អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

ទស្សនៈរបស់​សូក្រាត​ ( ៤៦៩-៣៩៩​ មុន ​គ.ស. )

លក្ខណៈទូទៅរបស់សូក្រាត
 លោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន​គ.សបានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែល
សំខាន់ និង​ល្បីល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។​គាត់ត្រូវបាន
រដ្ឋាភិបាលក្រុងអាតែន ដែលគ្រងប្រទេសខ្លួននាពេលនោះ ​​តាមរបបប្រជា
ធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថា​​គាត់មិនបានគោរពដល់ព្រះរបស់
ទីក្រុងនាសម័យនោះហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសលផ្សេងៗ
ទៀតហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាលយល់ថា​​ផ្នែកនយោបាយ​ពុំមានទោសកំហុសអ្វីទេ​ចំណែកឯបញ្ហា
សាសនាវិញ​​ស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ​​ ។​លោកសូក្រាតបានបង្រៀនថា«នយោបាយគឺជាសិល្បៈដែល
ទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ​ ។

         ទោះជាយ៉ាងណាក៏ដោយ​ក្នុងចំណោមនោះ​មានប្រជាជនភាគច្រើន​រាប់បញ្ចូលទាំងអ្នកនយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុធ្វើ
ឲ្យពួកគេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​ ។ ទស្សនៈខាងលើនេះ ​​វាប្រឆាំងទៅនឹងគំនិត​ប្រជាធិបតេយ្យរបស់អាតែនដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់តាមមាត់របស់​ពួកគេដូច​ៗ​​គ្នា​ ។​ហើយនៅពេលនោះ​​សូក្រាត​​បានទាក់ទងនឹងពួកគណាធិបតេយ្យ​​(Oligarchy)​​ដែលកាន់អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣​ មុន ​គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ ​(Oligarchy)​ នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នាពេលនោះ​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន​ ។​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុងករណីណាក៏ដោយ​​ត្រូវតែគោរពបង្គាប់របស់រដ្ឋហើយ​មិនអាចក្បត់​ងមនសិការនេះឡើយ។គាត់បានប្រកែកដាច់ខាតចំពោះការ
ជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់បានផ្តល់គឺ៖​
          ១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ​ ។

         ​​​​   ២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែនគាត់បានទទួលនូវការ
ទំនុកបំ​រុងនានា​​ដើម្បីទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។
            ៣-ការរំលោភលើច្បាប់រដ្ឋហើយប្រសិនបើអ្នកគ្រប់គ្រងគិតថាត្រឹមត្រូវនោះលទ្ធិផលបានមកវិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​ ។

លក្ខណៈសំខាន់ៗមួយចំនួនទៀត

សូក្រាត​ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជា​និងជាបិតាវិទ្យាសាស្រ្តនយោបាយ​។
 ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែសួរ​ពូកែឆ្លើយ​ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោមជុំវិញ។កិច្ចការរបស់គាត់គឺស្វែងរកការពិតមានសុភវិនិច្ឆ័យសមហេតុផល​មានតំលៃ​មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជាលក្ខណៈរបស់រដ្ឋ​ និងច្បាប់​ ។ ​បើមានការភិក្សាស្តីអំពីសីលធម៌​នយោបាយ​គាត់បានពន្យល់ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និងច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី ​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។ ​គាត់បានព្យាយាមធ្វើការបកស្រាយឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំនូវលក្ខណៈធម្មជាតិ​ Intellect​ ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះគាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត​​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​​ហើយពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុកក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់រដ្ឋាភិបាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុងរបបគណា​ធិបតេយ្យ ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មានភាពសច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​ រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​ ។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនាធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំបែប
ប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើឲ្យប្រទេសជាតិជួបនូវវិបត្តិជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោតែ
ម្តង។សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​អ្នកដឹកនាំត្រូវតែមាននូវចំណេះដឹង​យល់ដឹងច្រើន​ហើយការទាមទារនេះ​គឺគំនិតចំបងរបស់សូក្រាតស្តីអំពីសុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​និងសិទ្ធិជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធចាំបាច់ទៅគ្រប់ទម្រង់​គ្រប់គ្រងនយោបាយទាំងអស់ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ​ត្រូវមានលក្ខណៈចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដនិងគ្រឿងអលង្ការពេញខ្លួនឬមិនមែនសំដៅទៅលើតែមនុស្សដែលគេជ្រើស​រើសដោយសារមានទ្រព្យសម្បត្តិច្រើន​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្ស ដែលបាន អំណាចដោយសារកម្លាំងអាវុធ​និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាដឹកនាំ​និងគ្រប់គ្រង​ ។ ​ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹង ក្នុងការដឹកនាំដែលត្រូវមាននោះ​បានងាកចេញឆ្ងាយ អំពីគោលការណ៍នានា របស់ប្រជាធិបតេយ្យ​ពួកគហបតី​របស់ពួកអេលីត​​និងរបស់ពួកផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។

          ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាត បានបង្ហាញ នូវភាពមានសមត្ថភាព ក្នុងការដឹកនាំ​ ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំងអស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យាយាម​ពន្យល់ទ្រឹស្តីខ្លះ​ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយមានជំនឿជឿជាក់លើគំនិត​ និងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយនឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាត​ ជាច្រើនលើក​ច្រើនសារ ​ធ្លាប់បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាចផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោបាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ ដែលកាន់របបប្រជាធិបតេយ្យ ​ដោយបានចោទប្រកាន់ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោសប្រហារជីវិតពុំបានធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ដោយអំពើអយុត្តិធម៌ឡើយ ​ហើយគាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។​មរណៈភាពរបស់សូក្រាត​​បានលេចឡើងនូវចំណោទ​ជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាមគំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ ទ្រឹស្តីរបស់សូក្រាត​ ជិវិតរបស់គាត់​និងមរណៈភាពរបស់គាត់​បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នកបា្រជ្ញដែលទទួលស្គាល់ស្នាដៃ​និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែងឡើងនូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោបាយ​ និងច្បាប់​ដូចជាទស្សនៈនយោបាយរបស់ ​ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យារបស់លោក ​អារីស្តូត​​ ៕

វិធីសាស្រ្តបង្រៀនរបស់សូក្រាត

          សូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម ​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​ ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សនវិជ្ជាគឺ ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕

ទស្សនវិជ្ជារបស់សូក្រាត

ទស្សនវិជ្ជារបស់សូក្រាតគឺ៖

-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​។
-ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។
-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។
-ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។
-ត្រូវនិយមប្រើពាក្យថា​«ខ្ញុំមិនចេះអ្វីសោះ»​‌។
-ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ជាវិធីបង្កើតគំនិត​‌។
-លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។

          សូក្រាតពោលថា‌​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​ ។ ​មនុស្សម្នាក់ៗ‌ សុទ្ធតែមានបំណងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​ ។ ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីស ជាពួកពូកែអួត ​ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ ដូចជាអ្នកចេះដឹងច្រើន​។សូក្រាតជាមនុស្ស
ថ្មីចំឡែកដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អជាងគេបំផុត»​ ៕





No comments:

Post a Comment