរដ្ឋ ​គឺប្រជាជនម្នាក់ៗត្រូវតែបំពេញដោយខានពុំបាន​​
សេរីភាព ត្រូវបានលោកយល់ថា ​ជាសិទ្ធិធ្វើអ្វីៗ គ្រប់យ៉ាង​​ ដែលច្បាប់ មិនហាមឃាត់ ​លោកអះអាងថា «ទីណា ដែលព្រះមហាក្សត្រ មិនបានសរសេរហាមពីអ្វីមួយនោះ ​ទីនោះពលរដ្ឋ មានសេរីភាពគ្រប់គ្រាន់ ​អាចធ្វើអ្វីមួយ ឬមិនធ្វើអ្វីមួយ​​​បាន ​អាស្រ័យដោយការប្រុងប្រយ័ត្នរៀងៗ ខ្លួន ​។ ​​សេរីភាពអាចលក់ និងទិញបាន ដោយគ្រាន់តែចុះកិច្ចសន្យា រវាងគ្នានឹងគ្នា ​៕

No comments:

Post a Comment