
ចំពោះគំនិតខ្ញុំ
ការដាក់គុកពី ៧ ទៅ ១០ឆ្នាំចំពោះជនល្មើស
មិនស្មើនឹងទោសដែលគេបានប្រព្រឹត្តចំពោះកុមារកម្សត់ទាំងនោះទេ។
ហើយអ្នកដែលលក់ផ្លូវភេទកុមារ
ដល់ជនបរទេសគួរត្រូវបានផ្ដន្ទាទោសឲ្យខ្លាំងជាងជនល្មើសទៅទៀត
ព្រោះបើគ្មានជនទាំងនោះ ក៏មិនមានបញ្ហានេះដែរ។ ប៉ុន្តែ
ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលឪពុកម្ដាយមួយចំនួន (កម្ពុជា
និងវៀតណាម) ហ៊ានលក់ព្រហ្មចារីកូន
ធ្វើជាទាសីតណ្ហាដល់ជនល្មោភកាមគុណមួយចំនួន។
ជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង
នៅពេលដែលអ្នកឭថាប្រាក់ចំនួន១០០ទៅ២០០ ដុល្លារ
អាចទិញព្រហ្មចារីកុមារីអាយុ ១០ឆ្នាំម្នាក់បាន។
មានសុភាសិតមួយបានពោលថា “ខ្លាកាចមិនស៊ីកូនឯងនោះទេ” តែអ្នកទាំងនោះអន់ជាងសត្វទៅទៀតដែលហ៊ានធ្វើអំពើបែបនេះ។

ខ្ញុំពិតជាមានការអាណិតអាសូរជាខ្លាំងនៅពេលដែលឃើញ
ក្មេងស្រីលះបង់គ្រប់បែបយ៉ាងដើម្បីជីវិតរស់នៅបែបនេះ ដែលនៅវ័យនេះ
ជាវ័យដែលក្មេងស្រីត្រូវការសេចក្ដីស្រលាញ់ ការយកចិត្តទុកដាក់
និងអាហារូបត្ថម្ភដើម្បីបំប៉នការលូតលាស់របស់ពួកគេ។
បើនិយាយពីករណីរំលោភបំពានផ្លូវភេទ
មានច្រើនណាស់ច្រើនរហូតមិនអាចរៀបរាប់អស់។ ពេលខ្លះខ្ញុំអានកាសែត
ឬទស្សនាវដ្ដី ឃើញគ្រប់សព្វរូបភាពនៃអំពើអគតិនេះ តាំងពីអ្នកស្គាល់រំលោភក្មេងស្រី
តារំលោភចៅ ជនបរទេសរំលោភក្មេង និងអ្វីដែលព្រៃផ្សៃ
ឬអាចហៅម៉្យាងទៀតថាទមិឡនោះគឺ ឪពុករំលោភកូនស្រីបង្កើតរបស់ខ្លួន។
ពេលអានចប់ភ្លាម ខ្ញុំមានការកំហឹងជាខ្លាំង
រហូតគិតថាបើឲ្យខ្ញុំជួបពួកជនទាំងនោះ ខ្ញុំចង់សម្លាប់គេភ្លាមៗតែម្ដង។
ប៉ុន្តែឥឡូវខ្ញុំមានសេចក្ដីសោមនស្សជា
ខ្លាំងពេលដែលឃើញប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាទូរទស្សន៍ វិទ្យុ កាសែត
ទស្សនាវដ្ដី
បានផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងការរំលោភបំពានផ្លូវភេទកុមារ
ដែលនេះអាចជួយរំលឹកដាស់តឿនដល់មនុស្សផងទាំងឡាយ
ជាពិសេសគឺជនបរទេសឲ្យបានដឹងថា
កម្ពុជាមិនមែនជាទិសដៅសម្រាប់ទេសចរផ្លូវភេទកុមារឡើយ។
សង្ឃឹមថា
នាពេលអនាគត នៅពេលដែលមនុស្សគ្រប់គ្នា
បានទទួលការអប់រំត្រឹមត្រូវទង្វើអសីលធម៌បែបនេះនឹងលែងមានក្នុងសង្គមខ្មែរយើងទៀតទេ៕
អត្ថបទ៖
ប្រាក់ ច័ន្ទសីហា
រូបថត៖
បរទេស

No comments:
Post a Comment